លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចង់ឱ្យមានការធ្វើសមយុទ្ធយោធារួមគ្នាជាលើកដំបូងរវាងកងទ័ពកម្ពុជានិងជប៉ុន ខណៈកូនប្រុសច្បងរបស់លោកកំពុងបំពេញទស្សនកិច្ចជាផ្លូវការក្នុងប្រទេសជប៉ុននៅថ្ងៃពុធនេះ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពាន៧កន្លែងដែលជាជំនួយរបស់រដ្ឋាភិបាលជប៉ុន ស្ថិតក្នុងខេត្តក្រចេះ និងព្រៃវែង នៅថ្ងៃពុធនេះ ថាលោកគាំទ្រកិច្ចសហប្រតិបត្តិការយោធារវាងប្រទេសទាំងពីរនៅពេលខាងមុខនេះ។ លោកបន្ថែមថា លោកក៏ចង់ឱ្យមានការធ្វើសមយុទ្ធយោធារួមគ្នារវាងកងទ័ពកម្ពុជានិងជប៉ុនផងដែរ តែជាសមយុទ្ធដែលធ្វើឡើងពាក់ព័ន្ធការជួយសង្គ្រោះគ្រោះមហន្តរាយនិងភេរវកម្ម។
លោកថ្លែងថា៖ «ហើយខ្ញុំយល់ស្របទៅលើអ្វីដែលប្រទេសទាំងពីរត្រៀមរៀបចំនូវកិច្ចសហប្រតិបត្តិការនៅពេលខាងមុខ នៅក្នុងវិស័យយោធា រាប់ទាំងការធ្វើសមយុទ្ធរួម ប្រសិនបើមានការចាំបាច់។ ធ្វើសមយុទ្ធលើទឹកដីកម្ពុជា អត់មានបញ្ហា ហើយអ្វីដែលខ្ញុំចង់បាន សមយុទ្ធណាក៏ដោយគួរតែផ្ដោត។ ទីមួយ គឺគេហៅថាទប់ស្កាត់ឬជួយសង្គ្រោះគ្រោះមហន្តរាយ ទីពីរ ប្រឆាំងភេរវកម្ម។ អាហ្នឹងជាសមយុទ្ធដែលខ្ញុំចង់បាន សមយុទ្ធវាយគ្នា អាហ្នឹងខ្ញុំអត់ចង់បានទេ»។
ការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នេះ ស្របពេលកូនប្រុសច្បងរបស់លោកដែលជាមេបញ្ជាការកងទ័ពជើងគោកកម្ពុជា គឺលោកឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត កំពុងបំពេញទស្សនកិច្ចរយៈពេល៣ថ្ងៃនៅប្រទេសជប៉ុន ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែកុម្ភៈ។
ដំណើរទស្សនកិច្ចនេះធ្វើឡើងតបតាមការអញ្ជើញរបស់រដ្ឋមន្ត្រីការពារជាតិជប៉ុន ដើម្បីប្រារព្ធខួបលើកទី៣០ ដែលជប៉ុនបានបញ្ជូនបុគ្គលិកកងស្វ័យការពារជាលើកដំបូងមកកាន់កម្ពុជា ដើម្បីចូលរួមក្នុងបេសកកម្មថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅកម្ពុជាកាលពីឆ្នាំ១៩៩១។
នៅក្នុងដំណើរទស្សនកិច្ចនេះ លោក ហ៊ុន ម៉ាណែត បានជួបជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុន លោក Hayashi Yoshimasa រដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុន លោក Nobuo Kishi និងតាមគម្រោងត្រូវជួបនាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida ផងដែរ៕