UPDATED៖ តុលាការ​បដិសេធ​បណ្ដឹង​សុំនៅក្រៅឃុំ​ថ្នាក់ដឹកនាំ​សហជីព​ណាហ្គាវើលដ៍​៨រូប

សហជីពណាហ្គាវើលដ៍ និងអ្នកជាប់ឃុំផ្សេងទៀត ចុះពីលើរថយន្ត សំដៅមកចូលសវនាការសាលាឧទ្ធរណ៍ ពាក់ព័ន្ធករណីវិវាទការងារនៅណាហ្គាវើលដ៍ ព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២។ (ជន ចាន់រ៉ែន)

សាលាឧទ្ធរណ៍រាជធានីភ្នំពេញ បានបដិសេធបណ្ដឹងសុំនៅក្រៅឃុំរបស់ថ្នាក់ដឹកនាំសហជីពក្រុមហ៊ុនណាហ្គាវើលដ៍ចំនួន៨រូប នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ក្រោមហេតុផលថា ការអនុញ្ញាតឱ្យពួកគេនៅក្រៅឃុំអាចបង្កចលាចលក្នុងសង្គម។

សាលាឧទ្ធរណ៍រាជធានីភ្នំពេញ នៅថ្ងៃទី១០ ខែមីនានេះ បានបើកសវនាការអសាធារណៈលើបណ្ដឹងសុំនៅក្រៅឃុំរបស់ក្រុមមេធាវីការពារក្ដីឱ្យថ្នាក់ដឹកនាំសហជីពណាហ្គាវើលដ៍ទាំង៨រូបដែលកំពុងជាប់ឃុំបណ្ដោះអាសន្ននៅក្នុងពន្ធនាគារព្រៃស ក្រោមការចោទប្រកាន់ពីបទ “ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម” តាមមាត្រា៤៩៤ និង៤៩៥ នៃក្រមព្រហ្មទណ្ឌកម្ពុជា។

សហមេធាវីការពារក្ដីឱ្យថ្នាក់ដឹកនាំសហជីពទាំង៨រូប បានប្រាប់អ្នកសារព័ត៌មាននៅមុខសាលាឧទ្ធរណ៍ថា ប្រធានក្រុមប្រឹក្សាជំនុំជម្រះ សម្រេចមិនអនុញ្ញាតឱ្យកូនក្ដីរបស់ពួកគាត់បាននៅក្រៅឃុំឡើយ ដោយសម្អាងថា ការអនុញ្ញាតឱ្យនៅក្រៅឃុំនេះអាចនឹងបង្កចលាចលក្នុងសង្គម ខណៈសំណុំរឿងជិតឈានទៅបើកសវនាការជំនុំជម្រះទៅហើយនោះ។

មន្ត្រីអង្កេតជាន់ខ្ពស់ និងជាជំនួយការមេធាវីនៃសមាគមការពារសិទិ្ធមនុស្សអាដហុក លោក យី សុខសាន្ត ដែលបានចូលរួមឃ្លាំមើលសវនាការ នាថ្ងៃនេះ ប្រាប់អ្នកសារព័ត៌មានថា ក្នុងបន្ទប់សវនាការ ថ្នាក់ដឹកនាំសហជីពទាំង៨រូបបានសំណូមពរឱ្យតុលាការដោះលែងពួកគាត់នៅក្រៅឃុំបណ្ដោះអាសន្ន ដោយថា ពួកគាត់នឹងចូលរួមគ្រប់នីតិវិធី ដោយមិនគេចវេះឡើយ។ លោកក៏បានឱ្យដឹងថា សម្រាប់កញ្ញា ឈឹម ស៊ីថរ បានលើកឡើងថា បើសិនជារូបគាត់នៅក្រៅនោះ កញ្ញានឹង​អាចចរចាជាមួយក្រុមហ៊ុននិងស្ថាប័នពាក់ព័ន្ធ ដើម្បីដោះស្រាយបញ្ចប់វិវាទការងារនេះ។

លោកថា៖ «ដូច្នេះ ក្នុងនាមខ្ញុំជាសង្គមស៊ីវិលយល់ថា ពួកគាត់ជាជនរងគ្រោះដែលមានទំនាស់ជាមួយក្រុមហ៊ុនណាហ្គាវើលដ៍ ហើយក៏ទាមទារឱ្យអាជ្ញាធររកយុត្តិធម៌ជូនគាត់។ អាជ្ញាធរគួរតែរកយុត្តិធម៌ឱ្យគាត់ មិនមែនមានន័យថា នៅពេលដែលគាត់ទាមទារតវ៉ាហើយ ចាប់គាត់យកទៅឃុំខ្លួនទៀតទេ»។

នាយិកាប្រតិបត្តិមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោកស្រី ចក់ សុភាព បង្ហាញការសោកស្ដាយចំពោះការមិនអនុញ្ញាតថ្នាក់ដឹកនាំសហជីពណាហ្គាវើលដ៍ទាំង៨រូបនៅក្រៅឃុំបណ្ដោះអាសន្ន។ លោកស្រីចាត់ទុកការសម្រេចមិនអនុញ្ញាតឱ្យនៅក្រៅឃុំបណ្ដោះអាសន្ន ដោយសម្អាងខ្លាចបង្កចលាចលក្នុងសង្គម គ្រាន់តែជាលេសក្នុងការឃុំខ្លួននិងហាមឃាត់សិទ្ធិសេរីភាពរបស់ពួកគាត់តែប៉ុណ្ណោះ។ អ្នកស្រីថា វិធានការនេះ ​អនុវត្តតែចំពោះសកម្មជន សហជីព និងសកម្មជននយោបាយ តែសម្រាប់អ្នកមានអំណាចនិងឧកញ៉ាហាក់ មិន​មានចំណាត់ការបែបនេះឡើយ។

លោកស្រីកត់សម្គាល់ឃើញថា ចាប់តាំងពីមានវិវាទការងារនេះកើតឡើង ​អាជ្ញាធរមិនបានជួយសម្របសម្រួលដោះស្រាយជាមួយក្រុមហ៊ុនឡើយ ផ្ទុយទៅវិញ អាជ្ញាធរបែរជាព្យាយាមរារាំងកូដករទៅវិញ។

លោកថា៖ «ផ្ទុយទៅវិញទៅ អាជ្ញាធរព្យាយាមបំបិទសិទ្ធិរបស់កម្មករ របស់សហជីពទៅវិញ។ អ៊ីចឹងយើងឃើញថា អាជ្ញាធរបានឈរមួយចំហៀងជាមួយក្រុមហ៊ុនរួចទៅហើយ ដែលកន្លែងនេះគឺមិនត្រឹមត្រូវទេ ព្រោះអាជ្ញាធរដើរតួដោយគិតយុត្តិធម៌ ដើរតួក្នុងនាមជាស្ថាប័នសម្របសម្រួលដោះស្រាយវិវាទ។ ហើយការដោះស្រាយវិវាទ យើងមិនអាចឈរនៅលើភាគីណាមួយទេ ត្រូវតែនាំឱ្យភាគីទាំងសងខាងណាមកជជែកដោះស្រាយស្វែងយល់។ បើសិនជាអាជ្ញាធរចាប់ខ្លួនតំណាងសហជីព ថ្នាក់ដឹកនាំសហជីព សមាជិកគាត់ហើយ បំបិទសិទ្ធិគាត់តវ៉ា ។ល។ សួរថា តើគាត់មានតុល្យភាពអំណាចបែបណាក្នុងការចរចានិងដោះស្រាយវិវាទ?»

មន្ត្រីសង្គមស៊ីវិលរូបនេះបន្តថា តុលាការតែងតែជ្រើសរើសវិធានការឃុំខ្លួនបណ្ដោះអាសន្នចំពោះសកម្មជន សហជីព និងសកម្មជននយោបាយ ដែលលោកស្រីថា ផ្ទុយពីបទដ្ឋានសិទ្ធិមនុស្សអន្តរជាតិ និងការណែនាំរបស់អ្នកយការណ៍អង្គការសហប្រជាជាតិ។ បន្ថែមពីនេះ ការដាក់ឃុំខ្លួនបណ្ដោះអាសន្ន អាចធ្វើឡើងនិងប្រើប្រាស់ក្នុងជម្រើសចុងក្រោយប៉ុណ្ណោះ បន្ទាប់ពីតុលាការរកឃើញជនជាប់ចោទ​អាចបង្កហានិភ័យដល់សង្គម។

អំឡុងពេលតុលាការកំពុងបើកសវនាការ ថ្នាក់ដឹកនាំសហជីពទាំង៨រូប ក្នុងនោះមានកញ្ញា ឈឹម ស៊ីថរ, អ្នកនាង សុន ស្រីពេជ្រ, លោក សុខ ណារិទ្ធ, អ្នកស្រី ទូច សិរីមាស, អ្នកស្រី រី សុវណ្ណឌី, អ្នកស្រី ឃ្លាំង សុបិន្ត, អ្នកស្រី ឈឹម សុខន និងអ្នកស្រី ហៃ សុភាព នៅព្រឹកថ្ងៃនេះ ក៏មានក្រុមកូដករណាហ្គាវើលដ៍ជាច្រើននាក់បាននាំគ្នាទៅប្រមូលផ្ដុំនៅមុខសាលាឧទ្ធរណ៍ដែរ។

កូដករម្នាក់ក្នុងចំណោមកូដករផ្សេងទៀត កញ្ញា ស្រី ពៅ ប្រាប់អ្នកសារព័ត៌មានវីអូឌីថា ពួកគាត់មកប្រមូលផ្ដុំគ្នា ដើម្បីផ្ដល់កម្លាំងចិត្ត ប៉ុន្តែពួកគាត់បង្ហាញការសោកស្ដាយដែលមិនបានឃើញមុខថ្នាក់ដឹកនាំសហជីពទាំងនោះ។

កូដករណាហ្គាវើលដ័នាំគ្នាមកគាំទ្រសហជីពរបស់ខ្លួនដែលត្រូវចូលសវនាការសាលាឧទ្ធរណ៍ ពាក់ព័ន្ធករណីវិវាទការងារនៅណាហ្គាវើលដ៍ ព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២។
កូដករណាហ្គាវើលដ័នាំគ្នាមកគាំទ្រសហជីពរបស់ខ្លួនដែលត្រូវចូលសវនាការសាលាឧទ្ធរណ៍ ពាក់ព័ន្ធករណីវិវាទការងារនៅណាហ្គាវើលដ៍ ព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២។ (ជន ចាន់រ៉ែន)

កញ្ញាថា៖ «បើមានភាពស្មោះត្រង់និងតម្លាភាពមែន សូមមេត្តាដឹកចេញតាមផ្លូវមុខធម្មតាមក មិនបាច់ដឹកចេញតាមផ្លូវខាងក្រោយទេ។ ពួកខ្ញុំមកទីនេះ ដើម្បីផ្ដល់កម្លាំងចិត្ត ព្រោះអីពួកគាត់ជាតំណាងពួកខ្ញុំ ដែលត្រូវបានជាប់គុកយ៉ាងអយុត្តិធម៌ ដោយសារថៅកែណាហ្គាវើលដ៍គាត់អត់មានទំនួលខុសត្រូវ និងឆន្ទៈក្នុងការចូលដោះសា្រយវិវាទទេ។ គាត់ [ក្រុមហ៊ុន] ព្យាយាមអូសបន្លាយពេលវេលា ដោយប្រើស្ថាប័នផ្សេងៗដែលស្ថាប័នរដ្ឋមករារាំង មកអូសបន្លាយ មកចោទប្រកាន់ មកលាបពណ៌ពួកខ្ញុំរហូត។ ពួកខ្ញុំគ្រាន់តែមានជាវិវាទការងាររឿងរ៉ាវតូចទេនៅកន្លែងធ្វើ មិនមែនមានវិវាទអីដូចគេចោទប្រកាន់ថាធ្វើបដិវត្តន៍ពណ៌ទេ ចាស៎! អ្នកចោទពួកខ្ញុំ បានន័យថា ពួកគាត់អត់យល់ច្បាប់ការងារទេ»។

ថ្នាក់ដឹកនាំសហជីព​ក្រុមហ៊ុនណាហ្គាវើលដ៍ទាំង៨រូប ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីខែមករា ឆ្នាំ២០២២ ក្រោមបទប្រកាន់ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» បន្ទាប់ពួកគាត់ធ្វើកូដកម្មអហិង្សាទាមទារឱ្យក្រុមហ៊ុនដោះស្រាយវិវាទការងារ។ ក្រោយមក សកម្មជនសហជីពចំនួន៣នាក់ទៀតត្រូវបានសមត្ថកិច្ចចាប់ឃុំខ្លួននៅពន្ធនាគារភ្នំពេញ ក្រោមបទចោទថា «ល្មើសបម្រាមសុខាភិបាល»។

កាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២ ឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា បានជំរុញទៅអាជ្ញាធរកម្ពុជាចូលរួមពិភាក្សាដោះស្រាយតាមការទាមទាររបស់កូដករណាហ្គាវើលដ៍តាមផ្លូវច្បាប់ និងបញ្ឈប់ការរារាំង ធ្វើទុក្ខបុកម្នេញ កូដករដែលធ្វើកូដកម្មដោយសន្តិវិធី ក្រោមហេតុផលទប់ស្កាត់កូវីដ-១៩បន្តទៀត។ ជាមួយគ្នានេះ ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំនៅកម្ពុជា ក៏បានអំពាវនាវជាថ្មី ឱ្យភាគីពាក់ព័ន្ធវិលចូលតុចរចាក្នុងការដោះស្រាយបញ្ចប់វិវាទការងារនៅក្រុមហ៊ុនមួយនេះផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ