មន្ត្រី៖ ពុំទាន់​រកឃើញ​មាន​អាជ្ញាធរ​ណាម្នាក់​គប់គិត​រឿង​នាំចូល​សារធាតុ​គីមី​ផ្សំជា «គ្រឿងញៀន» ជាង​១០០តោន​ចូល​កម្ពុជា​នៅឡើយ

គ្រឿងញៀនដែលរឹបអូសបានកាលពីពេលកន្លងទៅ។

មន្ត្រីជាន់ខ្ពស់នៃអគ្គស្នងការដ្ឋាននគរបាលជាតិ អះអាងថា សមត្ថកិច្ចជំនាញទទួលបន្ទុកផែនប្រឆាំងគ្រឿងញៀន នៅពុំទាន់រកឃើញ​ថាមានមន្ត្រីកម្ពុជារូបណាជាប់ពាក់ព័ន្ធករណីគប់គិតជាមួយក្រុមហ៊ុនចិនដែលនាំសារធាតុគីមីសម្រាប់ផ្សំជាគ្រឿងញៀនជាង១០០តោនចូលមកកម្ពុជានៅឡើយទេ។

ការអះអាងនេះធ្វើឡើងក្រោយក្រុមហ៊ុនចិនឈ្មោះ «ស៊ិន​យីង​ហ្វេង» បាននាំសារធាតុគីមីផ្សំជាគ្រឿងញៀនជាង១០០តោនចូលកម្ពុជា ខណៈ​​ក្រុមហ៊ុននេះទទួលបាន​អាជ្ញាបណ្ណនាំចូលពីមុខទំនិញចំនួន៤មុខ ប៉ុន្តែបាននាំចូលដល់ទៅ៨មុខ។ ​

អគ្គស្នង​ការរងនៃអគ្គស្នងការនគរបាលជាតិទទួលបន្ទុកផែនប្រឆាំងគ្រឿងញៀន លោក ម៉ក់ ជីតូ ថ្លែងថា ប្រធានក្រុមហ៊ុនដែលនាំសារធាតុគីមីសម្រាប់ផ្សំជាគ្រឿងញៀនជាង១០០តោនចូលមកកម្ពុជា និងបក្ខពួក២នាក់ទៀតសុទ្ធជាជនជាតិចិន ដោយថា ម្នាក់ជាមេការ និងម្នាក់ទៀតជាអ្នករួមភាគហ៊ុន ត្រូវសមត្ថកិច្ចចាប់ដាក់ពន្ធនាគារតាំងពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១។ ក្រៅពីនោះ លោកថា បក្ខពួករបស់គេម្នាក់ទៀតដែលជាអ្នកដឹកជញ្ជូនសារធាតុញៀន​ បានស្លាប់ក្នុងករណីផ្ទុះអាវុធ​ បន្ទាប់ពីព្យាយាមតដៃជាមួយសមត្ថកិច្ចនៅចំណុចប៉ារ៉ាស់ហាមឃាត់តាមផ្លូវទៅខេត្តព្រះសីហនុ។

លោកបន្ថែមថា សមត្ថកិច្ចកម្ពុជាកំពុងសហការជាមួយអាជ្ញាធរចិនតាមចាប់បក្ខពួករបស់គេជាអ្នកបច្ចេកទេស៦នាក់ទៀត ខណៈបានកំណត់អត្តសញ្ញាណតាមរយៈលិខិតឆ្លងដែនរបស់ពួកគេ និងបានប្រគល់ភារកិច្ចស្រាវជ្រាវឱ្យទៅភាគីចិនរួចហើយដែរ។

យ៉ាងនេះក្ដី មន្ត្រីជាន់ខ្ពស់ទទួលបន្ទុកផែនប្រឆាំងគ្រឿងញៀនរូបនេះអះអាងថា មិនទាន់រកឃើញថាមានសមត្ថកិច្ចកម្ពុជារូបណាជាប់ពាក់ព័ន្ធការគប់គិតលើរឿងនេះនៅឡើយ។

លោក ម៉ក់ ជីតូ ថា៖ «តាមការស៊ើបអង្កេតយើង វាអញ្ចេះ [មន្ត្រី] ជំនាញយើងៗអត់គិត ​[ថាបុគ្គលនោះជានរណា ហើយមានតួនាទីជាអី្វ] ទេ។ ពាក់ព័ន្ធអ្នកណា យើងបង្ក្រាបចាប់អ្នកហ្នឹង។ ប៉ុន្តែវាអត់ទាន់រកឃើញថាពាក់ព័ន្ធអ្នកណា បើពាក់ព័ន្ធមន្ត្រីវិញ រឹតតែស្រួលទៀតហើយ តែវាអត់ទាន់មានទេ ហ្នឹងហើយ។ គាត់ [ក្រុមហ៊ុន] សុំគេ [ក្រសួងពាក់ព័ន្ធ] គាត់ថាផលិតអាល់កុល ផលិតជីអ៊ីចឹងទៅ។ រួចទៅ គាត់ទៅលួចធ្វើអាហ្នឹង​[គ្រឿងញៀន]។ មាននរណាដឹងថាគាត់ផលិតគ្រឿងញៀន? អត់ទេ! ទាល់តែយើងស្រាវជ្រាវតាមជំនាញ បានយើងរកឃើញ។ បើសិនជាមានពាក់ព័ន្ធដល់​[ស្ថាប័ន ឬមន្ត្រី] ណា យើងធ្វើដល់ហ្នឹង យើងអត់ទុកទេ»។

លោក ម៉ក់ ជីតូ បន្តថា បច្ចុប្បន្ន សារធាតុគីមីផ្សំជាគ្រឿងញៀនជាង១០០តោននោះ ត្រូវបានរក្សាក្នុងឃ្លាំងនៅទីតាំងក្រុមហ៊ុនចិនឈ្មោះ «ស៊ិន​យីង​ហ្វេង» ដដែល ខណៈក្រុមហ៊ុននេះត្រូវបានបិទទ្វាររួចទៅហើយ។ លោកថា ក្រោយ​បើកដំណើរការនៅកម្ពុជាប្រមាណ៥ឆ្នាំ ដោយកាលនោះ ក្រុមហ៊ុននេះផ្ដើមដំបូងដោយផលិតអាល់កុល បន្ទាប់មកក្ស័យធន រួចផ្លាស់ប្ដូរទំនិញដែលជាសារធាតុផលិតជាញឹកញាប់។

យ៉ាងណា លោកថា នៅរសៀលថ្ងៃទី៧ ខែមីនានេះ សមត្ថកិច្ចកម្ពុជា និងអ្នកជំនាញពីអាមេរិក អូស្ត្រាលី និងថៃ នឹងចុះទៅទីតាំងផ្ទាល់ ដើម្បីពិនិត្យ បន្សាប រួចបំផ្លាញសារធាតុញៀនទាំងនោះចោល។

បើតាមលោក ម៉ក់ ជីតូ អះអាងថា ជនជាតិចិនទាំងនោះត្រូវបានចោទពីបទ «កែច្នៃ និងផលិតសារធាតុញៀន» ហើយទោសនេះអាចជាប់គុកអស់មួយជីវិត។

ជាមួយគ្នានេះ លោកថា សមត្ថកិច្ចនឹងស្នើទៅតុលាការ ដើម្បីរឹបអូសយកទ្រព្យសម្បត្តិទាំងអស់របស់ក្រុមហ៊ុនមកធ្វើជាសម្បត្តិរដ្ឋ​។

លោកថា៖ «​យើងឃាត់ទុកហើយឥលូវនេះ នៅតែស្នើសុំតុលាការបង្កកនិងរឹបអូសជាសម្បត្តិរដ្ឋ។ អាយើងស្នើសុំអ៊ីចឹងហើយ ប៉ុន្តែចាំមើលការសម្រេចរបស់តុលាការ។ ច្បាប់គ្រឿងញៀន គេរឹបអូសអ៊ីចឹងហើយ! ទ្រព្យសម្បត្តិគាត់មិនមែនតែប៉ុណ្ណឹងទេ មានវីឡាមួយ មានឡានមានអីទៀត ហើយយើងកំពុងស្រាវជ្រាវលំហូរហិរញ្ញវត្ថុរបស់គាត់ទៀត។ បើឃើញនៅធនាគារ អាហ្នឹងយើងបង្ក្រាប គេហៅថាប្រឆាំងជាមួយការសម្អាតប្រាក់។ ដី [ក្រុមហ៊ុន] ជារបស់គាត់ [ជនជាតិចិន] តែម្ដង! គាត់ទិញ»។

អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា លោក គុណ ញឹម បដិសេធតបនឹងសំណួរវីអូឌី ដោយប្រាប់ថាលោកកំពុងជាប់រវល់ប្រជុំ។

នាយកប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជា លោក ប៉ិច ពិសី លើកឡើងថា ករណីគ្រឿងញៀននិងការនាំចូលនូវសារធាតុញៀនក្នុងទំហំធំបែបនេះ បង្កជាបញ្ហាប្រឈមខ្លាំងណាស់ចំពោះសុខភាពសាធារណៈ ជាពិសេសលោកបារម្ភពីលទ្ធភាពនៃការផលិតនិងចែកចាយគ្រឿងញៀនដែលនឹងរុញឱ្យយុវជនកម្ពុជាក្លាយជាជនរងគ្រោះកាន់តែច្រើនក្នុងរយៈពេលវែង។

លោក ប៉ិច ពិសី ចង់ឃើញស្ថាប័នពាក់ព័ន្ធបើកការស៊ើបអង្កេតទ្រង់ទ្រាយធំ ឱ្យលម្អិត មានតម្លាភាព និងទំនួលខុសត្រូវខ្ពស់ ដោយចាត់វិធានការជាប្រព័ន្ធ រកមូលហេតុនៃបញ្ហា។ បើមិនដូច្នេះទេ កម្ពុជានឹងជួបប្រទះបញ្ហានេះបន្តទៀត។

លោក ប៉ិច ពិសី ថា៖ «ហេតុអីបានជាការនាំចូលគ្រឿងញៀន សារធាតុញៀនដ៏ធំប៉ុណ្ណឹង? យើងគិតថា ប្រហែលជាមិនស្រួលក្នុងការនាំចូលទេ ប្រសិនបើមិនមានការគប់គិតផ្សេងៗ។ សង្ស័យថាមានការគប់គិតផ្សេងៗពីអ្នកពាក់ព័ន្ធដែលជាអាជ្ញាធររបស់យើង អាហ្នឹងយើងធ្វើការសង្ស័យ ហើយធ្វើការស៊ើបអង្កេត។ ហើយបើយើងរកឫសគល់ហ្នឹងមិនឃើញទេ ហើយដាក់ទោសទណ្ឌត្រឹមតែអ្នកដែលត្រូវបានចាប់ខ្លួន ខ្ញុំគិតថា ប្រហែលជាយើងមិនអាចដោះស្រាយបញ្ហាដែលជាឫសគល់នៃការនាំចូលសារធាតុហ្នឹងទេ»។

កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានចេញបញ្ជាផ្ទាល់មាត់ឱ្យស្ថាប័នពាក់ព័ន្ធស្វែងរកអ្នកទទួលខុសត្រូវចំពោះការអនុញ្ញាតឱ្យក្រុមហ៊ុនមួយនាំចូលសារធាតុផ្សំជាគ្រឿងញៀនជាង១០០តោនចូលមកកម្ពុជា។

លោក ស ខេង ក៏បានប្រាប់រដ្ឋមន្ត្រីក្រសួងពាក់ព័ន្ធដែលផ្ដល់អាជ្ញាបណ្ណនាំសារធាតុផលិតគ្រឿងញៀនចូលកម្ពុជា មិនត្រូវមើលស្រាលលើបញ្ហានេះឡើយ។ បើមិនដូច្នេះទេ លោកថា រដ្ឋមន្ត្រីរូបនោះនឹងជាប់ជំពាក់​ការបំផ្លាញសុខភាពសាធារណៈ និងបំផ្លាញសេដ្ឋកិច្ចសង្គមថែមទៀត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ