អ្នក​នាំ​ពាក្យ​ថា ក្រសួង​ការបរទេស​កម្ពុជា​កំពុង​ទាក់ទង​ពលរដ្ឋ​​ខ្មែរ​​២៣​​នាក់​​នៅ​​ក្នុង​​ប្រទេស​​អ៊ុយក្រែន​

អ្នកនាំ​ពាក្យ​ក្រសួង​ការ​បរទេស លោក ជុំ សុន្ទរី ថ្លែងទៅកាន់អ្នក​សារព័ត៌មាននៅរសៀលថ្ងៃព្រហស្បតិ៍នេះ

អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា​បាន​ឱ្យ​ដឹង​ថា ពលរដ្ឋខ្មែរ​ចំនួន ២៣នាក់ និង​គ្រួសារ​របស់​ពួកគេ​ដែល​កំពុង​រស់​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​កំពុង​ស្ថិត​នៅ​កន្លែង​មាន​សុវត្ថិភាព ប៉ុន្តែ​មាន​ការ​ព្រួយ​បារម្ភ​ចំពោះ​អនាគត​ទៅ​មុខ។

អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក ជុំ សុន្ទរី បានជូនដំណឹងខ្លីមួយនៅថ្ងៃសៅរ៍នេះថា បច្ចុប្បន្ននេះ កម្ពុជាមិនមាននិស្សិតខ្មែរកំពុងសិក្សានៅក្នុង​ប្រទេសអ៊ុយក្រែននោះទេ។ ក៏ប៉ុន្តែមានអតីតនិស្សិតខ្មែរដែលបានទៅសិក្សានៅក្នុងជំនាន់អតីតសហភាពសូវៀត ក្នុងរង្វង់ទសវត្សរ៍ទី៨០ និងដើមទសវត្សរ៍​ទី៩០ ចំនួន ២៣នាក់ កំពុងរស់នៅលើទឹកដីប្រទេសអ៊ុយក្រែន ជាមួយគ្រួសាររបស់ពួកគេ។

ប្រភពដដែលបានឱ្យដឹងថា ក្រសួងការបរទេសកម្ពុជា រួមទាំងស្ថានទូតកម្ពុជាប្រចាំនៅទីក្រុងមូស្គូប្រទេសរុស្ស៊ី កំពុងខិតខំទំនាក់ទំនងជាមួយ​ពលរដ្ឋខ្មែរ​ទាំងអស់នោះ ដើម្បីទទួលបានព័ត៌មានលំអិតអំពីស្ថានភាពរបស់ពួកគេ។

លោក ជុំ សុន្ទរី បានសរសេរថា៖ «ខ្ញុំសូមជំរាបជូនថា ដោយមានការសម្របសម្រួលរបស់ “សមាគមអតីតនិស្សិតកម្ពុជាពីសូវៀតនិងរុស្សី”  ខ្ញុំបានជួបសន្ទនា​ដោយផ្ទាល់ តាមប្រព័ន្ធតេលេក្រាម ជាមួយពលរដ្ឋខ្មែរយើងម្នាក់ដែលកំពុងរស់នៅក្នុងប្រទេសអ៊ុយក្រែន ហើយទទួលបានព័ត៌មានថា បច្ចុប្បន្ន មានអតីត​និស្សិត​ដែលបានទៅសិក្សាក្នុងជំនាន់អតីតសហភាពសូវៀត ចំនួន ២៣នាក់ ដែលកំពុងរស់នៅជាមួយគ្រួសាររបស់ពួកគេ នៅ Kharkov ចំនួន ៧នាក់ នៅតំបន់ Kyiv ១១នាក់ និងនៅ Odessa ៥នាក់។ ពួកគាត់ទាំងអស់គ្នាមានទំនាក់ទំនងជាមួយគ្នាជាប់ជាប្រចាំតាមក្រុមតេលេក្រាម»

បើតាមការឱ្យដឹងពីលោក ជុំ សុន្ទរី ទោះបីជាចាប់ផ្តើមជួបការលំបាកខ្លះៗ ក្នុងជីវភាពរស់នៅ ជាពិសេសសំរាប់តំបន់ Kyiv តែពួកគាត់ទាំងអស់គ្នា​មានសុវត្ថិភាពជាធម្មតាទេ។ ប៉ុន្តែទន្ទឹមនឹងនោះក៏មានការព្រួយបារម្ភចំពោះអនាគតទៅមុខ។

អ្នកនាំពាក្យក្រសួងការបរទេសបានឱ្យដឹងដែរថា ក្រសួងការបរទេសកម្ពុជា រួមនិងស្ថានទូតកម្ពុជាប្រចាំនៅប្រទេសរុស្ស៊ី កំពុងបន្តទំនាក់ទំនងជាមួយពលរដ្ឋខ្មែរ​ទាំងអស់នោះដើម្បីទទួលបានព័ត៌មានអំពីស្ថានភាពរបស់ពួកគាត់។

បើតាមប្រភពដដែលថា រហូតពេលនេះការវាយប្រយុទ្ធគ្នា នៅមិនទាន់រាលដាលដល់តំបន់ដែលពលរដ្ឋខ្មែរទាំង ២៣ នាក់រស់នៅនៅឡើយទេ។

គួរជម្រាបជូនថា ប្រទេសរុស្ស៊ី​បាន​បើក​ការ​វាយប្រហារទៅ​លើអ៊ុយក្រែន​តាម​ផ្លូវ​គោក ផ្លូវ​អាកាស និង​សមុទ្រ​ កាល​ពី​ថ្ងៃ​​ព្រហស្បតិ៍​ ទី២៤ ខែកុម្ភៈ ពោល​គឺបន្ទាប់​ពី​ការ​ប្រកាស​សង្រ្គាម​មួយដែលធ្វើឡើងដោយប្រធានាធិបតីរុស្ស៊ី លោក ​វ្លាឌីមៀរ ពូទីន ដែលក្នុងនោះមនុស្សប្រមាណជា១០ម៉ឺននាក់ក៏បាន​ព្យាយាម​ភៀស​ខ្លួនចេញ ​ស្រប​ពេល​ដែល​មាន​ការ​ផ្ទុះ និង​ស្នូរកាំភ្លើងក្នុងទីក្រុងធំៗមួយចំនួន។

សេចក្តីរាយការណ៍ចុងក្រោយបានឱ្យដឹងថា កងទ័ពរុស្ស៊ីបានវាយចូលដល់ទីក្រុង កៀវ (Kyiv) នៅព្រឹកថ្ងៃសៅរ៍នេះ ខណៈប្រធានាធិបតី​​អ៊ុយក្រែន​ លោក Volodymyr Zelensky បានប្ដេជ្ញាមិនចាកចេញពីទីក្រុងនេះឡើយ ហើយលោកនឹងនៅទីនេះដើម្បីប្រយុទ្ធ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ