អាមេរិក​អបអរ​សាទរ​ប្រធានាធិបតី​កូរ៉េខាងត្បូង​ជាប់ឆ្នោតថ្មី

លោក Yoon Suk-yeol ធ្វើដំណើរចូលរួមការបោះឆ្នោតមួយមុនការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មីសម្រាប់កូរ៉េខាងត្បូង ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២២។ (ហ្វេសប៊ុក៖ 윤석열 / Yoon Suk-yeol)

សហរដ្ឋអាមេរិកនៅថ្ងៃពុធម្សិលមិញ បានប្រកាសអបអរសាទរដល់លោក Yoon Suk-yeol ដែលត្រូវបានបោះឆ្នោតជ្រើសរើសជាប្រធានាធិបតីថ្មីរបស់កូរ៉េខាងត្បូង និងលើកឡើងថា ប្រធានាធិបតីរបស់ខ្លួន លោក ចូ បៃឌិន បានត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើការងាររួមគ្នា ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងប្រទេសទាំងពីរ។

ទីភ្នាក់ងារសារព័ត៌មាន Reuters បានស្រង់សម្ដីអ្នកនាំពាក្យសេតវិមានមួយរូបដែលបានថ្លែងថា៖ «យើងសូមធ្វើការអបអរសាទរដល់ប្រធានាធិបតីជាប់ឆ្នោតថ្មី លោក Yoon Suk-yeol។ សម្ព័ន្ធភាពរវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង សេដ្ឋកិច្ច និងប្រជាជនរបស់យើង គឺពិតជាមានសារៈសំខាន់។ លោកប្រធានាធិបតី ចូ បៃឌិន ត្រៀមខ្លួនរួចជាស្រេចក្នុងការបន្តធ្វើការងារជាមួយប្រធានាធិបតីជាប់ឆ្នោតថ្មី ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការជិតស្និទ្ធរបស់ប្រទេសទាំងពីរបន្ថែមទៀត»។

ប្រភពដដែលបន្តថា លោកប្រធានាធិបតី ចូ បៃឌិន ក៏ត្រូវបានរំពឹងថានឹងទាក់ទងទៅកាន់លោក Yoon Suk-yeol ដើម្បីផ្ដល់ការអបអរសាទររបស់ខ្លួនដោយផ្ទាល់ផងដែរ។

គួរបញ្ជាក់ថា លោក Yoon Suk-yeol ត្រូវបានជាប់ឆ្នោតជាប្រធានាធិបតីនៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតី នៅថ្ងៃពុធ ក្នុងប្រទេសកូរ៉េខាងត្បូង ខណៈដែលបេក្ខជនមកពីគណបក្សកាន់អំណាច លោក Lee Jae-myung ក៏បានទទួលស្គាល់នូវលទ្ធផលនេះ ហើយអបអរសាទរដល់គូប្រជែងរបស់ខ្លួនផងដែរ។

ទាក់ទិននឹងករណីនេះ អ្នកវិភាគនានារំពឹងថា ការជាប់ឆ្នោតជាប្រធានាធិបតីរបស់លោក Yoon Suk-yeol ក៏អាចនឹងពន្លឿនដំណោះស្រាយទាក់ទងនឹងការបន្តអភិវឌ្ឍមីស៊ីលផ្លោង និងអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង​ បន្ទាប់ពីអតីតប្រធានាធិបតី លោក Moon Jae-in លើកទឹកចិត្តឱ្យមានការសន្ទនាជាមួយទីក្រុងព្យុងយ៉ាង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ