អង់គ្លេស​ថា​ការ​ឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន​បាន​ចាប់​ផ្ដើម​ហើយ

(ស្ដាំ) លោក​​នាយក​រដ្ឋ​មន្ត្រី បូរីស ចនសុន (Boris Johnson) ជួបពិភាក្សាជាមួយ (ឆ្វេង) លោកប្រធានាធិបតីអ៊ុយក្រែន Zelensky ពាក់ព័ន្ធស្ថានភាពអ៊ុយក្រែននិងរុស្ស៊ី ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២។ (ធ្វីតទ័រ៖ UK Prime Minister)

រដ្ឋមន្ត្រីអង់គ្លេសមួយរូបបានឱ្យដឹងនៅថ្ងៃអង្គារ​ ខណៈ​​លោក​​នាយក​រដ្ឋ​មន្ត្រី បូរីស ចនសុន (Boris Johnson) ដឹកនាំកិច្ចប្រជុំឆ្លើយ​តបបន្ទាន់មួយរបស់រដ្ឋាភិបាលជុំវិញវិបត្តិនៅអ៊ុយក្រែន ថាការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែនបានចាប់ផ្ដើមហើយ ដូច្នេះអង់គ្លេសនឹងដាក់ទណ្ឌកម្មនានាលើរុស្ស៊ី។

ទីភ្នាក់ងារសារ​ព័ត៌មាន Reuters បានស្រង់សម្ដីរដ្ឋមន្រ្តីសុខាភិបាលចក្រភពអង់គ្លេស លោក Sajid Javid ដែលបានថ្លែងប្រាប់ទូរទស្សន៍​ក្នុងស្រុកមួយថា៖ «យើងអាចនិយាយបានថា ការលុកលុយលើអ៊ុយក្រែនបានចាប់ផ្ដើមហើយ ប្រជាជនរុស្ស៊ី និងប្រធានាធិបតី លោក ​វ្លាឌីមៀរ ពូទីន បានសម្រេចចវាយប្រហារអធិបតេយ្យភាពអ៊ុយក្រែន និងបូរណភាពទឹកដីរបស់ប្រទេសមួយនេះ»។

រដ្ឋមន្រ្តីដដែលបន្តថា៖ «​យើង​នឹង​ដាក់​ចេញ​នូវ​ការ​ដាក់​ទណ្ឌកម្មនានា​ ដូច​ដែល​យើង​បានលើកឡើងកាលពីពេលកន្លងទៅថា​យើង​​នឹង​ធ្វើវា»។

លោក Sajid Javid បន្ថែម​ថា ទណ្ឌកម្មនានាដែលនឹងត្រូវដាក់នេះនឹងត្រូវប្រកាសនៅក្នុងសេចក្ដីថ្លែង​ការណ៍មួយ​ទៅកាន់សភា​ដោយលោក​នាយក​រដ្ឋ​មន្ត្រី បូរីស ចនសុន។

រដ្ឋមន្រ្តីរូបនេះថ្លែងថា៖ «យើងនឹងធ្វើឱ្យការដាក់ទណ្ឌកម្មទាំងនោះត្រូវចំគោលដៅចំពោះអ្នកដែលជាប់ពាក់ព័ន្ធទៅនឹងការ​រំលោភបំពាននៃច្បាប់អន្តរជាតិ»។

គួរបញ្ជាក់ថា ប្រធានាធិបតីរុស្ស៊ី លោក ​វ្លាឌីមៀរ ពូទីន កាលពីថ្ងៃចន្ទម្សិលមិញ ក៏បានបញ្ជាឱ្យដាក់ពង្រាយ​កងទ័ពទៅកាន់តំបន់​ផ្ដាច់​ខ្លួន​ចំនួនពីរ​នៅភាគខាងកើតអ៊ុយក្រែនផងដែរ បន្ទាប់ពីខ្លួនទទួល​ស្គាល់​តំបន់នេះ​​ជា​រដ្ឋ​ឯករាជ្យ ដែលករណីនេះបង្កជាការព្រួយបារម្ភដល់ប្រទេសលោកខាងលិច ថាសង្រ្គាមអាចនឹងកើតមានឡើង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ