លោក ហ៊ុន សែន បញ្ជា​ឱ្យ​អ្នកធំ​និង​អ្នកមានទ្រព្យ​មួយចំនួន​បំពេញ​កាតព្វកិច្ច​បង់ពន្ធ

ចរាចរតាមដងផ្លូវមួយកន្លែង ក្នុងក្រុងភ្នំពេញ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨។ (រូបភាព៖ ជន ចាន់រ៉ែន)

​លោក​នា​យ​ករ​ដ្ឋមន្ត្រី ហ៊ុ​ន សែន​ បាន​ចេ​​ញ​​​បញ្ជា​ផ្ទាល់មាត់​ឱ្យ​​មន្ត្រី ​​និង​​​អ្នកមា​​​នទ្រ​ព្យ​មួយ​ចំនួន​​ បំពេញកាតព្វ​​កិច្ច​បង់ព​ន្ធតា​ម​ច្បាប់​កំណត់​​ ដើ​ម្បីប​ញ្ចៀ​ស​​មហ​ន្ត​រា​យជាតិ ខណៈលោក​បង្ហាញការព្រួយបារម្ភថា ប៉ុន្មានឆ្នាំ​មកនេះ រដ្ឋបាន​ចំណាយ​ច្រើន​ជាង​ប្រាក់​ចំណូលដែលរកបាន។

ក្នុ​​ងពិ​ធី​បិទ​សន្និបា​តបូកសរុបការងារឆ្នាំ២០២១​ និង​លើក​ទិស​ដៅកា​រងា​រឆ្នាំ​២០២២ ​រប​ស់​ក្រសួ​ង​មហា​ផ្ទៃ ដែ​​លធ្វើ​ឡើ​ងក្នុង​រាជ​ធានីភ្នំពេញ នា​ថ្ងៃពុ​ធ​ម្សិល​មិញ​ លោក​នាយករដ្ឋមន្ត្រី​ ហ៊ុ​ន ​សែ​ន ​ថ្លែង​ថា ​អា​ជ្ញា​ធរគ្រ​ប់លំ​ដាប់ថ្នាក់​​មិ​នគួ​រ​​បណ្ដែត​ប​ណ្ដោយឱ្យ​វប្ប​​ធម៌​​គេច​ពន្ធ​បន្តរ​ស់​រាន​មានជីវិត​ត​ទៅ​ទៀ​តនោះ​ទេ​ ​ដោ​យថានោះ​ជាម​ហ​ន្តរា​យរបស់​ជាតិ​។

​កន្លងមក ​លោ​កនាយករដ្ឋមន្ត្រីធ្លាប់​បាន​ចេញ​បញ្ជា​ដា​ច់​​ណាត់​ ដោយ​ថា ​​ចា​ប់​ពីខែ​មិ​ថុ​នា ​និង​ខែកក្កដា ​​​ឆ្នាំ២​០២២នេះ​ នឹង​លែង​ឱ្យមា​នរ​ថយន្ត​ចង្កូ​តស្ដាំ ​ឬរ​ថយន្ត​គេច​ពន្ធ​បើក​បរ​លើផ្លូ​វ​ទៀ​ត​ហើយ។ លោក ហ៊ុន សែន បញ្ជាក់ថា ក្រោយ​ចេញបញ្ជានេះ មានរថយន្តជាង៥ ០០០គ្រឿង ក្នុងចំណោម​រថយន្ត​ប្រមាណ១០ ០០០គ្រឿង បានទៅបង់ពន្ធ គិតត្រឹមថ្ងៃម្សិលមិញ ក្នុងនោះ​ រដ្ឋ​ប្រមូលពន្ធ​​បា​​ន​​ជាង​៥១​លានដុល្លា​រ។

​ជាថ្មីម្ដងទៀត​ លោក​ចេញ​បញ្ជា​​ឱ្យ​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់​ ត្រូវ​រួមគ្នា​ធ្វើយុ​ទ្ធនា​ការ​គាំទ្រ​អ​ង្គ​ភាព​ប្រមូ​លព​ន្ធ ទាំង​​ផ្នែ​កគ​យ ​និង​ពន្ធដា​រ ​ដើម្បីទប់ស្កាត់ហានិភ័យជាតិ។

នាយករដ្ឋមន្ត្រីបានបញ្ជាក់ដែរថា ​ក្រោមបទបញ្ជានេះ នៅមាន​​រថយ​ន្ត​ដែលត្រូវបានប៉ាន់ស្មាន​ប្រមាណ​ជា៥ ០០០​​គ្រឿង​ទៀតនៅមិនទាន់ទៅបង់ពន្ធនៅឡើយ ដែលថាខ្លះកំពុងជ្រកក្រោមស្លាក​ស្ថាប័នរដ្ឋ។

លោកថា៖ «អត់មានអ្នកក្រណាមួយមានលុយទិញឡានទេ អាហ្នឹងនិយាយគ្នាម៉ាត្រង់ៗអ៊ីចឹងហ្មង! ប៉ុ​ន្តែ​​​​​អ្ន​ក​ដែល​ជិះឡានធំៗថ្លៃៗនោះ មានលុយទៅទិញហើយ មកបន្លំលេខទៀត ជួនកាលជ្រកក្រោមស្លា​ក​លេខនគរបាល [ន.ប] ស្លាកលេខកងទ័ព [ខ.ម] ស្លាកលេខ​រដ្ឋ​សភា ស្លាកលេខព្រឹទ្ធសភា ស្លាកលេ​​​​ខ​រដ្ឋាភិបាល […]​ អ៊ីចឹងបើយើងធ្វើគំរូមិនល្អហើយ តើយើងឱ្យគេមកបង់ពន្ធម៉េច»។

តែយ៉ាងណា ការថ្លែងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅពេលនេះ មិនបានបញ្ចេញ​ឈ្មោះ​មន្ត្រី ឬ​អ្នក​​មាន​​ទ្រព្យណាម្នាក់ ដែលលោកអះអាងថាជ្រកក្រោមស្ថាប័នរដ្ឋ ដើម្បីគេចវេះពីកាតព្វកិច្ចបង់ពន្ធនេះ​ទេ។

ក្រៅ​ពីនេះ លោក​ក៏តម្រូវឱ្យក្រសួងនិងស្ថាប័នរដ្ឋត្រូវកាត់បន្ថយការ​ចំណាយដែលមិនចាំបាច់ ដូចជា​ សុំ​ទិ​ញ​រថយន្តទំនើប​សម្រាប់​ក្រសួង និងគម្រោងកសាងហេដ្ឋរចនាសម្ព័ន្ធ ស្ពានថ្នល់ ជាដើម ដោយសម្អា​ង​ថា ការវាយលុកជំងឺកូវីដ-១៩ ចាប់ពីឆ្នាំ២០២០មក រដ្ឋបានចំណាយលុយច្រើនជាង​ប្រាក់​ដែល​រដ្ឋ​រ​ក​បាន​ពីការ​ប្រមូល​ពន្ធ។

លោកថា៖ «មុនឆ្នាំ២០២០មកដល់ ក្នុង១ឆ្នាំ យើងរកបាន៣​ យើងចាយអស់២ យើងសន្សំបាន១ សូមចាំអា​កន្លែងហ្នឹងៗ ប៉ុន្តែចាប់តាំងពីកូវីដវាយប្រហារមក យើងរកប្រាក់ចំណាយមិនគ្រប់គ្រាន់ទេ។ ទោះបី១ខែយើង​រកបានលើសជាង៤រយលានដុល្លារ ក៏ប៉ុន្តែវាមិនគ្រាន់សម្រាប់ការចំណាយរបស់យើងទេ ត្រូវប្រុងប្រយ័ត្នទៅលើរឿងនេះ ប្រាក់ដែលយើងសន្សំបានកាលពីពេលមុន កាន់តែខ្សត់ទៅៗ ដែលសូមឱ្យមានការយកចិត្តទុកដាក់»។

ក្រៅពីនេះ ប្រមុខ​រដ្ឋា​ភិបាល​ក៏បានអំពាវនាវទៅដល់ក្រុមឯកជនដែល​នៅជាប់បំណុល​រដ្ឋ ត្រូវរួសរាន់ទៅបំ​ពេញកាតព្វកិច្ចបង់ពន្ធនេះផងដែរ ដោយសម្អាងថា បើក្បាលម៉ាស៊ីនដឹកនាំរដ្ឋដួលដោយសារខ្វះថ​វិកា​​ចំណាយ ដែល​លោកប្រើពាក្យថា បើសេដ្ឋកិច្ចរដ្ឋផ្ទុះ​ហើយ ផលប៉ះពាល់នឹងកើតឡើ​ងទៅលើពលរដ្ឋរាប់លាន​នាក់។

​​​​តំ​ណា​​​ងរា​​ស្ត្រ​គ​ណ​​​បក្ស​​ស​​ង្គ្រោះជា​តិ​ដែល​​តុលា​កា​​រ​​រំ​​លា​យ​ ​​និង​​ជា​​ស្ថា​ប​និ​ក​គ​ណ​ប​ក្ស​​​កែ​​ទ​ម្រ​​ង់​ក​ម្ពុ​ជា ​​លោ​​ក​​ អ៊ូ​​​​ ច័​​ន្ទរ័​​ត្ន​ យល់ថា ​រ​ដ្ឋាភិបាល​គួ​​រជំ​រុញ​តម្លា​ភាព​នៃការប្រ​មូលពន្ធនេះ ដើម្បីបញ្ចៀសគំរូអាក្រក់ដ​ល់​​​​សង្គម​ ​។

លោ​កថា៖ «គួរតែខ្មាសអៀនដល់ប្រជាពលរដ្ឋសាមញ្ញហ្នឹង ដែលលោកបានបំពេញតួនាទី បំពេញកា​តព្វ​​កិ​ច្ចបង់ពន្ធចូលរដ្ឋអីជាដើម ហើយបែរជាមន្ត្រីខ្លួនឯង បែរជាគេចវេះបង់ពន្ធបែបនេះនោះ»។

នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា លោក ប៉ិច ពិសី លើកឡើងថា ការប្រើប្រាស់វេទិកាសាធារណៈលា​ត​ត្រដាងបញ្ហានេះ មិនមែនជាយន្តការជំរុញតម្លាភាពនៃការប្រមូលពន្ធនោះទេ ប្រ​​​សិនបើរដ្ឋខ្វះយន្តកា​រ​តាម​ដាននិងចា​ត់​វិធានការជាក់លាក់ប្រកបដោយការជឿទុកចិត្តនោះ។

លោកថា៖ «គាត់ត្រូវមានយន្តការត្រួតពិនិត្យតាមដាន បើគាត់ធ្វើមិនកើតទេ ត្រូវដកគាត់ចេញ ឬក៏ដូរគាត់ចេញ ដាក់អ្នកផ្សេងដែលមានសមត្ថភាពធ្វើ។ បើយើងដឹកនាំបែបហ្នឹងបាន កិច្ចការជាតិយើងទៅមុខបាន បើមិនអ៊ីចឹងទេ យើងនឹងមានរឿងដដែល ហើយឆ្នាំក្រោយនឹងមានបញ្ហាហ្នឹងទៀតហើយ»។

ករណីសិក្សាអំពីប្រព័ន្ធពន្ធដារចេញផ្យាយដោយអង្គការតម្លាភាពកម្ពុជា អំឡុងឆ្នាំ២០១៦ បានរកឃើញថា អំពើពុករលួយក្នុងរដ្ឋបាលសាធារណៈ ត្រូវបានយល់ឃើញថាជារឿងធម្មតា ហើយវាបន្តកើ​ត​មា​នជា​លក្ខណៈ​ប្រព័ន្ធនៅកម្ពុជា ដែលទីបំផុតជំរុញឱ្យការដឹកនាំខ្វះគណនេយ្យភាពនិងខ្វះតម្លាភា​ព។

មួយវិញទៀត ការសិក្សានោះរកឃើញទៀតថា អំពើពុករលួយ គឺជាកត្តាចម្បងមួយដែល​កាត់​បន្ថយចំណូល​ពន្ធ​របស់​រដ្ឋាភិបាល​កម្ពុជា និង​បង្ខំឱ្យរដ្ឋស្វែងរកប្រភពហិរញ្ញវត្ថុដទៃទៀតសម្រាប់ការចំណាយរបស់​ខ្លួន ដូ​ច​ជា ត្រូវខ្ចី​កម្ចីហិរញ្ញ​វត្ថុពីប្រទេ​ស​ផ្សេងទៀត។

បន្ថែម​ពីនោះ ការសិក្សានេះក៏បានរកឃើញដែរថា៖ «កង្វះមូលនិធិ​របស់រដ្ឋាភិបាលអាចធ្វើឱ្យមានបញ្ហាស្ថិរភា​​​​ពនយោបាយ​របស់ប្រទេស ដែលបង្កឱ្យមាន​ភាពចលាចលក្នុងសង្គម។ ផលប៉ះពាល់នៃអំពើពុករលួ​​​យចំពោះប្រទេស អាចធ្វើឱ្យពលរដ្ឋបាត់បង់នូវទំនុកចិត្តលើលទ្ធិប្រជាធិបតេយ្យ អ្នកដឹកនាំស្ថាប័ន​នានា»។

តែយ៉ាងនេះក្ដី លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានព្រមានថា ចាប់ពីពាក់កណ្ដាលឆ្នាំ២០២២នេះទៅ រដ្ឋា​ភិបាលនឹងប្រើវិធានការ​ក្ដៅ ចំពោះអ្នកដែលនៅតែគេចវេះពីកាតព្វកិច្ចបង់ពន្ធយានយន្ត​នេះ។

បើតាមសារព្រមាននោះ រដ្ឋាភិបាលនឹងឈប់អ​នុញ្ញា​​ត​ឱ្យរថយន្តគេចពន្ធទាំងនោះ​បើកបរលើដងផ្លូវ កា​រ​ដក​ហូត​មក​ធ្វើជា​សម្បត្តិរដ្ឋ និងអាចដុតកម្ទេចចោល ជាដើម។

បើតាម​លោកនាយករដ្ឋមន្ត្រី រថយន្តគេចពន្ធមានប្រមាណជា១០ ០០០​គ្រឿង គិតជាប្រាក់ពន្ធប្រហែល១​០០​​លាន​ដុល្លារ តែថាមកដល់ពេលនេះ មា​ន​ម្ចា​ស់រថយន្ត៥០ភាគរយហើយបានមកបង់ពន្ធ ក្រោយពីលោ​ក​​បានចេញបទបញ្ជាម៉ឺងម៉ាត់កន្លងទៅ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ