សមត្ថកិច្ច​ខេត្តកោះកុង​ដាក់​កម្លាំង​ព័ទ្ធ​ពលរដ្ឋ​ជាង​១០០​គ្រួសារ​ដែល​សង់​រោង​លើ​ដីជម្លោះ

ពលរដ្ឋមានជម្លោះដីធ្លីនៅស្រុកបទុមសាគរ ខេត្តកោះកុង នាំគ្នាបោះតង់និងសង់រោងលើដីមានជម្លោះវិញ ក្រោយពួកគេអះអាងថាគ្មានដំណោះស្រាយករណីវិវាទជាមួយក្រុមហ៊ុន លី យ៉ុងផាត់។ (ផ្ដល់ឱ្យ)

អ្នកភូមិអះអាងថា សមត្ថកិច្ចខេត្តកោះកុងបានដាក់​ពង្រាយ​​កម្លាំងព័ទ្ធប្រជាពលរដ្ឋជាង១០០គ្រួសារដែល​កំពុងសង់រោង​នៅលើដីមានជម្លោះមួយកន្លែង ស្ថិត​ក្នុង​ឃុំ​កណ្ដោល ស្រុក​បទុម​​សាគរ ក្រោយ​ការព្រមាន​ឱ្យ​រុះ​រើ ប៉ុន្តែពលរដ្ឋមិនអនុវត្តតាម។

កាលពីថ្ងៃទី៧ ​ខែកុម្ភៈនេះ រដ្ឋបាលស្រុកបទុម​សាគរ ខេត្តកោះកុង​ បានចេញសេចក្ដីណែនាំមួយដោយប្រាប់​ឱ្យប្រជាពលរដ្ឋ១៥០គ្រួសាររុះ​រើ​រោងដែលសង់ដោយ​ខុសច្បាប់​នៅលើដីរដ្ឋ​​​​ជា​បន្ទាន់ បើពុំនោះទេ ​អាជ្ញាធរនឹងអនុវត្តវិធានការ​រដ្ឋបាល

ពលរដ្ឋម្នាក់រស់នៅឃុំកណ្ដោល​ អ្នកស្រី ភាព តេង ប្រាប់វីអូឌីថា នៅថ្ងៃសុក្រនេះ កម្លាំងសមត្ថកិច្ចជាច្រើននាក់មានទាំង​ប៉ូលិស និង​អាវុធហត្ថ អមដោយរថយន្ត​បាញ់​ទឹ​ក​២គ្រឿង​ផង ត្រូវ​បាន​ដាក់​ពង្រាយព័ទ្ធកន្លែង​ពលរដ្ឋ​បោះ​តង់និងសង់​រោង​នៅលើដីកំពុង​មាន​ជម្លោះ ប៉ុន្តែនៅរសៀលម៉ោង៤នេះ​ កម្លាំងសមត្ថកិច្ច​ទាំង​នោះបានដកថយវិញ​ ក្រោយមានការតវ៉ាពីក្រុមពលរដ្ឋ។

អ្នកស្រីបន្ថែមថា៖ «ឥលូវពេលនេះ សមត្ថកិច្ចទាំងហ្នឹងបានចូលសម្ងំក្នុងព្រៃអស់ហើយ។ អត់ដឹងគេចូលសម្ងំក្នុងព្រៃធ្វើអីទេ ប្រហែលចាំចាត់វិធានការលើពលរដ្ឋនៅពេលយប់ហើយ»

បើតាមអ្នកស្រី ភាព តេង ខាង​អាជ្ញាធរ​បាន​ព្យាយាម​តាម​ចាប់​អ្នក​ស្រី និង​តំណាង​ពលរដ្ឋ១២ផ្សេង​ទៀតដែល​សកម្ម​ចេញ​មុ​ខ​តវ៉ា។ អ្នកស្រី​ថា រូបអ្នកស្រី និងពលរដ្ឋទាំងនោះកំពុងបារម្ភ​ពីសុវត្ថិ​ភាព។

តំណាង​​ប្រជាពលរដ្ឋ​​រស់​​​​នៅ​​​​ឃុំ​កណ្ដោល អះអាង​​​ថា កាល​ពី​ថ្ងៃទី​២៩​ ខែមករា ឆ្នាំ​២០២២ ពលរដ្ឋ១៥០គ្រួសារ​ដែល​បាត់​បង់​ដីធ្លី​ដោយ​សារ​ក្រុម​ហ៊ុន «កោះកុងស៊ូហ្គើ» និង «កោះកុងផ្លេន​ថេសិន» របស់​ឧកញ៉ា​ លី យ៉ុងផាត់ សមាជិកព្រឹទ្ធ​សភា តាំងពីឆ្នាំ២០០៦ បានចូលទៅរស់នៅលើដីកំពុងមានជម្លោះវិញ ក្រោយគ្មានដំណោះស្រាយពីអាជ្ញាធរពាក់ព័ន្ធ។

វីអូឌី មិនអាចសុំការអត្ថាធិប្បាយ​ជុំវិញករណីនេះពីអភិបាល​ស្រុកបទុមសាគរ​ លោក ហាក់ ឡេង បាន​ទេ​នៅ​ថ្ងៃនេះ។

ប៉ុន្តែលោក ហាក់ ឡេង ប្រាប់វីអូឌីកាលពីថ្ងៃ​ម្សិលមិញថា អាជ្ញាធរពាក់ព័ន្ធបានដោះស្រាយសំណងផលប៉ះពាល់ជូនពលរដ្ឋទាំងនោះរួចជាច្រើនឆ្នាំមក​ហើយ។ លោកថា ក្រសួង​រៀបចំ​​ដែ​ន​ដី និង​រដ្ឋបាលខេត្តកោះ​កុង បាន​ចេញលិខិត​បដិសេធ​​មិន​​ដោះស្រាយឱ្យពួកគេជាច្រើនដងហើយដែរ ប៉ុន្តែពលរដ្ឋទាំ​ងនោះមិន​ស្ដាប់ និងនៅតែបន្តតវ៉ា។

យ៉ាងណា អ្នកភូមិបានច្រានចោលការលើកឡើងរបស់អាជ្ញាធរនេះ ដោយអះអាងថា ពួកគេមិនទាន់ទទួលបានសំណងដូចការលើកឡើងរបស់អាជ្ញាធរនេះឡើយ។

មន្ត្រីការពារសិទ្ធិមនុស្សប្រចាំខេត្តកោះកុង បានជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធស្រាវជ្រាវ និងដោះស្រាយជូនពលរដ្ឋ​ដោយសន្តិ​វីធី ជាជាងការ​ចាត់​វិធាន​ការ ការ​​គំរាម​​កំហែង និងការ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការទៅលើ​​ពលរដ្ឋ​មាន​ជម្លោះដីធ្លី ដោយថា ការធ្វើបែបនេះមិនអាច​​ដោះ​ស្រាយ​​បញ្ហា​​​បាន​ឡើយ ហើយក៏មិនអាចធ្វើឱ្យពលរដ្ឋឈប់តវ៉ានោះដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ