ប្រធានាធិបតី​អ៊ុយក្រែន​ប្ដេជ្ញា​មិន​ចាកចេញ​ពី​រដ្ឋធានី ខណៈ​ការឈ្លានពាន​រុស្ស៊ី​ខិត​ចូល​មក​ដល់

លោក Volodymyr Zelensky ប្រធានាធិបតីអ៊ុយក្រែន។ (ធ្វីតទ័រ៖ Володимир Зеленський)

ប្រធានាធិបតី​​អ៊ុយក្រែន​ លោក Volodymyr Zelensky បានធ្វើការប្ដេជ្ញានៅថ្ងៃសុក្រនេះថា រូបលោកនឹង​បន្តស្នាក់នៅក្នុងទីក្រុង Kyiv ខណៈដែលកងទ័ពរបស់លោកកំពុងព្យាយាមប្រយុទ្ធពីការឈ្លាន​ពាន​របស់​រុស្ស៊ី ដែលកំពុងតែឆ្ពោះមកកាន់រដ្ឋធានីមួយនេះ។

រុស្ស៊ី​បាន​បើក​ការ​ឈ្លាន​ពាន​របស់​ខ្លួនទៅ​លើអ៊ុយក្រែន​តាម​ផ្លូវ​គោក ផ្លូវ​អាកាស និង​សមុទ្រ​ កាល​ពី​ថ្ងៃ​​ព្រហស្បតិ៍​ ពោល​គឺបន្ទាប់​ពី​ការ​ប្រកាស​សង្រ្គាម​មួយដែលធ្វើឡើងដោយប្រធានាធិបតីរុស្ស៊ី លោក ​វ្លាឌីមៀរ ពូទីន ដែលក្នុងនោះមនុស្សប្រមាណជា១០ម៉ឺននាក់ក៏បាន​ព្យាយាម​ភៀស​ខ្លួនចេញ ​ស្រប​ពេល​ដែល​មាន​ការ​ផ្ទុះ និង​ស្នូរកាំភ្លើងក្នុងទីក្រុងធំៗមួយចំនួនផងដែរ។

ទាក់ទិននឹងករណីនេះ មន្ត្រី​អាមេរិក និង​អ៊ុយក្រែន បានឱ្យដឹងថា រុស្ស៊ី​មាន​បំណងចូលមកកាន់ទីក្រុង Kyiv ហើយ​ផ្ដួលរំលំ​រដ្ឋាភិបាលដែល​លោក ពូទីន ចាត់ទុក​ថា​ជា​អាយ៉ង​របស់​អាមេរិក ខណៈដែលទាហានរុស្ស៊ីក៏បានរឹបអូសយកអតីតរោងចក្រថា​មព​ល​នុយ​ក្លេអ៊ែរ Chernobyl ភាគខាងជើងនៃទីក្រុង Kyiv ផងដែរ។

ទីភ្នាក់ងារសារ​ព័ត៌មាន Reuters បានស្រង់សម្ដីលោក Volodymyr Zelensky ដែលបានថ្លែងព្រមាន​នៅក្នុងសារជាវីដេអូមួយថា៖ «សត្រូវ [កងទ័ពរុស្ស៊ី] បានកំណត់ខ្ញុំគឺជាគោលដៅទី១ ហើយគ្រួសាររបស់ខ្ញុំគឺជាគោលដៅទី២។ ពួកគេចង់កម្ទេចអ៊ុយក្រែនតាមវិធីសាស្រ្តនយោបាយ តាមរយៈការបំផ្លាញប្រមុខរដ្ឋ»។

ទោះជាយ៉ាង ប្រធានាធិបតីរូបនេះបន្ថែមថា៖ «ខ្ញុំនឹងស្នាក់នៅក្នុងរដ្ឋធានីមួយនេះ ហើយគ្រួសាររបស់ខ្ញុំក៏នៅក្នុងអ៊ុយក្រែនផងដែរ»។

គួរបញ្ជាក់ថា លោក ពូទីន បានលើកឡើងថា រុស្ស៊ីកំពុងតែអនុវត្ត «ប្រតិបត្តិការយោធាពិសេសមួយ» ដើម្បីបញ្ឈប់រដ្ឋាភិបាលអ៊ុយក្រែនពីការប្រព្រឹត្តអំពើប្រល័យពូជសាសន៍ប្រឆាំងនឹងប្រជាជនរបស់ខ្លួន ខណៈដែលការចោទប្រកាន់នេះត្រូវបានប្រទេស​លោកខាងលិច​ចាត់ទុកថាជាការ​លើកឡើងដោយ​គ្មានមូលដ្ឋានច្បាស់លាស់។

ប្រធានាធិបតីរុស្ស៊ីរូបនេះក៏បានបន្ថែមឱ្យដឹងទៀត​ថា អ៊ុយក្រែន​ជា​រដ្ឋ​មិន​ស្រប​ច្បាប់មួយ​ ដែលដំបូងឡើយ​ជាទឹកដី​​របស់​រុស្ស៊ី៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ