រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​លុបចោល​ជំនួប​ជាមួយ​ភាគី​រុស្ស៊ី​បន្ទាប់​ពី​ប្រទេសនេះ​ឈ្លានពាន​អ៊ុយក្រែន

រដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken ក្នុងសន្និសីទសារព័ត៌មានមួយកាលពីដើមខែតុលា ឆ្នាំ២០២១។ (ធ្វីតទ័រ៖ Secretary Antony Blinken)

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក ​លោក Antony Blinken បានឱ្យដឹងនៅថ្ងៃអង្គារម្សិលមិញថា ខ្លួនបាន​សម្រេចលុបចោលកិច្ចប្រជុំជាមួយ​រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី​​ លោក Sergey Lavrov ដែលគ្រោង​ធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ស្អែកនេះ​ហើយ បន្ទាប់ពីប្រទេសមួយនេះ​ទទួលស្គាល់តំបន់​ផ្ដាច់​ខ្លួន​ចំនួនពីរនៅភាគខាងកើតអ៊ុយក្រែន​ជា​រដ្ឋ​ឯករាជ្យ។

រដ្ឋមន្ត្រី​ការបរទេស​​អាមេរិករូបនេះក៏បានបញ្ជាក់ផងដែរថា រូបលោកយល់ព្រមជួបជាមួយលោក Sergey Lavrov គឺនៅក្នុងករណីដែលរុស្ស៊ីមិនឈ្លានពានអ៊ុយក្រែនប៉ុណ្ណោះ។

ទីភ្នាក់ងារសារ​ព័ត៌មាន Reuters បានស្រង់សម្ដីលោក Antony Blinken ដែលបានថ្លែងប្រាប់អ្នកយកព័ត៌មានបន្ទាប់ពីជំនួបជាមួយរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន​ លោក Dmytro Kuleba ថា៖ «បច្ចុប្បន្ននេះ យើងឃើញថាការឈ្លានពានកំពុងតែចាប់ផ្ដើមហើយ ដែលរុស្ស៊ីបញ្ជាក់យ៉ាងច្បាស់ពីការបដិសេធផ្នែកការទូតរបស់ខ្លួន។ វា​គ្មាន​ហេតុផលអ្វីដែលត្រូវបន្តកិច្ចប្រជុំនៅពេលនេះនោះទេ»។

ទោះជាយ៉ាងណា រដ្ឋមន្ត្រី​ការបរទេសដដែលនេះបន្តថា ខ្លួននៅតែប្ដេជ្ញាចិត្តចំពោះដំណោះស្រាយផ្នែក​ការទូតក្នុងករណីដែលរុស្ស៊ីមានការផ្លាស់ប្ដូរ ខណៈដែល​លោកក៏នឹងព្យាយាមធ្វើអ្វីគ្រប់បែបយ៉ាង​តាម​ដែល​អាច​ធ្វើទៅបាន ​ដើម្បីប​ញ្ចៀសនូវរូបភាពដែលកាន់តែអាក្រក់ជាងនេះ​លើអ៊ុយក្រែន​ផង​​ដែរ។

គួរបញ្ជាក់ថា បណ្ដាប្រទេសលោកខាងលិចមួយចំនួន​ កាលពីថ្ងៃអង្គារ ក៏បានសម្រេចដាក់ទណ្ឌកម្មថ្មីជាបន្តបន្ទាប់លើរុស្ស៊ីផង​ដែរ បន្ទាប់ពីប្រធានាធិបតី លោក ​វ្លាឌីមៀរ ពូទីន កាលពីថ្ងៃចន្ទ បានប្រកាស​ទទួលស្គាល់តំបន់​ផ្ដាច់​ខ្លួន​ចំនួនពីរ​នៅភាគខាងកើតអ៊ុយក្រែន និងបញ្ជាឱ្យដាក់ពង្រាយកងទ័ព​ទៅកាន់តំបន់​ទាំងនេះ។

ទាក់ទិននឹងករណីនេះ លោក Antony Blinken បន្ថែមថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តនានារបស់ខ្លួន​ ក៏នឹងបង្កើនការដាក់ទណ្ឌកម្មបន្ថែមទៀតលើរុស្ស៊ីផងដែរ ប្រសិនបើប្រទេសមួយនេះ​នៅ​តែ​បន្តបង្កើន​ការ​ឈ្លានពានរបស់ខ្លួ​ន​លើ​អ៊ុយ​ក្រែន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ