អ៊ុយក្រែន​ថា​កងកម្លាំង​រុស្ស៊ី​យក​បាន​រោងចក្រ​ថាមពល​នុយក្លេអ៊ែរ​ធំមួយ​របស់ខ្លួន

រោងចក្រនុយក្លេអ៊ែរកំពុងតែត្រូវបានកងកម្លាំងរុស្ស៊ីធ្វើការវាយប្រហារ។ (ហ្វេសប៊ុក៖ Володимир Зеленський)

កងកម្លាំងយោធារុស្ស៊ី បានចូលកាន់កាប់រោងចក្រ Zaporizhzhia ដែលជារោងចក្រថាមពលនុយក្លេអ៊ែរ​ដ៏ធំបំផុត​របស់អឺរ៉ុបនៅភាគអាគ្នេយ៍នៃប្រទេសអ៊ុយក្រែន។ នេះបើតាមរដ្ឋបាលរដ្ឋក្នុងតំបន់ដែល​បានឱ្យដឹងនៅថ្ងៃសុក្រនេះ។

ទីភ្នាក់ងារសារ​ព័ត៌មាន Reuters បានស្រង់ការលើកឡើងរបស់អធិការកិច្ចនុយក្លេអ៊ែរអ៊ុយក្រែន តាមរយៈរដ្ឋបាលរដ្ឋក្នុងតំបន់នោះ​ថា៖ «បុគ្គលិកប្រតិបត្តិការទាំងឡាយបច្ចុប្បន្ន កំពុងតែត្រួតពិនិត្យស្ថានភាពនៃថាមពលក្នុងរោងចក្រ»។

អ៊ុយក្រែនបានឱ្យដឹងថា រោងចក្រថាមពលមួយនេះ ដំបូងឡើយត្រូវបានវាយប្រហារដោយកងកម្លាំងរុស្ស៊ីនៅព្រឹកព្រលឹមថ្ងៃសុក្រ ដោយបានបង្កឱ្យទីតាំងហ្វឹកហាត់កម្ពស់៥ជាន់​ដែលនៅជាប់នឹងរោងចក្រនេះមួយកន្លែងរងការឆាបឆេះ។

ជាមួយគ្នានេះ រដ្ឋមន្ត្រីក្រសួងថាមពល​អាមេរិក​ អ្នក​ស្រី Jennifer Granholm ក៏បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍ម្សិលមិញថា រ៉េអាក់ទ័រនៅរោងចក្រថាមពល Zaporizhzhia គឺត្រូវបានការពារដោយរចនាសម្ព័ន្ធទប់ស្កាត់ដ៏រឹងមាំ ហើយក៏កំពុងតែត្រូវបានបិទដោយសុវត្ថិភាពផងដែរ។

អ្នក​ស្រីបន្ថែមថា ខ្លួនក៏បានជជែកជាមួយរដ្ឋមន្ត្រីថាមពលរបស់អ៊ុយក្រែន ដើម្បីធ្វើបច្ចុប្បន្នភាពអំពីស្ថានភាពនៅរោងចក្រនេះផងដែរ។

គួរបញ្ជាក់ថា ភាពតានតឹងរវាង​រុស្ស៊ី និងអ៊ុយក្រែន ក្នុងរយៈពេលចុងក្រោយនេះ​ បាន​ចាប់ផ្តើមកើនឡើងខ្លាំង ខណៈរុស្ស៊ីបន្តព្យាយាមដាក់សម្ពាធ​មកលើ​អ៊ុយក្រែនតាមរយៈការចលនា​ទ័ពរបស់ខ្លួនចូលមកឈ្លានពានប្រទេសមួយនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ