លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គាំទ្រការធ្វើសមយុទ្ធយោធារួមគ្នារវាងកងទ័ពកម្ពុជានិងជប៉ុន ខណៈកូនប្រុសច្បងរបស់លោកកំពុងបំពេញទស្សនកិច្ចជាផ្លូវការក្នុងប្រទេសជប៉ុនក្នុងនាមជាមេបញ្ជាការកងទ័ពជើងគោកកម្ពុជា។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពាន៧កន្លែងដែលជាជំនួយរបស់រដ្ឋាភិបាលជប៉ុន ស្ថិតក្នុងខេត្តក្រចេះ និងព្រៃវែង នៅថ្ងៃពុធនេះ ថា លោកគាំទ្រកិច្ចសហប្រតិបត្តិការយោធារវាងប្រទេសទាំងពីរនៅពេលខាងមុខនេះ។
លោកបន្ថែមថា លោកក៏ចង់ឱ្យមានការធ្វើសមយុទ្ធយោធារួមគ្នារវាងកងទ័ពកម្ពុជានិងជប៉ុនផងដែរ តែជាសមយុទ្ធដែលធ្វើឡើងពាក់ព័ន្ធការជួយសង្គ្រោះគ្រោះមហន្តរាយនិងភេរវកម្ម។
លោកថ្លែងថា៖ «ហើយខ្ញុំយល់ស្របទៅលើអ្វីដែលប្រទេសទាំងពីរត្រៀមរៀបចំនូវកិច្ចសហប្រតិបត្តិការនៅពេលខាងមុខ នៅក្នុងវិស័យយោធា រាប់ទាំងការធ្វើសមយុទ្ធរួម ប្រសិនបើមានការចាំបាច់។ ធ្វើសមយុទ្ធលើទឹកដីកម្ពុជា អត់មានបញ្ហា ហើយអ្វីដែលខ្ញុំចង់បាន សមយុទ្ធណាក៏ដោយគួរតែផ្ដោត។ ទីមួយ គឺគេហៅថាទប់ស្កាត់ឬជួយសង្គ្រោះគ្រោះមហន្តរាយ ទីពីរ ប្រឆាំងភេរវកម្ម អាហ្នឹងជាសមយុទ្ធដែលខ្ញុំចង់បាន! សមយុទ្ធវាយគ្នា អាហ្នឹងខ្ញុំអត់ចង់បានទេ»។
ការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នេះ ស្របពេលកូនប្រុសច្បងរបស់លោកដែលជាអគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោកកម្ពុជា គឺលោកឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត កំពុងបំពេញទស្សនកិច្ចរយៈពេល៤ថ្ងៃ នៅប្រទេសជប៉ុន ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែកុម្ភៈ។
នៅក្នុងដំណើរទស្សនកិច្ចនេះ លោក ហ៊ុន ម៉ាណែត បានជួបជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុន លោក Hayashi Yoshimasa, រដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុន លោក Nobuo Kishi និងបានជួបនាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida ផងដែរ។
ទីភ្នាក់ងារព័ត៌មានកម្ពុជា (AKP) បានផ្សាយថា នៅក្នុងជំនួបជាមួយមេបញ្ជាការកងកម្លាំងស្វ័យការពារជើងគោកជប៉ុន លោក YOSHIDA Yoshihide បានប្រកាសបន្តជួយដល់កងទ័ពកម្ពុជា លើការកសាងនិងពង្រឹងសមត្ថភាពតាមរយៈការហ្វឹកហ្វឺនលើជំនាញសំខាន់ៗដើម្បីឆ្លើយតបនឹងស្ថានការណ៍សន្តិសុខសង្គ្រាមមិនមែនប្រពៃណី ដូចជា ការវាយប្រហារដោយប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិត និងបច្ចេកវិទ្យាទំនើប បញ្ហាគ្រោះមហន្តរាយ និងជំងឺរាតត្បាតនានា ព្រមទាំងការគាំទ្រឱ្យមានការរៀបចំលំហាត់រួមគ្នាក្នុងកម្រិតណាមួយនៅពេលអនាគត។
ទន្ទឹមគ្នានេះ លោកក៏បានថ្លែងអំណរគុណចំពោះកម្ពុជា ក្នុងនាមជាប្រទេសទី១នៅតំបន់អាស៊ីអាគ្នេយ៍ ដែលបានគាំទ្រគំនិតផ្ដួចផ្ដើម “យុទ្ធសាស្ត្រតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកសេរី និងបើកចំហ (FOIP)” របស់ជប៉ុន ដើម្បីសន្តិភាព ស្ថិរភាព ការអភិវឌ្ឍ និងវិបុលភាពរួមនៅក្នុងតំបន់ និងលើសកលលោក។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានថ្លែងថា ទំនាក់ទំនងកម្ពុជា-ជប៉ុន គឺជាទំនាក់ទំនងដែលគ្មានការសង្ស័យឡើយ។ លោកថា ប្រទេសជប៉ុនតែងតែគាំទ្រកម្ពុជាជានិច្ច។
លោកថា៖ «អាហ្នឹងយើងឃើញថា ជំហរជប៉ុន គឺគាំទ្រកម្ពុជាជារៀងរហូតមក ទោះបីថា បស្ចិមប្រទេសមួយចំនួនប្រឆាំងការបោះឆ្នោតឆ្នាំ២០១៨ យ៉ាងណាក៏ដោយ តែផ្ទុយទៅវិញរដ្ឋាភិបាលជប៉ុននៅតែបន្តផ្ដល់ជំនួយដល់ គ.ជ.ប ដើម្បីឱ្យដំណើរការបោះឆ្នោតប្រកបដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ដដែល»។
យ៉ាងណាក្ដី សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណរ៉ា យល់ថា ទោះបីជាជប៉ុនហាក់បង្កើនទំនាក់ទំនងជាមួយកម្ពុជាក្ដី តែទំនាក់ទំនងរវាងប្រទេសទាំងពីរមិនអាចក្លាយជាទំនាក់ទំនងចាក់ទឹកមិនលិចដូចកម្ពុជា-ចិននោះទេ។
លោកថា៖ «[ទំនាក់ទំនង] កម្ពុជា-ជប៉ុនពុំមានឧបសគ្គអ្វីទេ ក៏ប៉ុន្តែបើយើងមើលពីការជួយជ្រោមជ្រែងរបស់ជប៉ុនហាក់បីដូចជាជួយជ្រោមជ្រែងកម្ពុជានោះច្រើន ច្រើនណាស់ ច្រើនមិនចាញ់ចិនទេ ជួយច្រើនហើយមានតម្លៃនៅក្នុងផ្នត់គំនិតរបស់ប្រជាជនកម្ពុជា ក៏ប៉ុន្តែអ្វីដែលគេហៅថា លទ្ធផលនៃទំនាក់ទំនងកម្ពុជា-ជប៉ុន វាអត់មានភាពជាមិត្តដែកថែបអ៊ីចឹងទៅ យើងមើលទៅវាអត់មាន»។
ដំណើរទស្សនកិច្ចរបស់លោក ហ៊ុន ម៉ាណែត ទៅកាន់ប្រទេសជប៉ុននេះ ធ្វើឡើងតបតាមការអញ្ជើញរបស់រដ្ឋមន្ត្រីការពារជាតិជប៉ុន ដើម្បីប្រារព្ធខួបលើកទី៣០ ដែលជប៉ុនបានបញ្ជូនបុគ្គលិកកងស្វ័យការពារជាលើកដំបូងមកកាន់កម្ពុជា ដើម្បីចូលរួមក្នុងបេសកកម្មថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅកម្ពុជាកាលពីឆ្នាំ១៩៩១៕