លោក ចូ បៃឌិន និង​សម្ព័ន្ធមិត្ត​នានា​របស់​អាមេរិក​ប្ដេជ្ញា​ដាក់​ទណ្ឌកម្ម​ធ្ងន់ធ្ងរ​លើ​រុស្ស៊ី

លោក ចូ បៃឌិន ប្រធានាធិបតីសហរដ្ឋអាមេរិក។ (ហ្វេសប៊ុក៖ President Joe Biden)

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ចូ បៃឌិន បានឱ្យដឹងបន្ទាប់ពីមានសំឡេងនៃការវាយប្រហារនៅទីក្រុងនានាក្នុងប្រទេសអ៊ុយក្រែន ថាសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្ត​ទាំង​ឡាយ​របស់​ខ្លួន​នឹងដាក់​ទណ្ឌកម្មធ្ងន់ធ្ងរលើប្រទេសរុស្ស៊ី ខណៈ​កងកម្លាំងយោធារបស់ប្រទេសមួយនេះបានបើកការវាយប្រហារលើអ៊ុយក្រែន។

ប្រធានាធិបតីរូបនេះបានថ្លែងថា លោកក៏បានជួបពិភាក្សាជាមួយប្រធានាធិបតី​​​អ៊ុយក្រែន​ លោក Volodymyr Zelenskiy និងបានរៀបរាប់ប្រាប់អំពីជំហានដែលអាមេរិក​កំពុងអនុវត្ត ដើម្បីប្រមូលផ្ដុំការថ្កោលទោសជាអន្តរជាតិលើប្រទេសរុស្ស៊ីផងដែរ។

ទីភ្នាក់ងារសារ​ព័ត៌មាន Reuters បានស្រង់សម្ដីលោក ចូ បៃឌិន ដែលបានថ្លែងឱ្យដឹងនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា៖ «ថ្ងៃស្អែកនេះ [ថ្ងៃព្រហស្បតិ៍] ខ្ញុំនឹងជួបជាមួយមេដឹកនាំនៃក្រុម​ប្រទេស G7 ខណៈដែលសហរដ្ឋអាមេរិក សម្ព័ន្ធមិត្ត និងដៃគូរបស់យើងនានា នឹងដាក់ទណ្ឌកម្មធ្ងន់ធ្ងរលើប្រទេសរុស្ស៊ី»។

លោកបន្ថែមថា អាមេរិកនឹងបន្តផ្ដល់ការគាំទ្រនិងជំនួយដល់អ៊ុយក្រែន និងប្រជាជនរបស់ខ្លួន។

ជាមួយគ្នានេះ លោក ចូ បៃឌិន ក៏បានថ្កោលទោសចំពោះទង្វើរបស់ប្រធានាធិបតីរុស្ស៊ី លោក ​វ្លាឌីមៀរ ពូទីន ដែលបានថ្លែងប្រាប់ទូរទស្សន៍រដ្ឋថា លោកបានអនុញ្ញាតឱ្យមានប្រតិបត្តិការយោធាពិសេសមួយនៅភាគខាងកើតអ៊ុយក្រែនផងដែរ។

លោកថា៖ «ប្រធានាធិបតី លោក ពូទីន បានចាប់ផ្ដើមសង្រ្គាមដែលបានគិតទុកជាមុនមួយ ដែលនឹងនាំមកនូវការខាតបង់យ៉ាងធ្ងន់ធ្ងរដល់អាយុជីវិត និងការឈឺចាប់របស់មនុស្ស»។

ប្រធានាធិបតី​​អាមេរិកដដែលនេះបន្តថា៖ «រុស្ស៊ីតែម្នាក់ឯង គឺជាអ្នកទទួលខុសត្រូវចំពោះការស្លាប់និងការបំផ្លិចបំផ្លាញដែលបង្កឡើងដោយការវាយប្រហារនេះ។ ពិភពលោកនឹងធ្វើអ្វីគ្រប់បែបយ៉ាង ដើម្បីឱ្យរុស្ស៊ីទទួលខុសត្រូវចំពោះករណីនេះ»។

លោក ចូ បៃឌិន បានឱ្យដឹងទៀតថា លោកក៏នឹងបន្តតាមដានស្ថានការណ៍នេះពីសេតវិមាន មុនពេលជំនួបតាមតាមអនឡាញជាមួយក្រុម​ប្រទេស​មាន​សេដ្ឋកិច្ច​ជឿនលឿន​ទាំង៧ (G7) នៅព្រឹកថ្ងៃព្រហស្បតិ៍ផងដែរ។

គួរបញ្ជាក់ថា រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​ លោក Antony Blinken កាលពីពេលថ្មីៗនេះ ក៏បានសម្រេចលុបចោលកិច្ចប្រជុំជាមួយ​រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី​ លោក Sergey Lavrov ដែលគ្រោងធ្វើឡើងនៅថ្ងៃព្រហស្បតិ៍នេះផងដែរ បន្ទាប់ពីប្រទេសមួយនេះឈ្លានពានអ៊ុយក្រែន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ