អ្នកវិភាគ​ថា​ការ​បង្កើត​បក្សថ្មី​របស់​ក្រុមជំទាស់​ជា​ការ​កំដរ​បក្សកាន់អំណាច បើ​គ្មាន​សំឡេង​តែមួយ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក ហេង សំរិន ប្រធានរដ្ឋសភា នៅក្នុងពិធីរំលឹកខួបនៃការបង្កើតគណបក្សប្រជាជនកម្ពុជា។ រូបភាព៖ ហេង វិចិត្រ

អ្ន​កវិ​ភាគមួយចំនួនមើលឃើញថា ការដែលក្រុមអ្នកនយោបាយជំទាស់បំបែកខ្លួនជាផ្នែកតូ​ច​ៗមកប​ង្កើ​​​ត​គណបក្សថ្មីដើម្បីចូល​រួមការបោះឆ្នោត អាច​គ្រាន់តែជាការកំដរឆាកបក្សកាន់អំ​ណាចប៉ុណ្ណោះ និង​គ្មា​នឥទ្ធិពល​ជំរុញដល់ការស្ដារប្រ​ព័​ន្ធ​ប្រជាធិបតេយ្យឱ្យប្រសើរឡើងវិញទេ បើពួ​ក​គេមិនរួបរួមគ្នាបង្កើតជា​សំឡេង​តែមួយទេនោះ។

សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ ​​លោក​ ឯម សុ​វណ្ណ​រ៉ា ​លើក​ឡើងថា ​ចរន្ត​នេះមិ​នមែន​ជាសញ្ញារីក​ចម្រើន​នៃ​ការបើ​​កលំ​ហប្រជា​ធិប​តេយ្យ ឬសេ​​រីភាពនៃការបញ្ចេញមតិខាងនយោបាយទេ តែ​ជា​ឱកា​សព​ង្រឹង​ស្ថិ​រភាព​​អំណាច​រប​ស់គណបក្សកាន់អំណាច។

លោកថា៖ «ដោយឡែក វាជាឱកាសរបស់គណបក្សប្រជាជនកម្ពុជាអាចបន្តពង្រឹងអំណាចរបស់ខ្លួន ហើ​​​យណាមួយរក្សានូវភាពឈ្នះលើអ្នកនយោបាយផ្សេងៗ ដែលជាស្ថិរភាពសម្រាប់អ្នកនយោបាយជំ​នាន់​ថ្មីរបស់គណបក្សកាន់អំណាច»។

លោកថា ដើម្បីជំរុញឱ្យមានការ​​ស្ដារ​ប្រព័ន្ធប្រជាធិ​បតេយ្យឡើងវិញ លុះណាតែអ្នកន​យោ​​បាយនៅក្រៅ​​រដ្ឋាភិបាលទាំងនោះអាចរួមគ្នាជាសំឡេងតែមួយបាន ហើយទាមទារឱ្យធ្វើកំណែទម្រង់ប្រព័ន្ធបោះ​ឆ្នោ​តជាមុន។

លោកថា៖ «បើគាត់គ្មានការស្រុះស្រួលគ្នាដាក់លក្ខខណ្ឌទៅរដ្ឋាភិបាល ឬគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ឬសហគមន៍អន្តរជាតិ ឱ្យអន្តរាគមន៍ទៅលើប្រព័ន្ធបោះឆ្នោតទេ មានស្អីទៅប្រកួតជា​មួ​យ​​បក្ស​កាន់អំណាច? ហើយមានលទ្ធភាពស្អីទៅដណ្ដើមអាសនៈពីគណបក្សកាន់អំណាច? វាអត់មាន! បើយើ​ងមើលតាមទិដ្ឋភាពហ្នឹង»។

អ្នក​ស្រាវជ្រាវ​នៅវិទ្យាស្ថានខ្មែរសម្រាប់ប្រតិបត្តិការនិងសន្តិភាព លោក វណ្ណ ប៊ុនណា ហៅចរន្តចាកចេញម​ក​បង្កើតគណបក្សថ្មីរបស់ក្រុមអ្នកនយោបាយប្រឆាំង​នេះ ជា​ស​ញ្ញា​បែកបាក់មួយ ដើម្បីតែកំដរបក្ស​កាន់អំណាចនៅអាណត្តិខាងមុខទៀត បើពួកគេមិនអាចរួមគ្នាបាន។

លោកថា៖ «អ្វីដែលគណបក្សតូចៗដែលគាត់ចេញមកបង្កើតបក្សច្រើន ចូលរួមបោះឆ្នោតច្រើនសព្វថ្ងៃនេះ វាគ្រាន់តែកំដរគណបក្សប្រជាជនទេ។ ការបើកលំហប្រជាធិបតេយ្យ វាអាស្រ័យលើគណបក្សប្រជាជន ថាគាត់ត្រូវបើកប៉ុន្មានតាមយុទ្ធសាស្ត្ររបស់គាត់»។

លោកមើលឃើញថា បើទោះបីគណបក្សភ្លើងទៀន ដែលជាអតីតគណបក្សសមរង្ស៊ី ហាក់មានកម្លាំងគាំទ្រច្រើន​នៅមូលដ្ឋាន​ក៏​ពិតមែន ប៉ុន្តែថាសំឡេងនេះមិនអាចប្ដូរគោលនយោបាយបក្សកា​ន់អំ​ណាចបានទេ ។

លោកថា៖ «ព្រោះគណបក្សប្រជាជនគាត់គិតថា អាហ្នឹងជាការបើកឱ្យមានលំហប្រជាធិបតេយ្យ ដែលធ្វើឱ្យគេមើលឃើញថាកម្ពុជាមានការបោះឆ្នោតដោយត្រឹមត្រូវ [..] បើទោះបីគណបក្សភ្លើងទៀនមានប្រ​​ជាប្រិយភាពមែន តែវាមិនទាន់ដល់កម្រិតប្រកួតប្រជែង ឬគ្រោះថ្នាក់ដល់អំណាចគណបក្សប្រជាជនទេ»។

យ៉ាងណា អ្នកនាំពាក្យគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា ច្រានចោលការលើកឡើងនេះ។

លោកថា៖ «អ្នកដែលធ្វើទេ ដែលគេបម្រើរាស្ត្រពិតប្រាកដ គេនៅជាមួយប្រជាពលរដ្ឋពិតប្រាកដ ត្រឹមតែមេឃុំចៅសង្កាត់ហ្នឹងក៏គេអាចជួយប្រជាពលរដ្ឋបានដែរ។ ហើយអ្នកដែលអត់បានធ្វើអីសោះ ហើយលើកឡើង​ថាគ្រាន់តែជាអ្នកកំដរ អ្នកហ្នឹងឯងដែលកំដរ»។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ចាត់ទុក​ការចេញមកបង្កើតគណប​ក្ស​ថ្មី​របស់អតីតមន្ត្រីបក្សប្រឆាំង ជាសិទ្ធិ​ដែលមានធានាដោយរដ្ឋធម្មនុញ្ញ។

នាយកប្រតិបត្តិអង្គការអភិវឌ្ឍន៍ផ្នត់គំនិត លោកបណ្ឌិត សេក សុជាតិ មើលឃើញថា បើអ្នកនយោបាយអះអាង​ថាជាអ្នកប្រជាធិបតេយ្យដូចគ្នា តែបែរជាធ្វើការមិនចុះសម្រុងគ្នានោះ ជាសារបង្ហា​ញ​ថា ពួកគេខ្វះភាពគំរូក្នុងការផ្ដល់ទំនុចចិត្តដល់ប្រជាពលដ្ឋដែលចង់បានលទ្ធិប្រជាធិបតេយ្យពិតប្រា​​កដនៅកម្ពុជា។

បើតាមសេចក្ដីប្រកាស​របស់ក្រសួងមហាផ្ទៃជាបន្តបន្ទាប់ បច្ចុប្បន្ន​មានគណបក្សថ្មីចំនួន៨ដែលកើតចេ​ញពីស្ថាបនិកអតីតមន្ត្រីបក្សប្រឆាំង ក្នុងនោះមាន គណបក្សខ្មែរស្រ​ឡា​ញ់ជាតិ  គ​ណ​បក្សកែទម្រង់កម្ពុជា និងគណបក្សភ្លើងទៀន ជាដើម ខណៈគ​ណ​​ប​ក្សសង្គ្រោះ​ជាតិត្រូវបានបន្តបិទខ្ទប់ដោយសាលដី​កាតុ​​លាការកំពូល ចាប់ពីថ្ងៃទី១៦ ខែវិឆ្ឆិកា ឆ្នាំ២០១៧មក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ