ដីព្រៃ​ជាង​១០ហិកតា​ក្នុង​តំបន់​ការពារ​នៅ​ខេត្តកំពង់ឆ្នាំង រង​ការ​ឈូសឆាយ​ដោយ​ខុសច្បាប់

ដីព្រៃដែលត្រូវបានជនខិលខូចធ្វើការឈូសឆាយធ្វើជាកម្មសិទ្ធិ ស្ថិតនៅស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ (ផ្ដល់ឱ្យ)

ដីព្រៃ​ជាង​១០ហិកតា​នៅតំបន់​ការពារ​ ស្ថិតក្នុងឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង រងការឈូសឆាយពីសំណាក់​ជន​ខិល​ខូច​ដោយ​ខុស​ច្បាប់ ខណៈអាជ្ញាធរកំពុងស្វែងរកអ្នកពាក់ព័ន្ធ​​មកដោះស្រាយតាមផ្លូវច្បាប់។

នាយសង្កាត់រដ្ឋបាលព្រៃឈើខ្សែតដំរីស លោក អៀម ហៀង ឱ្យដឹងថា ដីព្រៃជាង១០ហិតាក្នុងតំបន់គម្របព្រៃឈើឆ្នាំ២០០២ ស្ថិតនៅភូមិកោះខ្ទម ឃុំជៀប ត្រូវបានជនខិលខូ​ច​​លួច​កាប់​រាននិង​ឈូស​ឆាយ​នា​ពេល​ថ្មីៗនេះ ដោយ​គ្មានលិខិត​អនុញ្ញាត​ពី​រដ្ឋបាលព្រៃឈើឡើយ។

លោក​អះអាងថា ក្នុងដីព្រៃ​ដែលរងការឈូសឆាយនោះមាន​ដី​គម្រប​ព្រៃឈើឆ្នាំ​២០០២ ប្រហែលជាង២ហិកតាប៉ុណ្ណោះ ខណៈជិត១០ហិកតាទៀត ស្ថិតក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់។

លោកបន្តថា លោកមិនបានដឹងមុន ឬជាប់ពាក់ព័ន្ធជាមួយសកម្មភាពឈូសឆាយនេះទេ ហើយ​ក្រោយ​ទទួល​បាន​ព័ត៌មាន​​​នេះ លោក​បាន​ចុះទៅ​ពិនិត្យ​ផ្ទាល់និង​ធ្វើរបាយការណ៍ជូនថ្នាក់លើ ដើម្បីមានវិធានការឬចំណាត់ការ និងស្រាវជ្រាវរកអ្នកពាក់ព័ន្ធមកទទួលខុសត្រូវ។

លោកបន្ថែមថា៖ «ឥលូវនេះ ខាងរដ្ឋបាលព្រៃយើងមានចំណាត់ការហើយ។ កាលណារកម្ចាស់អត់ឃើញ យើងនឹងចេញសេចក្ដីជូនដំណឹងរយៈពេល១ខែ កាលណាចេញសេចក្ដីជូនដំណឹងហ្នឹងហើយ ម្ចាស់នៅតែអត់​ចូលខ្លួនមកដោះស្រាយទេ អាហ្នឹងយើងនឹងចងក្រងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីស្រាវជ្រាវបន្តទៀត»

ពលរដ្ឋខេត្តកំពងឆ្នាំងម្នាក់ លោក សុខ ឧត្ដម ដែលចុះពិនិត្យដល់ទីតាំងដីផ្ទាល់ បានដាក់ការសង្ស័យថា ការដែលបណ្ដែតបណ្ដោយឱ្យមានការឈូសឆាយដីព្រៃក្នុងតំបន់ការពារអស់ក្នុងចំនួនច្រើនបែបនេះ អាចជាប់​ពាក់ព័ន្ធ​អំពើពុក​រលួយ ឬ​ការគប់គិតគ្នា​ណាមួយរវាងអាជ្ញាធរមូលដ្ឋាននិងជនល្មើស។

ពលរដ្ឋរូបនេះបាន​ជំរុញឱ្យមានការស្រាវជ្រាវនិងស្វែងរកឱ្យពិតប្រាកដមួយ ដើម្បីចាប់​ជន​ល្មើសនិងអ្នកពាក់ព័ន្ធមកទទួលខុសតាមផ្លូវច្បាប់។

លោកបន្ថែមថា៖ «ការឈូសឆាយទំហំជាង១០ហិកតា មិនមែនឈូសឆាយតែមួយថ្ងៃរួចនោះទេ។ ចុះហេតុ​អី​អាជ្ញាធរភូមិឃុំស្រុកនិងជំនាញមិនដឹង? ប្រហែលជាមានការបើកភ្លើងខៀវឬយ៉ាងណា»

កាល​ពី​ចុង​ឆ្នាំ​២០២១ អាជ្ញាធរខេត្តកំពង់ឆ្នាំង​ ក៏បាន​រក​ឃើញនិង​ដក​ហូតដី​ទំហំ​៧១១ហិកតារបស់គម្របព្រៃឈើ​២០០២ ស្ថិតនៅ​​ស្រុកទឹក​ផុស មក​ទុក​ជា​សម្បត្តិរដ្ឋវិញ​ផង​ដែរ ក្រោយ​ពី​ជន​ខិល​ខូច​លួចឈូស​ឆាយធ្វើកម្មសិទ្ធិ។

មន្ត្រីសម្រប​សម្រួល​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស (ADHOC) ប្រចាំ​ខេត្ត​កំពង់​ឆ្នាំង លោក សំ ចាន់គា បាន​ជំរុញ​ទៅ​អាជ្ញាធរ​ពាក់​ព័ន្ធ​ស្វែងរកចាប់ជន​ល្មើស​មក​ផ្ដន្ទាទោស​តាម​ច្បាប់ ដោយ​​ឈរ​លើ​​គោល​​ការណ៍​យុត្តិ​ធម៌និង​​ស្មើភាព​គ្នា មិន​ថាជនល្មើសជាអ្នកមានលុយមានអំណាចឬពលរដ្ឋក្រក្រីឡើយ។

មន្ត្រីសិទ្ធិមនុស្សរូបនេះលើកឡើងថា កន្លងមក​ អាជ្ញាធរចាត់វិធានការបានតែប្រជាពលរដ្ឋក្រីក្រប៉ុណ្ណោះ ខណៈ​អ្នក​មាន​លុយមាន​អំណាច​ មិន​ត្រូវ​បាន​ផ្ដន្ទាទោសឡើយ។

លោកបន្ថែមថា៖ «ខ្ញុំសំណូម​ពរ​ឱ្យការអនុវត្តច្បាប់ហ្នឹងមានភាពយុត្តិធម៌។ យើង​បារ​ម្ភ​ខ្លាចដូច​ចំណាត់ការកន្លងមក យើងឃើញថា ការនាំខ្លួន ការ​កោះហៅ ការ​អនុវត្ត​ហ្នឹង បាន​លើតែពលរដ្ឋ​ទន់​ខ្សោយ​ទេ។ ឯ​អ្នក​​ដែល​​​មា​​ន​អំណាចនិងមន្ត្រីរាជការដែលមានកំហុសធ្ងន់ធ្ងរហ្នឹង មិនត្រូវបាននាំមកដាក់ទោសទេ។ អ៊ីចឹង​​យើងសង្ឃឹម​ថា រដ្ឋាភិបាលនឹងអនុវត្តជាទូ​ទៅ ផ្ដល់​ភាព​យុត្តិធម៌ទាំង​ពលរដ្ឋ ​និង​មន្ត្រីទាំង​អស់»

មាត្រា៩៧ នៃច្បាប់ស្ដីពីព្រៃឈើ ចែងថា ការ​កាប់​រានព្រៃ ឬហ៊ុមព័ទ្ធ​កាន់កាប់ដីព្រៃ ត្រូវផ្ដន្ទាទោសពី៥ទៅ១០ឆ្នាំ និងត្រូវរឹបអូសវត្ថុតាងទាំងអស់មកទុកជាសម្បត្តិរដ្ឋវិញ ដកហូតកិច្ចព្រមព្រៀង អាជ្ញាបណ្ណ លិខិតអនុញ្ញាត ​រួមទាំងកម្ទេច​ចោលវត្ថុ​តាង​ក្លែង​បន្លំ។

ចំណែក​មាត្រា១០០នៃច្បាប់ដដែលនេះ ចែងថា ប្រសិនបើបទល្មើសនោះប្រព្រឹត្តដោយមន្ត្រីអាជ្ញាធរដែនដី មន្ត្រីនគរបាល មន្ត្រីយោធា និងមន្ត្រីអាជ្ញាធរផ្សេងទៀត ដោយបានធ្វើអន្តរាគមន៍ ផ្ដល់ការអនុញ្ញាតឬប្រយោល ដើម្បីជួយដល់សកម្មភាពល្មើសគ្រប់យ៉ាង ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី១ឆ្នាំទៅ៥ឆ្នាំ និងពិន័យពី១០លានរៀលទៅ១០០លានរៀល៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ