មន្ត្រីមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ ឱ្យដឹងថា ជនល្មើសដែលត្រូវបានចាប់ខ្លួនពាក់ព័ន្ធការកាប់បំផ្លាញព្រៃឈើនៅតំបន់ការពារម្នាក់ ដែលបានស្លាប់នៅក្នុងបន្ទប់ឃុំឃាំងរបស់មន្ទីរបរិស្ថានខេត្តពោធិ៍សាត់ គឺមិនមានស្លាកស្នាម និងអាចជាមនុស្សមានបញ្ហាស្មារតីឬផ្លូវចិត្ត។
សេចក្ដីបំភ្លឺព័ត៌មានរបស់មន្ទីរបរិស្ថានខេត្តពោធិ៍សាត់ ឱ្យដឹងថា លោក ចាន់ វីត ដែលមានអាយុ២២ ឆ្នាំត្រូវបានចាប់ខ្លួននៅថ្ងៃទី៦ ខែកុម្ភៈ នៅពេលមន្ត្រីឧទ្យានុរក្ស កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស បុគ្គលិកអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ចុះល្បាតនៅចំនុចទំនប់វារីអគ្គិសនីអាតៃ២ ស្ថិតក្នុងភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់។
ក្រុមល្បាតបានរកឃើញជនសង្ស័យកំពុងកាប់ព្រៃឈើដើម្បីយកជាកម្មសិទ្ធិចំនួន៨នាក់ ប៉ុន្តែក្នុងនោះ៧នាក់បានរត់គេចខ្លួន។ ដោយឡែក ជនល្មើសឈ្មោះ ចាន់ វីត ក៏ត្រូវបាននាំខ្លួនទៅកាន់មន្ទីរបរិស្ថានខេត្តពោធិ៍សាត់ ដើម្បីសាកសួរ ហើយថ្ងៃបន្ទាប់បញ្ជូនទៅកាន់សាលាដំបូង ដើម្បីស៊ើបសួរបន្ត រហូតដល់ល្ងាចម៉ោង៥និង៣០ល្ងាច។
សេចក្ដីបំភ្លឺព័ត៌មានបន្តថា៖ «នៅពេលព្រឹក ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២២នេះ នៅម៉ោង៧:៤០នាទីព្រឹក កងកម្លាំងរបស់ពួកយើងបានយកបាយនិងទឹកសម្រាប់ជនសង្ស័យ រហូតដល់ម៉ោង៨:៣០ កងកម្លាំងក៏បានដើរទៅបន្ទប់ជនល្មើស ដើម្បីនាំជនសង្ស័យទៅកាន់សាលាដំបូងខេត្តពោធិ៍សាត់ ដើម្បីស៊ើបសួរបន្ត។ យ៉ាងណាមិញ គេប្រទះឃើញសាកសពរបស់ជនសង្ស័យធ្វើអត្តឃាតដោយការចងកនៅបន្ទប់ទឹក»។
ប្រភពដដែលបន្តថា អ្នកធ្វើកោសលវិច័យបានបញ្ជាក់ការស្លាប់របស់ ចាន់ វីត គឺបណ្ដាលមកពីការធ្វើអត្តឃាត ឯសាកសពក៏បានប្រគល់ឱ្យគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី ហើយខាងមន្ទីរបរិស្ថានខេត្ត និងអង្គការសម្ព័ន្ធសត្វព្រៃ បានចូលរួមចំណែកក្នុងការរៀបចំពិធីបុណ្យសពដែរ។
ក្រុមគ្រួសាររបស់លោក វីត បានប្រាប់សារព័ត៌មានក្នុងស្រុកថា សាកសពលោកមានស្នាមជាំខ្មៅនៅលើស្មា ខណៈសេចក្ដីបំភ្លឺព័ត៌មានរបស់មន្ទីរបរិស្ថានបានបដិសេធការលើកឡើងនោះ។
ប្រធានគណៈកម្មាធិការជាតិប្រឆាំងអំពើទារុណកម្ម លោក នុត សាអាន មានប្រសាសន៍ថាក្រុមគ្រួសារគួរផ្ដល់ព័ត៌មានប្រសិនបើខ្លួនចង់មានការស៊ើបអង្កេត។
លោក សាអាន មានប្រសាសន៍ថា៖ «យើងត្រូវការព័ត៌មានច្បាស់លាស់មួយចំនួន»។
ប្រធានមន្ទីរបរិស្ថានខេត្ត លោក គង់ ពុទ្ធីរ៉ា បានឱ្យដឹងថា ចាន់ វីត នឹងត្រូវបានដោះលែងប្រសិនបើគាត់បានកំណត់អត្តសញ្ញាណអ្នកដែលជួលគាត់។
លោ ពុទ្ធីរ៉ា បានថ្លែងថា៖ «យើងមិនគិតថាគាត់នឹងធ្វើអត្តឃាតបែបនោះទេ ព្រោះវាជាឧក្រិដ្ឋកម្មបែបតូចតាចទេ»។
លោកបានបន្តថា លើខ្លួនលោក វីត មិនមានស្នាមជាំទេ ហើយគាត់បានស្លាប់បាត់ទៅហើយនៅពេលមន្ត្រីចូលមក។
លោកបន្តថា៖ « តាមកងកម្លាំងរបស់យើង ឪពុករបស់ វីត ដែលបានមកយកសព បាននិយាយថា កូនរបស់គាត់គឺមានបញ្ហាផ្លូវចិត្ត ហើយវាអាចជាកត្តាដែលនាំឱ្យជនសង្ស័យរូបនេះគិតខ្លី»៕