លោក ឌួង ឆាយ ត្រូវបាន​បញ្ចប់​តួនាទី​ជា​អនុប្រធាន​ក្រុមការងារ CPP ចុះមូលដ្ឋាន​នៅ​ឃុំបុសខ្នុរ

លោក ឌួង ឆាយ អំឡុងពេលចូលរួមពិធីសប្បុរសធម៌មួយកាលពីខែតុលា ឆ្នាំ២០២០។ (ហ្វេសប៊ុក៖ Duong Chay ឌួង ឆាយ)

ប្រធានក្រុមការងារ​គណបក្សប្រជាជនកម្ពុជា (CPP) ចុះមូលដ្ឋាន​ ស្រុកចំការលើ ខេត្ត​កំពង់​ចាម បាន​សម្រេច​​​បញ្ចប់​តួនាទីលោក ឌួង ឆាយ ពីអនុប្រធានក្រុមការងារចុះមូលដ្ឋានឃុំ​បុសខ្នុរ។

នៅក្នុងសេចក្ដីសម្រេច​របស់​ប្រធាន​ក្រុមការងារ​​គណបក្សចុះមូលដ្ឋាន​ស្រុកចំការលើ លោក ហ៊ុន ម៉ានិត ចុះថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ បាន​សម្រេចបញ្ចប់​តួនាទីលោក ឌួង ឆាយ ពី​អនុ​ប្រធាន​​ក្រុមការងារ​ចុះមូលដ្ឋាន​ឃុំបុសខ្នុរ​ ស្រុកចំការលើ ខេត្តកំពង់ចាម ចាប់​ពីថ្ងៃ​ចុះ​ហត្ថ​លេខា​​នេះ​​តទៅ។ តែយ៉ាងណា ក្នុងសេចក្ដីសម្រេចនោះមិនបាន​បញ្ជាក់មូល​ហេតុ​​ជុំវិញ​ការ​​​បញ្ចប់​​តួនាទី​​​របស់​​លោក ឌួង ឆាយ​ នេះទេ។

គួរបញ្ជាក់ថា ​ការបញ្ចប់តួនាទីរបស់​លោក ឌួង ឆាយ នេះបាន​ធ្វើឡើងក្រោយ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់​ពីឧកញ៉ា ឌួង ងៀប ដែលត្រូវជាឪពុករបស់​លោក ឌួង ឆាយ ត្រូវបាន​តុលាការ​​​សម្រេច​បញ្ជូនទៅឃុំខ្លួន​ជា​បណ្ដោះអាសន្ន​នៅពន្ធនាគារ កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ ដោយចោទប្រកាន់ពីបទ «ឆបោក និង​មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​អាច​ជួញ​ដូរ​បាន»

កាលពីខែ​មីនា ឆ្នាំ២០២១ ព្រះមហាក្សត្របាន​ត្រាស់បង្គាប់បញ្ចប់គោរមងារ «ឧកញ៉ា» ពីលោក ឌួង ឆាយ តាម​​សំណើ​របស់​នាយករដ្ឋមន្ត្រី ក្រោយពី​អតីតភរិយារបស់​លោក ឌួង ឆាយ បង្ហោះ​វីដេអូ​ដែល​​ស្វាមីខ្លួន​ប្រើហិង្សាទៅលើរូបនាងនាពេល​កន្លងមក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ