ប្រមុខរដ្ឋាភិបាលបានស្ដីបន្ទោសខ្លាំងៗទៅរដ្ឋមន្ត្រីក្រសួងកសិកម្ម ថាជារដ្ឋមន្ត្រីដែលធ្វើការងារមិនចេះសហការជាមួយក្រសួង-ស្ថាប័នផ្សេង ក្នុងនោះ លោកបានណែនាំឱ្យរដ្ឋមន្ត្រីរូបនេះចេះសហការ ដោយព្រមានថា ការដករដ្ឋមន្ត្រីណាមួយចេញពីតំណែងត្រូវការពេលត្រឹម២៤ម៉ោងប៉ុណ្ណោះ។
ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំចាស់ និងលើកទិសដៅការងារឆ្នាំថ្មីរបស់ក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី២៣ ខែកុម្ភៈនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្ដីបន្ទោសរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន ថាជារដ្ឋមន្ត្រីដែលធ្វើការងារមិនចេះសហការជាមួយក្រសួង-ស្ថាប័នដទៃ ពិសេសករណីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អញ្ជើញឱ្យចូលរួមប្រជុំរៀបចំនីតិវិធីដាក់ដេញថ្លៃនាំចូលជ្រូករស់ តែក្រសួងកសិកម្មបែរជាមិនចូលរួម។
លោករិះគន់ថា រដ្ឋមន្រ្តីកសិកម្មមិនព្រមទៅប្រជុំដោះស្រាយតាមការអញ្ជើញរបស់ក្រសួងសេដ្ឋកិច្ច ទើបជាហេតុធ្វើឱ្យសាច់ជ្រូកឡើងថ្លៃ។
លោកនាយករដ្ឋមន្ត្រីថា៖ «ក្នុងចំណោមរដ្ឋមន្ត្រី គឺរដ្ឋមន្ត្រីដែលមិនព្រមសហការជាមួយអ្នកដទៃ គឺរដ្ឋមន្ត្រីកសិកម្មហ្នឹងឯង! អាហ្នឹងខ្ញុំនិយាយចង្អុលមុខឱ្យត្រង់អ៊ីចឹងហ្មង។ រដ្ឋមន្ត្រីកសិកម្មអត់សូវសហការជាមួយរដ្ឋមន្ត្រីណាទាំងអស់»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បន្តថា កម្ពុជាជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក សមាជិកតំបន់ពាណិជ្ជកម្មសេរីអាស្តា និងជាសមាជិកនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន ខណៈបច្ចុប្បន្នជាសមាជិកក្នុងកិច្ចព្រមព្រាងសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយអាសិបក្នុងតំបន់។ លោកថា ដូច្នេះ កម្ពុជាមិនអាចយកវិធានការដាច់ដោយឡែក ឬបិទព្រំដែនលើទំនិញចេញ-ចូលនោះទេ។
លោក ហ៊ុន សែន ថាពាក់ព័ន្ធបញ្ហាសាច់ជ្រូក គឺមិនអាចធ្វើតម្រូវតែចិត្តអ្នកចិញ្ចឹមតែប៉ុន្មាននាក់នោះទេ គឺត្រូវគ្រប់គ្រងអតិផរណាតម្លៃលើទីផ្សារផងដែរ។
លោកនាយករដ្ឋមន្ត្រីថា៖ «រដ្ឋមន្ត្រីមួយមិនព្រមនិយាយជាមួយរដ្ឋមន្ត្រីមួយទេ! រហូតដល់គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ចគេហៅប្រជុំហើយ យើងមិនព្រមទៅទៀត។ ធ្វើសំបុត្រទៅអញ្ចេះៗៗ ហើយចុះបើទៅ វាងាប់អី? ខ្ញុំសុំស្នើថា សូមឱ្យឯកឧត្ដម លោកជំទាវ បន្តធ្វើជារដ្ឋមន្ត្រីឱ្យបានពេញអាណត្តិ កុំឱ្យពាក់កណ្ដាលទី។ ខ្ញុំសុំដាស់តឿនអំពីចំណុចហ្នឹង ព្រោះបញ្ហាវាមិនលំបាកទេក្នុងការដករដ្ឋមន្ត្រីចោលមួយនោះ ត្រូវការត្រឹមតែយ៉ាងយូរ២៤ម៉ោង ខ្ញុំដករដ្ឋមន្ត្រីមួយចេញបានហើយ ដកដោយព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រតើ!»
លោក ហ៊ុន សែន បានហៅលោក វេង សាខុន ថាជា «រដ្ឋមន្ត្រីជិះសេះមើលផ្កា» ដោយលើកយកករណីការងារចុះទៅចែកពូជស្រូវជូនពលរដ្ឋនៅខេត្តពោធិ៍សាត់របស់រដ្ឋមន្ត្រីរូបនេះ ថាមានភាពយឺតយ៉ាវជាដើម។
វីអូឌី មិនអាចសុំការអត្ថាធិប្បាយពីរដ្ឋមន្ត្រីក្រសួងកសិកម្ម លោក វេង សាខុន បានទេ នៅថ្ងៃព្រហស្បតិ៍នេះ។
ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គិមអេង សុំមិនធ្វើអត្ថាធិប្បាយពាក់ព័ន្ធការដឹកនាំរបស់រដ្ឋមន្ត្រីក្រសួងកសិកម្មនោះទេ។ តែយ៉ាងណា លោកថា រដ្ឋមន្ត្រីដែលសកម្ម គឺមិនមែនជារដ្ឋមន្ត្រីដែលចេញមុខញឹកញាប់នៅលើប្រព័ន្ធផ្សព្វផ្សាយនោះទេ តែគេអាចកត់សម្គាល់ភាពសកម្ម តាមរយៈលទ្ធផលនៅតាមមូលដ្ឋាន ថាតើពលរដ្ឋបានទទួលសេវាអ្វីខ្លះពីក្រសួងស្ថាប័ននីមួយៗ។
លោកថា៖ «រដ្ឋមន្ត្រីល្អ យើងមិនបាច់ចាំទៅមើលថាគាត់ហ្នឹងគឺស្ទុះស្ទា គាត់ស្វះស្វែងប៉ុនណា គាត់បង្ហាញមុខតាមទូរទស្សន៍ តាមប្រព័ន្ធផ្សព្វផ្សាយប៉ុនណាទេ។ សំខាន់បំផុត ទៅមើលប្រជាជនតាមមូលដ្ឋានហ្នឹង ថាគាត់ទទួលបានសេវា ទទួលបានការឆ្លើយតបនឹងសេចក្ដីត្រូវការរបស់គាត់ទេ? ហ្នឹងជារឿងមួយសំខាន់។ បើគាត់ [ពលរដ្ឋ] អត់បានការឆ្លើយតបពីរដ្ឋមន្ត្រីទេ ពីក្រសួងស្ថាប័នដែលពាក់ព័ន្ធហ្នឹងទេ [រដ្ឋមន្ត្រីរូបនោះ] អត់មានធ្វើអីសម្រាប់ដោះស្រាយទៅដល់បញ្ហារបស់គាត់[ពលរដ្ឋ]ទេ អាហ្នឹងយើងអាចវាយតម្លៃបានថា គាត់អត់សូវសកម្មអ៊ីចឹងទៅ»។
លោក យង់ គិមអេង បន្ថែមថា តាមការកត់សម្គាល់របស់លោក រដ្ឋមន្ត្រីមួយចំនួនទាល់តែមានការដាស់តឿនពីនាយករដ្ឋមន្ត្រី ទើបប្រឹងប្រែងបំពេញបេសកកម្មនិងតួនាទី ខណៈមួយចំនួនទៀតធ្វើការតាមជំនាញនិងបច្ចេកទេសរបស់ស្ថាប័នដោយពុំចាំបាច់ដាស់តឿន។
លោកបន្តថា កិច្ចសហការរវាងក្រសួងមួយទៅមួយក៏នៅមានបញ្ហាលើការចែកដែនសមត្ថកិច្ច ដែលធ្វើឱ្យរដ្ឋមន្ត្រីពិបាកក្នុងការធ្វើការ ដោយសារតែដែនសមត្ថកិច្ចជាន់គ្នា។
ដោយឡែក លោក យង់ គិមអេង បានលើកឡើងថា សម្រាប់រឿងការនាំចូលជ្រូក លោកបានទទួលព័ត៌មានជាញឹកញាប់ពីកសិករនិងពលរដ្ឋថា ការនាំចូលធ្វើឱ្យប៉ះពាល់ដល់អ្នកចិញ្ចឹមនៅក្នុងស្រុក ដែលទាមទារឱ្យក្រសួងពាក់ព័ន្ធកំណត់ឱ្យច្បាស់លាស់ថាត្រូវរឹតត្បិត និងបើកចំហក្នុងកម្រិតប៉ុនណា៕