អត្ថបទទស្សនៈ៖ ការកាត់បន្ថយចំណតរថយន្តផ្ដល់អត្ថប្រយោជន៍ដល់ទីក្រុង

ព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២១ សកម្មភាពចរាចរណ៍ដ៏មមាញឹកនៅបេនឡានមួយចំនួនក្នុងរាជធានីភ្នំពេញ ដោយសារការធ្វើដំណើរត្រលប់ទៅស្រុកកំណើតតាមបណ្ដាខេត្តផ្សេងៗពីសំណាក់ពលរដ្ឋស្នាក់នៅនិងធ្វើការនៅទីក្រុង រួមមាន អាជីវករ កម្មករ សិស្ស-និស្សិត មន្ត្រីរាជការសាធារណៈទាំងរដ្ឋនិងឯកជន នាឱកាសបុណ្យភ្ជុំបិណ្ឌ។ (ហ៊ុយ ឧស្សាហ៍)

នៅចុងឆ្នាំ២០២០ ទីក្រុងភ្នំពេញមានយានជំនិះចំនួន២,៥៣លានគ្រឿង (រាប់តែចំនួនរថយន្ដធនតូចនិងម៉ូតូ) ប្រៀបធៀបទៅនឹងចំនួនប្រជាជនតែ២,១៨លាននាក់ប៉ុណ្ណោះ។ ដោយជាមធ្យម តាមផ្ទះនីមួយៗមានរថយន្ត១គ្រឿង និងទោចក្រយានចំនួន៤គ្រឿង។ សមាមាត្រខាងលើបង្ហាញថា ទីក្រុងភ្នំពេញ គឺជាទីក្រុងដែលពឹងផ្អែកខ្លាំងទៅលើយានជំនិះផ្ទាល់ខ្លួន។

ក្នុងនាមជាអ្នកស្រាវជ្រាវក្រោមអង្គការវេទិកាអនាគត ខ្ញុំបានចំណាយពេលមួយឆ្នាំ ដើម្បីសិក្សាស្រាវជ្រាវអំពីភាពចល័តនៅក្នុងទីក្រុងភ្នំពេញ។ ផ្នែកមួយនៃការស្រាវជ្រាវនេះ ពាក់ព័ន្ធទៅនឹងច្បាប់ចំណតយានជំនិះនិងផលប៉ះពាល់ដល់ទីក្រុង។

ការស្រាវជ្រាវនេះបានធ្វើការប៉ាន់ស្មានបង្ហាញពីផ្ទៃក្រឡាចំណតសម្រាប់យានជំនិះទាំងអស់ត្រូវមានទំហំ២២,៨គីឡូម៉ែត្រការ៉េ ដែលស្មើនឹងផ្ទៃក្រឡាខណ្ឌឫស្សីកែវ។ ប្រៀបធៀបទៅនឹងតួលេខជាក់ស្ដែង ទីក្រុងភ្នំពេញមានចំណតយានជំនិះស្មើនឹង០,៩៨គីឡូម៉ែត្រការ៉េតែប៉ុណ្ណោះ។

ការសាងសង់ចំណតបន្ថែមដែលមានទំហំស្មើនឹងខណ្ឌឫស្សីកែវ មិនអាចប្រព្រឹត្តទៅបានទេ។ សំខាន់ជាងនេះទៅទៀត ការសាងសង់ចំណតបន្ថែមមិនមែនជាដំណោះស្រាយល្អប្រសើរនោះទេ ផ្ទុយទៅវិញ វានឹងឈានទៅដល់បញ្ហាផ្សេងៗទៀតដែលយើងនឹកស្មានមិនដល់។

ការកំណត់ចំនួនចំណតរថយន្តអប្បបរមាពុំមានប្រសិទ្ធភាពទេ

នៅក្នុងឆ្នាំ២០១៥ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអនុម័តច្បាប់កំណត់ចំណតយានជំនិះអប្បបរមាសម្រាប់តំបន់ទីប្រជុំជននិងទីក្រុង។ ច្បាប់នេះបានកំណត់ថា ឧទាហរណ៍ សម្រាប់ភោជនីយដ្ឋាននិងហាងភេសជ្ជៈ ត្រូវមានចំណតរថយន្តមួយកន្លែងសម្រាប់ផ្ទៃក្រឡា២០ម៉ែត្រការ៉េ។

ដំណោះស្រាយនេះ គឺគួរឱ្យសមរម្យ ប៉ុន្តែការកំណត់បែបនេះ នឹងបញ្ចូលទីក្រុងក្រោមតម្រូវការរបស់យានយន្តជាជាងតម្រូវការរបស់មនុស្ស លើសពីនេះទៅទៀត វាមានផលប៉ះពាល់ជាច្រើនទៀត។

ផលអវិជ្ជមានរបស់ការកំណត់កន្លែងចំណត់អប្បបរមាគឺធ្ងន់ធ្ងរណាស់ ព្រោះវាធ្វើឱ្យការសាងសង់និងដំណើរការរបស់លំនៅឋាន ហាង និងអគារផ្សេងៗកាន់តែថ្លៃ។ ជាមធ្យម ការសាងសង់ចំណតផ្ទាល់ដីសម្រាប់រថយន្តមួយគ្រឿងមានតម្លៃ៥០០ដុល្លារ ដែលជាជម្រើសធូរថ្លៃបំផុត ហើយមិនបានរាប់ចូលតម្លៃទីតាំងដីនោះទេដែលប្រាកដជាថ្លៃខ្លាំងសម្រាប់តំបន់កណ្ដាលក្រុង។ សម្រាប់ក្រុមហ៊ុនធំៗ ការចំណាយរាប់លានដុល្លារសម្រាប់ចំណតមិនជាបញ្ហានោះទេ ផ្ទុយទៅវិញ សម្រាប់ហាងតូចនិងមធ្យម ការចំណាយលើកន្លែងចំណតធំល្មម ក៏ប្រហែលជាមិនអាចទ្រទ្រង់បានដែរ នាំឱ្យប៉ះពាល់ដល់កំណើនអាជីវកម្ម។

ចរាចរណ៍ ភ្ជុំបិណ្ឌ ២០២១
ព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២១ សកម្មភាពចរាចរណ៍ដ៏មមាញឹកនៅបេនឡានមួយចំនួនក្នុងរាជធានីភ្នំពេញ ដោយសារការធ្វើដំណើរត្រលប់ទៅស្រុកកំណើតតាមបណ្ដាខេត្តផ្សេងៗពីសំណាក់ពលរដ្ឋស្នាក់នៅនិងធ្វើការនៅទីក្រុង រួមមាន អាជីវករ កម្មករ សិស្ស-និស្សិត មន្ត្រីរាជការសាធារណៈទាំងរដ្ឋនិងឯកជន នាឱកាសបុណ្យភ្ជុំបិណ្ឌ។ (គួយ ឡង់ឌី)

លើសពីនេះ ការកំណត់ចំណតអប្បបរមាមានឥទ្ធិពលអវិជ្ជមានទៅលើអ្នកទិញផ្ទះ ដោយសារការចំណាយសាងសង់ចំណតរថយន្តធំៗនឹងត្រូវលាក់បញ្ចូលក្នុងតម្លៃលក់ផ្ទះឬបន្ទប់ខុនដូឱ្យអតិថិជនវិញ។

ចំណតរថយន្តក៏បន្សល់ទុកផលប៉ះពាល់ដល់បរិស្ថានទីក្រុងដែរ។ ការស្ថាបនាដោយប្រើស៊ីម៉ងត៍ឬក្រាលកៅស៊ូនិងក្រួស (ជាបញ្ហាបរិស្ថានរួចទៅហើយ) ចំណតរថយន្តគឺជាផ្ទៃមិនជ្រាបទឹក ដូច្នេះវារួមចំណែកដល់កំណើនកម្ដៅទីក្រុង រារាំងទឹកជ្រាបចូលទៅក្រោមដី និងធ្វើឱ្យទឹកហូរខ្លាំងឡើងនៅពេលទឹកជំនន់។

សរុបមក ដោយផ្នែកមួយនៃគ្រប់ការវិនិយោគត្រូវខាតបង់ក្នុងការចំណាយលើការសាងសង់ចំណតទីក្រុងភ្នំពេញ មានភាពលំបាកក្នុងការសាងសង់ផ្ទះតម្លៃសមរម្យ ជួបការរារាំងកំណើនសេដ្ឋកិច្ច និងត្រូវប្រឈមមុខនឹងបញ្ហាបរិស្ថានជាច្រើនទៀត។ ហើយនេះគ្រាន់តែជាបញ្ហាប្រយោលតែប៉ុណ្ណោះ ដែលទីក្រុងភ្នំពេញនឹងជួបការកកស្ទះចរាចរណ៍យ៉ាងដំណំ បើចំណតរថយន្តមានការរីករាលដាល។

ការផ្គត់ផ្គង់ចំណតលើសកម្រិតនឹងបន្ថយភាពចល័តក្នុងទីក្រុង

ចំណតរថយន្តច្រើន មិនត្រឹមតែកាន់កាប់ទីធ្លាធំនោះទេ វាក៏ជាមូលហេតុនាំឱ្យអ្នកដំណើរពឹងផ្អែកលើយានជំនិះផ្ទាល់ខ្លួនកាន់តែខ្លាំងឡើង។ ដោយសារភាពសម្បូរបែបនៃចំណត អ្នកដំណើរក្នុងទីក្រុងយល់ឃើញថាការបើកបរយាន្តជំនិះផ្ទាល់ខ្លួនមានភាពងាយស្រួលជាងគេ។

ខណ្ឌសែនសុខជាឧទាហរណ៍ដ៏ល្អមួយដែលសម្ដែងពីបាតុភូតនេះ។ ការសាងសង់ប្រភេទផ្សារធំៗដូចជាផ្សារ AEON, Makro, Global House, Design Village ជាដើម សុទ្ធតែភ្ជាប់ជាមួយនឹងទីចំណតលាតសន្ធឹង។ ជាលទ្ធផល ខណ្ឌសែនសុខ ជួបប្រទះការកកស្ទះចរាចរណ៍ជាដរាប បើទោះបីជាប្រព័ន្ធផ្លូវមានលក្ខណៈធំទូលាយហើយខ្វាត់ខ្វែងក៏ដោយ។

ជាបន្ទាប់ ដងផ្លូវដែលមានចំណតរថយន្តធំៗសងខាង ធ្វើឱ្យខូចសោភ័ណភាពតាមដងផ្លូវ ដែលជាកត្តាមួយធ្វើឱ្យអ្នកដំណើរមិនជ្រើសរើសយកការដើរឬជិះកង់។ ជាធម្មតា ទេសភាពតាមដងផ្លូវល្អ គឺមានអគារជាជួរៗស្ថិតនៅជិតដងផ្លូវ ដើម្បីផ្ដល់ម្លប់និងចៀសវាងភាពរហេងរហាង។ ផ្ទុយទៅវិញ បើអគារមានគម្លាតឆ្ងាយពីដងផ្លូវដោយសារចំណត វានឹងបង្កើតទេសភាពប្រៀបដូចជារហសស្ថានសម្រាប់អ្នកថ្មើរជើងនិងអ្នកជិះកង់។

ហើយបើគ្មានអ្នកថ្មើរជើង និងអ្នកជិះកង់នោះទេ ការដឹកជញ្ជូនសាធារណៈដូចជាតាមឡានក្រុងជាដើមក៏បរាជ័យដែរ។ ទីបំផុត អ្នកដំណើរមានជម្រើសមួយចុងក្រោយតែប៉ុណ្ណោះ គឺស៊ូទ្រាំបើកបរយានជំនិះលើដងវិថីស្ទះចរាចរណ៍។

ដូច្នេះ ការផ្គត់ផ្គង់ចំណតរថយន្តលើសកម្រិត ជំរុញឱ្យមានការប្រើប្រាស់យានជំនិះផ្ទាល់ខ្លួន ជាឧបសគ្គដល់អ្នកថ្មើរជើងនិងអ្នកជិះកង់ ហើយបង្កើនការកកស្ទះចរាចរណ៍តាមដងវិថី។ សរុបសេចក្ដីមក វាបង្អាក់ភាពចល័តក្នុងទីក្រុងយ៉ាងធ្ងន់ធ្ងរ។

ដំណោះស្រាយពឹងផ្អែកលើការសម្របសម្រួលទៅតាមកាលៈទេសៈ

ដោយយល់ឃើញពីឥទ្ធិពលអវិជ្ជមានទាំងនេះ អ្នករៀបចំទីក្រុងបានងាកចេញពីការអនុវត្តច្បាប់កំណត់ចំណតអប្បបរមា ដោយជំនួសវាជាមួយប្រព័ន្ធថ្មីដែលកំណត់ចំណតរថយន្តអតិបរមាវិញ។

ឧទាហរណ៍ ទីក្រុងផតលែន នៅសហរដ្ឋអាមេរិក បានអនុម័តច្បាប់កំណត់ចំណតថ្មី ដោយប្រភេទអគារនីមួយៗត្រូវបានផ្ដល់រូបមន្តសម្រាប់កំណត់ចំនួនចំណតអប្បបរមានិងអតិបរមា។ នៅក្នុងករណីដែលអគារមួយស្ថិតនៅជិតខ្សែដឹកជញ្ជូនធ្វើដំណើរសាធារណៈ ការកំណត់ចំនួនចំណតរថយន្តត្រូវបានបន្ថយចុះ។

ស្របគ្នាដែរ ទីក្រុងវែនឃូវើ ប្រទេសកាណាដា បានអនុម័តច្បាប់កំណត់ចំណតអតិបរមា តែលើសពីនេះក៏បានទទួលស្គាល់ថា តំបន់ទីក្រុងដែលមានដង់ស៊ីតេខ្ពស់ ត្រូវការចំណតរថយន្តតិចតួច។ ហេតុដូច្នេះ ទីក្រុងនេះបានកំណត់បន្ថយចំណតរថយន្តសរុបសម្រាប់តំបន់កណ្ដាលក្រុង ដើម្បីចៀសវាងការកកស្ទះចរាចរណ៍ដែលបណ្ដាលមកពីការផ្គត់ផ្គង់ចំណតលើសកម្រិត។

រីឯទីក្រុងមែន្ស ប្រទេសអាល្លឺម៉ង់ បានកាត់បន្ថយចំនួនចំណតរថយន្តសម្រាប់ទីតាំងដែលស្ថិតនៅចម្ងាយដើរចាប់ពីចំណតរថយន្តក្រុង និងចំណតរថភ្លើង។ ការរៀបចំបែបនេះ គឺដើម្បីបង្កើនការប្រើប្រាស់សេវាកម្មធ្វើដំណើរសាធារណៈ និងចៀសវាងការប្រើប្រាស់យានយន្តផ្ទាល់ខ្លួន សម្រាប់កន្លែងដែលមានប្រព័ន្ធធ្វើដំណើរសាធារណៈរួចស្រេច។

នៅប្រទេសសិង្ហបុរី ច្បាប់ស្តង់ដារផ្ដល់ចំណតរថយន្តអាស្រ័យលើដង់ស៊ីតេទីក្រុង និងចម្ងាយពីខ្សែប្រព័ន្ធធ្វើដំណើរសាធារណៈ។ នៅក្នុងតំបន់ទី១ (តំបន់កណ្ដាលក្រុង) បានផ្ដល់ជម្រើសក្នុងការកាត់បន្ថយចំនួនចំណតរថយន្តដល់ទៅ៥០ភាគរយ សម្រាប់ចំនួនអប្បបរមា និងកំណត់ចំណតសរុបត្រឹម២០ភាគរយ លើចំនួនអប្បបរមា។ រីឯតំបន់ផ្សេងៗទៀត ត្រូវកំណត់ចំនួនចំណតសរុបស្មើនឹងចំនួនអប្បបរមាដែលធ្លាប់មាន។

ការកាត់បន្ថយចំណត អាចផ្លាស់ប្ដូរទម្លាប់ប្រើប្រាស់យានជំនិះផ្ទាល់ខ្លួនពិតមែន។ ការសិក្សាមួយបានបង្ហាញពីទំនាក់ទំនងរវាងចំណតរថយន្តច្រើននៅការិយាល័យ បណ្ដាលឱ្យអ្នកធ្វើការជ្រើសរើសមធ្យោបាយធ្វើដំណើរដោយប្រើប្រាស់យានយន្តជំនិះផ្ទាល់ខ្លួនកាន់តែញឹកញាប់។ ផ្ទុយទៅវិញ បើទីតាំងការិយាល័យមានចំណតតិចនោះ ការប្រើប្រាស់យានជំនិះផ្ទាល់ខ្លួនក៏ថយគួរឱ្យកត់សម្គាល់ដែរ។

ដំណោះស្រាយសម្រាប់ទីក្រុងនៅប្រទេសកម្ពុជា

ប្រៀបធៀបទៅនឹងប្រទេសដទៃ ប្រទេសកម្ពុជាកំពុងដើរមួយជំហានពីក្រោយ។ ដូចការលើកឡើងខាងលើ ប្រទេសកម្ពុជា នៅប្រកាន់ខ្ជាប់ច្បាប់កំណត់ចំណតដែលមិនបត់បែនតាមកាលៈទេសៈតាមទីក្រុង ដូចជាតំបន់ដង់ស៊ីតេខ្ពស់ ឬស្ថិតនៅជិតប្រព័ន្ធធ្វើដំណើរសាធារណៈ ជាដើម។

ជំហានទៅមុខ សម្រាប់ច្បាប់ចំណតរថយន្ត ត្រូវមានលក្ខណៈបត់បែនតាមកាលៈទេសៈនៃទីក្រុង។ ទីក្រុងភ្នំពេញ អាចបង្ហាញភាពក្លាហាននិងភាពច្នៃប្រតិដ្ឋ ដោយមិនត្រឹមតែជំនួសច្បាប់កំណត់អប្បបរមា ឬដោយច្បាប់កំណត់អតិបរមានោះទេ ប៉ុន្តែអាចបង្កើតច្បាប់ថ្មីមួយដែលផ្អែកលើលក្ខណៈនៃតំបន់នីមួយៗក្នុងទីក្រុងដើម្បីកំណត់ចំណតឱ្យសមស្របទៅតាមលំដាប់។

ប៉ូលិសចរាចរណ៍ម្នាក់សម្រួលការធ្វើដំណើររបស់ពលរដ្ឋនៅតាមដងផ្លូវមួយកន្លែងក្នុងក្រុងភ្នំពេញ ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១។
ប៉ូលិសចរាចរណ៍ម្នាក់សម្រួលការធ្វើដំណើររបស់ពលរដ្ឋនៅតាមដងផ្លូវមួយកន្លែងក្នុងក្រុងភ្នំពេញ ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)

ការរៀបចំជាប្រព័ន្ធលំដាប់ ត្រូវរចនាឡើងដោយរួមបញ្ចូលលក្ខណៈពិសេសរបស់តំបន់នីមួយៗក្នុងទីក្រុងមានដូចជា ភាពងាយស្រួលក្នុងការចល័ត (ភាពងាយស្រួលប្រើប្រាស់យានយន្តថ្មើរជើង ជិះកង់ ឬឡានក្រុងសាធារណៈ ជាដើម) ការប្រើប្រាស់និងបម្រើការអគារ (ត្រូវការឡានដឹកជញ្ជូនធុនធំចេញចូល) ទីតាំងនៃតំបន់ដង់ស៊ីតេខ្ពស់ តំបន់និងប្រព័ន្ធផ្លូវ ជាដើម។

ដូច្នេះ ការកំណត់ចំនួនចំណតរថយន្តអាចប្រព្រឹត្តទៅបាន ដោយមានការយល់ដឹងច្បាស់លាស់អំពីលក្ខណៈពិសេសនានាតាមតំបន់ទីក្រុងនីមួយៗ។ ទីតាំងដែលមានដង់ស៊ីតេខ្ពស់ និងមានប្រព័ន្ធផ្លូវខ្វាត់ខ្វែងដូចជាតំបន់កណ្ដាលក្រុង គួរតែកាត់បន្ថយកន្លែងចតរថយន្តឱ្យនៅតិចបំផុត ដើម្បីចៀសវាងការប្រើប្រាស់យានជំនិះផ្ទាល់ខ្លួន និងលើកទឹកចិត្តមធ្យោបាយថ្មើរជើងនិងជិះកង់។

ទីតាំងចង្អៀតនិងមានអាជីវកម្មមមាញឹក ដូចជា តាមតំបន់ផ្សារនានា គួរតែកំណត់ចំនួនចំណតសរុបឱ្យនៅតិចតួចបំផុត ដើម្បីបន្ថយការប្រើប្រាស់យានជំនិះផ្ទាល់ខ្លួន ហើយរក្សាកន្លែងសមរម្យសម្រាប់រថយន្តដឹកអីវ៉ាន់។

ការកំណត់បន្ថយចំណតរថយន្ត អាចជួយទប់ស្កាត់ការកកស្ទះចរាចរណ៍ និងលើកស្ទួយល្បឿន ក៏ដូចជាប្រសិទ្ធភាពនៃប្រព័ន្ធធ្វើដំណើរសាធារណៈ ដែលជំរុញឱ្យវាជាមធ្យោបាយជំនួសការបើកបរ។ ដូច្នេះ តំបន់ដែលនៅកៀកខ្សែធ្វើដំណើរសាធារណៈ គួរតែកំណត់បន្ថយចំណតតាមទីតាំងនានា ដើម្បីជំរុញការប្រើប្រាស់មធ្យោបាយដឹកអ្នកដំណើរសាធារណៈ។ ជាពិសេស អាចបន្ថែមជាមួយនឹងការស្ដារឡើងវិញនូវប្រព័ន្ធធ្វើដំណើរសាធារណៈ។

ឧទាហរណ៍ ផ្សារថ្មី គឺជាបណ្ដុំនៃខ្សែរថយន្តក្រុងសាធារណៈមួយចំនួន ប៉ុន្តែចំណតរថយន្តជុំវិញផ្សារជំរុញឱ្យអ្នកទៅផ្សារប្រើប្រាស់យានជំនិះផ្ទាល់ខ្លួន និងបង្កភាពស្ទះនៅពេលរថយន្តចាំយកមនុស្ស ឬចេញចូលចំណតរថយន្ត។ កត្តាទាំងនេះនាំមកនូវផលប៉ះពាល់ទៅដល់ប្រសិទ្ធភាពរថយន្តក្រុងទៅវិញ។

យោងតាមកាលៈទេសៈខាងលើ ផ្លូវជុំវិញផ្សារថ្មីគួរបោះបង់ចោលចំណតរថយន្ត ហើយយកទីតាំងនោះធ្វើជាកន្លែងទទួលអ្នកដំណើររថយន្តក្រុង និងកន្លែងថ្មើរជើងវិញ ដើម្បីជំរុញប្រសិទ្ធភាពប្រព័ន្ធធ្វើដំណើរសាធារណៈ និងកាត់បន្ថយការកកស្ទះ។

រីឯតំបន់ដង់ស៊ីតេទាប ដូចជាតំបន់លំនៅឋានតាមជាយក្រុង គួររក្សាចំណតអប្បបរមា ដើម្បីធានាឱ្យមានចំណតរថយន្ដគ្រប់គ្រាន់ ជាពិសេសតាមតំបន់ដែលមិនស្ថិតនៅក្រោមគម្របប្រព័ន្ធធ្វើដំណើរសាធារណៈ។ទោះយ៉ាងណាក៏ដោយ នៅតាមតំបន់ទាំងនោះគួរតែកំណត់ចំណតរថយន្តអតិបរមា ដើម្បីចៀសវាងការផ្គត់ផ្គន់ចំណតរថយន្តលើសកម្រិតផងដែរ។

ដូចគ្នានេះដែរ តំបន់ផ្សារជាយក្រុង គួរតែកំណត់ចំនួនចំណតអតិបរមាឱ្យសមរម្យ ហើយអនុវត្តប្រព័ន្ធបង់ប្រាក់សម្រាប់ការចតរថយន្តលើដងផ្លូវសាធារណៈ។ លើសពីនេះ ដើម្បីចៀសវាងបន្សល់ទុកបរិស្ថានរហេងរហាងដល់អ្នកថ្មើរជើងនិងអ្នកជិះកង់ ចំណតរថយន្តធំៗគួរតែរៀបចំនៅខាងក្រោយអគារ ដោយអគារស្ថិតនៅពីមុខជាប់ដងផ្លូវវិញ។

ទីក្រុងកំណត់ទៅតាមតម្រូវការរបស់មនុស្ស

ច្បាប់ចំណតរថយន្ត មិនសូវមានការចាប់អារម្មណ៍ដូចប្រធានបទសួនច្បារសាធារណៈ ឬប្រព័ន្ធធ្វើដំណើរសាធារណៈ និងលំនៅឋានតម្លៃសមរម្យនោះទេ។ ប៉ុន្តែវាក៏ជាកត្តាមួយដ៏សំខាន់ដែលជំរុញឱ្យទីក្រុងមានភាពងាយស្រួលក្នុងការរស់នៅ មានសោភ័ណភាព និងនិរន្តរភាពដែរ។

មានតែគំនិតច្នៃប្រតិដ្ឋថ្មីលើសពីការគិតសាមញ្ញទេ ដែលអាចឱ្យទីក្រុងនិងទីប្រជុំជននានាចៀសផុតពីឥទ្ធិពលអវិជ្ជមាននៃគំនិតចាស់ហួសសម័យ សម្រាប់គ្រប់គ្រងចំណតរថយន្ត។ ហើយវាគឺជាឱកាសសម្រាប់ទីក្រុងភ្នំពេញ ក៏ដូចជាទីប្រជុំជនផ្សេងៗទៀត បោះបង់វិធីសាស្ត្រយករថយន្តជាសំខាន់ ជំនួសដោយវិធីសាស្រ្តដែលឆ្លើយតបទៅនឹងតម្រូវការរបស់មនុស្សវិញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ