អាមេរិក​ជំរុញ​ឱ្យ​ពលរដ្ឋ​ខ្លួន​ពិចារណា​ចាកចេញ​ពី​ប្រទេស​រុស្ស៊ី​ជា​បន្ទាន់

ជនភៀសខ្លួនអ៊ុយក្រែននៅព្រំប្រទល់ Otaci រវាងអ៊ុយក្រែន និងម៉ុលដូវី (Moldova) ក្រោយរុស្ស៊ីវាយប្រហារលើអ៊ុយក្រែន។ (ធ្វីតទ័រ៖ Maia Sandu/ President of the Republic of Moldova)

ក្រសួងការបរទេសសហរដ្ឋអាមេរិក នៅថ្ងៃអាទិត្យម្សិលមិញ បានជំរុញ​ពលរដ្ឋរបស់ខ្លួនគួរតែពិចារណា​ចាកចេញពីប្រទេសរុស្ស៊ីជាបន្ទាន់ តាមជើងហោះហើរពាណិជ្ជកម្មនានាដែលនៅសេសសល់ ស្របពេលដែលក្រុមហ៊ុនអាកាសចរណ៍ជាច្រើនបច្ចុប្បន្នកំពុងលុបចោលជើងហោះហើរ បន្ទាប់ពីរុស្ស៊ីឈ្លានពានអ៊ុយក្រែនក្នុងទ្រង់ទ្រាយធំ។

ទីភ្នាក់ងារសារ​ព័ត៌មាន Reuters បានស្រង់សេចក្ដីជូនដំណឹងមួយចុះថ្ងៃទី​២៧ ខែកុម្ភៈ ដែលបង្ហោះនៅលើគេហទំព័ររបស់ស្ថានទូតអាមេរិកប្រចាំទីក្រុងមូស្គូថា៖ «ប្រជាពលរដ្ឋអាមេរិកទាំងឡាយគួរតែពិចារណា​ចាកចេញពីប្រទេសរុស្ស៊ីជាបន្ទាន់ តាមជម្រើសជើងហោះហើរពាណិជ្ជកម្មនានាដែលមាន»។

សេចក្ដីជូនដំណឹងដដែលក៏បានស្នើឱ្យពលរដ្ឋអាមេរិករៀបចំផែនការ​ត្រៀម​ទុក​ជាមុន​ ដោយ​មិនត្រូវ​ពឹង​ផ្អែក​តែ​លើជំនួយ​របស់​រដ្ឋាភិបាល​សហរដ្ឋអាមេរិកនោះទេ។

ជាមួយគ្នានេះ សហរដ្ឋអាមេរិក កាលពីថ្ងៃអាទិត្យ ក៏បានជូនដំណឹងដល់ពលរដ្ឋរបស់ខ្លួន​ដែលព្យាយាម​ចាកចេញពីប្រទេសអ៊ុយក្រែន ឱ្យពិចារណាធ្វើសកម្មភាពនេះ តាមរយៈច្រកព្រំដែនផ្លូវគោកប្រទេសហុងគ្រី រូម៉ានី និងស្លូវ៉ាគី ខណៈដែលពួកគេអាចនឹងចំណាយពេលវេលា​រង់ចាំតិ​ច​ជាងច្រក​ប្រទេស​ប៉ូឡូញ និង​ម៉ុល​ដូវ៉ា។

គួរបញ្ជាក់ថា រុស្ស៊ី​បាន​បើក​ការ​ឈ្លាន​ពាន​របស់​ខ្លួន​មក​លើអ៊ុយក្រែន​​តាម​​ផ្លូវ​​គោក ផ្លូវ​អាកាស និង​សមុទ្រ​ ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍សប្ដាហ៍មុន​ បន្ទាប់​ពី​ការ​ប្រកាស​សង្រ្គាម​មួយដែលធ្វើឡើងដោយប្រធានាធិបតីរុស្ស៊ី លោក ​វ្លាឌីមៀរ ពូទីន ដែលក្នុងនោះមនុស្សរាប់ម៉ឺននាក់ក៏បានព្យាយាមភៀសខ្លួនចេញជាបន្តបន្ទាប់ស្របពេលដែលមានការផ្ទុះ និងស្នូរកាំភ្លើងក្នុងទីក្រុងធំៗមួយចំនួនផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ