លោក កឹម សុខា ថា​ដល់​ពេល​ហើយ​ដែល​តុលាការ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​លើ​រូបលោក

លោក កឹម សុខា ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅផ្ទះលោក មុនទៅចូលរួមសវនាការនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៦ ខែកុម្ភៈ ឆ្នាំ២០២០។ (សាញ់ ប៊ុនហឿន)

លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការរំលាយ បានអំពាវនាវជាថ្មីម្ដងទៀតឱ្យតុលាការទម្លាក់ចោលការចោទប្រកាន់​មកលើរូបលោកពីបទ «សន្ទិដ្ឋិភាព» ឬគប់គិតជាមួយរដ្ឋបរទេសដើម្បីផ្ដួលរំលំរដ្ឋាភិបាលកម្ពុជា។

មុនពេលចេញដំណើរទៅចូលរួមសវនាការនៅព្រឹកថ្ងៃទី២ ខែមីនានេះ លោក កឹម សុខា បានថ្លែងថា រហូតមកដល់ពេលនេះ (៤ឆ្នាំ) ភាគីដើមចោទមិនមានភស្តុតាងណាមួយដើម្បីចោទប្រកាន់លោកពីបទ«គប់គិតជាមួយរដ្ឋបរទេសដើម្បីផ្តួលរំលំរដ្ឋាភិបាលកម្ពុជា»នោះទេ។ លោកថា មេធាវីរបស់លោកបានចោទសំណួរថា តើបរទេសណា?

លោកបានថ្លែងថា៖ «ដំណើរការសវនាការអស់រយៈពេលរហូតលើកទី៣១កន្លងមកនេះ គឺមិនមានភស្តុតាងរឹងមាំដើម្បីដាក់បន្ទុកថាខ្ញុំបានប្រព្រឹត្តដូចបទចោទនោះទេ។ អ្វីដែលយើងមើលទៅលើបទចោទហ្នឹង ទីមួយគឺពីបទសន្ទិដ្ឋិភាពជាមួយបរទេស ហើយរហូតមកដល់ថ្ងៃនេះ អ្នកចោទហ្នឹងអត់ទាន់ឃើញបង្ហាញថាបរទេសណា? មេធាវីយើងសួររកបរទេសណា? គាត់អត់មាន»។

លោក កឹម សុខា ចង់បានដំណោះស្រាយឆាប់ៗ ហើយថាការពន្យារពេលសំណុំរឿងរបស់លោកមកទល់​ពេលនេះ គឺអាចជាចេតនាមួយមិនចង់ឱ្យមេដឹកនាំគណបក្សនយោបាយមួយដែលជាគូប្រជែងចូលរួមបោះឆ្នោតនោះទេ។

លោកបន្ថែមថា៖ «ខ្ញុំគិតថា វាគ្រប់គ្រាន់ល្មម ដែលពេលវេលានេះ វាហួសពេលហើយ វាច្រើនពេកទៅហើយ ដើម្បីទម្លាក់ចោលបទចោទមកលើខ្ញុំហើយ។ ព្រោះអ្វី? បើយើងគិតមើល ទាំងអស់គ្នាដឹងថា ខ្ញុំជាមេដឹកនាំគណបក្សប្រឆាំងដ៏ធំនៅកម្ពុជាដែលមានសក្ដានុពលក្នុងការប្រកួតប្រជែងគ្នាតាមគោលការណ៍ប្រជាធិបតេយ្យសេរីពហុបក្ស ហើយការបោះឆ្នោតឃុំ-សង្កាត់ ការចុះឈ្មោះគណបក្សចូលក្នុងបញ្ជីចាប់ផ្ដើមហើយ ហើយមកដល់ថ្ងៃនេះ ហើយអត់ទាន់មានដំណោះស្រាយ? ប្រសិនបើអត់មានដំណោះស្រាយ គឺបង្ហាញច្បាស់ណាស់ គឺមានចេតនាមិនចង់ឱ្យមេដឹកនាំឬគណបក្សដែលជាគូប្រកួតពិត ជម្រើសពិតរបស់ប្រជាពលរដ្ឋក្នុងការបោះឆ្នោតចូលរួមបោះឆ្នោត។ អ៊ីចឹងការបោះឆ្នោតហ្នឹង គឺពិបាកហ្នឹងទទួលស្គាល់ ពិបាកនឹងថាជាការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ពិបាកណាស់»។

គួរជម្រាបជូនថា គិតត្រឹមសវនាការនៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២២នេះ គឺជាសវនាការគម្រប់លើកទី៣២ហើយ​ក្នុងសំណុំរឿងរបស់លោក កឹម សុខា។ ប៉ុន្តែតំណាងអយ្យការ និងភាគីដើមបណ្ដឹងមិនមានភស្តុតាងរឹងមាំណាមួយបញ្ជាក់ថា លោក កឹម សុខា បានគប់គិតជាមួយរដ្ឋបរទេសដើម្បីផ្ដួលរំលំរដ្ឋាភិបាលកម្ពុជានោះទេ ក្រៅតែពីភស្តុតាងជារូបថត ជាវីដេអូ ដែលជាសកម្មភាពរបស់លោក កឹម សុខា ក្នុងពេលចុះជួបប្រជាពលរដ្ឋនិងអ្នកគាំទ្រនៅក្នុងនិងក្រៅប្រទេសតែប៉ុណ្ណោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ