ប្រធានាធិបតី​តៃវ៉ាន់ នឹង​បរិច្ចាគ​ប្រាក់​បៀវត្ស​មួយខែ​របស់ខ្លួន​ដើម្បី​ជួយ​ដល់​អ៊ុយក្រែន

លោកស្រី Tsai Ing-wen ប្រធានាធិបតីតៃវ៉ាន់។ (ហ្វេសប៊ុក៖ 蔡英文 Tsai Ing-wen)

ប្រធានាធិបតីតៃវ៉ាន់ លោកស្រី សៃ អ៊ីងវេន (Tsai Ing-wen) បានឱ្យដឹងនៅថ្ងៃពុធនេះថា រូប​លោកស្រី អនុ​ប្រធានាធិបតី​ លោក William Lai និងនាយករដ្ឋមន្ត្រី លោក Su Tseng-chang នឹងបរិច្ចាគប្រាក់​បៀវត្សចំនួនមួយខែរបស់ពួកគេរៀងៗខ្លួន ដើម្បីជួយដល់ប្រទេសអ៊ុយក្រែនក្នុងការទប់ទល់ការ​ឈ្លានពានរបស់រុស្ស៊ី។

ទីភ្នាក់ងារសារព័ត៌មាន Reuters បានស្រង់សម្ដីប្រធានាធិបតីតៃវ៉ាន់ដែលបានថ្លែងប្រាប់កិច្ចប្រជុំមួយក្នុងបក្សរបស់លោកស្រី ថាអ្វីដែលប្រជាជនអ៊ុយក្រែនជួបប្រទះនៅពេលនេះបានធ្វើឱ្យពិភពលោក រួមនឹងប្រជាជនតៃវ៉ាន់ផងដែរនោះ មានការសោកសង្វេគយ៉ាងខ្លាំង។

រុស្ស៊ី​បាន​បើក​ការ​ឈ្លាន​ពាន​ទ្រង់ទ្រាយធំរបស់​ខ្លួនទៅលើអ៊ុយក្រែន​តាម​ផ្លូវ​គោក ផ្លូវ​អាកាស និង​សមុទ្ រ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍សប្ដាហ៍មុន​ ដោយពួកគេ​ចាត់ទុក​សកម្មភាព​របស់​ខ្លួន​នៅ​អ៊ុយក្រែននេះ​ថា​ជា «ប្រតិបត្តិការ​ពិសេស» មួយ។

ទោះជាយ៉ាងណា លោកស្រី សៃ អ៊ីងវេន បន្ថែមថា កម្លាំង​នៃ​លទ្ធិប្រជាធិបតេយ្យ​សកល​ដែល​គាំទ្រ​អ៊ុយក្រែន​កំពុងតែ​មាន​ការ​កើន​ឡើង​ខ្លាំង។

លោកស្រីថា៖ «ក្នុងនាមជាសមាជិកមួយនៃដៃគូសកលនៃលទ្ធិប្រជាធិបតេយ្យ តៃវ៉ាន់មិននៅស្ងៀមនោះទេ ហើយយើងគាំទ្រអ៊ុយក្រែនយ៉ាងពេញទំហឹង»។

គួរបញ្ជាក់ថា តៃវ៉ាន់កាលពីសប្ដាហ៍មុន ក៏បានប្រកាសថា ខ្លួនបានចូលរួមក្នុងការដាក់ទណ្ឌកម្មដែលដឹកនាំដោយលោកខាងលិចលើរុស្ស៊ីផងដែរ បើទោះបីជាពាណិជ្ជកម្មផ្ទាល់របស់ខ្លួនជាមួយប្រទេសនេះស្ថិតក្នុងទំហំតិចតួចក៏ដោយ។

ទាក់ទិននឹងករណីនេះ លោកស្រី សៃ អ៊ីងវេន ថ្លែងថា៖ «ខ្ញុំសង្ឃឹមថាជនរួមជាតិរបស់យើង ក៏ដូចជាដៃគូគណបក្សរបស់យើងទាំងអស់នៅក្នុងការិយាល័យសាធារណៈ អាចឆ្លើយតបយ៉ាងពេញលេញចំពោះសកម្មភាពនេះ និងបង្ហាញឱ្យបានច្បាស់ទៅកាន់ពិភពលោកថា តៃវ៉ាន់ឈរជាមួយអ៊ុយក្រែន ហើយតៃវ៉ាន់ក៏ឈរជាមួយនឹងលទ្ធិប្រជាធិបតេយ្យនិងសេរីភាពផងដែរ»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ