ពលរដ្ឋ​នៅ​ខេត្តត្បូងឃ្មុំ​រក្សា​ជំហរ​ទាមទារ​ដី​ពី​ក្រុមហ៊ុនចិន ខណៈ​ពលរដ្ឋ​ជិត​៣០នាក់​ជាប់​បណ្ដឹង​នៅ​តុលាការ

អ្នកភូមិស្រែប្រាំង ក្នុងឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ដែលមានជម្លោះជាមួយក្រុមហ៊ុនចិន នៅពីមុខសាលាឧទ្ធរណ៍ខេត្តត្បូងឃ្មុំ ពេលតំណាងចូលបំភ្លឺករណីជម្លោះនេះ នាខែកុម្ភៈ ឆ្នាំ២០២២។ (ផ្ដល់ឱ្យ)

អ្នកភូមិស្រែប្រាំង ក្នុងឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ នៅតែរក្សាជំហរទាមទារដីពីក្រុមហ៊ុនចិន ខណៈពលរដ្ឋជិត៣០នាក់កំពុងជាប់បណ្ដឹងនៅតុលាការ ពាក់ព័ន្ធនឹង​ជម្លោះដីធ្លីជាមួយក្រុមហ៊ុន​មួយនេះ។

របាយ​ការណ៍ចងក្រង​របស់​សមាគមសម្ព័ន្ធ​សហគមន៍កសិករកម្ពុជា (CCFC) ចេញផ្សាយកាលពី​ឆ្នាំ២០២១ ឱ្យដឹងថា ដីព្រៃលិចទឹករបស់សហគមន៍ស្រែប្រាំង និងសហគមន៍បុស្សស្នោ​ ទំហំ៥៨០​​ហិកតារបស់​ពលរដ្ឋប្រមាណ២៥០គ្រួសារ ផ្ដើមមានជម្លោះជា​មួយ​ក្រុម​ហ៊ុន​ចិន «ហាម៉ីនី វីន អ៊ិនវេសមេន» ចាប់តាំងពីឆ្នាំ២០១៤ ខណៈពលរដ្ឋបាន​ចូល​ទៅ​កាន់​កាប់ដីនោះ​​តាំងពីឆ្នាំ២០០២។

តំណាងសហគមន៍នៅក្នុងឃុំត្រពាំងព្រីង លោក សែម សាង ដែលទើបចេញពីពន្ធនាគារ​ ប្រាប់វីអូឌី​នៅ​ថ្ងៃអង្គារ​នេះថា ក្នុង​ជម្លោះដីធ្លីរវាងពលរដ្ឋនិងក្រុមហ៊ុនចិននោះ ខាង​អាជ្ញាធរតែងតែគំរាមកំហែងមិន​ឱ្យអ្នកភូមិ​តវ៉ា ខណៈ​តំណាងពលរដ្ឋ៣នាក់បានជាប់ពន្ធនាគារ និងពលរដ្ឋ២៨នាក់ផ្សេងទៀតកំពុង​ជាប់​​បណ្ដឹង​នៅ​តុលាការ។

តំណាងពលរដ្ឋរូប​នេះបន្ត​ថា ក្រោយ​​មា​ន​​ការ​គំរាម​កំហែងនិង​ការ​ចាប់​តំណាងពលរដ្ឋ៣នាក់ដាក់ឃុំ​ជាបន្ត​បន្ទាប់ចាប់​តាំងពីឆ្នាំ២០១៩មក អ្នកភូមិបានផ្អាក​ការតវ៉ាបណ្ដោះអាសន្ន ​ដោយសារបារម្ភពីសុវត្ថិ​ភាព ប៉ុន្តែ​លោកថា អ្នកភូមិមិនបោះបង់ការតវ៉ាទាមទារ​ដីធ្លីរបស់ពួកគេមកវិញឡើយ។

លោកបន្ថែមថា៖ «ដោយសារអាជ្ញាធរភូមិឃុំស្រុកខេត្ត គេមកគំរាមកំហែងថា បើមិនឈប់តវ៉ាទេ គេនឹងចាប់​ដាក់​គុក។ ហើយមួយទៀត តុលាការបានចេញដីកាកោះហៅពលរដ្ឋមួយ​ចំនួន​ទៀត។ អ៊ីចឹង​ទៅ ពលរដ្ឋ​​គាត់​អត់​ទាន់​ហ៊ាន​ចេញ​ធ្វើ​សកម្មភាព​អី​ទៀត​ទេ ប៉ុន្តែរឿ​ងជ​ម្លោះដីធ្លីនេះ យើង​មិន​ទាន់​បញ្ចប់​ទេ។ យើង​នៅ​តែវ៉ានិងប្ដឹងផ្តល់គ្នាបន្តទៀត»

តំណាងពលរដ្ឋនៅសហគមន៍ស្រែប្រាំងម្នាក់ទៀត លោក ថា លីដា និយាយថា អ្នកភូមិបានខកខានចូលទៅអាស្រ័យលើដីរបស់ខ្លួនរយៈពេលជាង២ឆ្នាំហើយ ក្រោយពីអាជ្ញាធររារាំង និងការមាន​ចាប់ឃុំខ្លួនតំណាងពលរដ្ឋក្នុងវិវាទដីធ្លីនេះរួចមក។

លោកបន្ថែមថា៖ «ប្រជាពលរដ្ឋយើងតាំងពីបាត់បង់ដីហ្នឹង​មក គឺ​ជួបផលលំបាកមែនទែន ពាក់ព័ន្ធជីវភាព ដោយ​សារអ្នកខ្លះបានចំណាកស្រុកចេញពីលំនៅឋានទៅក្រៅប្រទេស និងខ្លះទៀតទៅតាមបណ្ដាខេត្តមួយចំនួនទៅធ្វើសំណង់ ដោយសារពួកគាត់គ្មានដីសម្រាប់ធ្វើកសិកម្ម។ និយាយទៅ សឹង​តែ​៨០ភាគរយហើយនៅក្នុងសហគមន៍ដែលបានចំណាកស្រុក។ ពួកយើងមានការព្រួយបារម្ភ​ដែរ ប៉ុន្តែការព្រួយបារម្ភ​មិនបា​នធ្វើឱ្យយើងបាត់បង់ក្នុងការតស៊ូមតិ ដើម្បីទាមទារដីធ្លីយើងមកវិញនោះទេ។ ពួកយើងតវ៉ាទាមទារដីយើងមកវិញ»

យ៉ាងណា អភិបាលស្រុកតំបែរ លោក សុខ សារិទ្ធ មានប្រសាសន៍ថា ការរក្សាជំហរទាមទារបែបណានោះជាសិ​ទ្ធិ​របស់​ពលរដ្ឋ ប៉ុន្តែ​ដីដែលកំពុងមានជម្លោះនោះជា​ដីរបស់​ក្រុមហ៊ុន​ដែល​មានបណ្ណកម្មសិទ្ធិស្របច្បាប់។ លោក​​អះអាងថា ម្ចាស់ក្រុមហ៊ុនបានប្រមូលទិញដីនោះពីប្រជាពលរដ្ឋ និង​ទទួល​បណ្ណកម្មសិទ្ធិកាន់កាប់ដីតាំងពីឆ្នាំ២០១១ ខណៈអ្នកភូមិទើបចូលទៅបង្កបង្កើនផលលើដីនោះ​នៅដើមឆ្នាំ២០១៥។

លោកបន្ថែមថា៖ «យើងសំណូម​ពរ​ជា​បន្ត​បន្ទាប់ ថា​បង​ប្អូន​កុំចូល​ទៅ​បង្ក​បង្កើន​ផលទៀ​ត ចៀស​វាង​ការខាត​បង់​ផល​ប្រយោជន៍ ហើយពួកគាត់នៅតែបន្ត។ វាប្រឈម​ប៉ះពាល់ហ្នឹងហើយ ព្រោះដោយសារដីហ្នឹង គេមាន​សិទ្ធិស្របច្បាប់ក្នុងការគ្រប់គ្រងពេញលេញ និងអភិវឌ្ឍន៍​ដីគេ»

ពាក់ព័ន្ធករណីនេះ ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC) លោក ថេង សាវឿន បាន​ទទូចដ​ល់​អាជ្ញាធរ​ពាក់ព័ន្ធ​ពិចារណា​ដោះស្រាយ​ជូន​ពលរដ្ឋ​ឡើង​វិញ ដោយ​ឈរ​លើគោលការណ៍ច្បាប់ តម្លា​ភាព និងយុត្តធម៌ ដើម្បី​កុំឱ្យពួកគេរងទុក្ខលំបាក។

លោកបន្ថែមថា៖ «ព្រោះថា ពួកគាត់គឺអ្នករងគ្រោះពិតប្រាកដ ហើយ​ភាពរងគ្រោះរ​បស់​ពួក​គាត់​នេះ ប្រសិន​បើ​មិន​បាន​ដោះ​ស្រាយ​ទេ នឹងធ្វើឱ្យប៉ះពាល់ដល់ជីវភាព មុខរបរ និងប្រាក់ចំណូលផងដែរ ពីព្រោះថា ពលរដ្ឋទាំងអស់ហ្នឹងរស់ដោយពឹងផ្អែកទៅដីសម្រាប់ធ្វើកសិកម្មទាំងអស់ សម្រាប់មុខរបរចិញ្ចឹមជីវិត​របស់​ពួក​គាត់»។ 

កាលពីដើមឆ្នាំ២០២១ អង្គការ​សង្គម​ស៊ីវិលចំនួន៨៨ស្ថាប័នបានចេញសេចក្ដីថ្លែងការណ៍មួយដោយទាម​ទារ​ដល់​តុលាការឱ្យទម្លាក់ចោលការចោទប្រកាន់លើ​តំណាង​សហគមន៍​ដីធ្លី​ទាំងនោះ និងដោះលែងពួកគេ​​ឱ្យមានសេរីភាពវិញ។ ក្រុមអង្គការសង្គមស៊ីវិលទាំងនោះបានចាត់ទុក​ការ​ចាប់និង​ឃុំខ្លួន​តំណាង​សហគមន៍​ដីធ្លី​ទាំងនោះថា​ ជា​ការ​គំរាមកំហែង​ដោយ​ផ្ទាល់និង​ប្រយោលចំពោះ​ប្រជាពលរដ្ឋ ដោយ​គ្រាន់តែ​ពួក​គេ​ធ្វើសកម្មភាពនិង​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួនតវ៉ាទាមទារដីធ្លីស្របតាម​រដ្ឋធម្មនុញ្ញនិង​កតិកាសញ្ញា​អន្តរជាតិ។

កាលពីថ្ងៃទី៨ ខែកុម្ភៈ​ សមាគមការពារសិទ្ធិមនុស្សអាដហុក បានចេញរបាយការណ៍មួយដោយរកឃើញថា ក្នុងឆ្នាំ២០២១ មានពលរដ្ឋរងគ្រោះដីធ្លី១៥៧នាក់កំពុងជាប់បណ្ដឹងអាជ្ញានិងដាក់ឱ្យស្ថិតក្រោមការត្រួតពិនិត្យតុលាការ ខណៈជនរងគ្រោះ១៧នាក់ទៀត កំពុងឃុំខ្លួនបណ្ដោះអាសន្ន ដោយសារ​ការ​តវ៉ាទាម​ទារ​ដីធ្លី​របស់​ខ្លួន។

សមាគម​មួយនេះបានទាមទារឱ្យរដ្ឋាភិបាល​បញ្ឈប់​កា​រ​ប្រើ​ប្រាស់​ប្រព័ន្ធ​តុលាការ​ចោទ​ប្រកាន់និង​ចា​ប់​ឃុំខ្លួន​ប្រជាពលរដ្ឋ​ក្នុងរឿងវិវាទដីធ្លីនៅកម្ពុជា ដោយ​​ថា ពួកគាត់គ្រាន់តែប្រើសិទ្ធិក្នុងការតវ៉ា ដើម្បីទាម​ទារ​រក​យុត្តិធម៌តែប៉ុណ្ណោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ