រដ្ឋាភិបាល​ដាក់​ចេញ​នូវ​យុទ្ធនាការ «កម្ពុជាស្អាត» ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ

ប្រជាពលរដ្ឋរស់នៅសង្កាត់ក្របីរៀល ក្រុងសៀមរាប ជិត៣០០នាក់ បានធ្វើទស្សនាកិច្ចមើលពីការអភិវឌ្ឍ និងសមិទ្ធផលការងារនានាក្នុងរមណីយដ្ឋានអង្គរ ស្របពេលដែលអាជ្ញាធរជាតិអប្សរារៀបចំព្រឹត្តិការណ៍រំឭកគុណអង្គរ រយៈពេលបីថ្ងៃ ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ អាជ្ញាធរជាតិអប្សរា Apsara National Authority)

រាជរដ្ឋាភិបាលបានដាក់ចេញនូវការងារជាអាទិភាពមួយចំនួន អមដោយយុទ្ធនាការមួយដែលហៅថា «កម្ពុជាស្អាត» ក្នុងគោលបំណងទាក់ទាញភ្ញៀវទេសចរមកលេងកម្សាន្តឱ្យបានកាន់តែច្រើន និងស្វាគមន៍ព្រឹត្តិការណ៍កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ (SEA Games 2023) ខាងមុខ។

នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២នេះ ក្នុងឱកាសទិវាជាតិទីក្រុងស្អាតលើកទី១០ ក្រោមប្រធានបទ «ទីក្រុងស្អាត គាំទ្រការបើកទេសចរណ៍កម្ពុជា» លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញ​លិខិតដោយ​ថា ដើម្បីឆ្លើយតបនឹងប្រធានបទនៃទិវាជាតិទីក្រុងស្អាតឆ្នាំ២០២២នេះ ​រាជរដ្ឋាភិបាលបានដាក់ចេញនូវការងារអាទិភាពធំៗចំនួន៤។

ការងារអាទិភាពទាំងនោះ រួមមាន ជំរុញទៅគ្រប់ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ និងផ្នែកឯកជន ត្រូវបន្តចូលរួមអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់លើវិធាន ឬបទដ្ឋានគតិយុត្តដែលបានដាក់ចេញ រួមមាន៖ «វិធានសុវត្ថិភាពទេសចរណ៍» «នីតិវិធីប្រតិបត្តិស្តង់ដារអប្បបរមា (SOP) សម្រាប់សេវាកម្មទេសចរណ៍» ស្របតាមគន្លងប្រក្រតីភាពថ្មី។ លើសពីនេះ ត្រូវស្ដារនូវទំនុកចិត្តនិងភាពជឿជាក់លើគ្រប់ខ្សែសង្វាក់ផលិតកម្មក្នុងវិស័យទេសចរណ៍ ដើម្បីត្រៀមខ្លួនទទួលស្វាគមន៍ភ្ញៀវទេសចរ និងព្រឹតិ្តការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។ ​

បន្ថែមពីនេះ ជំរុញការអនុវត្តនូវផែនការយុទ្ធសាស្ត្រនានារបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញ ដើម្បីលើកស្ទួយវិស័យទេសចរណ៍ សំដៅប្រែក្លាយកម្ពុជាជាគោលដៅទេសចរណ៍ប្រកបដោយគុណភាព សុវត្ថិភាព និងនិរន្តរភាព។

លិខិតដដែលក៏បានណែនាំទៅគ្រប់ស្ថាប័នពាក់ព័ន្ធ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ​ ត្រូវរួមគ្នាលើកកម្ពស់កិត្តិយសនិងមុខមាត់កម្ពុជា តាមរយៈឥទ្ធិពលព្រឹត្តិការណ៍កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ក្នុងការដាក់ចេញយុទ្ធនាការអប់រំសង្គម និងផ្សព្វផ្សាយយុទ្ធនាការ «កម្ពុជាស្អាត» ឱ្យបានកាន់តែសកម្មនិងផុសផុល។ ការផ្សព្វផ្សាយឱ្យកាន់តែសកម្មនេះ ដើម្បីសម្រេចបានការអភិវឌ្ឍប្រកបដោយភាពស្អាតនិងបៃតងនៅក្នុងទីក្រុងនិងកម្ពុជាទាំងមូល ដើម្បីត្រៀមទទួលស្វាគមន៍ភ្ញៀវទេសចរក្នុងព្រឹត្តិការណ៍នេះ។

ក្នុងសារលិខិតដដែលនេះបានលើកឡើងថា៖  «យើងត្រូវបន្តយកចិត្តទុកដាក់លើការដាក់ចេញនិងអនុវត្តនូវគោលនយោបាយ និងយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិនានា ដោយឈរលើមូលដ្ឋានសំខាន់២ ដែលត្រូវគិតគូរស្របពេលគ្នា គឺការបង្កើនឧត្ដមភាពប្រកួតប្រជែង និងការធានាចីរភាពនៃការអភិវឌ្ឍ»។

លិខិតរបស់នាយករដ្ឋមន្ត្រីបន្តថា ប្រជាពលរដ្ឋនិងភ្ញៀវទេសចរគ្រប់រូបត្រូវប្រកាន់ខ្ជាប់នូវការរស់នៅតាមគន្លងប្រក្រតីភាពថ្មី ពិសេសទម្លាប់នៃការរស់នៅជាមួយ «ភាពស្អាត និងអនាម័យ» រួមជាមួយការអនុវត្តតាមវិធានសុខាភិបាលនិងវិធាននានារបស់រាជរដ្ឋាភិបាល ដើម្បីចូលរួមទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ