លោក ស ខេង ថា​គ្រោះថ្នាក់​ចរាចរណ៍​នៅ​តែ​ជា​បញ្ហា​ប្រឈម​ខ្ពស់​នៅឡើយ

​ប៉ូលិសចរាចរណ៍​ពីរ​នាក់​ឈរ​ចាំ​សម្រួល​ចរាចរណ៍​ដល់​ពលរដ្ឋ​ធ្វើដំណើរ​នៅ​ម្ដុំ​ស្ដា​តអូឡាំពិក ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១។ (ហ៊ី ឆាយ​)

រដ្ឋាភិបាលបានឱ្យដឹងថា ស្ថានភាពគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជានៅតែជាបញ្ហាប្រឈមខ្ពស់នៅឡើយ ទាំងករណីស្លាប់និងរបួស បើធៀបទៅនឹងករណីជំងឺផ្សេងៗ និងគ្រោះថ្នាក់ក្នុងសង្គមផ្សេងទៀត។

ការលើកឡើងនេះ ក្រោយមានរបាយការណ៍ស្ដីពីស្ថានភាពគ្រោះថ្នាក់ចរាចរណ៍ក្នុងខែកុម្ភៈ ឆ្នាំ២០២២ ​ថាមានការថយចុះបើធៀបទៅនឹងខែមករា ​  ប៉ុន្តែ​ករណីស្លាប់បានកើនឡើងធៀបនឹងខែកុម្ភៈ ឆ្នាំ២០២១។

ទំព័រហ្វេសប៊ុករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង កាលពីយប់ថ្ងៃទី១០ ខែមីនា ដែលបានបង្ហាញរបាយការណ៍ស្ថានភាពគ្រោះថ្នាក់ចរាចរណ៍ក្នុងខែកុម្ភៈ ឆ្នាំ២០២២នេះ។

របាយការណ៍ឱ្យដឹងថា នៅក្នុងខែកុម្ភៈ ឆ្នាំ​នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងទូទាំងប្រទេសចំនួន២៥៦លើក បណ្ដាលឱ្យមានអ្នកស្លាប់១៤៣នាក់ និងរបួស៣៤៩នាក់ ក្នុងនោះរបួសធ្ងន់២១៩នាក់។

​ក្នុងរបាយការណ៍ដែលលោក ស ខេង បង្ហាញបានឱ្យដឹងថា បើធៀបនឹងចំនួនគ្រោះថ្នាក់ចរាចរណ៍កាលពីខែមករា គឺមានការថយចុះចំនួន៨៧លើក ស្លាប់ថយចុះ៥២នាក់ និងរបួសថយចុះ១០៤នាក់។ ប៉ុន្តែចំនួននេះបើធៀបករណីគ្រោះថ្នាក់ចរាចរណ៍កាលពីខែកុម្ភៈ ឆ្នាំមុន មានការកើនឡើង៥លើក ហើយចំនួនអ្នកស្លាប់​កើនឡើង១៦នាក់ ខណៈអ្នករងរបួសបានថយចុះចំនួន៦៦នាក់វិញ។

លោក ស ខេង បានបន្តថា៖ «ជារួម ស្ថានភាពគ្រោះថ្នាក់ចរាចរណ៍នៅតែស្ថិតក្នុងការប្រឈមខ្ពស់នៅឡើយ ទាំងចំនួនករណីអ្នកស្លាប់ និងអ្នករងរបួស ដែលក៏អាចឱ្យយើងប្រៀបធៀបបានថាមានកម្រិតខ្ពស់ជាងអ្នកស្លាប់ដោយជំងឺកូវីដ-១៩នៅកម្ពុជានាបច្ចុប្បន្ននេះ និងគ្រោះថ្នាក់សង្គមផ្សេងទៀត»។

ប្រភពដដែលបន្តថា ក្នុងចំណោមបញ្ហាប្រឈមនៃស្ថានភាពគ្រោះថ្នាក់ចរាចរណ៍​ភាគច្រើន បញ្ហាធំជាងគេគឺការមិនគោរពច្បាប់ រួមមាន ការបើកបរធ្វេសប្រហែស ការបើកបរលឿន ការបើកបរមិនគោរពសិទ្ធិ មិនប្រកាន់ស្ដាំ ការបើកបរជែង បត់ឆ្វេង-ស្ដាំមិនប្រយ័ត្ន និងបើកបរពេលស្រវឹង ជាដើម។

លោក ស ខេង បានអំពាវនាវ​ថា៖ «សូមចូលរួមគោរពនិងអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកឱ្យបានគ្រប់ពេលធ្វើដំណើរ មានស្មារតីប្រុងប្រយ័ត្ន យោគយល់អធ្យាស្រ័យ ដើម្បីការពារសេចក្ដីសុខខ្លួនយើង អ្នកដទៃ និងរួមចំណែកនិងកាត់បន្ថយហានិភ័យខ្លាំងដល់ជីវិតពលរដ្ឋយើង»។

ក្នុងនោះ លោក ស ខេង ក៏បានក្រើនរម្លឹកដល់មន្ត្រីមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ​ត្រូវ​បង្កើនការបន្តរឹតបន្តឹងការអនុវត្តច្បាប់ឱ្យបានសកម្ម ដោយគ្មានការលើកលែងឬយោគយល់អ្វីទាំងអស់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ