លោក ស ខេង បារម្ភ​ពីការ​គ្រប់គ្រង​សន្តិសុខ​ពន្ធនាគារ ខណៈ​អ្នកទោស​គ្រឿងញៀន​កើនឡើង

លោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ថ្លែងក្នុងពិធីសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់ក្រសួងមហាផ្ទៃ ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២។ (ហ្វេសប៊ុក៖ ក្រសួងមហាផ្ទៃ Ministry of Interior Cambodia)

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បារម្ភអំពីការគ្រប់គ្រងសន្តិសុខនៅក្នុងពន្ធនាគារ ដោយសារ​អ្នកទោស​គ្រឿងញៀនមានការកើនឡើង ខណៈហេដ្ឋារចនាសម្ព័ន្ធក្នុងពន្ធនាគារ​មួយចំនួន​​មានសភាពចាស់ទ្រុឌ​ទ្រោម​។

ក្នុងពិធីសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ នៅក្រសួងមហា​ផ្ទៃ នាព្រឹកថ្ងៃពុធនេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ថ្លែងថា ការកើនឡើងនៃជនជាប់ឃុំបានធ្វើឱ្យ​ពន្ធនាគារ​មាន​ភាព​ចង្អៀត​ណែន ស្រប​ពេល​ដែល​អគារនិង​ហេដ្ឋារចនាសម្ព័ន្ធនៅពន្ធនាគារមួយចំនួន​មាន​សភាព​ទ្រុឌទ្រោម។

លោកបន្តថា ភាពយឺតយ៉ាវអំពីចំណាត់ការរបស់តុលាការបានធ្វើឱ្យពន្ធនាគារកាន់តែមានភាពចង្អៀតណែន​ដែរ ដោយជាក់ស្ដែង​អ្នកជាប់ឃុំជាង៣៧ ០០០​នាក់ ក្នុង​នោះ អ្នក​ដែល​មាន​សាល​ក្រមនិងសា​លដីកាពីតុលាការ​ជាង១០ ១០០នាក់ប៉ុណ្ណោះ។

លោក ស ខេង បន្តថា ក្នុងចំណោម​អ្នកជាប់ឃុំជាង៣៧ ០០០នាក់ គឺ​មាន​​អ្នកជាប់ឃុំដែលពាក់ព័ន្ធគ្រឿងញៀន​​មាន​ជាង៥៤ភាគរយ (៥៤,៤៤%) ដែលស្ថានភាពនេះកំពុង​បង្កឱ្យមានការព្រួយបារម្ភពីការគ្រប់​គ្រង និង​ការ​រក្សាសុវត្ថិភាពនៅតាមពន្ធនាគារ។

លោកថា៖ «ដើម្បីដោះស្រាយបញ្ហានេះ ខ្ញុំសូមផ្ដល់នូវការណែនាំអំពីវិធានការសំខាន់ៗមួយចំនួន​ដូចតទៅនេះ ត្រូវខិតខំបន្តអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ​ ជាពិសេសពន្ធនាគារដែលមានអគារចាស់ទ្រុឌទ្រោមខ្លាំង​ដែល​អាច​បង្ក​ហានិភ័យដល់សន្តិសុខសុវត្ថិភាព​នៅតាមពន្ធនាគារទាំងនោះ។ ចំពោះជនជាប់ឃុំហើយធ្លាប់បានប្រើប្រាស់គ្រឿងញៀនខុសច្បាប់ អគ្គនាយកដ្ឋានពន្ធនាគារត្រូវសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធធ្វើការ​ពិនិត្យនិងព្យាបាល និងបង្កើត​កម្មវិធី ដើម្បីធានាស្ដារនីតិសម្បទាដល់ជនជាប់ឃុំទាំងនោះ»។

ទន្ទឹមនឹងនេះ លោក​ក៏បានណែនាំដល់​មន្ត្រីជំនាញ ត្រូវរៀបចំមជ្ឈមណ្ឌលគ្រប់គ្រង​ទណ្ឌិត​​បទ​ល្មើសគ្រឿង​ញៀន ​ដើម្បីរៀបចំអប់រំឱ្យអ្នកជាប់ឃុំទាំង​នោះកែប្រែខ្លួនទៅជាពលរដ្ឋល្អនៅក្នុងសង្គមវិញ ខណៈខេត្ត​ផ្សេងៗដែលមានលទ្ធភាពអាចនឹងត្រូវរៀបចំបែបនេះដែរ។

លោក ស ខេង ក៏បាន​ស្នើទៅក្រសួង​ពាក់ព័ន្ធចំនួន៥ ក្នុងនោះ មានក្រសួងមហាផ្ទៃ ក្រសួងយុត្តិធម៌ ក្រសួងសេដ្ឋ​កិច្ច ក្រសួង​សុខាភិបាល និងក្រសួងសង្គមកិច្ច ត្រូវធ្វើការងាររួមគ្នា ដើម្បីដោះស្រាយបញ្ហាប្រឈមចំពោះអ្នកជាប់ឃុំ​ដែល​ប្រើប្រាស់គ្រឿងញៀន និងកាត់បន្ថយភាពចង្អៀតណែនក្នុងពន្ធនាគារផងដែរ។

បើតាម​អគ្គលេខានៃអគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃ លោក ប៉ោ ភក្តិ ដែល​ឡើង​​បញ្ជាក់ពីរបាយការណ៍​ក្នុង​​សន្និបាតបូកសរុបការ​ងារ​​ក្រសួងមហាផ្ទៃ​​នាថ្ងៃនេះ បញ្ហាប្រឈម​ដែល​ខាង​ពន្ធនាគារជួបប្រទះ គឺ​​​​កង្វះហេដ្ឋា​រចនា​សម្ព័ន្ធ ដែល​ករណីនេះ​ធ្វើឱ្យមណ្ឌលអប់រំកែប្រែមិនទាន់​អនុវត្ត​មុខងារ​​ក្នុង​ការគ្រប់គ្រងជនជាប់ឃុំស្ថិតនៅនីតិវិធីតុលាការ ដើម្បីជួយសម្រួលភាពចង្អៀត ខណៈមន្ត្រីអប់រំផ្លូវចិត្ត​តាម​ពន្ធនាគារនៅខ្វះខាតនៅឡើយ។

បញ្ហាប្រឈមមួយចំនួនទៀត ​លោកថា នៅតាមប៉ុស្តិ៍សុខភាពពន្ធនាគារខ្វះខាតមន្ត្រីពេទ្យ ​ខ្វះឧបករណ៍ និង​បរិក្ខារពេទ្យ រួមទាំងឱសថ ខណៈ​អគារពន្ធនាគារមួយ​ចំនួ​ន​មានសភាពចាស់​​ទ្រុឌទ្រោម ហើយជួសជុលច្រើន​ដង ហើយ​​ការបែងចែកអ្នកជាប់ឃុំពាក់ព័ន្ធ​នឹង​គ្រឿងញៀន​នៅក្នុងពន្ធនាគារក៏មិនទាន់មានដែរ។

ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គិមអេង មានប្រសាសន៍ថា ដើមចម​ដែលនាំឱ្យមានជនជាប់ឃុំច្រើន ដោយសារ​បញ្ហាគ្រឿងញៀន។ ករណីនេះ លោកជំរុញ​ដល់​រដ្ឋាភិបាល​ត្រូវ​​ពង្រឹង​ការទប់ស្កាត់បទល្មើសគ្រឿងញៀនឱ្យមានប្រសិទ្ធភាពជាងពេលបច្ចុប្បន្ន។

លោកថា៖ «ទប់ស្កាត់បទល្មើសគ្រឿងញៀន កុំឱ្យ​វាកើតឡើង! រឿងទី២​ទៀត ​កាត់បន្ថយ ធ្វើម៉េចកុំឱ្យគ្រឿងញៀន​អាច​ចូល​មក​កម្ពុជាបាន​ ឬ​អត់អាចផលិតនៅកម្ពុជាបាន ឬឆ្លងកាត់កម្ពុជាបាន។ រឿងទាំងអស់​នេះសំខាន់ អ៊ីចឹងបើទប់ស្កាត់អាហ្នឹងបាន​ អាចកាត់បន្ថយបទល្មើសបានមួយចំនួន។ កាលណា​​កាត់បន្ថយបទល្មើស វាក៏កាត់បន្ថយភាពចង្អៀតណែនក្នុងពន្ធនាគារដែរ»។

របាយការណ៍ក្រសួងមហាផ្ទៃ បង្ហាញ​ថា ការ​បង្ក្រាប​គ្រឿង​ញៀន​នៅ​ឆ្នាំ២​០២១ រឹប​អូស​បានគ្រឿង​ញៀន​ជាង​៨០តោន និង​ម៉ាស៊ីនផលិតកែច្នៃគ្រឿងញៀន​ទំនើបៗជាច្រើនគ្រឿងទៀត។ ចំណែកនៅដើមខែកុម្ភៈ ឆ្នាំ២០២២នេះ ក្រសួងមហាផ្ទៃ និងសមត្ថកិច្ចជំនាញ​ក៏បាន​បង្ក្រាប​ករណី​នាំចូលសារធាតុញៀនចំនួនជាង១០០តោនចូល​កម្ពុជាផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ