ក្រសួង​ការបរទេស​ថា គ្មាន​ចារកម្ម​កូរ៉េខាងជើង​បើក​ដំណើរការ​អាជីវកម្ម​នៅ​កម្ពុជា

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩។ (ហួត វុទ្ធី)

ក្រសួងការបរទេសកម្ពុជា​ ច្រានចោល​របាយការណ៍មួយ​ដែលលើកឡើង​ថា កម្ពុជា​ជា​កន្លែង​ដែល​​ចារកម្ម​កូរ៉េ​ខាង​​ជើង​បាន​​​បើក​​ដំណើរ​ការ​សណ្ឋាគារ កាស៊ីណូនិងភ្នាក់ងារទេសចរណ៍ ក្រោយ​ពីរបាយការណ៍​នោះត្រូវបានចុះផ្សាយ​ដោយ​ទីភ្នាក់ងារសារព័ត៌មាន NK News កាល​ពី​ដើម​សប្ដាហ៍​នេះ។

សេចក្ដីបំភ្លឺ​របស់​អ្នកនាំពាក្យ​​ក្រសួងការ​បរទេស និងសហប្រតិបត្តិការ​អន្តរជាតិកម្ពុជា ចុះ​ថ្ងៃ​ទី​១៧ ខែ​កុម្ភៈ ឆ្នាំ២០២២ បានលើកឡើងថា កម្ពុជា​បាន​អនុវត្ត​ស្របតា​ម​គ្រប់​សេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) ដោយបានបិទគ្រប់អាជីវកម្មនិងគណនីធនាគាររបស់​សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ (ស.ប.ប.ក) នៅក្នុងប្រទេស​កម្ពុជា និង​បានបញ្ឈប់​ការផ្ដល់បណ្ណការងារដល់កម្មករមក​ពី ស.ប.ប.ក ផងដែរ។

សេចក្ដីបំភ្លឺរបស់​អ្នកនាំពាក្យបានអះអាង​ថា កម្ពុជាតែងតែប្រកាន់ខ្ជាប់នូវជំហរម៉ឺងម៉ាត់របស់ខ្លួន​ ចំពោះការគាំទ្រការមិនរីកសាយភាយអាវុធមហាប្រល័យ ដើម្បីឆ្ពោះទៅរកការលុបបំបាត់ទាំងស្រុងនូវអាវុធទាំងនេះ។

អ្នកនាំពាក្យបាន​គូសបញ្ជាក់ថា៖ «ក្នុងនាមជាសមាជិកមួយរូបរបស់អង្គការសហប្រជាជាតិដែលមានការទទួល​ខុសត្រូវ កម្ពុជាបានបំពេញទាំងស្រុងនូវកាតព្វកិច្ចអន្តរជាតិរបស់ខ្លួន ក្រោមធម្មនុញ្ញអង្គការសហប្រជាជាតិ ហើយបានអនុវត្តយ៉ាងស្មោះត្រង់នូវសេចក្ដីសម្រេចរបស់ UNSC ស្ដីពីការដាក់ទណ្ឌកម្មលើ ស.ប.ប.ក»

ក្រសួងការបរទេសកម្ពុជា បានបន្ថែម​ថា កន្លងមក ក្រសួង​ការបរទេសក៏​បានជូនដំណឹង​​ដល់​ក្រសួងនិងស្ថាប័នពាក់ព័ន្ធទាំងអស់អំពីសេចក្ដីសម្រេចទាំងអស់របស់ UNSC ទាក់​ទងនឹង ស.ប.ប.ក ដើម្បីចាត់វិធានការជាក់ស្ដែង ហើយ​​នៅដើមខែមីនា ឆ្នាំ២០១៨ រាជរដ្ឋាភិបាលកម្ពុជាបានបង្កើត​ក្រុម​ការ​ងារ​ចំពោះកិ​ច្ច​អន្តរក្រសួង និងរៀបចំកិច្ចប្រជុំ ដើម្បី​ធ្វើការត្រួតពិនិត្យរាល់ឯកសារ និងការស៊ើបអង្កេតលើបណ្ដាក្រុមហ៊ុននិងអាជីវកម្មរបស់ ស.ប.ប.ក ផងដែរ។

អ្នកនាំពាក្យ​បាន​បន្តទៀតថា ជាលទ្ធផល គណនីធនាគារចំនួន៧នៅក្នុងស្ថាប័នហិរញ្ញវត្ថុ២​ផ្សេងគ្នា ត្រូវ​បាន​បិទចាប់តាំងពីឆ្នាំ២០១៧មក ហើយ​​កម្ពុជាក៏​បានបិទគ្រប់អាជីវកម្មរបស់ ស.ប.ប.ក ទាំងអស់ រួមទាំង​ភោជនីយដ្ឋាន និងសារមន្ទីរដែលធ្វើប្រតិបត្តិការនៅកម្ពុជា។

កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ ក្រសួងពាណិជ្ជកម្មបានលុបឈ្មោះក្រុមហ៊ុន Glory Worldwide Glow Co. Ltd របស់ ស.ប.ប.ក ចេញពីបញ្ជីពាណិជ្ជកម្ម។ ក្រសួងពាណិជ្ជកម្ម បានស្រាវជ្រាវក្រុមហ៊ុននានាដែលបានចុះបញ្ជីក្នុងប្រព័ន្ធរបស់ខ្លួន និងបានរកឃើញក្រុមហ៊ុនចំនួន១២ រួមទាំង​ក្រុមហ៊ុន Mansudae New Tech Corporation Ltd. ផង ដែលបានជាប់ពាក់ព័ន្ធជាមួយ ស.ប.ប.ក។ ក្រុមហ៊ុនទាំងនេះត្រូវបានលុបឈ្មោះចេញពីបញ្ជីកាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩ ខណៈ​ភោជនីយដ្ឋាន​ចំនួន​៨ត្រូវ​បានដកហូតអាជ្ញាបណ្ណនិងបិទទ្វារ កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៩ ។

កាល​ពីថ្ងៃទី​១៥ ខែ​កុម្ភៈ ឆ្នាំ​២០២២​​ ទីភ្នាក់ងារ​សារព័ត៌មាន​កូរ៉េខាងជើង NK News បាន​ស្រង់​របាយ​ការណ៍បឋមមួយរបស់​ក្រុមអ្នកជំនាញ​អង្គការសហ​ប្រជាជាតិ ​មកចុះផ្សាយថា ចារកម្ម​កូរ៉េ​ខាង​ជើងបាន​បើកដំណើរការ​អាជីវកម្ម​មួយចំនួន​នៅកម្ពុជា រួមមាន សណ្ឋាគារ កាស៊ីណូ ភោជនីយដ្ឋាន រង្គសាល និងភ្នាក់ងារទេសចរណ៍ ជាដើម​​​ ចាប់ពីពាក់កណ្ដាលឆ្នាំ២០២០។

ប្រភព​ដដែល​បន្ត​ថា ក្រុមអ្នកជំនាញរបស់អង្គការសហប្រជាជាតិ រកឃើញថា ភ្នាក់​ងារ​ចារ​កម្ម​ម្នាក់​ឈ្មោះ គឹម ចុលសុខ (Kim Chol Sok) បាន​បើកដំណើរការអាជីវកម្ម ដោយ​ប្រើ​ឈ្មោះ​ហៅ​ក្រៅ​ថា សុខា (Sok Kha) តាមការបញ្ជារបស់ការិយាល័យ​ស៊ើបអង្កេតទូទៅ (RGB) ដែល​ជា​ភ្នាក់​ងារ​ចារកម្ម​កំពូល​របស់កូរ៉េខាងជើង។ ប្រភពព័ត៌មានដដែលបាន​បន្តទៀតថា យោង​​តាម​​សេចក្ដីព្រាង​​នៃ​របាយ​ការណ៍​​ក្រុម​​អ្នក​​ជំនាញ​របស់​អង្គការ​សហ​ប្រជាជាតិ អាជីវកម្ម​មួយ​ក្នុង​ចំណោម​អាជីវកម្ម​ដែល​​លោក Kim បានបើកដំណើរការនោះ ក្រុមហ៊ុនទេសចរណ៍ C.H. Word Travel Co.Ltd មាន​ទីតាំង​នៅ​ក្នុង​រាជធានីភ្នំពេញ ដែល​សម្រប​សម្រួល​ការ​ដើរ​លេង​កម្សាន្ត​​នៅ​​តំបន់​អាស៊ីបូព៌ា និងអាស៊ីអាគ្នេយ៍។

តែយ៉ាងណា បើតាមសេចក្ដីបំភ្លឺរបស់អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា​ ចាប់តាំងពីឆ្នាំ២០១៧​មក កម្ពុជាបានបញ្ឈប់ទាំងស្រុងការផ្ដល់បណ្ណការងារដល់ពលករមកពី ស.ប.ប.ក ហើយ​​គិតត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩ កម្ពុជាបាន​សម្រេចមិ​នពន្យារ​ទិដ្ឋាការ​ដល់ប្រជាជន ស.ប.ប.ក ដែលបានធ្វើការនៅកម្ពុជាទៀតទេ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ