លោក ស ខេង៖ បទល្មើស​គ្រឿងញៀន លួច មនុស្សឃាត និងករណី​រំលោភ​ផ្លូវភេទ នៅ​តែ​កើតមាន​ច្រើន​គួរ​ឱ្យ​បារម្ភ

លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ថ្លែងក្នុងពិធីបើកសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២១ និងទិសដៅការងារឆ្នាំ២០២២ របស់ក្រសួងមហាផ្ទៃ ប្រារព្ធនៅសណ្ឋាគាររ៉េស៊ីដង់ សុខាភ្នំពេញ ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២។ (ហ្វេសប៊ុកលោក ស ខេង)

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង លើកឡើងថា បញ្ហាគ្រឿងញៀន បទល្មើសលួច អំពើមនុស្សឃាត អំពើហិង្សា ការរំលោភផ្លូវភេទ នៅតែកើត​មានច្រើនក្នុងផ្ទៃប្រទេស ខណៈរឿងទាំងនេះ​ជាបញ្ហាប្រឈម និងបង្ក​ជាក្ដីបារម្ភ​ដ៏ចម្បងនៅក្នុងសង្គម។

ការលើកឡើងនេះបានធ្វើឡើង​នៅក្នុង​សន្និបាតត្រួតពិនិត្យលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់ក្រសួងមហាផ្ទៃ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ នាសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ។

រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ លោក ស ខេង ថ្លែងក្នុង​ពិធីនោះ​​ថា ឆ្នាំ២០២២នេះ សភាពការអន្តរជាតិ ទាំងក្នុង​ក្រប​ខណ្ឌស​កល​ និងតំបន់ នៅតែវិវត្ត​យ៉ាង​ស្មុគ​ស្មាញដែល​ពិបាកប៉ាន់​ស្មាន ខណៈ​វិបត្តិកូវីដ-១៩បាន​ប៉ះពាល់​ដល់​សេដ្ឋកិច្ច សង្គម និងសុខភាពសាធារណៈលើពិភពលោក។

លោកបន្ត​ថា ក្នុងនោះ អំពើភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែន សកម្មភាពផលិត ចរាចរណ៍ ជួញដូរគ្រឿងញៀនខុសច្បាប់ ការជួញដូរមនុស្ស បទល្មើសបច្ចេកវិទ្យា និង​ការប្រែប្រួលធាតុអាកាស​ជាបញ្ហាប្រឈម​ ដែលទាម​ទារឱ្យមានការពង្រឹងខ្លួនដើម្បី​ឆ្លើយ​តប​ឱ្យទាន់ពេលវេលានិងមានប្រសិទ្ធភាព។

លោក ស ខេង បន្តទៀត​​ថា ចំណែកនៅកម្ពុជាឯនេះវិញ នៅមានបញ្ហាប្រឈមសេសសល់មួយចំនួនដែលទាមទារឱ្យមានការដោះស្រាយ ដូចជា បញ្ហាគ្រឿងញៀន មនុស្សឃាត​ដោយចេតនា អំពើហិង្សា​ដោយ​ចេតនា និង​ការបំពានខាងផ្លូវភេទ ជាដើម ដែលបញ្ហានេះ​នៅតែកើត​មានច្រើន​ក្នុង​ផ្ទៃប្រទេស បង្កជាក្ដីបារម្ភ។

លោក ស ខេង ថ្លែង​ថា៖ «ចំពោះសន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាពសង្គម​ក្នុងផ្ទៃក្នុងប្រទេស បញ្ហាប្រឈម​ដែលជាកង្វល់ដ៏ចម្បងនៅក្នុងសង្គម គឺការចរាចរ ជួញដូរ និងប្រើប្រាស់គ្រឿងញៀន​ខុស​ច្បាប់ ក្នុង​នោះរួ​មទាំង​និន្នាការ​នៃការលួចប្រើប្រាស់សារធាតុគីមីផ្សំ ដើម្បីផលិតគ្រឿងញៀនខុសច្បាប់ទ្រង់​ទ្រាយ​ធំ បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍ ការជួញដូរមនុស្ស អាជីវកម្មផ្លូវភេទ និងផលិតផលក្លែងក្លាយ អន់គុណ​ភាព»។

រដ្ឋមន្ដ្រីមហាផ្ទៃរូបនេះបន្ថែម​ថា រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បទល្មើសព្រហ្មទណ្ឌហាក់មានការថម​ថយ ប៉ុន្តែបទល្មើសមនុស្សឃាត ហិង្សា និងបំពានផ្លូវភេទ នៅតែកើតឡើងច្រើនគួរឱ្យកត់សម្គាល់។

លោក​ថា៖ «ទន្ទឹមនេះ ​បទល្មើសព្រហ្មទណ្ឌខ្ទង់៣ឆ្នាំកន្លងទៅមានថមថយ ប៉ុន្តែបទល្មើសមួយចំនួននៅតែមានច្រើនគួរឱ្យកត់សម្គាល់ ដូចជា អំពើលួច មនុស្សឃាតដោយចេតនា អំពើហិង្សាដោយចេតនា អំពើហិង្សាក្នុងគ្រួសារ ការរំលោភសេពសន្ធវៈ និងការបំពានខាងផ្លូវភេទ»។

ស្នងការរងនៃស្នងការដ្ឋាននគរបាល​ខេត្តព្រៃវែង លោក រស់ ភឿន ទទួលស្គាល់ថា បទល្មើស​​គ្រឿងញៀន អំពើ​​ហិង្សា និងការរំលោភផ្លូវភេទ ជាដើម នៅតែជាបញ្ហាប្រឈមនៅក្នុង​ខេត្តនេះ ដូច​អ្វី​ដែល​រដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃបាន​លើកឡើងប្រាកដមែន។

យ៉ាងណា លោកថា ដើម្បីដោះស្រាយ​បញ្ហា​ប្រឈមទាំងនេះ លុះត្រាតែមានការសហការគ្នារ​វាង​ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធផ្សេងទៀត។

លោក រស់ ភឿន ថ្លែង​ថា៖ «ត្រូវៗ! បញ្ហាហ្នឹងជាបញ្ហាប្រឈមប្រាកដមែន! ដើម្បីកាត់បន្ថយអាហ្នឹង យើងទាំងអស់គ្នាមិនថាតែសមត្ថកិច្ច មិនថាតែអីទេ ត្រូវតែចូលរួមទាំងអស់គ្នា។​ ព្រោះបើសមត្ថកិច្ចតែឯង មិនអាចទៅរួចទេ ធ្វើម៉េចឱ្យមានការចូលរួម»។

​ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គិមអេង លើកឡើងថា បញ្ហាគ្រឿងញៀនជាបញ្ហា​ចម្បងមួយ​ដែលនាំ​ឱ្យ​មាន​អំពើលួច អំពើ​ហិង្សា និងការរំលោភសេពសន្ធវៈ ជាដើម ដែលបញ្ហាទាំងនេះបានបង្ក​ឱ្យមានផលប៉ះពាល់ដល់សន្តិសុខសហគមន៍។

លោកបន្ត​ថា ដើម្បីរួមចំណែក​ដោះស្រាយលើបញ្ហាគ្រឿងញៀននេះ ទាមទារឱ្យមានការរឹតបន្តឹងច្រកព្រំដែន ផ្លូវគោក ផ្លូវទឹក ផ្លូវអាកាស ដើម្បីធ្វើយ៉ាងណាហាមឃាត់ការនាំចូលគ្រឿងញឿនតាមគ្រប់រូបភាព។ ក្រៅពីនោះ លោកថា រដ្ឋាភិបាលត្រូវប្រាកដថា​បានចាត់វិធានការលើការលួចលាក់​ផលិតនិងចែកចាយគ្រឿងញៀននៅក្នុងស្រុក ខណៈការការពារយុវជនជំនាន់ក្រោយ​កុំឱ្យរងគ្រោះដោយសារគ្រឿងញៀន គឺជារឿងអាទិភាព។

លោក គិមអេង បានគូសបញ្ជាក់​ថា៖ «អាជ្ញាធរប្រយុទ្ធប្រឆាំងគ្រឿងញៀន គឺត្រូវមានភារកិច្ចចាំបាច់ ត្រូវ​តែ​ទប់ស្កាត់ ធ្វើម៉េច​កុំឱ្យគ្រឿងញៀនហូរចូលទៅក្នុងសាលាបាន តាម​រយៈការធ្វើអន្តរាគមន៍ ក៏ដូចជាកិច្ច​សហការជាមួយនឹងមន្ត្រីអប់រំគ្រប់លំដាប់ថ្នាក់ ជាពិសេសគឺនៅតាមសាលារៀន»។

ប្រធាន​អង្គការ​​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា​ លោក សន ជ័យ មើលឃើញ​​ថា បញ្ហាគ្រឿងញៀន បទល្មើសលួច អំពើមនុស្សឃាត អំពើហិង្សា និងការរំលោភផ្លូវភេទ ជាដើម ​​នៅតែកើត​មានច្រើននោះ ដោយសារតែភាព​យឺតយ៉ាវរបស់អាជ្ញាធរ​ក្នុង​ការបង្ក្រាបបទល្មើស​​ទាំងនេះនៅតាមមូលដ្ឋាន និង​ការពិនិត្យ​មិន​បាន​ដិតដល់​ទៅលើទង្វើអសកម្មមួយចំនួន។

យ៉ាងណា លោកចង់ឃើញសមត្ថកិច្ចចុះបង្រ្កាប អនុវត្តច្បាប់ឱ្យបានដិតដល់និងម៉ឺងម៉ាត់ទៅនឹងបញ្ហាទាំងអស់នេះ ដូចជា ការ​​ឆ្លើយតបបន្ទាន់នៅពេលមានការរាយការណ៍​ពី​ពលរដ្ឋ និង​មាន​បណ្ដាញទាក់​ទង​ទៅ​អាជ្ញាធរមូលដ្ឋាន ដើម្បីស្វែងរកការអន្តរាគមន៍។

លោកថា៖ «ហើយក្រៅពីនោះទៀត ការត្រៀមបង្ការឬក៏ត្រួតពិនិត្យជាប្រចាំទៅលើក្រុមដែលមានអត្តសញ្ញាណ ឬក៏ក្រុមដែលមានមុខសញ្ញានៃការសង្ស័យ ពីព្រោះគេមានកម្រិតនៃការសង្ស័យខ្ពស់ដោយអាជ្ញាធរ។ អ៊ីចឹងការតាមដានមុខសញ្ញាដើម្បីបង្ក្រាប គឺជារឿងមួយដែលល្អបំផុតហើយ ក៏អាចធ្វើឱ្យធូរស្បើយនូវបញ្ហាទាំងអស់នេះបានដែរ»។

បើតាមអគ្គលេខានៃអគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃ លោក ប៉ោ ភក្តិ ដែល​បញ្ជាក់ពីរបាយការណ៍​ក្នុង​សន្និបាត​ក្រសួងមហាផ្ទៃ​ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២នេះ បទល្មើសព្រហ្មទណ្ឌជារួមកើត​មានចំនួន៣ ០៥៥លើក ថយ១៩៩លើក (ស្មើ​៦%) ក្នុងនោះ បទមជ្ឈឹម ២ ៤៦៦លើក ថយ១០៦លើក និងបទឧក្រិដ្ឋ ៥៨៩លើក ថយ៩៣លើក។ បទល្មើសដែលថយចុះ រួមមាន ប្លន់ ឃាតកម្ម រំលោភសេពសន្ធវៈ បង្ខាំងមនុស្សជំរិតយកប្រាក់ បង្ខាំងមនុស្សខុសច្បាប់ ជះទឹកអាស៊ីត ប្រើប្រាស់អាវុធខុសច្បាប់ លួច ឆក់ ឆបោក រំលោភទំនុកចិត្ត និងក្លែងឯកសារសាធារណៈជាដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ