ដើមបណ្ដឹង​ថា​ក្រសួង​ខ្វះ​ឆន្ទៈ​ចាប់ខ្លួន​មន្ត្រី​ស្រុកសង្កែ​ដែល​ធ្វើ​ទារុណកម្ម​ប្អូនប្រុស​គាត់​ដល់ស្លាប់

លោក ពេជ្រ ធារ៉េត ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួននៅនឹងកន្លែង ក្រោយរងបណ្ដឹងថាបានសម្លាប់ភរិយាខ្លួន កាលពី​ថ្ងៃ​ទី​០៣​ ខែមេសា​ ឆ្នាំ​២០២១ ស្ថិត​នៅ​ក្នុង​ចំណុច​ក្រុម​ទី​២៦​ ភូមិ​បោះ​ពោធិ៍​ ឃុំ​អូរ​ដំបង​១​ ស្រុក​សង្កែ​ ខេត្តបាត់ដំបង​​។ (អគ្គស្នងការដ្ឋាននគរបាលជាតិ)

​​ស្ត្រីជាដើ​មប​ណ្ដឹង ​បង្ហា​ញការខ​កចិត្ត​ពីការអូសបន្លាយពេលជិត​១ឆ្នាំ​មក​នេះរបស់ក្រសួងមហាផ្ទៃ ដែ​ល​មិន​បាន​ចាប់​ខ្លួន​មន្ត្រី​ណា​ម្នាក់​នៅស្រុកសង្កែ យកទៅផ្ដន្ទាទោស ករណីធ្វើទា​រុ​​​ណកម្មប្អូនប្រុសរបស់​ខ្លួ​ន​រហូត​ដល់​​ស្លាប់ បើទោះបីមន្ត្រីជំនាញរកឃើញ​ពួកគេខ្លះជាប់ពាក់ព័ន្ធក្ដី។

កាលពីថ្ងៃទី​៣ ខែ​មេសា ឆ្នាំ​២០២១ មន្ត្រី​នគរ​បាល​ស្រុក​សង្កែ ខេត្ត​បាត់​ដំបង បានចាប់ខ្លួន​លោក ពេ​ជ្រ ធារ៉េត អាយុ​៣១​ឆ្នាំ រស់​នៅ​ក្នុង​ភូមិ​​បោះ​ពោធិ៍ ឃុំ​អូរ​ដំបង​១ ស្រុក​សង្កែ ខេត្ត​បាត់ដំបង ក្រោយពីមា​ន​តម្រុយថា គាត់ជាអ្នករៀបចំគម្រោងសម្លាប់ប្រពន្ធដោយ​ឆក់​ខ្សែ​ភ្លើង។ ប៉ុន្តែជន​សង្ស័យ​រូប​នោះបាន​ស្លាប់​នៅ​ថ្ងៃដដែល ក្រោយ​ពីបញ្ជូន​ចេញពីអធិការ​ដ្ឋាន​ន​គរ​បាល​ស្រុ​ក​សង្កែ យក​ទៅ​សង្គ្រោះនៅមន្ទីរពេទ្យ។

ករណី​នេះ ក្រុម​គ្រួសារ​សព គឺ​អ្នកស្រី ពេជ្រ លីណា បានប្ដឹងចោទមន្ត្រីនគរបាល​ពាក់ព័ន្ធថា បាន​ធ្វើ​ទា​រុ​ណ​កម្ម​ប្អូនប្រុសរបស់ខ្លួនរហូតដល់​ស្លាប់ ដើម្បី​ស្វែងរកយុត្តិធម៌ ដោយសម្អាងទៅលើស្នាមជាំនៅលើដងខ្លួន និង​​មាន​ឈាម​ហូរ​តាម​ត្រចៀកនិងមាត់ ពេលយកសពទៅដល់ផ្ទះ។ ក្រោយមក គណៈកម្មាធិការជាតិប្រឆាំង​ទារុណកម្មនៃក្រសួងមហាផ្ទៃ បានចុះស៊ើបករណី​នេះតាមពា​ក្យ​​​បណ្ដឹងរបស់អ្នកស្រី ពេជ្រ លីណា។

អ្នកស្រី ពេជ្រ លីណា ឱ្យដឹង​នៅថ្ងៃ​​អង្គារនេះថា ជាង១១ខែមកនេះ គ្មានមន្ត្រី​នគរបាលណាម្នាក់នៅស្រុកសង្កែ ត្រូវ​បាន​ចាប់​ខ្លួន​យកទៅផ្ដន្ទាទោ​ស ពាក់ព័ន្ធនឹងការស្លាប់របស់ប្អូនប្រុសគាត់នោះទេ។

អ្នកស្រីថា៖ «អ្នកណា[នគរបាល]សង្ស័យក៏អត់មានឃាត់ខ្លួនអីទាំងអស់ ពេលអ៊ីចឹងខ្ញុំបារម្ភនឹងយុត្តិធម៌ណា​ស់ មិនដឹងថាពេលណាទទួលបាន ឬក៏យ៉ាងណា! ដល់ពេលស្ងាត់ឈឹងអ៊ីចឹង អត់ឱ្យដំណឹងអីទាំងអ​ស់»។

អ្នកស្រីអះអាងថា ការពន្យារពេលនេះអាចមកពីការខ្វះឆន្ទៈក្នុងការស្វែងរកយុត្តិធម៌ឱ្យក្រុមគ្រួ​សា​រគាត់ជាប្រជា​ពលរដ្ឋក្រីក្រ។

អ្នកស្រីថា៖ «ពេលដែលប្រជាជនដូច​ប្អូនខ្ញុំអ៊ីចឹង ជាជនសង្ស័យភ្លាម សមត្ថកិច្ចដាក់ខ្នោះព្រឹបៗ​លឿន​ហ្មង តែដល់សមត្ថកិច្ចទាំងអស់ដែលយកប្អូនខ្ញុំទៅធ្វើទារុណកម្មរហូតស្លាប់ប៉ុណ្ណឹងហើយ អត់ទាន់មា​នច្បា​ប់អនុ​វត្តទៅលើ​សមត្ថកិច្ចទាំងអស់ហ្នឹងផង។ យូរណាស់! គិតទៅខុសគ្នាឆ្ងាយ​ពី​ចំណាត់ការទៅលើប្រជាជន»។

សាច់ញាតិម្នាក់ទៀត គឺអ្នកស្រី ម៉ម សំអូន អាយុ៦១ឆ្នាំ ឱ្យដឹងដែរថា គាត់ធ្លាប់ទៅ​បំភ្លឺ​នៅនាយកដ្ឋា​នព្រ​ហ្ម​​ទណ្ឌកម្រិតធ្ងន់នៃ​ក្រសួងមហាផ្ទៃ ពាក់ព័ន្ធការស្លាប់ក្មួយប្រុសរ​បស់​គាត់ ក៏​ប៉ុន្តែ​មកដល់ពេលនេះ គា​ត់​មិន​ទទួ​ល​បានព័ត៌មានជុំវិញការចាប់ខ្លួនមន្ត្រីពាក់ព័ន្ធទេ។

អ្នកស្រីថា៖ «អ៊ុំ​សោកស្ដាយនិងអស់ទឹកចិត្ត ដូចថាយើងសោកស្ដាយខ្លាំង ដោយសារយើង​ជាអ្នកស្លូ​ត​​ត្រង់ មិនអាចរកយុត្តិធម៌បាន ដូចថាអស់ទឹកចិត្តក្នុងការចង់ដឹងចង់ឮអីណាស់ឥលូវហ្នឹង តាមកម្មតាមពារ​ទៅ នរណាធ្វើអីបានហ្នឹងទៅ»។

ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃក្រសួងមហាផ្ទៃ លោក ង៉េង ជួ សុំមិនធ្វើអត្ថាធិប្បា​​យជុំវិញ​ចំណាត់ទៅលើមន្ត្រីពាក់ព័ន្ធនៅស្រុកសង្កែ ខេត្តបាត់ដំបង ដែល​គណៈកម្មាធិការជាតិប្រ​ឆាំ​​ងទារុណកម្មរកឃើញកន្លងទៅនោះទេ។

លោកថា៖ «មកជួបខ្ញុំ​នៅកន្លែងស្អែកទៅ ចាំខ្ញុំ​ឱ្យក្រុមការងារខ្ញុំ​ធ្វើការជាមួយ»។

ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក លោក នី សុខា ធ្លាប់ប្រាប់VODថា ការអូសបន្លាយការ​អនុវត្តច្បា​ប់ ដើម្បីផ្ដល់យុត្តិធម៌ឱ្យភាគីពាក់ព័ន្ធ នឹងធ្វើឱ្យ​ប៉ះពាល់ដល់សិទ្ធិទទួលបានយុត្តិធម៌របស់ជនរងគ្រោះ។

តែយ៉ា​ងណា អ្នកឃ្លាំមើលសិទ្ធិមនុស្សរូបនេះផ្ដល់ជាយោបល់ថា ក្រសួងពាក់ព័ន្ធ​គួរបង្ហាញតម្លាភាពពី​​កា​រផ្ដល់​សេវាយុត្តិធម៌នេះដោយមិនលម្អៀង ដើម្បីឱ្យពលរដ្ឋមាន​ជំនឿលើប្រព័ន្ធច្បាប់។

មាត្រា​៣៨ នៃ​រដ្ឋធម្មនុញ្ញ​កម្ពុជា ចែង​ថា ការ​បង្ខិត​បង្ខំ កា​រធ្វើ​បាប​លើ​រូប​រាង​កាយ ត្រូវ​ហាម​ឃាត់ និងត្រូវផ្ដន្ទ​ទោសតាមច្បាប់។ ចំណែកមាត្រា​២១០ នៃ​ក្រម​ព្រហ្មទណ្ឌ​​ចែង​​ថា «ទារុណកម្ម ឬ​អំពើ​ឃោរឃៅ​ដែល​ប្រព្រឹត្ត​ទៅ​លើ​បុគ្គល​ណា​មួយ ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី៧ឆ្នាំទៅ១៥ឆ្នាំ»

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ