ផ្សោត​សល់​ចុងក្រោយ​បំផុត​នៅ​អន្លង់ឈើទាល​ខេត្តស្ទឹងត្រែង​បានស្លាប់

ផ្សោតប្រភេទ«អ៊ីរ៉ាវ៉ាឌី»ដែលសេសសល់ចុងក្រោយមួយក្បាលប្រភេទ ត្រូវបានស្លាប់ដោយសារកន្ទុយរបស់វារុំជាប់ទៅដោយមងនេសាទ ត្រូវបានប្រទះឃើញនៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២។ (ហ្វេសប៊ុកលោកស្រី ជា​ សិលា អ្នកសម្របសម្រួលគម្រោង អច្ឆរិយភាពនៃទន្លេមេគង្គ)

ផ្សោតមួយក្បាលដែលនៅសេសសល់ចុងក្រោយតែមួយគត់នៅអន្លង់ឈើទាល ក្នុងខេត្តស្ទឹងត្រែង ដែលជាប្រភេទផ្សោតឈ្មោះ «អ៊ីរ៉ាវ៉ាឌី» ត្រូវបានស្លាប់ហើយ ​ដោយសារកន្ទុយរបស់វារុំជាប់ទៅដោយមង ម្យ៉ាងវាមានវ័យចំណាស់ផង។

ក្រុម​សត្វផ្សោត​ដែល​រស់​នៅក្នុងតំបន់​អន្លង់​ឈើ​ទាល ក្នុងខេត្តស្ទឹងត្រែង ដែលជាប្រភេទផ្សោតឈ្មោះ «​អ៊ីរ៉ាវ៉ាឌី» ឬពលរដ្ឋខ្មែរ ហៅថា ​«ផ្សោត​ក្បាល​ត្រឡោក» នោះ គឺ​ជា​ក្រុមផ្សោតរស់​នៅ​ដាច់​ដោយឡែក​ពីក្រុម​សត្វផ្សោត​ដទៃ​ទៀត ដែលអ្នកស្រុកចាត់ទុកថាជាសត្វដ៏ពិសិដ្ឋ។

យោងតាមគណនី Facebook របស់លោកស្រី ជា​ សិលា អ្នកសម្របសម្រួលគម្រោង អច្ឆរិយភាពនៃទន្លេមេគង្គ បានបង្ហាញថា៖ «ពិតជាគួរឱ្យសោកសង្រេងខ្លាំងណាស់ ដែលមិត្តផ្សោតឯការបស់យើងបានស្លាប់បាត់បង់ជីវិតពីអន្លង់ឈើទាល នាព្រឹកព្រហាមថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២នេះហើយ។ សូមមិត្តទាំងអស់គ្នាកុំភ្លេចបណ្ដាំគាត់ជាចុងក្រោយឱ្យសោះ «សូមផ្ដាំការពារពូជពង្សខ្ញុំផង»។

ប្រភពដដែលលើកឡើងថា ការស្លាប់របស់ផ្សោតដែលនៅសេសសល់ចុងក្រោយនេះ អាចដោយសារ​ជាប់មងនេសាទ ព្រោះ​កន្ទុយរបស់វាជាប់​មង​​។

ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP ចុះផ្សាយកាលពីម្សិលមិញ បានឱ្យដឹងថា បើតាមការប៉ាន់ស្មានរបស់រដ្ឋបាលជលផល សត្វផ្សោតមួយក្បាលនេះអាចស្លាប់តាំងពីថ្ងៃទី១២ ខែកុម្ភៈ មកម្ល៉េះ ប៉ុន្តែក្រុមការងាររដ្ឋបាលជលផលទើបតែឃើញសាកសពអណ្ដែតកាលពីម្សិលមិញនេះ។

ផ្សោតប្រភេទនេះ​ធ្លាប់បាន​រស់​នៅ​តាម​ដង​ទន្លេ​មេគង្គក្នុង​ប្រទេស​កម្ពុជា ​​ត្រូវ​បាន​រក​ឃើញ​ថា​មាន​តិច​តួច​បំផុត គឺ​ចំនួនតែ៦ក្បាលកាលពីឆ្នាំ២០១២ ក្រោយមកធ្លាក់ចុះមកនៅ​៣​ក្បាល កាល​ពី​ឆ្នាំ​២០១៨ និង​សល់​ត្រឹម​តែ១​ក្បាលប៉ុណ្ណោះ​នៅ​ឆ្នាំ​២០២១កន្លងទៅនេះ។

AKP បានស្រង់ប្រសាសន៍របស់នាយខណ្ឌស្ដីទីនៃខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែង លោក ស្រី សមវិចិត្រ ឱ្យដឹងថា សត្វផ្សោតដែលស្លាប់នេះមានវ័យជាង២០ឆ្នាំ មានទំងន់ប្រមាណ១១០គីឡូក្រាម មានប្រវែងជាង២ម៉ែត្រ។

លោកថា តាមការបញ្ជាក់ពីឆ្មាំទន្លេអំពីមូលហេតុនៃស្លាប់នេះ គឺដោយសារកន្ទុយផ្សោតមានរុំជាប់​មងរហែក តាំងពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ ដែលឆ្មាំទន្លេអភិរក្សសត្វផ្សោតបានព្យាយាមជួយសង្រ្គោះដើម្បីដោះមងចេញពីកន្ទុយ ប៉ុន្តែជួយមិនបានសម្រេចឡើយ ដែលជាហេតុបណ្ដាលឱ្យផ្សោតមួយក្បាលនេះមិនអាចផ្លាស់ទីនិងដេញចាប់ចំណីដោយប្រើកន្ទុយមិនបានលឿន ម្យ៉ាងផ្សោតនេះក៏មានវ័យចាស់ផងដែរ។

ក្នុងសេចក្ដីប្រកាសព័ត៌មានរួមមួយរបស់អង្គការមូលនិធិសកលសម្រាប់អភិរក្សធម្មជាតិ (WWF) អង្គការសហភាពអន្តរជាតិ ដើម្បីអភិរក្សធម្មជាតិ (IUCN) និង​រដ្ឋបាលជលផលកម្ពុជា ​​​កាល​ពីថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០២១ បានបង្ហាញពីមូលហេតុមួយចំនួនដែល​គំរាម​កំហែង​ដល់​ចំនួ​នសត្វផ្សោត​​​ទន្លេ​មេគង្គ​​​ រស់​នៅ​អន្លង់​ឈើ​ទាល ​នៃ​អន្តរ​ព្រំដែន​រវាង​កម្ពុជានិង​ឡាវ បណ្ដាលឱ្យមានការធ្លាក់ចុះជាបន្តបន្ទាប់​។ មូលហេតុទាំងនោះមាន​ដូចជា បញ្ហា​​ងាប់ដោយសារ​​ជាប់មង​​ប្រជានេសាទ ការនេសាទលើសកម្រិត ការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ ការសាងសង់ទំនប់វារីអគ្គិសនី ការរាំងស្ទះរំហូរទឹកជា​ធម្មជាតិ ជាដើម។

ក្នុងសេចក្ដីប្រកាសព័ត៌មានរួមពេលនោះ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល លោក ពុំ សុថា​ និងលោក សេង ទៀក នាយកអង្គការ WWF ប្រចាំប្រទេសកម្ពុជា ធ្លាប់បានឯកភាពគ្នាថា ប្រសិនបើសត្វផ្សោតមួយក្បាលដែលរស់នៅក្នុងអន្លង់ឈើទាលនេះបានបាត់បង់បន្ថែមទៀត រដ្ឋបាលជលផល និងអង្គការ WWF នឹងរៀបចំធ្វើរូបសំណាកសត្វផ្សោតដាក់តាំងនៅលើច្រាំងទន្លេមេគង្គនៃអន្លង់ឈើទាល។ ពួកគេថា ការធ្វើរូបសំណាកនេះ ដើម្បីរម្លឹកដល់សាធារណជននិងកូនចៅជំនាន់ក្រោយបានចងចាំនូវវត្តមានសត្វផ្សោត «អ៊ីរ៉ាវ៉ាឌី» ដែលធ្លាប់រស់នៅតំបន់នោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ