ក្រសួង​សុខាភិបាល​ច្រានចោល​ព័ត៌មាន​ថា ការ​ចាក់​វ៉ាក់សាំង​ចិន​បណ្ដាល​មាន​ជំងឺ​មហារីក​គ្រាប់ឈាម Leukemia

វ៉ាក់សាំងប្រឆាំងកូវីដ-១៩ សម្រាប់យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ រៀបចំដោយគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស នៅសភាពាណិជ្ជកម្មកម្ពុជា រាជធានីភ្នំពេញ ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)។ (ជន ចាន់រ៉ែន)

ក្រសួងសុខាភិបាលច្រានចោលចំពោះព័ត៌មានថា ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩របស់ចិនបណ្ដាលឱ្យមានជំងឺមហារីកគ្រាប់ឈាម Leukemia។

តាមរយៈសេចក្ដីប្រកាសរបស់ខ្លួននៅថ្ងៃនេះ ក្រសួងសុខាភិបាលបានច្រានចោលទាំងស្រុងនូវការចុះផ្សាយព័ត៌មានប្រតិដ្ឋនិងមិនត្រឹមត្រូវនេះ ដែលក្រសួងចាត់ទុកថា ជាការរៀបចំឡើងដើម្បីបង្កឱ្យមានការយល់ច្រឡំ និងមានចេតនាបំពុលសង្គម។

ក្រសួងសុខាភិបាលបានសរសេរថា៖ «ក្រសួងសុខាភិបាលសូមច្រានចោលទាំងស្រុងនូវការចុះផ្សាយព័ត៌មានប្រតិដ្ឋនិងមិនត្រឹមត្រូវនេះ ដែលជាការរៀបចំឡើងដើម្បីបង្កឱ្យមានការយល់ច្រឡំ និងមានចេតនាបំពុលសង្គមផងដែរ»។

ប្រតិកម្មរបស់ក្រសួងសុខាភិបាលនេះបានធ្វើឡើងបន្ទាប់ពីមានវីដេអូព័ត៌មានប្រតិដ្ឋមួយក្នុងបណ្ដាញសង្គម (TikTok) បានផ្សព្វផ្សាយពីករណីនេះ ដែលធ្វើឱ្យមនុស្សជាច្រើនសម្ដែងការព្រួយបារម្ភ ដោយសារអត្ថន័យស្ដាប់ទៅដូចច្បាស់ៗខ្លាំងពេក ព្រមទាំងថាមានយោងប្រភពឯកសាររបស់គណៈកម្មការសុខាភិបាលចិនថែមទៀតផង។

ក្នុងវីដេអូព័ត៌មានប្រតិដ្ឋនោះបានលើកឡើងថា៖ «នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២២នេះ គេហទំព័រ ដឹហ៊ាលសាយ បានចុះផ្សាយឱ្យដឹងថា យោងតាមឯកសាររបស់គណៈកម្មការសុខាភិបាលចិន អេនអេចស៊ី NHC បញ្ជាក់ប្រាប់ថា វ៉ាក់សាំងចិនទាំងពីរប្រភេទដែលគេស្គាល់ឈ្មោះថា ស៊ីណូហ្វាម [Sinopharm] និង ស៊ីណូវ៉ាក់ [Sinovac] បានបណ្ដាលឱ្យមានជំងឺមហារីកឈាមដ៏កម្រ ដែលមានឈ្មោះថា លើគេមាន [Leukemia] ចំពោះអ្នកចាក់វ៉ាក់សាំងទាំងនេះជាច្រើននាក់»។

ក្រសួងសុខាភិបាលបានអំពាវនាវឱ្យប្រជាពលរដ្ឋបញ្ឈប់ការចែកចាយបន្តនូវព័ត៌មានប្រតិដ្ឋនេះ និងអំពាវនាវឱ្យអាជ្ញាធរមានសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់ផងដែរ។

អគ្គនាយកបច្ចេកទេសនៃក្រសួងសុខាភិបាល លោកវេជ្ជបណ្ឌិត ហុក គឹមចេង បានបដិសេធផ្ដល់បទសម្ភាសន៍បន្ថែម ជុំវិញវិធានការលើម្ចាស់គណនី Tiktok ក្រៅតែពីការអំពាវនាវនេះ ដោយលោកបានអះអាងយ៉ាងខ្លីថា លោកកំពុងជាប់ប្រជុំ។

យ៉ាងណាក្ដី ប្រធានសមាគមគ្រូពេទ្យគុណធម៌កម្ពុជា លោកវេជ្ជបណ្ឌិត អ៊ូច វុទ្ធី លើកឡើងថា ព័ត៌មានដែលបានចែកចាយលើបណ្ដាញសង្គមទាក់ទងនឹងការចាក់វ៉ាក់សាំងចិននាំឱ្យកើតមានជំងឺមហារីកគ្រាប់ឈាមនេះ គឺជាព័ត៌មានមិនពិតនោះទេ។

លោក អ៊ូច វុទ្ធី ថ្លែងថា៖ «អាហ្នឹងជារឿងមួយដែលយើងមិនគួរឱ្យមានការផ្សព្វផ្សាយអ៊ីចឹងទេ ព្រោះវ៉ាក់សាំង មុននឹងយកមកប្រើប្រាស់ តែងតែមានចូលឡាបូពិនិត្យត្រឹមត្រូវហើយ»។

លោកវេជ្ជបណ្ឌិត អ៊ូច វុទ្ធី បន្ថែមថា ការចាក់វ៉ាក់សាំងនេះ ថ្ងៃក្រោយនឹងមិនអាចវិវត្តទៅជាឈាមសឈាមក្រហម ឬជំងឺមហារីកគ្រាប់ឈាម ដូចអ្វីដែលដែលគេនាំគ្នាផ្អើលនោះទេ។

ប្រធានសមាគមគ្រូពេទ្យរូបនេះបន្តថា៖ «តាមខ្ញុំធ្លាប់សិក្សា អ្នកដែលមានជំងឺហ្នឹងភាគច្រើន គឺគាត់កើតពីផ្ទៃម្ដាយ ដែលម្ដាយពីមុនមកមានជំងឺរ៉ាំរ៉ៃ ដូចជា ជំងឺគ្រុនចាញ់ ជំងឺគ្រុនឈិក គ្រុនឈាមអីហ្នឹង ហើយក្រោយពីជាមក គាត់មានជំងឺឈាមសឈាមក្រហមហ្នឹង»។

លោកវេជ្ជបណ្ឌិត អ៊ូច វុទ្ធី បានស្នើរឱ្យក្រសួងពាក់ព័ន្ធត្រូវមានវិធានការចំពោះគណនីហ្វេសប៊ុក ឬគណនីបណ្ដាញសង្គមដែលបង្កើត ហើយនិយាយ ឬផ្សព្វផ្សាយមិនមានការពិតនេះ ដោយមិនត្រូវទុកឱ្យព័ត៌មានប្រតិដ្ឋទាំងនោះប៉ះពាល់ដល់សតិអារម្មណ៍របស់ប្រជាពលរដ្ឋដែលបានចាក់វ៉ាក់សាំងទាំងអស់កន្លងមកនេះ។

គួរបញ្ជាក់ផងដែរថា នេះមិនមែនជាលើកទី១ទេ ដែលក្រសួងសុខាភិបាលបានចេញមកច្រានចោលនូវព័ត៌មានក្លែងក្លាយនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ