វិធាន​សុខាភិបាល​បញ្ឈប់​ការ​តវ៉ា​របស់​កម្មករ​ណាហ្គា​វើលដ៍ ​ខណៈ​សហជីព​សកល​បង្ហាញ​ការ​គាំ​ទ្រ​កូដករ

បាតុករនៅប្រទេសឥណ្ឌូណេស៊ីបង្ហាញការគាំទ្រដល់កម្មករណាហ្គាវើលដ៍ ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២។ (រូបភាពផ្តល់ឱ្យ)

សហជីព និងសហព័ន្ធសហជីពសកលបានសម្តែងការគាំទ្រ ព្រមទាំងតវ៉ាប្រឆាំងចំពោះការចាប់ខ្លួន និងបញ្ឈប់កម្មករណាហ្គាវើលដ៍កាលពីដើមសប្តាហ៍នេះ ខណៈដែលការជួបជុំធ្វើកូដកម្មប្រចាំថ្ងៃរបស់ពួកគេឈានដល់ការផ្អាក បន្ទាប់ពីអាជ្ញាធរបានបញ្ជាឱ្យបុគ្គលិកទាំងអស់នៅដាច់ដោយឡែករយៈពេល៧ថ្ងៃ។

កូដកម្មត្រូវបានបញ្ឈប់កាលពីចុងសប្តាហ៍មុន បន្ទាប់ពីរដ្ឋាភិបាលកាលពីថ្ងៃសុក្របានបញ្ជាឱ្យអ្នកតវ៉ាទាំងអស់ធ្វើតេស្តរកកូវីដ-១៩។ ទោះបីជាពួកគេធ្វើតេស្តអវិជ្ជមាន ក៏ត្រូវបានស្នើសុំឱ្យនៅដាច់ដោយឡែករយៈពេល ៧ថ្ងៃដែរ។

អាជ្ញាធរ​បាន​ចាប់ខ្លួន​កម្មករ​ដែល​ធ្វើ​កូដកម្ម​ចំនួន ៣​នាក់​ ខណៈ​ពួកគេ​កំពុង​ចេញពី​កន្លែង​ធ្វើតេស្ត​នៅ​កោះ​ពេជ្រ រាជធានី​ភ្នំពេញ ហើយ​តុលាការ​បាន​ចេញ​ដីកា​ហៅ​មនុស្ស​បួន​នាក់​ទៀត​ដែល​មិន​ទាន់​ត្រូវ​បាន​គេ​ឃុំខ្លួន​នៅឡើយ។ កូដករទាំងនោះ ត្រូវបានចោទប្រកាន់ពីបទបំពានច្បាប់កូវីដ-១៩ ហើយអាចប្រឈមមុខនឹងការជាប់ពន្ធនាគាររហូតដល់ ៥ឆ្នាំ ប្រសិនបើមានការស៊ើបអង្កេតរកឃើញកំហុសរបស់ពួកគេ​នោះ។

កញ្ញា សុភ័ក្រ ម៉ូលីកា ដែលជាបុគ្គលិកណាហ្គាវើលដ៍ម្នាក់ក្នុងចំណោមកម្មករដែលត្រូវបានកោះហៅឱ្យចូលខ្លួនបាននិយាយថា នាងភ្ញាក់ផ្អើលពេលឃើញដីកានេះ ហើយមានភាពស្រពិចស្រពិលថា តើនាងគួរបង្ហាញខ្លួននៅចំពោះមុខអាជ្ញាធរ ឬនៅដាច់ដោយឡែកតាមការណែនាំរបស់ក្រសួងសុខាភិបាល។

ម៉ូលីកា ថា៖ «ឥឡូវ​នេះ​ខ្ញុំ​នៅ​ដាច់ដោយឡែក។ បើ​គេ​ចង់​ឱ្យ​ខ្ញុំ​បង្ហាញ​មុខ តុលាការ​គួរតែ​ទូរសព្ទ​មក​ខ្ញុំ។ តើខ្ញុំអាចបង្ហាញមុខរបស់ខ្ញុំនៅពេលនេះយ៉ាងម៉េច? ពួកគេត្រូវតែធានាខ្ញុំថាខ្ញុំនឹងមិនបំពានលើវិធានការ កូវីដ-១៩ ទេ។ ខ្ញុំ​បាន​ដាក់​លេខ​ទូរសព្ទ​របស់​ខ្ញុំ​រួច​ហើយ [ក្នុង​ហ្វេសប៊ុក]»។

ម៉ូលីកា មិន​ចង់​បង្ហាញ​ពី​ទីតាំង​របស់​នាង​ទេ ប៉ុន្តែ​បាន​បង្ហោះ​តាម​ហ្វេស​ប៊ុក​សួរ​ថា តើ​នាងគួរ​ចេញពីកន្លែងធ្វើចត្តាឡីស័ក​ដើម្បី​គោរព​តាម​ដីកា ​ឬ​យ៉ាងណា? ម៉ូលីកា ជា​កម្មករ​ម្នាក់​ក្នុង​ចំណោម​កម្មករ ៧​នាក់​ ដែល​និយាយ​ទៅ​កាន់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​សន្និសីទ​កាសែត​របស់​សហជីព​​ទ្រទ្រង់​​សិទ្ធិ​ការងារ​​បុគ្គលិក​កម្មករ​ខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍​(LRSU) កាល​ពី​ថ្ងៃ​ទី​២៨ ខែ​មករា។

មន្ត្រីសុខាភិបាលបានធ្វើតេស្តលើកម្មករប្រហែល ២៥០នាក់កាលពីថ្ងៃសៅរ៍ ដែលក្នុងនោះ ៤ នាក់បានធ្វើតេស្តរកឃើញវិជ្ជមានកូវីដ-១៩។ សេចក្តីថ្លែងការណ៍របស់សាលារាជធានីភ្នំពេញ មិនបានបញ្ជាក់ថា ការធ្វើតេស្តចំនួនប៉ុន្មាននាក់ត្រូវបានធ្វើកាលពីថ្ងៃអាទិត្យ ប៉ុន្តែបាននិយាយថា មនុស្ស ២៩ នាក់បានរកឃើញវិជ្ជមាន។

ការតាមដានរកអ្នកពាក់ព័ន្ធឆ្លងត្រូវបានលុបចោលដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅចុងខែកញ្ញា ឆ្នាំមុន ទោះបីជាក្រសួងសុខាភិបាលកាលពីចុងសប្តាហ៍បានចាប់ផ្តើមរាយការណ៍ពីការកើនឡើងនៃករណីអូមីក្រុងក៏ដោយ។

ម៉ូលីកា ថា កម្មករប្រហែល ៧០០នាក់ត្រូវបានធ្វើតេស្ត យោងទៅតាមទំនាក់ទំនងរបស់សហជីពជាមួយកម្មករ ទោះបីជាអ្នកយកព័ត៌មាន VOD បានឃើញកម្មករប្រហែល ២០០នាក់នៅកន្លែងធ្វើតេស្តនៅកោះពេជ្រកាលពីរសៀលថ្ងៃអាទិត្យក៏ដោយ ដោយការធ្វើតេស្តបានបញ្ចប់នៅម៉ោង ៦ និង ៣០នាទីល្ងាច។

មន្ត្រីនគរបាលក្នុងឯកសណ្ឋានជាច្រើននាក់មានវត្តមាននៅក្បែរកន្លែងធ្វើតេស្តនៅកោះពេជ្រ ប៉ុន្តែភាគច្រើនអង្គុយនៅតុមួយនៅខាងក្រៅហាងលក់នំប៉ាវ ហើយមិនចាប់អារម្មណ៍នឹងការចាប់ខ្លួននោះទេ។

បុរសជាច្រើននាក់ផ្សេងទៀត ដែលទំនងដូចជាមន្រ្តីប៉ូលិសស្លៀកពាក់ស៊ីវិលបានចំណាយពេលនៅខាងក្រៅកន្លែងធ្វើតេស្ត។ ពួកគេ​សកម្ម​ខ្លាំង​បំផុត​ពេល​ថត​រូប​កម្មករ​ដែល​បាន​ធ្វើ​តេស្តរកឃើញ​វិជ្ជមាន​ត្រូវ​បាន​គេ​ដឹក​តាម​រថយន្ត​សង្គ្រោះ។

នាង ម៉េង កាក់នីកា ដែលជាកម្មករក្រុមហ៊ុនល្បែងមួយនេះម្នាក់ក្នុងចំណោមកម្មករ៤នាក់ ដែលប្រឈមមុខនឹងដីកាបញ្ជាឱ្យចូលខ្លួននោះ ផ្សាយផ្ទាល់តាមបណ្តាញសង្គមហ្វេសប៊ុក( Facebook) ពីមជ្ឈមណ្ឌលកម្សាន្តកោះពេជ្រកន្លែងធ្វើតេស្តជំងឺកូវីដ ​កាលពីថ្ងៃអាទិត្យ។ នាងនិយាយ​ថា នាង​មាន​ការ​ភ្ញាក់ផ្អើល​ដែល​នាង​ត្រូវ​បាន​អាជ្ញាធរ​កំណត់​គោលដៅ។

នាងបន្តថា៖ «ខ្ញុំមកទីនេះសម្រាប់ការធ្វើតេស្តរកកូវីដ។ ហេតុអ្វីបានជាកំណត់មុខសញ្ញាមកលើខ្ញុំ? ខ្ញុំមិនបានញុះញង់មនុស្សឱ្យរារាំងការធ្វើតេស្តនោះទេ។ ខ្ញុំ​ក៏​ជា​កម្មករ​ម្នាក់​ដែល​ស្ម័គ្រ​ចិត្ត​ធ្វើ​តេស្ត​រក​កូវីដ»។

អ្នកនាំពាក្យ​នគរបាល​រាជធានី​ភ្នំពេញ លោក សាន សុខ​សីហា មិនបានឱ្យ​អ្នក​សារព័ត៌មាន​សួរ​សំណួរ​ថា តើ​ដីកា​ថ្មី​ទាំង​៤​នឹង​ត្រូវ​អនុវត្ត​ ហើយ​គ្រាន់តែ​ចាប់ខ្លួន​កម្មករ​៣​នាក់​ដដែល​កាលពី​ថ្ងៃ​សៅរ៍​ ឬយ៉ាងណា​។

ជោគវាសនានៃកូដកម្មនៅតែមិនច្បាស់លាស់ សហព័ន្ធអន្តរជាតិ និងសហជីពបានបង្ហាញពីសាមគ្គីភាពជាមួយសហជីពណាហ្គាវើល មានសកម្មភាពដែលបានគ្រោងទុកនៅក្នុងប្រទេសយ៉ាងហោចណាស់ចំនួន ១១។ នេះបើតាមក្រុមសិទ្ធិមនុស្សនៃអង្គការសង់ត្រាល់(Central)។

នៅប្រទេសអូស្ត្រាលី មនុស្សប្រហែល ១៥ នាក់មកពីសហជីពចំនួន ៣ បានលើកបដា និងទង់ជាតិនៅខាងក្រៅស្ថានទូតកម្ពុជានៅទីក្រុងកង់បេរ៉ា ខណៈដែលសហជីពឥណ្ឌូណេស៊ីប្រហែល ៣០នាក់ បានតវ៉ានៅខាងក្រៅស្ថានទូតក្នុងទីក្រុងហ្សាការតា។ ការបង្ហោះតាមប្រព័ន្ធផ្សព្វផ្សាយសង្គមក៏បានបង្ហាញពីកម្មករនៅក្នុងប្រទេសបង់ក្លាដែស និងឥណ្ឌាបានកាន់បដាគាំទ្រការដោះលែងថ្នាក់ដឹកនាំសហជីពនិងសមាជិក LRSU ។

ការតវ៉ាក៏ត្រូវបានគ្រោងធ្វើនៅក្នុងចក្រភពអង់គ្លេស បារាំង ស្វីស និងសហរដ្ឋអាមេរិក ហើយសកម្មភាពជាសកលដែលផ្តោតលើយុទ្ធនាការដោះលែងកម្មករដែលជាប់ពន្ធនាគារ ទទួលយកកម្មករដែលត្រូវបានបញ្ឈប់ឱ្យចូលធ្វើការងារឡើងវិញ និងឱ្យក្រុមហ៊ុនណាហ្គាវើលដ៍ចរចាដោយស្មោះត្រង់ជាមួយសហជីពជុំវិញការរំលោភសិទ្ធិផ្សេងទៀតនៅក្រុមហ៊ុនល្បែង​ដ៏ស្មុគស្មាញនេះ។

លោកស្រី Nina Lau អ្នកសម្របសម្រួលកម្មវិធីនៅមជ្ឈមណ្ឌលធនធានអាស៊ីម៉ូនីទ័រក្នុងទីក្រុងហុងកុងបាននិយាយថា ក្រុមនេះបានរៀបចំសកម្មភាពនៃការគាំទ្រនៅខាងក្រៅស្ថានទូតកម្ពុជានៅកូរ៉េខាងត្បូង និងប្រទេសថៃ ខណៈ​ដែលកំពុងសម្របសម្រួលយុទ្ធនាការរូបថតនៅក្នុងប្រទេសបង់ក្លាដែសផងដែរ។

លោកស្រីបាននិយាយតាមអ៊ីមែលថា៖ «ការបិទខ្ទប់យ៉ាងតឹងរ៉ឹង និងដាក់ទណ្ឌកម្ម ឬវិធានការរក្សាគម្លាតពីសង្គម គឺជាការបង្ហាញពីការពង្រីកអំណាចរដ្ឋ ដែលគាបសង្កត់ចលនាការងារមិនត្រឹមតែនៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ ថែមទាំងនៅជុំវិញពិភពលោកផងដែរ»។

នៅ​រាជធានី​ភ្នំពេញ តំណាង​អង្គការ​សិទ្ធិ​មនុស្ស​ក្នុងស្រុក បាន​ធ្វើ​លិខិត​ចំហរ​មួយ​ច្បាប់​ដាក់ទៅ​ក្រសួង​មហាផ្ទៃ បន្ទាប់​មក​ពួកគេ​បាន​ដើរ​ទៅ​រដ្ឋសភា​ដើម្បី​ដាក់​ឯកសារ​ដូច​គ្នា​នេះ​ទៅ​កាន់តំណាង​រាស្ត្រ។

លិខិតនោះចុះហត្ថលេខាដោយបុគ្គល ក្រុម និងសហគមន៍ចំនួន ១៣៣​ ដោយបានលើកឡើងអំពីអ្វីដែលពួកគេហៅថាការរំលោភបំពានអំណាចដោយអាជ្ញាធរកម្ពុជាក្នុងការចាប់ខ្លួនសមាជិកសហជីព  LRSU ដែលពួកគេបាននិយាយថាអាចបង្កើតជា «គំរូដ៏គ្រោះថ្នាក់» មួយ។

លិខិតសរសេរថា៖ «ការចោទប្រកាន់ពីបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋដែលកាត់ទោសមេដឹកនាំសហជីព និងសកម្មជន ជាសារទៅកាន់កូដករណាហ្គាវើលដ៍ថា សិទ្ធិការងាររបស់ពួកគេអាចត្រូវបានរំលោភបំពានដោយនិទណ្ឌភាព ខណៈដែលពួកគេនឹងត្រូវប្រឈមមុខនឹងវិធានការផ្លូវច្បាប់ ដោយគ្រាន់តែអំពាវនាវឱ្យមានវិធានការលើសកម្មភាពរំលោភលើការងារពីសំណាក់ក្រុមហ៊ុនរបស់ពួកគេ និងស្វែងរកការដោះស្រាយ»៕

ប្រែសម្រួលពីអត្ថបទដើមភាសាអង់គ្លេស៖ «Health Order Shuts Down NagaWorld Rallies, Global Unions Show Support» ដោយកញ្ញា ប៉ា សុខេង

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ