ក្រសួងសុខាភិបាល បានណែនាំដល់អាជ្ញាធររាជធានីខេត្តបង្កើនល្បឿននៃការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសមូលដ្ឋាន ដូសទី៣ ឬដូសជំរុញ សម្រាប់គ្រប់ក្រុមអាយុចាប់ពី៣ឆ្នាំឡើង ក្នុងនោះបានជំរុញឱ្យបន្ថែមពេលវេលានៃការចាក់វ៉ាក់សាំងនៅថ្ងៃចុងសប្ដាហ៍និងថ្ងៃឈប់សម្រាក។
សេចក្ដីជូនព័ត៌មានរបស់គណៈកម្មការចំពោះកិច្ចការចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស នៃក្រសួងសុខាភិបាល ចុះថ្ងៃទី២១ ខែកុម្ភៈនេះ បានលើកឡើងថា ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំរុញល្បឿននៃការចាក់វ៉ាក់សាំងឱ្យបានឆាប់ ក្រសួងស្នើដល់គណៈអភិបាលរាជធានី-ខេត្ត និងប្រធានមន្ទីរសុខាភិបាល រួមទាំងអាជ្ញាធរមូលដ្ឋាន បន្តជំរុញការចាក់វ៉ាក់សាំង និងបន្ថែមពេលវេលានៃការចាក់វ៉ាក់សាំងទាំងថ្ងៃសៅរ៍ ថ្ងៃអាទិត្យ និងថ្ងៃឈប់សម្រាក ក៏ដូចជាបន្តអប់រំផ្សព្វផ្សាយ ចលនា និងកៀរគរប្រជាពលរដ្ឋឱ្យបន្តទៅទទួលការចាក់វ៉ាក់សាំង។
ក្រសួងក៏បានណែនាំឱ្យធ្វើបច្ចុប្បន្នភាពអ្នកមិនទាន់បានចាក់វ៉ាក់សាំងនៅតាមឃុំ-សង្កាត់ឱ្យបានលឿន និងរៀបចំក្រុមគ្រូពេទ្យចុះចាក់ដល់ទីតាំងណាមួយដែលបានកៀរគររួច ឬអាចទៅចាក់ដល់ផ្ទះប្រជាពលរដ្ឋសម្រាប់ជនចាស់ជរានិងជនពិការ។
ក្រសួងបានបញ្ជាក់ថា៖ «សូមស្នើឱ្យរដ្ឋបាលរាជធានី-ខេត្ត និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់នៅទូទាំងប្រទេស ចាត់ចែងកៀរគរប្រជាជនដែលដល់វេនចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៣ ឬដូសជំរុញ ហើយមិនទាន់បានចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី២ ឬដូសជំរុញ ក៏ដូចជាអ្នកដែលមិនទាន់បានចាក់ដូសមូលដ្ឋាន ឬមិនទាន់បានចាក់ដូសទី២ នៅតាមមូលដ្ឋានរបស់ខ្លួន ឱ្យមកទទួលយកការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសមូលដ្ឋាន ដូសទី៣ ឬដូសជំរុញនេះ ឱ្យបានគ្រប់ៗគ្នានិងឱ្យបានឆាប់»។
បើតាមសេចក្ដីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល កុមារអាយុចាប់ពី៣ឆ្នាំ ដល់ក្រោម៥ឆ្នាំ អាចទៅទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសមូលដ្ឋាន ចាប់ពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ទៅ ខណៈការចាក់ដូសទី៣ ឬដូសជំរុញ ដល់កុមារក្រុមអាយុ៥ឆ្នាំ ដល់ក្រោម១២ឆ្នាំ ចាប់ពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ នៅតាមទីតាំងចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងមូលដ្ឋានរបស់ខ្លួន។
ជាមួយគ្នានេះ ក្រសួងក៏បានក្រើនរម្លឹកដល់ប្រជាពលរដ្ឋទាំងអស់ដែលបានទទួលការចាក់វ៉ាក់សាំងកូវីដ-១៩រួច ក៏ត្រូវបន្តអនុវត្តនូវវិធានការ “៣ ការពារ” (ពាក់ម៉ាស់ លាងដៃញឹកញាប់ និងរក្សាគម្លាតសុវត្ថិភាពបុគ្គល) និង “៣កុំ” (កុំទៅកន្លែងដែលមានមនុស្សច្រើនកុះករ កុំទៅកន្លែងដែលបិទជិតគ្មានខ្យល់ចេញចូល កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា) និងបន្តរួមគ្នាអនុវត្តតាមយុទ្ធនាការជាតិអប់រំក្រោមប្រធានបទ «រួមគ្នាទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩»។
បើតាមក្រសួងសុខាភិបាល គិតត្រឹមព្រឹកថ្ងៃចន្ទនេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន១២៦ ៩៧៧នាក់ ក្នុងនោះ អ្នកជំងឺព្យាបាលជាសះស្បើយចំនួន១២០ ៧៦៧នាក់ និងអ្នកស្លាប់ចំនួន៣ ០២០នាក់៕