អង់គ្លេស​សន្យា​ផ្ដល់​ថវិកា​ចំនួន​១០០លាន​ដុល្លារ ដើម្បី​ជួយ​គាំទ្រ​ដល់​អ៊ុយក្រែន

(ស្ដាំ) លោក​​នាយក​រដ្ឋ​មន្ត្រី បូរីស ចនសុន (Boris Johnson) ជួបពិភាក្សាជាមួយ (ឆ្វេង) លោកប្រធានាធិបតីអ៊ុយក្រែន Zelensky ពាក់ព័ន្ធស្ថានភាពអ៊ុយក្រែននិងរុស្ស៊ី ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២។ (ធ្វីតទ័រ៖ UK Prime Minister)

ការិយាល័យរបស់លោក​នាយក​រដ្ឋ​មន្ត្រី បូរីស ចនសុន (Boris Johnson) បានឱ្យដឹងថា ចក្រភពអង់គ្លេសនឹងផ្ដល់ថវិកាចំនួន១០០​លានដុល្លារអាមេរិក (ស្មើនឹង៧៥​,៦​លាន​ផោន) តាម​រយៈធនាគារ​ពិភព​លោក​ដល់​អ៊ុយ​ក្រែន ដើម្បីជួយកាត់បន្ថយសម្ពាធហិរញ្ញវត្ថុដែលប្រទេសមួយនេះជួបប្រទះ ដោយសារតែការឈ្លានពានរបស់រុស្ស៊ី។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារ​ព័ត៌មាន Reuters

គួរបញ្ជាក់ថា ចក្រភពអង់គ្លេសបានខិតខំធ្វើសកម្មភាពជាច្រើនក្នុងការឆ្លើយតបជាអន្តរជាតិ ចំពោះការលុក​លុយ​របស់​រុស្ស៊ីលើអ៊ុយក្រែន ដែលរួមមានការផ្ដល់ជំនួយផ្នែកយោធា ការជំរុញ​ឱ្យមាន​ការដាក់​ទណ្ឌកម្មធ្ងន់ធ្ងរបន្ថែមទៀតលើរុស្ស៊ី និងផ្ដល់ការគាំទ្រផ្នែកហិរញ្ញវត្ថុផងដែរ។

យោងតាមអាជ្ញាធរអង់គ្លេស បានឱ្យដឹងថា ការផ្ដល់ជូននៅពេលនេះដែលបន្ថែមពីលើថវិកាចំនួន២៩០,៩៥​លានដុល្លារអាមេរិក (ស្មើនឹង២២០លានផោន) ដែលត្រូវបានសន្យាកាលពីពេលកន្លងទៅរួចហើយនោះ អាចត្រូវបានប្រើប្រាស់ដើម្បីទូទាត់ដល់បុគ្គលិកក្នុងវិស័យសាធារណៈក្នុងប្រទេស​អ៊ុយក្រែន ឬសម្រាប់ផ្នែកសន្តិសុខសង្គម។

ទាក់ទិននឹងករណីនេះ លោក​ បូរីស ចនសុន បានបន្ថែមថា៖ «ស្របពេលដែលប្រជាពលរដ្ឋក្នុងប្រទេសអ៊ុយក្រែនកំពុងតែរងនូវការឈឺចាប់ ការផ្ដល់មូលនិធិថ្មីនៅពេលនេះនឹងបន្តជួយដល់អ្នកដែលប្រឈមមុខនឹងស្ថានភាពមនុស្សធម៌កាន់តែធ្ងន់ធ្ងរនៅក្នុងប្រទេស»។

ភាពតានតឹងរវាង​រុស្ស៊ី និងអ៊ុយក្រែន ក្នុងរយៈពេលចុងក្រោយនេះ ​បាន​ចាប់ផ្ដើមកើនឡើងខ្លាំង ខណៈរុស្ស៊ីបន្តព្យាយាមដាក់សម្ពាធ​មកលើ​អ៊ុយក្រែន តាមរយៈការចលនា​ទ័ពរបស់ខ្លួនចូលមកកាន់ប្រទេសមួយនេះ។

ជាការឆ្លើយតប សហភាពអឺរ៉ុប និងបណ្ដាប្រទេសមួយចំនួនផ្សេងទៀត ក៏បានសម្រេចដាក់ទណ្ឌ​កម្ម​ជា​បន្ត​បន្ទាប់​លើរុស្ស៊ីផងដែរ ពោលគឺបន្ទាប់​ពី​ការ​ប្រកាស​សង្រ្គាម​មួយដោយប្រធានាធិបតី លោក ​វ្លាឌីមៀរ ពូទីន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ