កម្ពុជា​បោះឆ្នោត​ថ្កោលទោស​រុស្ស៊ី​ឈ្លានពាន​លើ​ប្រទេស​អ៊ុយក្រែន

លោកប្រធានាធិបតីរុស្ស៊ី ពូទីន អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូល អាស៊ាន-រុស្ស៊ី លើកទី៣ នៅប្រទេសសិង្ហបុរី កាលពីរសៀលថ្ងៃទី១៤ វិច្ឆិកា ២០១៨។ (ហ្វេសប៊ុកលោក ហ៊ុន សែន)

តំណាងកម្ពុជាប្រចាំនៅអង្គការសហប្រជាជាតិ អ.ស.ប បានបោះឆ្នោតគាំទ្រលើដីកាដំណោះស្រាយ ស្ដីពីវិបត្តិសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន នៅឯមហាសន្និបាតអង្គការសហប្រជាជាតិ កាលពីថ្ងៃទី២ ខែមីនា ដោយទទូចទាមទារឱ្យរុស្ស៊ីបញ្ឈប់ជាបន្ទាន់នូវការប្រើប្រាស់កម្លាំងប្រឆាំងនឹងអ៊ុយក្រែន ព្រមទាំងត្រូវដកកងកម្លាំងយោធារបស់ខ្លួនចេញពីប្រទេសអ៊ុយក្រែនវិញ។

ផ្អែកតាមលទ្ធផលបោះឆ្នោតដោយមហាសន្និបាតអង្គការសហប្រជាជាតិកាលពីម្សិលមិញនេះបានបង្ហាញថា កម្ពុជា គឺជាប្រទេសមួយក្នុងចំណោមប្រទេសចំនួន១៤១ ដែលបានបោះឆ្នោតគាំទ្រលើដីកាដំណោះស្រាយរបស់មហាសន្និបាតអង្គការសហប្រជាជាតិដែលមានឈ្មោះថា «ការរួបរួមដើម្បីសន្តិភាព»

ដីកាស្ដីពីដំណោះស្រាយនេះបានទទូចទាមទារឱ្យប្រទេសរុស្ស៊ីបញ្ឈប់ជាបន្ទាន់នូវការប្រើប្រាស់កងកម្លាំងប្រឆាំងនឹងប្រទេសអ៊ុយក្រែន ហើយមិនតែប៉ុណ្ណោះ រុស្ស៊ីត្រូវតែដកកងកម្លាំងយោធារបស់ខ្លួនទាំងអស់ចេញពីទឹកដីអ៊ុយក្រែនផងដែរ។

អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផាន បានពន្យល់ថា នេះគឺជាជំហររបស់កម្ពុជាដែលផ្ដល់តម្លៃទៅលើសិទ្ធិមនុស្សជាសំខាន់ ជាជាងរឿងនយោបាយ។

លោកមានប្រសាសន៍ថា៖ «នេះមិនមែនជារឿងនយោបាយ គឺជារឿងតម្លៃនៃមនុស្ស [Human Value] ទោះបីជាអ្នកហ្នឹងជនជាតិណាក៏ដោយ ស្ថិតនៅក្នុងសភាពណាក៏ដោយ ត្រូវតែទទួលបានការគោរពនៃតម្លៃមនុស្សជាតិនោះឯង ជាពិសេសសិទ្ធិរស់រានមានជីវិតនេះ»។

លោកបន្តថា៖ «វាជាជំហររបស់កម្ពុជា ជំហររបស់កម្ពុជា គឺចាប់ផ្ដើមតាំងពីឆ្នាំ១៩៧៩ ថ្ងៃទី៧ មករា ហ្នឹង! យើងតែងតែនិយាយអំពីសិទ្ធិរស់រានមានជីវិត»។

ផ្ទុយពីជំហររបស់កម្ពុជា ប្រទេសចិន វៀតណាម និងឡាវ រួមទាំងប្រទេសចំនួន៣២ទៀតបានបោះឆ្នោតអនុប្បវាទ ខណៈប្រទេសចំនួន៥ រួមមាន ប្រទេសកូរ៉េខាងជើង បេឡារុស អេរីត្រេ រុស្ស៊ី និងប្រទេសស៊ីរី បានបោះឆ្នោតប្រឆាំង។

សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសកម្ពុជានៅថ្ងៃទី៣ ខែមីនានេះបានគូសបញ្ជាក់ថា កម្ពុជាមិនត្រឹមតែជាប្រទេសដែលបោះឆ្នោតគាំទ្រថ្កោលទោស​នេះទេ កម្ពុជាក៏បានសម្រេចចិត្តចូលរួមជាមួយប្រទេសសហស្ថាបនិកនៃសេចក្តីសម្រេចចិត្តនៃកិច្ចប្រជុំពិសេសបន្ទាន់របស់មហាសន្និបាតអង្គការសហប្រជាជាតិ ស្តីពីស្ថានការណ៍នៅក្នុងប្រទេសអ៊ុយក្រែននេះថែមទៀត។

សេចក្តីថ្លែងការណ៍បន្តថា នៅក្នុងកិច្ចប្រជុំនោះ កម្ពុជាបានសម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំងចំពោះភាពធ្ងន់ធ្ងរនៃស្ថានការណ៍ដែលកំពុងតែកើនឡើង និងលក្ខខណ្ឌមនុស្សធម៌កាន់តែអាក្រក់ឡើង ដែលបណ្តាលមកពីអារិភាពយោធាដែលកំពុងបន្តកើតឡើងនៅក្នុងប្រទេសអ៊ុយក្រែន។ កម្ពុជាមានជំនឿចំពោះ​កិច្ចសន្ទនា និងការទូត ដើម្បីទប់ស្កាត់ស្ថានការណ៍កុំឱ្យចេញផុតពីការគ្រប់គ្រង និងដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ហើយថា កម្ពុជាបានរក្សាជំហរម៉ឺងម៉ាត់របស់ខ្លួនថា រដ្ឋជាសមាជិកទាំងអស់ត្រូវតែគោរពអធិបតេយ្យភាព បូរណភាពដែនដី និងឯករាជ្យភាពនយោបាយរបស់រដ្ឋជាសមាជិកផ្សេងទៀត។

នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការ​​សិទ្ធិមនុស្សលីកាដូ លោក អំ សំអាត មិនភ្ញាក់ផ្អើលចំពោះជំហររបស់កម្ពុជានេះទេ ពីព្រោះវាជាជំហរដាច់ខាត​ដែលប្រទេសនីមួយៗត្រូវតែគាំទ្រដើម្បីបញ្ឈប់នូវសង្គ្រាមឈ្លានពាន។ ផ្ទុយទៅវិញ ប្រសិនបើកម្ពុជាមិនបោះឆ្នោតគាំទ្រវិញនោះ វានឹងធ្វើឱ្យប៉ះពាល់ដល់​គោលនយោបាយការបរទេសរបស់កម្ពុជាក្នុងនាមជាប្រធានអាស៊ាន ជាមួយបណ្ដាប្រទេសលោកសេរី និងប្រទេសជាច្រើននៅលើពិភពលោក។

លោក អំ សំអាត ថ្លែងថា៖ «យើងឃើញហើយថា នៅអ៊ុយក្រែន ទូទាំងពិភពលោក គឺគេមើលឃើញថា វាជាសង្គ្រាមឈ្លានពានរបស់រុស្ស៊ីទៅលើប្រទេសអ៊ុយក្រែន។ អ៊ីចឹងខ្ញុំយល់ស្រប គាំទ្រនូវជំហររបស់រាជរដ្ឋាភិបាលដែលប្រកាសប្រឆាំងដាច់ខាតចំពោះការឈ្លាន​ពាន​របស់រុស្ស៊ីទៅលើប្រទេសអ៊ុយក្រែន»។

ប៉ុន្តែនៅមុនពេលមានការបោះឆ្នោតនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសុំការយោគយល់ពីប្រទេសរុស្ស៊ី​ និងបានអះអាងថា កម្ពុជាពិបាកក្នុងការប្រកាន់ជំហរនៅក្នុងសង្គ្រាមរវាងប្រទេសរុស្ស៊ី និងអ៊ុយក្រែន ដោយសារបច្ចុប្បន្នសង្គ្រាមនេះមិនមែនជាសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនទៀតទេ តែជាសង្គ្រាមរវាងរុស្ស៊ី និងអឺរ៉ុបទៅហើយ។

យ៉ាងណា លោកបញ្ជាក់ថា ជំហររបស់កម្ពុជានៅក្នុងសណ្ដាប់ធ្នាប់អន្តរជាតិថ្មីនេះ គឺកម្ពុជាជំទាស់ជាដាច់ខាតចំពោះការប្រើប្រាស់កម្លាំង និងការគំរាមប្រើប្រាស់កម្លាំង ដើម្បីប្រឆាំងនឹងប្រទេសណាមួយ។

លោកបានថ្លែងដូច្នេះថា៖ «បើសិនវាគ្រាន់ជាបញ្ហារវាងរុស្ស៊ីនិងអ៊ុយក្រែន យើងងាយនឹងបញ្ហាប្រកាន់ឥរិយាបថ ប៉ុន្តែឥលូវវាមិនទៅជាអ៊ីចឹងទេ អន្តរជាតិតូបនីយកម្មសង្គ្រាម ឬអាចថា អឺរ៉ុបនីយកម្មសង្គ្រាម នៅលើទឹកដីអ៊ុយក្រែន តាមរយៈការបើកច្រកឱ្យពលរដ្ឋរបស់ខ្លួនចូលទៅធ្វើទាហានអ៊ុយក្រែនបាន នៅម្ខាង ឯម្ខាងទៀត គឺផ្ដល់អាវុធ ផ្ដល់ទាំងយន្តហោះចម្បាំងទៀត»។

កាលពីថ្ងៃទី១ ខែមីនា ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា លោក ហ្សាក់ ប៉ឺឡេ និងលោក គ្រីស្យង់ ប៊ែរហ្សេ ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំកម្ពុជា បានស្នើឱ្យប្រទេសកម្ពុជាមិនត្រឹមតែបោះឆ្នោតគាំទ្រដំណោះស្រាយមួយ​ដែលកំពុងដាក់ជូនអង្គប្រជុំវិសាមញ្ញបន្ទាន់នៃមហាសន្និបាតអង្គការសហប្រជាជាតិ ហើយថា កម្ពុជាគួរធ្វើជាប្រទេសផ្ចុងផ្ដើមរកដំណោះស្រាយនេះជាមួយប្រទេសផ្សេងៗទៀត។

នៅក្នុងជំនួបជាមួយលោកស្រី សឿង រ័ត្នចាវី រដ្ឋលេខាធិការក្រសួងការបរទេសកម្ពុជា ឯកអគ្គរដ្ឋទូតទាំងពីរក៏បានអំពាវនាវឱ្យកម្ពុជាចូលរួមយ៉ាងសកម្មនៅក្នុងចលនាអន្តរជាតិ ដើម្បីគាំទ្រប្រទេសអ៊ុយក្រែន ហើយថ្កោលទោសការឈ្លានពានរបស់រុស្ស៊ីទៅលើប្រទេសអ៊ុយក្រែន។

ឯកអគ្គរដ្ឋទូតទាំងពីរបន្តថា ករណីប្រឈមនឹងការឈ្លានពានរបស់រុស្ស៊ីលើប្រទេសអ៊ុយក្រែន ដែលជាការរំលោភលើគោលការណ៍គ្រឹះសំខាន់បំផុតនៃសណ្ដាប់ធ្នាប់អន្តរជាតិ ការបោះឆ្នោតអនុប្បវាទមិនមែនជាជម្រើសនោះទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ