អាជ្ញាធរ​ខេត្តកោះកុង ព្រមាន​ចាត់​វិធានការ​រដ្ឋបាល​លើ​ពលរដ្ឋ​ជាង​១០០គ្រួសារ​ដែល​សង់រោង​លើ​ដី​ជម្លោះ

អ្នកស្រី ភាព តេង (ឈរស្លៀកឈុតរ៉ូបពណ៌ចម្រុះ) ជាមួយនឹងពលរដ្ឋដែលអះអាងថាបានរងផលប៉ះពាល់ដីធ្លីផ្សេងទៀតពីសំណាក់ក្រុមហ៊ុន លី យ៉ុងផាត់ នៅខេត្តកោះកុង។ (ផ្ដល់ឱ្យ)

អាជ្ញាធរស្រុកបទុម​សាគរ ខេត្តកោះកុង​ ព្រមាន​ចាត់​វិធាន​ការរដ្ឋបាល​ចំពោះព​លរដ្ឋ​ជាង​១០០គ្រួសារ និង​ឱ្យ​រុះ​រើ​រោង​ជាបន្ទាន់ ដោយ​ថា ពលរដ្ឋ​ទាំង​នោះបាន​សាង​សង់​រោងលើ​ដី​រដ្ឋ​ដោយ​ខុស​ច្បាប់ ស្ថិត​ក្នុង​ឃុំ​កណ្ដោល ស្រុក​បទុម​សាគរ។

ការព្រមាននេះធ្វើឡើងក្រោយពីតំណាង​ប្រជាពលរដ្ឋ​​រស់​​​​នៅ​​​​ឃុំ​កណ្ដោល បានលើកឡើង​​​ថា កាល​ពី​ថ្ងៃទី​២៩​ ខែមករា ឆ្នាំ​២០២២ ពលរដ្ឋ១៥០គ្រួសារដែល​បាត់​បង់​ដីធ្លី​ដោយ​សារ​ក្រុម​ហ៊ុន «កោះកុងស៊ូហ្គើ» និង «កោះកុងផ្លេន​ថេសិន» របស់​ឧកញ៉ា​ លី យ៉ុងផាត់ សមាជិកព្រឹទ្ធ​សភា តាំងពីឆ្នាំ២០០៦ បានចូលទៅរស់នៅលើដីកំពុងមានជម្លោះវិញ ក្រោយគ្មានដំណោះស្រាយពីអាជ្ញាធរពាក់ព័ន្ធ។

ក្នុងសេចក្ដីជូនដំណឹង​មួយចុះថ្ងៃទី៩ ខែកុម្ភៈ​នេះ រដ្ឋបាល​ស្រុក​បទុម​សាគរអះ​អាង​ថា ដី​ដែល​ក្រុម​ពលរដ្ឋកំពុង​សង់​រោង​រស់​នៅ​នោះ ជា​ដី​ឯកជន​របស់​រដ្ឋ ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និ​ង​នេសាទ។

សេចក្ដីជូនដំណឹងដដែលបន្តថា ក្រោយពលរដ្ឋចូលទៅសង់រោងនោះ ខាង​អាជ្ញាធរ​តែង​តែ​ចុះ​ពន្យល់ពលរដ្ឋ​ថា ការសាងសង់រោង​នោះ​គឺខុសច្បាប់ និងសុំឱ្យរុះរើរោងទាំងនោះ​ចេញ ប៉ុន្តែក្រុមពលរដ្ឋមិនអនុវត្តតាម​ឡើយ។

រដ្ឋបាលស្រុកបទុមសាគរ ព្រមាន​ថា ប្រសិនបើពលរដ្ឋទាំងនោះមិនព្រមអនុវត្តតាមសេចក្ដីជូនដំណឹងនេះទេ រដ្ឋបាលស្រុកមិនទទួលខុសត្រូវចំពោះការខូចខាតទ្រព្យសម្បត្តិឡើយ ពេលអាជ្ញាធរចុះអនុវត្តវិធានការរដ្ឋបាល។

អ្នកស្រី ភាព តេង ដែលអះអាងថាជាតំណាងពលរដ្ឋ និងកំពុងជាប់បណ្ដឹងនៅតុលាការពាក់ព័ន្ធករណីជម្លោះដីធ្លីនេះ បានប្រាប់វីអូឌីនៅថ្ងៃព្រហស្បតិ៍នេះ​ថា អ្នក​ភូមិ​បាន​រក្សា​​ជំហរ​មិនរុះរើរោង និង​មិន​ចាកចេ​ញ​ពី​​​ដី​នោះ​ទេ ប្រសិន​បើ​ពុំ​មាន​ដំណោះ​ស្រាយ​សម្រាប់​ពួក​គេ។

អ្នកស្រីបន្តថា រូបអ្នកស្រី និងពលរដ្ឋកំពុងព្រួយបារម្ភពីសុវត្ថិ​ភាព ខណៈ​អាជ្ញាធរ​បាន​គំរាម​កំហែង និង​ប៉ុនប៉ង​ចាប់ពលរដ្ឋ។

អ្នកស្រីបន្ថែមថា៖​ «ប្រជាពលរដ្ឋគាត់ប្ដេជ្ញា​ចិត្ត​ថា​ ពួកគាត់អត់ចុះចេញពីលើដីហ្នឹងទេ ពីព្រោះគាត់បានបាត់បង់ដីពិតប្រាកដ។ គាត់ឈឺចិត្តដែលអា​ជ្ញាធរ​យក​ដី​របស់​ពួកគាត់​ទៅឱ្យក្រុមហ៊ុន ដោយមិនបានផ្ដល់សំណង​ជូន​គាត់ ហើយ​ចោទ​ប្រកាន់​ពួក​គាត់​ថាទទួល​បាន​សំណង​ហើយ​ទៅវិញ»

ពលរដ្ឋម្នាក់ទៀត​ លោក ទូច ង៉ាន់ ដែល​បានចូលទៅរស់នៅលើដីចាស់​របស់​ខ្លួន​វិញ​នោះ និយាយថា គ្រួសារ​លោក​បានបាត់បង់ដី​ចម្ការទំហំទទឹង១០០​ម៉ែត្រ និង​បណ្ដោយ៣០០ម៉ែត្រ ដោយ​សារ​ក្រុម​ហ៊ុនរបស់​លោក លី យ៉ុងផាត់ បានរំលោភយកដោយមិនបានដោះស្រាយសំណងជូនឡើយ។

ពលរដ្ឋរូបនេះអះអាងថា កាលពីអំឡុងឆ្នាំ២០០៦ ក្រុមហ៊ុនបានដាក់គ្រឿងចក្រឈូសឆាយដី និងផលដំណាំរ​បស់​គាត់​អស់ជាច្រើន ហើយអាជ្ញាធរបានគំរាមកំហែងមិនឱ្យពួកគាត់ប្រឆាំង និងគំរាមចាប់ដាក់​ពន្ធនាគារ​​ថែម​ទៀត។

លោកបន្ថែម​ថា៖ «ខ្ញុំបានកាប់ឆ្ការដាំដំណាំបាន​ធំៗអស់ហើយ។ ពេល​ដាក់​គ្រឿង​ចក្រឈូ​ស​ឆាយ​ដំណាំរបស់​ពួកខ្ញុំ​អស់​ហើយ ​អត់​ដោះ​ស្រាយ​សំណង​ជូន​ពួក​ខ្ញុំ​ទៀត។ ​ដេញ​ពួក​ខ្ញុំ​ចេញ​ហើយ គំរាម​ពួកខ្ញុំចាប់ដាក់​គុក។ ហើយកាលនោះពួកខ្ញុំក្រីក្រពេក អត់ហ៊ានតវ៉ា។ ឥលូវនេះ ពួកខ្ញុំតវ៉ាទាមទារដីខ្ញុំវិញ បើអត់ដោះស្រាយសមរម្យសម្រាប់ពួកខ្ញុំទេ។ ពួកខ្ញុំមិនរើចេញពីដីនេះឡើយ។ ពួកខ្ញុំនឹងប្រឈមមុខជាមួយអាជ្ញាធរ»

អភិបាលស្រុកបទុម​សាគរ លោក ហាក់ ឡេង ប្រាប់វីអូឌីកាលពីថ្ងៃ​ម្សិលមិញថា អាជ្ញាធរពាក់ព័ន្ធបានដោះស្រាយសំណងផលប៉ះពាល់ជូនពលរដ្ឋទាំងនោះរួចជាច្រើនឆ្នាំមកហើយ។ លោកថា ក្រសួង​រៀបចំ​​ដែ​ន​ដី និង​រដ្ឋបាលខេត្តកោះកុង បាន​ចេញលិខិត​បដិសេធ​មិន​ដោះស្រាយឱ្យពួកគេជាច្រើនដងហើយដែរ ប៉ុន្តែពលរដ្ឋទាំ​ងនោះមិន​ស្ដាប់ និងនៅតែបន្តតវ៉ា។

លោកបន្ថែមថា៖ «ក្រុមពលរដ្ឋហ្នឹងតាំងពីឆ្នាំ២០០៦មក មិនដែលដាក់ពាក្យតវ៉ាដែរ ហើយការ​ដើរ​តវ៉ាទាម​ទារ​ពីអាជ្ញាធរស្ថាប័នក៏អត់មានដែរ។ ហើយក្នុងយុទ្ធនាការរយៈពេល៣០ថ្ងៃ ដើម្បីដាក់ពាក្យឱ្យជួយដោះស្រាយបញ្ចប់វិវាទដីធ្លីនៅកោះកុង ក៏អត់ឃើញពួកគាត់ដែរ។ អ៊ីចឹង​ក្រោយពីឃើញក្រុមគេផ្សេងៗគេតវ៉ាទៅបានលុយបានកាក់​បានដី ពួកគាត់ចាប់ប្រមូលផ្ដុំតវ៉ាដែរ»

យ៉ាងណា​ មន្ត្រីការពារសិទ្ធិមនុស្សប្រចាំខេត្តកោះកុង លើក​ឡើង​ថា ការ​ចាត់​វិធាន​ការ ការ​គំរាម​កំហែង និងការ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការទៅលើ​​ពលរដ្ឋមាន​ជម្លោះដីធ្លី​នោះ ជារឿងមិនត្រឹមត្រូវ និងមិនអាច​​ដោះ​ស្រាយ​​បញ្ហា​​​បាន​ឡើយ ហើយក៏មិនអាចធ្វើឱ្យពលរដ្ឋឈប់តវ៉ានោះដែរ។

កាលពីថ្ងៃទី៨ ខែកុម្ភៈ​នេះ សមាគមការពារសិទ្ធិមនុស្សអាដហុក បានចេញរបាយ​ការណ៍​មួយដោយរកឃើញ​ថា ​ក្នុងឆ្នាំ២០២១ ប្រជាពលរដ្ឋចំនួន១៧ ០៣៣​គ្រួសារ បាន​រង​ផល​ប៉ះ​ពាល់ដោយ​សារ​វិវាទ​ដីធ្លី​ដែល​​មាន​ទំហំជាង៥០ ០០០​ហិកតា (៥២ ៦០១,៨៧ហិកតា)។

សមាគមមួយនេះបញ្ជាក់​ថា ការរំលោភដីធ្លី​របស់​ប្រជាពលរដ្ឋដែលលេចធ្លោជាង​គេ​​នាពេលនោះ គឺ​បុគ្គល​មានអំណាចចំនួន៦៦ករណី និងបុគ្គលអ្នក​មានទ្រព្យចំនួន២៧ករណី

អាដហុក​ ឱ្យដឹងទៀតថា មានពលរដ្ឋរងគ្រោះដីធ្លី១៥៧​នាក់កំពុងជាប់បណ្ដឹងអាជ្ញា និងដាក់ឱ្យស្ថិតក្រោម​ការត្រួត​ពិនិត្យ​ពីតុលាការ ខណៈជនរងគ្រោះ១៧នាក់ទៀត​កំពុងឃុំ​ខ្លួន​បណ្ដោះអាសន្ន ដោយសារការតវ៉ាទាម​ទារដីធ្លីរបស់ខ្លួន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ