ឧកញ៉ា ឌួង ងៀប ដែលធ្លាប់ទម្លាយរឿងពុករលួយរបស់ចៅក្រមត្រូវបានតុលាការសម្រេចឃុំខ្លួន

លោក ឌួង ងៀប ឧត្ដមសេនីយ៍ឯកផ្កាយមាស៣។ (ហ្វេសប៊ុក​៖ Duong Ngeap ឌួង ងៀប)

សាលាដំបូងរាជធានីភ្នំពេញ បាន​បញ្ជូន​ខ្លួន​​ឧត្ដមសេនីយ៍ផ្កាយ៣ លោកឧកញ៉ា ឌួង ងៀប ទៅឃុំខ្លួននៅពន្ធនាគារភ្លាមៗនៅថ្ងៃចន្ទនេះ ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាន ដោយចោទប្រកាន់ពីបទ «ឆបោក និង មិនបំពេញកាតព្វ​កិច្ចចំ​ពោះឧបករណ៍អាចជួញដូរបាន»

ស្នងការរាជធានីភ្នំពេញ លោក ស ថេត បានអះអាងថា ចំណាត់ការ​ចាប់ខ្លួនលោក ឌួង ងៀប នេះ ធ្វើឡើងតាមដីកាបង្គាប់របស់សាលាដំបូងរាជធានីភ្នំពេញ។

លោកថា៖ «អនុវត្តតាមដីការបស់តុលាការ យកបានហើយមុនហ្នឹងជិត១ម៉ោង ហើយបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ឱ្យគេចាត់ចែងតាមច្បាប់ទម្លាប់របស់គេទៅ»។

សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែ​កុម្ភៈ បានបង្ហាញជំហរថា នឹង​បន្តនីតិវិធី​លើឧ​ត្ដមសេនីយ៍ផ្កាយ៣ លោកឧ​កញ៉ា​ ឌួង ងៀប ដោ​​​យសម្អាងថា កុំឱ្យជនត្រូវចោទរូបនេះគេចវេះពី​ការទទួលខុសត្រូវចំពោះមុខច្បាប់។

អ្នកនាំពាក្យក្រសួងយុត្តិធម៌ ​លោក ជិន ម៉ាលីន មានប្រសាសន៍ថា ករណីឃុំខ្លួនលោក ឌួង ងៀប ជានីតិវិធីធម្មតា​របស់តុលាការ ដែលថាចៅក្រមសម្រេចឃុំខ្លួនបណ្ដោះអាសន្ន។ មួយវិញទៀត លោកថា ចំណាត់ការ​លើបញ្ហាពុករលួយ ក្រសួងពាក់ព័ន្ធធ្លាប់បានធ្វើជាហូរហែ បើមានភស្តុតាង។

លោកថា៖ «ចំណែកការស៊ើបអង្កេតភាពមិនប្រក្រតីនៅតុលាការហ្នឹង មិនបាច់ចាំអង្គការសង្គមស៊ីវិលស្នើ ឬក៏ទាមទារ ឬក៏ចោទប្រកាន់អីទេ ឱ្យតែមានមូលដ្ឋានច្បាស់លាស់ មានមូលដ្ឋានរឹងមាំ ថាមានភាពមិនប្រក្រតី ក្រសួងយុត្តិធម៌ ក៏ដូចជាឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម គេនឹងធ្វើការអង្កេត គេនឹង​ធ្វើអធិការកិច្ចតាមនីតិវិធីដែលមានជាធរមានហើយ មិនចាំបាច់សង្គមស៊ីវិលស្នើឬចោទប្រកាន់អីទេ»។

ការបញ្ជាក់ជំហរបែបនេះរបស់សាលាដំបូង គឺក្រោយ​ពី​ជន​ត្រូវ​ចោទ​ជា​មន្ត្រីផ្កាយ៣រូបនេះបានប្រើ​ប្រា​ស់​ប​ណ្ដាញ​សង្គមអត្ថាធិប្បាយ​ពី​អំពើ​ពុករលួយ​របស់​ចៅក្រម​នៅ​សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធសំណុំ​រឿង​​ចោទ​​ប្រកាន់​គាត់ពីបទ«ឆបោកជនជាតិតៃវ៉ាន់» និងបានអំពាវនាវរកជំ​នួយពីនាយក​រដ្ឋ​មន្ត្រីឱ្យជួយ​រក​​យុត្តិធម៌ ក្រោមហេតុផលមិនបានប្រព្រឹត្ត​កំហុស​ដូច​ការ​ចោទ​ប្រកាន់។

លោកថា៖ «ចូលតុលាការម្ដង យកលុយទៅម្ដង ពេលនេះខ្ញុំអស់លុយឱ្យទៀតហើយ»។

តាម​រយៈ​វីដេអូឃ្លីប​បង្ហោះលើ​ហ្វេស​ប៊ុក​របស់​គាត់​ដែល​មាន​រយៈ​ពេល​ជាង​២០​នាទី លោក ឌួង ងៀប បា​ន​បញ្ជាក់​​ថា លោក​គ្មាន​ប្រាក់​៥លាន​ដុល្លារយក​ទៅ​តម្កល់​នៅតុលាការ​តាម​ការ​បង្គាប់​របស់​ចៅក្រម ជា​ថ្នូរនឹង​​ការមិនឃុំខ្លួន​នៅពន្ធនាគារ​​នោះទេ ហើយ​ថា លោក​សុខចិត្តដើរចូលពន្ធនាគារ​ដោយខ្លួនឯង។

នាយករងទទួលបន្ទុកឃ្លាំមើលសិទ្ធិមនុស្សអង្គការលីកាដូ លោក អំ សំអាត មើលឃើញថា ការដែលលោក ឌួង ងៀប ស្វែងរកកិច្ចអន្តរាគមន៍ពីលោកនាយករដ្ឋមន្ត្រីឱ្យជួយរកយុត្តិធម៌នោះ មិនខុសគ្នាទៅនឹងស​កម្មជនដីធ្លី​មួយ​ដែលត្រូវបានគេចាប់ខ្លួននោះទេ។ ប៉ុន្តែលោកថា ចំណាត់ការលើលោក ឌួង ងៀប ជារឿងល្អមួយ តែបើអំពើពុករលួយក្នុងប្រព័ន្ធតុលាការដូចដែលលោក ឌួង ងៀប ធ្លាប់លើកឡើង មិនត្រូវបានចាត់ការ នោះវានៅតែបង្ហាញឱ្យឃើញពីកម្រិតធ្លាក់ចុះនៃការធានាយុត្តិធម៌សង្គម ហើយថាបញ្ហានេះនឹងបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់ការធានាសន្តិសុខសង្គមជាតិទាំងមូល។

លោកថា៖ «បើសិនជារឿងនេះ យើងមិនបានបង្ហាញអំពីតម្លាភាពទេ យើងដឹងហើយមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល ​[លោក ស ខេង] ធ្លាប់លើកឡើងហើយថា ភាពអយុត្តិធម៌ក្នុងសង្គមវានឹងបង្កើតឱ្យមានការបែកបាក់ជាតិនិងឯកភាពជាតិ»។

មួយវិញទៀត នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា លោក ប៉ិច ពិសី ចាត់ទុកថា ករណីលោកឧកញ៉ា ឌួង ងៀប អាចជាការឆ្លើយតបទៅនឹងរបាយការណ៍រកឃើញពីអំពើពុករលួយខ្ពស់នៅកម្ពុជា បើក្រសួងពាក់ព័ន្ធខ្វះ​ឆន្ទៈចាត់វិធានការមន្ត្រីតុលាការដែលត្រូវបានលើកឡើងដោយ​ជនត្រូវចោទ មុនគាត់ត្រូវបានចាប់ឃុំខ្លួន។

លោកថា៖ «បើសិនជាយើងធានាបានយុត្តិធម៌ យើងនឹងធានាបានជាវិជ្ជមានដែលជះទៅលើវិស័យទាំងអស់​នៅក្នុងសង្គមយើង ទាំងវិស័យសេដ្ឋកិច្ច ទាំងវិស័យសង្គម ទាំងការបែងចែងទ្រព្យសម្បត្តិសង្គ​មដែ​លកម្ពុជា​ទទួលបានហ្នឹង ទាំងអ្នកមាន ទាំងអ្នកក្រ ឱ្យស្មើគ្នាទាំងសិទ្ធិសេរីភាពផ្សេងទៀត។ អ៊ីចឹងខ្ញុំគិតថា ​មកដល់​ពេល​នេះ ក្នុងដំណើរដែលកម្ពុជាឈ្ពោះទៅមុខហ្នឹង យើងគួរជំរុញឱ្យកម្ពុជាជាដែនដីមួយ​ដែលមានភាពជឿជាក់នៅក្នុងប្រព័ន្ធយុត្តិធម៌»។

សាលាដំបូងរាជធានីភ្នំពេញ ធ្លាប់បាន​បញ្ជាក់​ថា លោក ឌួង ងៀប ពាក់ព័ន្ធនឹងករណី​លក់ដី​មួយ​កន្លែងដែលអ្នកទិញជាដើម​បណ្ដឹង​រដ្ឋប្បវេណី​ ឈ្មោះ CHIH YU និងឈ្មោះ YAO CHING KING បានប្រគល់ប្រាក់ថ្លៃដីគ្រប់ចំនួន​ជាង​៧លាន​ដុល្លារ (៧ ៣០៥ ០០០ដុល្លារ​) រួច​រាល់​អស់​ហើយ តែថាជន​ត្រូវ​ចោទ ពុំមាន​ដីប្រគល់ឱ្យម្ចាស់លុយឡើយ។

មួយវិញ​ទៀត តុលាការបញ្ជាក់ថា ប្រាក់ជាង​៥លានដុល្លារ (៥ ៣០៥ ០០០ដុល្លារ​) ដែលចៅក្រម​ស៊ើ​ប​​​សួរ​តម្រូ​​វ​ឱ្យយកមកតម្កល់នៅសាលាដំបូងនោះ ធ្វើតាមដីកា​សម្រេច​ចុះថ្ងៃទី១៣ ខែ​សីហា ឆ្នាំ២០​២​១ ដែលថា​​មានកាតព្វកិច្ចតម្រូវឱ្យជនត្រូវចោទដាក់ប្រាក់ធានាមិនឃុំខ្លួន។​

របា​យការណ៍ថ្មីមួយរបស់អង្គការតម្លាភាពអន្តរជាតិ ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ប៊ែរ​ឡាំង ប្រទេស​អាល្លឺម៉ង់ ចេញ​ផ្សាយ​នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ រកឃើញថា អំពើពុករលួយនៅកម្ពុជា២ឆ្នាំជាប់​គ្នា​មកនេះនៅតែស្ថិតក្នុងលំដាប់ថ្នាក់ខ្ពស់ជាងគេ បើធៀបទៅនឹងប្រទេសជាសមាជិកអាស៊ាន។ បើតាមការវាយតម្លៃរបស់អង្គការអន្តរជាតិនោះ ប្រព័ន្ធយុត្តិធម៌ជាផ្នែកមួយទាញទម្លាក់ពិន្ទុ​នៃ​ការ​វាយ​តម្លៃពី​កម្រិត​អំពើ​ពុករលួយ​នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ