មេដឹកនាំ​បេឡារុស​ថា ខ្លួន​នឹង​មិន​ចូលរួម​ប្រតិបត្តិការ​យោធា​រុស្ស៊ី​នៅ​អ៊ុយក្រែន​ឡើយ

ប្រធានាធិបតីប្រទេសបេឡារុស លោក អេឡិចហ្សានដឺ លូកាហ្សិនកូ (Alexander Lukashenko)។ (វេបសាយ៖ President of the Republic of Belarus/ president.gov.by)

ប្រធានាធិបតីប្រទេសបេឡារុស លោក អេឡិចហ្សានដឺ លូកាហ្សិនកូ (Alexander Lukashenko) បាន​ឱ្យដឹងតាមរយៈការស្រង់សម្ដីដោយទីភ្នាក់​ងារ​ព័ត៌មាន​រដ្ឋ​មួយនៅថ្ងៃអង្គារនេះថា ប្រទេសរបស់​លោកមិ​នមា​ន​គម្រោង​ណាមួយក្នុងការចូលរួមប្រតិបត្តិការយោធារបស់​រុស្ស៊ីនៅ​អ៊ុយ​ក្រែនឡើយ។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារ​ព័ត៌មាន Reuters

ជាមួយគ្នានេះ លោក អេឡិចហ្សានដឺ លូកាហ្សិនកូ ក៏បានធ្វើការបដិសេធ​ការចោទប្រកាន់របស់ទីក្រុងកៀវ (Kyiv) ដែលបានលើកឡើងថា កងទ័ពរុស្ស៊ីបាននិងកំពុងវាយប្រហារអ៊ុយក្រែនពីទឹកដីនៃប្រទេស​បេឡារុសផង​ដែរ។

គួរបញ្ជាក់​ថា ភាព​តាន​តឹង​រវាង​​រុស្ស៊ី និងអ៊ុយក្រែន ក្នុងរយៈពេលចុងក្រោយនេះ​ បាន​ចាប់ផ្តើមកើនឡើង​ខ្លាំង ខណៈរុស្ស៊ីបន្តព្យាយាមដាក់សម្ពាធ​មកលើ​អ៊ុយក្រែន តាមរយៈការចលនា​ទ័ពរបស់ខ្លួនចូលមកកាន់ប្រទេសមួយនេះ។

ទាក់ទិននឹងករណីនេះ ប្រធានាធិបតីរុស្ស៊ី លោក ​វ្លាឌីមៀរ ពូទីន ធ្លាប់បានលើកឡើងកាលពីពេលកន្លងទៅថា រុស្ស៊ីកំពុងតែអនុវត្ត «ប្រតិបត្តិការយោធាពិសេសមួយ» ដើម្បីបញ្ឈប់រដ្ឋាភិបាលអ៊ុយក្រែនពីការប្រព្រឹត្តអំពើប្រល័យពូជសាសន៍ប្រឆាំងនឹងប្រជាជនរបស់ខ្លួន ខណៈដែលការចោទប្រកាន់នេះ ត្រូវបានចាត់ទុកដោយលោកខាងលិចថាគ្មានមូលដ្ឋានច្បាស់លាស់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ