សមត្ថកិច្ច​ចាប់ខ្លួន​បុគ្គលិក​ណាហ្គាវើលដ៍​ជិត​២០០នាក់​បញ្ជូន​ទៅ​ខណ្ឌព្រែកព្នៅ ខណៈ​ពួកគេ​បន្ត​ធ្វើ​កូដកម្ម​ជាថ្មី

អាជ្ញាធររាជធានីភ្នំពេញ និងមន្ត្រីសុខាភិបាល ចាប់បង្ខំកូដករណាហ្គាវើលដ៍ចូលរថយន្តក្រុងដឹកទៅមណ្ឌលចត្តាឡីស័កខណ្ឌព្រែកព្នៅ អំឡុងពេលពួកគេតវ៉ាជាថ្មីពាក់ព័ន្ធដំណោះស្រាយការងារនៅមុខណាហ្គាវើលដ៍ទី២ ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២២។ (កូដករ)

សមត្ថកិច្ចរាជធានីភ្នំពេញ បានចាប់ខ្លួនក្រុមកូដករណាហ្គាវើលដ៍ជិត២០០នាក់ដាក់ចូលរថយន្ត និងបញ្ជូនទៅទុកចោលនៅមណ្ឌលចត្តាឡីស័ក ក្នុងខណ្ឌព្រែកព្នៅ នៅរសៀលថ្ងៃចន្ទនេះ ខណៈពួកគេបន្តចេញធ្វើកូដកម្មជាថ្មីទៀតនៅមុខក្រុមហ៊ុន។

កូដករ​ក្រុមហ៊ុនណាហ្គាវើលដ៍ កញ្ញា​ សៀក បញ្ញា និយាយថា ក្រោយពីក្រុមកូដករធ្វើចត្តាឡីស័កតាមការណែនាំរបស់ក្រសួងសុខាភិបាលប្រហែល១សប្ដាហ៍កន្លងទៅនេះ ពួកគេបាននាំគ្នាបន្តធ្វើកូដកម្មជាថ្មីទៀតនៅមុខក្រុមហ៊ុនណាហ្គាវើលដ៍ទី២ នៅប្រហែលម៉ោង១កន្លះ។ ប៉ុន្តែត្រូវបានសមត្ថកិច្ចនិងកងសន្តិសុខ​ខណ្ឌ ចុះរារាំងនិងចាប់បញ្ជូនពួកគេជិត២០០នាក់ (១៧៩នាក់ ក្នុងនោះស្រី១៥២នាក់) ដាក់ក្នុងរថយន្តដឹកយកទៅទុកចោលនៅមណ្ឌលចត្តាឡីស័ក ក្នុងខណ្ឌព្រែកព្នៅ នារសៀលថ្ងៃទី៧ ខែមីនានេះ ខណៈពួកគេបន្តចេញធ្វើកូដកម្មជាថ្មីទៀតនៅមុខក្រុមហ៊ុន។

កញ្ញានិយាយថា៖ «ពួកខ្ញុំអត់មានខុសអីទេ ពួកខ្ញុំដើរតាមនីតិវិធីផ្លូវច្បាប់ ទាំងក្រសួងការងារ ទាំងក្រសួងសុខាភិបាល ខ្ញុំគោរពតាមទាំងអស់ ប៉ុន្តែដល់ពេលខ្ញុំចប់ធ្វើចត្តាឡីស័កហើយ ពួកខ្ញុំចេញមកទាមទារឱ្យក្រុមហ៊ុនណាហ្គាវើលដ៍ គាត់បែរជាប្រើអាជ្ញាធរមកចាប់ពួកខ្ញុំមកព្រែកព្នៅ។ សួរថាចាប់ពួកខ្ញុំធ្វើអ្វីទៀត? ហើយចាប់ពួកខ្ញុំយកមកទម្លាក់ចោលហាលក្ដៅ និយាយរួម ពួកគាត់ធ្វើមកលើ[យើង] យកព្រៃផ្សៃហ្មង»។

កូដករម្នាក់ទៀត អ្នកស្រី ម៉ៅ គឹមឡាយ មានប្រសាសន៍ថា ដើមចមដែលនាំឱ្យកូដករនាំគ្នាធ្វើកូដកម្មជាថ្មីទៀតនៅរសៀលថ្ងៃចន្ទនេះ ដោយសារតែពួកគេបានអនុវត្តវិធានសុខាភិបាលរួចហើយ។ ប៉ុន្តែអ្នកស្រីចាត់ទុកការចាប់ខ្លួនក្រុមកូដករថា ជាការបំបិទសិទ្ធិសេរីភាពក្នុងការជួបជុំដោយសន្តិវិធី ផ្ទុយនឹងច្បាប់ជាតិនិងសន្ធិសញ្ញាអន្តរជាតិ។

ទោះជាបែបនេះក្ដី កូដកររូបនោះបញ្ជាក់ថា ក្រុមកូដករមិនខ្លាចញញើតនឹងការចាប់ខ្លួននោះទេ ដោយសារពួកគេធ្វើកូដកម្មដោយសន្តិវីធីស្របតាមច្បាប់។

អ្នកស្រីមានប្រសាសន៍ថា៖ «ចេះតែចាប់ ហើយចង… ម៉េចមិនព្រមដោះស្រាយឱ្យគ្នា អត់អាណិតខ្មែរដូចគ្នាទេអី​? គ្មានខ្លាចបន្តិចទេ បើខ្លាច គេមិនចេញពីផ្ទះទៅទេ។ យើងត្រូវតែទៅ ដើម្បីឆ្នាំងបាយយើង ធ្វើអ្វីដើម្បីយុត្តិធម៌»។

វីអូឌី មិនអាចសុំការបំភ្លឺពីស្នងការនគរបាលរាជធានីភ្នំពេញ លោក ស ថេត និងអ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក សាន សុខសីហា បានទេ នៅរសៀលថ្ងៃចន្ទនេះ។

នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត យល់ឃើញថា ការនាំខ្លួនកូដករក្នុងថ្ងៃចន្ទជាថ្មីទៀតនេះ គឺជាយុទ្ធសាស្រ្ដដដែលៗ។ ករណីនេះ លោកថា មិនអាចដោះស្រាយ​បញ្ចប់វិវាទរវាងក្រុមហ៊ុន និងក្រុមកូដករណាហ្គាវើលដ៍បាននោះទេ។

លោកបានបន្តទៀតថា៖ «រឿងនេះកើតឡើងដោយសារវិវាទការងារ អ៊ីចឹងក្រសួងការងារនិងស្ថាប័នពាក់ព័ន្ធត្រូវធ្វើអន្តរាគមន៍យ៉ាងម៉េច ដើម្បីឱ្យក្រុមហ៊ុនណាហ្គាវើលដ៍ជាមួយក្រុមកូដករចរចាគ្នា ដើម្បីបញ្ចប់វិវាទការងារហ្នឹង បានបញ្ចប់រឿងហ្នឹងបាន»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​កាលពីថ្ងៃ២៤ ខែកុម្ភៈ អង្គ​ការសមាគមចំនួន៥១ស្ថាប័ន​ដែល​ចេ​ញ​សេ​ច​ក្ដីថ្លែ​ងការ​ណ៍រួម លើកឡើងថា មួយ​​​​​​​​​​​​​​​​​​​​​​​​​​​រយៈមកនេះ​ កូដករណា​ហ្គាវើ​លដ៍​ ដែល​​ភាគ​​ច្រើន​ជា​ស្ត្រី ​បា​ន​​រង​​នូវ​​អំពើ​ហិង្សា​ កា​របៀតបៀនផ្លូវភេទ​​ ​រួមទាំង​​កា​រ​​ប្រើវិ​​ធានសុ​ខាភិបាល​​មិ​នត្រឹមត្រូវ​ពីសំណា​ក់អាជ្ញាធរដែលចុះទ​ប់ស្កា​​ត់កា​​រធ្វើ​កូ​​​ដកម្ម​​ដោយអ​ហិង្សា​។

ពួក​គេចាត់ទុកទង្វើ​របស់អាជ្ញាធរថា បាន​​អនុវត្តផ្ទុយទៅនឹង​​អនុវត្ត​អនុស​ញ្ញា​​ ​ស៊ី​-ដ​ ​​ដែលតម្រូវឱ្យរដ្ឋជាសមាជិកធានា​ពេញលេញ​​នូវ​សិទិ្ធ​សេរីភាព​ជួបជុំ​ ​ការបញ្ចេ​ញ​មតិ​​ គ្មានការ​រំ​​​លោ​​​ភបំពាន​ ​និង​តាមដាន​ត្រួតពិនិត្យ​ ឬចាប់​ពិរុទ្ធ។ ប៉ុន្តែត្រូវបានរដ្ឋបាលរាជធានីភ្នំពេញច្រានចោលការចោទប្រកាន់នេះ។

ក្រោយមក នៅថ្ងៃទី២៥ ខែកុម្ភៈ អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) បានចេញសេចក្ដីថ្លែងការណ៍ថា កន្លងមក ក្រុមកូដករជាច្រើននាក់ដែលចូលរួមកូដកម្មបានអនុវត្តតាមវិធានការសុខាភិបាលត្រឹមត្រូវ ដោយពាក់ម៉ាស់ រក្សាគម្លាតពីគ្នា និងបានធ្វើតេស្ត កូវីដ-១៩ ថែមទៀត។ តែអាជ្ញាធរបានរុញច្រាននិងចាប់ខ្លួនកូដករបញ្ចូលក្នុងរថយន្តក្រុងទាំងបង្ខំ ដើម្បីយកទៅធ្វើតេស្តរកជំងឺកូវីដ-១៩ ក្រោមហេតុផលថា បំពានវិធានសុខាភិបាល ហើយបានឃុំខ្លួនពួកគេនៅកន្លែងមណ្ឌលចត្តាឡីស័កដោយគ្មានអនាម័យសមរម្យ និងមិនបានផ្ដល់ទឹកសម្រាប់ឱ្យពួកគេបរិភោគ ជាដើម។

​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្សចាត់ទុកការចោទប្រកាន់របស់អាជ្ញាធរទៅលើក្រុមកូដករថាបានបំពានវិធានការកូវីដ-១៩នោះថា ធ្វើឡើងដោយមិនសមហេតុផលឡើយ ហើយករណីនេះគ្រាន់តែជារឿងបិទបាំងចំពោះ​ការ​បញ្ឈប់កូដកម្មរបស់កូដករក្រុមហ៊ុនណាហ្គាវើលដ៍ពីសំណាក់អាជ្ញាធរតែប៉ុណ្ណោះ។

កូដករណាហ្គាវើលដ៍​បានចេញតវ៉ា​ជាថ្មីទៀតចាប់ពីថ្ងៃទី២៨ ខែ​ធ្នូ ឆ្នាំ២០​២​១មក ក្រោយពីថៅកែរ​ប​ស់ខ្លួន​បានបញ្ឈប់បុគ្គលិកជាង១ ៣០០នាក់ ដែលភាគច្រើនពួកគេជាថ្នាក់ដឹកនាំសហជីព។ ក្រុមកូដ​ករទាំងនោះអះអាង​ថា ការបញ្ឈប់នេះ ថៅកែធ្វើឡើង​ដោយ​មិនអនុលោមតាមច្បាប់ស្តីពី​ការងារនោះ​ទេ។ ប៉ុន្តែវិវាទដែលបានអូសបន្លាយជាង២ខែមកនេះ ជំរុញឱ្យថ្នាក់ដឹកនាំសហជីពជា​ច្រើន​នាក់ត្រូវបានចាប់ឃាត់​ខ្លួន ក្នុងនោះមេដឹកនាំនិងសកម្មជនសហជីព ១១នាក់កំពុងជាប់ពន្ធនាគារ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ