រដ្ឋបាលរាជធានី បានចោទមនុស្សមួយក្រុមតូចថាជាអ្នកនៅពីក្រោយកូដករក្រុមហ៊ុនណាហ្គាវើលដ៍ ដោយរៀបចំឆាកល្ខោនទម្លាក់កំហុសលើសមត្ថកិច្ចនិងគ្រូពេទ្យ ធ្វើឱ្យមហាជនយល់ច្រឡំថាអាជ្ញាធរធ្វើទុក្ខបុកម្នេញលើក្រុមកូដករទៅវិញ។
ក្នុងសេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងកាលពីថ្ងៃពុធថា បាតុករចំនួន៣៩នាក់ដែលអាជ្ញាធរបានចាប់បញ្ជូនទៅធ្វើចត្តាឡីស័កក្នុងខណ្ឌព្រែកព្នៅ មានចរិតរឹងរូសច្រងេងច្រងាង មិនសហការជាមួយសមត្ថកិច្ចនិងក្រុមគ្រូពេទ្យនៅទីតាំងនោះ ដូចជា នៅពេលដល់ទីតាំងនោះ ពួកគេមិនព្រមចេញពីរថយន្ត មិនព្រមបំពេញបែបបទផ្ទៀងផ្ទាត់ឈ្មោះជាមួយក្រុមកូដករប្រមាណ៣០០នាក់ដែលមិនទាន់បានយកសំណាកនៅកោះពេជ្រនាពេលកន្លងមកជាដើម។
រដ្ឋបាលរាជធានីភ្នំពេញ បន្តថា ក្រោយមក នៅយប់បន្តិច អាជ្ញាធរនិងគ្រូពេទ្យបានរៀបចំសម្ភាររួមមាន មុង ភួយ ខ្នើយ ម្ហូបអាហារ ផ្តល់ជូនក្រុមកូដករដែរ ប៉ុន្តែពួកគេមិនព្រមទទួលយកនោះទេ បែរជាឡូឡាបង្កភាពគ្មានសណ្ដាប់ធ្នាប់នៅក្នុងមណ្ឌល និងមិនព្រមសម្រាកនៅក្នុងបន្ទប់ ព្រមទាំងនាំគ្នាធ្វើសកម្មភាពបង្កើតព្រឹត្តិការណ៍សម្រាកនៅក្រៅបន្ទប់ រួចថតរូបភាពធ្វើការផ្សព្វផ្សាយតាមបណ្ដាញសង្គម ដើម្បីបំភ័ន្តសាធារណមតិ ទម្លាក់កំហុសមកលើអាជ្ញាធរនិងក្រុមគ្រូពេទ្យប្រចាំការនៅមណ្ឌលទៅវិញ។
ពាក់ព័ន្ធនឹងករណីនេះ រដ្ឋបាលរាជធានីភ្នំពេញ លើកឡើងថា មានមនុស្សមួយក្រុមតូចបានសន្សំចិត្តណែនាំឱ្យក្រុមកូដករបង្កើតឈុតឆាកល្ខោនទាំងនេះ ដើម្បីឱ្យសាធារណមតិយល់ច្រឡំថា អាជ្ញាធរធ្វើបាប កៀបសង្កាត់ និងធ្វើទុក្ខបុកម្នេញពួកគេ។ រដ្ឋបាលរាជធានីភ្នំពេញ អំពាវនាវទៅក្រុមកូដករទាំងអស់កុំជឿតាមការអូសទាញរបស់ជនឱកាសនិយមមួយក្ដាប់តូច ដើម្បីកេងចំណេញយករូបភាពសម្រាប់ធ្វើអាជីវកម្មបំពេញមហិច្ឆតារបស់ខ្លួន បែរជាធ្វើឱ្យក្រុមកូដករជាអ្នករងគ្រោះទទួលខុសត្រូវចំពោះមុខច្បាប់ទៅវិញ និងសុំឱ្យបញ្ឈប់ការប្រមូលផ្ដុំផ្ទុយនឹងវិធានសុខាភិបាល។
កូដករក្រុមហ៊ុនណាហ្គាវើលដ៍ កញ្ញា សៀក បញ្ញា និយាយថា ការធ្វើកូដកម្មរបស់ក្រុមកូដករមិនមានអ្នកណានៅពីក្រោយ ឬញុះញង់ឱ្យបង្កើតឆាកល្ខោន ដោយមិនសម្រាកក្នុងបន្ទប់ ឬសម្ដែងតួកម្សត់បំភ័ន្តសាធារណមតិ ដូចការចោទរបស់រដ្ឋបាលរាជធានីនោះទេ។ កញ្ញាបន្តថា នៅពេលអាជ្ញាធរចាប់បញ្ជូនពួកគាត់ទៅស្នាក់នៅក្នុងមណ្ឌលចត្តាឡីស័កនោះ គឺក្នុងបន្ទប់សុទ្ធតែធូលីដី ហើយបន្ទប់ទឹកមិនស្អាត ទើបពួកគាត់ស្នាក់នៅក្រៅបន្ទប់។
កញ្ញានិយាយថា៖ «មិនថាសាលាក្រុង មិនថាក្រសួងសុខាភិបាល មិនថាក្រសួងការងារ គ្រប់ស្ថាប័នទាំងអស់ មានតែចោទប្រកាន់ លាបពណ៌ចាប់ចងពួកខ្ញុំតែប៉ុណ្ណោះ គ្មានរកដំណោះស្រាយឱ្យពួកខ្ញុំទេ ព្រោះធ្វើកូដកម្មធ្វើដោយស្ម័គ្រចិត្តទាំងអស់គ្នា អត់មានអ្នកណានៅពីក្រោយទេ»។
បន្ថែមពីនេះ កញ្ញា សៀក បញ្ញា បញ្ជាក់ថា បើចង់ឱ្យពួកគេឈប់ធ្វើកូដកម្ម លុះត្រាតែស្ថាប័នពាក់ព័ន្ធជំរុញទៅក្រុមហ៊ុនណាហ្គាវើលដ៍ ចេញមុខមកដោះស្រាយបញ្ចប់វិវាទការងារ និងដោះលែងថ្នាក់ដឹកនាំនិងសមាជិកសហជីពចំនួន១១នាក់ដែលកំពុងជាប់ឃុំនៅពន្ធនាគារ ឱ្យមានសេរីភាពវិញ ។
មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់នៅសមាគមអាដហុក លោក ស៊ឹង សែនករុណា មានប្រសាសន៍ថា រដ្ឋបាលរាជធានីភ្នំពេញ គួរតែឈប់លាបពណ៌ដាក់កូដករ ពីព្រោះសកម្មភាពដែលកូដករចេញធ្វើកូដកម្មកន្លងមក គឺពួកគេធ្វើដោយស្ម័គ្រចិត្ត ដើម្បីទាមទារលក្ខខណ្ឌការងារតែប៉ុណ្ណោះ។
ចំណែករូបភាពនិងសកម្មភាពដែលកូដករថតបង្ហោះ ថាអាជ្ញាធរយកពួកគេទៅកន្លែងមណ្ឌលចត្តាឡីស័កទុកចោល និងក្នុងបន្ទប់មិនមានអនាម័យ ហើយពួកគេនាំគ្នាសម្រាកនៅក្រៅបន្ទប់នោះ លោកថាជារឿងពិត។ ករណីនេះ លោក ករុណា បានជំរុញទៅអាជ្ញាធរពាក់ព័ន្ធ ត្រូវរកវិធីយ៉ាងណាដោះស្រាយបញ្ចប់វិវាទការងារនេះឱ្យបានឆាប់ ដើម្បីកុំឱ្យមានការតវ៉ាបន្តទៀត។
លោកមានប្រសាសន៍ថា៖ «រឿងនេះបានសុះសាយពាសពេញពិភពលោកទៅហើយ អំពីអំពើទាំងអស់ហ្នឹង អ៊ីចឹង[អាជ្ញាធរ]គប្បីគួរតែប្រញាប់រកដំណោះស្រាយ ជាជាងយើងចេះតែចោទប្រកាន់ លាភពណ៌ ហើយគេចវេះក្នុងការទទួលខុសត្រូវក្នុងនាមជាអាជ្ញាធរ ដែលមានទទួលតួនាទីក្នុងការរកដំណោះស្រាយ។ ខ្ញុំគិតថា វាមិនមែនជារឿងល្អសម្រាប់ខាងអាជ្ញាធរទេ ផ្ទុយទៅវិញ វាកាន់តែធ្វើឱ្យប៉ះពាល់ទៅដល់មុខមាត់ប្រទេសកម្ពុជាវិញទេ»។
គួរបញ្ជាក់ថា ក្រុមកូដករណាហ្គាវើលដ៍បាននាំគ្នាចេញមកធ្វើកូដកម្មជាថ្មីទៀតនៅក្បែរក្រុមហ៊ុនក្នុងខណ្ឌចំការមន ចាប់តាំងពីថ្ងៃទី២១ ខែកុម្ភៈ ដើម្បីទាមទារឱ្យមានដំណោះស្រាយវិវាទការងារ និងទាមទារឱ្យមានការដោះលែងថ្នាក់ដឹកនាំនិងសមាជិកសហជីព១១នាក់ដែលកំពុងជាប់ឃុំឱ្យមានសេរីភាពវិញ។
ប៉ុន្តែការចេញធ្វើកូដកម្មជាថ្មីនេះ ត្រូវបានអាជ្ញាធររារាំងនិងបានចាប់បញ្ជូនពួកគេដាក់រថយន្តក្រុងដឹកទៅមណ្ឌលចត្តាឡីស័កក្នុងខណ្ឌព្រែកព្នៅ ជារៀងរាល់ថ្ងៃរហូតមកដល់ថ្ងៃព្រហស្បតិ៍នេះ ដើម្បីធ្វើតេស្តរកវីរុសកូវីដ-១៩។
ជាមួយគ្នានេះដែរ រដ្ឋបាលរាជធានីភ្នំពេញក៏បានប្រកាសពីការអនុវត្តការផាកពិន័យអន្តរការណ៍ពី១លានរៀលទៅ៥លានរៀលលើកូដករក្រុមហ៊ុនណាហ្គាវើលដ៍ ដោយលើកហេតុផលថា ពួកគេរឹងរូសបន្តធ្វើកូដកម្មល្មើសនឹងវិធានសុខាភិបាល រួមទាំងបណ្ដាលឱ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈ៕