រដ្ឋាភិបាល​បដិសេធ​ជុំវិញ​ព័ត៌មាន​ប្រឈម​ពី​ការ​​ជួញ​ដូរ​សរីរាង្គ​លើ​​ស្ត្រី​ថៃ​ម្នាក់​នៅ​កម្ពុជា​

ទិដ្ឋភាពចក្រទ្វាអន្តរជាតិដូង ខេត្តបាត់បំបង ជាប់ព្រំដែនប្រទេសថៃ នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៩។ រូបភាព៖ ហេង វិចិត្រ

រដ្ឋាភិបាលកម្ពុជា បានបដិសេធចំពោះការចុះផ្សាយរបស់សារព័ត៌មានថៃ​ ដែលលើកឡើងថា មានស្រ្តីជនជាតិថៃម្នាក់​ប្រឈម​គ្រោះថា្នក់នៃការជួញដូរសរីរាង្គនៅកម្ពុជា ដោយថាការលើកឡើងនោះគ្មានមូលដ្ឋានត្រឹមត្រូវឡើយ។ ​

តាមការចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយថៃThaiger បានស្រង់សម្តីរបស់ជំនួយការ​អគ្គស្នងការ​នគរបាល​ជាតិ​ថៃ លោក សុរាជិត ហាក់ផន (Surachate Hakparn) កាលពីថ្ងៃ១១ ខែមីនា​ បានអះអាងថា មានស្ត្រីជនជាតិថៃមួយរូប ដែលត្រូវបានជួយសង្គ្រោះចេញពីការធ្វើជាទាសករក្នុងប្រទេសកម្ពុជា។ លោកថា មុនពេលស្ត្រីរូបនោះត្រូវបានជួយសង្រ្គោះ នាងត្រូវបានគេបូមឈាមយកទៅលក់ពី៣ទៅ៤កំប្លោកថែមទៀតផង។ ​

សារព័ត៌មាន Thaiger បានឱ្យដឹងថា«បច្ចុប្បន្ននេះ សមត្ថកិច្ចកំពុងតែធ្វើការព្រមានដល់ជនជាតិថៃទាំងឡាយទាក់ទងទៅនឹងការធ្វើការងារនៅក្រៅប្រទេស ដោយថា ពួកគេមិនត្រឹមតែប្រឈមនឹងការបង្ខាំងនោះទេ ប៉ុន្តែថែមទាំងធ្លាក់ក្នុងប្រតិបត្តិការឆបោកខុសច្បាប់​ ខណៈដែលសកម្មភាពនៃការជួញដូរសរីរាង្គ រួមមាន ការយកក្រលៀន ថ្លើម និងភ្នែក បន្ទាប់ពីការបូមឈាម»។

អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក ជុំ សន្ទរី បានបំភ្លឺក្នុងគ្រុបបណ្តាញតេឡេក្រាមនៅថ្ងៃអាទិត្យនេះថា ពាក់ព័ន្ធ​ព័ត៌មានចុះផ្សាយក្នុង Thai Examiner កាលពីថ្ងៃទី ១២ ខែមិនា ឆ្នាំ២០២២  អំពីករណីមានស្រ្តីជនជាតិថៃម្នាក់បានអះអាងថា ខ្លួនបានប្រឈមនឹងគ្រោះថា្នក់នៃការជួញដូរសរីរាង្គនៅកម្ពុជា គឺអាជ្ញាធរ​ខេត្តព្រះសីហនុ បានប្រកាសបដិសេធរួចហើយ ដោយថានោះគឺជាការលើកឡើង​គ្មានមូលដ្ឋានត្រឹមត្រូវពិតប្រាកដ។

លោកបន្តថា ក្រោយពីទទួលបានព័ត៌មាននោះ ស្ថានទូតកម្ពុជាប្រចាំនៅប្រទេសថៃ ក៏បានទាក់ទងជាមួយអាជ្ញាធរមានសមត្ថកិច្ចថៃ ស្វែងរកការបញ្ជាក់លើព័ត៌មាននេះ តែរហូតមកដល់​ព្រឹកថ្ងៃទី១៣ ខែមីនា​ ពុំទាន់ទទួលបានការបញ្ជាក់ណាមួយថា មានរឿងបែបនេះកើតឡើងនៅកម្ពុជា​ឡើយ។

យ៉ាងណា អ្នកនាំពាក្យដដែលបញ្ជាក់ថា កម្ពុជានឹងបន្តធ្វើការងារនេះបន្ថែមទៀត។

លោក ជុំ សន្ទរី បន្ថែមថា៖«ស្ថានទូត​កំពុងបន្តទាក់ទងជាមួយអាជ្ញាធរមានសមត្ថកិច្ចថៃ ដើម្បីស្វែងរកព័ត៌មានបន្ថែមទៀត»។

កាលពីខែកុម្ភៈ ​ បុរសជនជាតិចិនមួយរូប​ ដែលកំពុងស្នាក់នៅមន្ទីរពេទ្យមួយនៅភ្នំពេញបានលើកឡើងអំពីប្រតិបត្តិការឆបោកនៅកម្ពុជា ខណៈគាត់ត្រូវបានគេល្បួងនាំចូលមកកម្ពុជាដោយខុសច្បាប់។ លោកអះអាងថា គាត់ត្រូវបានគេបង្ខាំង និងបូមឈាម​ជាច្រើនដងតាំងពីខែសីហា ឆ្នាំមុន នៅតំបន់ឆៃណាថោន ក្នុងខេត្តព្រះសីហនុ នៅពេលលោកមិនព្រមធ្វើការងារឱ្យពួកគេ។ ​

យ៉ាងនេះក្តី អ​គ្គ​​ស្នង​​ការ​ដ្ឋាន​​ន​​គរបា​ល​ជាតិ កាលពីចុងខែកុម្ភៈ​កន្លងទៅ ក៏ធ្លាប់បានចេញសេច​​​ក្ដីប្រ​​កាសព័ត៌មានមួយ ដោយបានលើកឡើងថា ការបង្ខាំង​មនុស្សដើម្បី​ធ្វើជា​ទាសករ​លក់​ឈាម​នៅ​ក្នុងខេត្ត​ព្រះសីហនុ គឺជាការប្រតិដ្ឋព័​ត៌​មាន​​​ ​ខណៈព័ត៌មាននេះបណ្តាលឱ្យមានមនុស្សចំ​នួន ៤នាក់ជាជនជាតិចិន ​ត្រូវបានចាប់ខ្លួននិង​ចោទ​ប្រកាន់ដោយ​សាលា​ដំបូង​ខេត្ត​ព្រះសីហនុ ទាក់ទងនឹង​បទ«​ញុះញង់ និងផ្តល់ព័ត៌មានមិនពិត»។

មន្ត្រីតុលាការខេត្តព្រះសីហនុ ធ្លាប់ឱ្យវីអូឌីដឹងថា ជនជាតិចិន ៣នាក់ ក្នុងចំណោម៤នាក់នោះ ត្រូវបានតុលាការសម្រេចឃុំខ្លួននៅពន្ធនាគារ ខណៈម្នាក់ទៀតត្រូវពន្យារពេលការឃុំខ្លួនដោយសារបញ្ហាសុខភាព។ ​

ទោះបីជាយ៉ាងណាក៏ដោយ កាលពីថ្ងៃពុធទី៩ ខែមីនា  ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង  បានលើកឡើងពីករណីចាប់ជំរិត ឆក់ ប្លន់ ឃាតកម្ម ការធ្វើទារុណកម្ម និងឧក្រិដ្ឋកម្មគ្រឿងញៀន ជាដើម។ លោកក៏បានបញ្ជាទៅអាជ្ញាធរពាក់ព័ន្ធដោយថា ករណីទាំងនេះ ចាំបាច់ត្រូវតែលុបបំបាត់ឱ្យអស់ មុនការបោះឆ្នោតឃុំ-សង្កាត់ ឈានចូលមកដល់ក្នុងខែមិថុនាខាងមុខ។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃរូបនេះបន្តថា«ពេលខ្លះ ខ្ញុំមិនចង់មើលនោះទេ ប៉ុន្តែចៀសមិនរួច ដោយខ្ញុំត្រូវតែពិនិត្យលើករណីទាំងនោះ។ រូបភាពទាំងអស់នោះពិតជាសាហាវខ្លាំងណាស់ ហើយករណីទាំងនេះក៏កំពុងតែត្រូវបានផ្សព្វផ្សាយដល់ពិភពលោកទាំងមូលផងដែរ ថាកម្ពុជាមិនល្អ ដោយមានការលួច ឆក់ ប្លន់ ចាប់ជំរិត គំរាមគំហែង និងហិង្សាគ្រប់កន្លែង។ វា​មិនប៉ះពាល់ត្រឹមតែ​កេរ្តិ៍ឈ្មោះ​របស់ខេត្ត​ព្រះ​សីហនុតែមួយប៉ុណ្ណោះ​ទេ»។

លោក ធឹម ធន ដែលអះអាងថា ជាអ្នកស៊ីឈ្នួលកាត់ស្មៅនៅខេត្តព្រះសីហនុ និយាយថា ស្ថានភាពសន្តិសុខនៅក្នុងខេត្តជាប់សមុទ្រមួយនេះនារយៈពេលចុងក្រោយ​ ​មានរឿងបាញ់បោះ ចាប់ជំរិត ព្រមទាំង​លេចឮព័ត៌មានអាស្រូវជាច្រើនផ្សេងទៀត​។ ​

ករណីនេះ​ លោក​ស្នើទៅក្រសួងមហាផ្ទៃ ត្រូវទប់ស្កាត់បទល្មើសទាំងនោះ កុំឱ្យកើតមានបន្តទៀត ខណៈពលរដ្ឋខ្លះ រួមទាំងលោកផងមានក្តីព្រួយបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួន។

លោកនិយាយថា៖ «ខ្ញុំសូមឱ្យអាជ្ញាធរ ហើយផ្នែកខាងក្រសួងមហាផ្ទៃជួយទប់ស្កាត់ផង ពីព្រោះករណីដែលមិនស្របច្បាប់។ យើងមានការព្រួយបារម្ភ ជាពិសេសកូនចៅ ចេញទៅណាមកណាខ្ញុំចេះតែព្រួយ ខ្ញុំចេះតែដាស់តឿនដែរ»។

មន្រ្តីសម្របសម្រួលសមាគមអាដហុកប្រចាំខេត្តព្រះសីហនុ អ្នកស្រី ជៀប សុធារី ជំរុញទៅរដ្ឋាភិបាល និងអាជ្ញាធរពាក់ព័ន្ធត្រូវសហការជាមួយអាជ្ញាធរថៃ ធ្វើការស្រាវជ្រាវបង្ហាញការពិត ជុំវិញ ករណីស្រ្តីជនជាតិ​ថៃនេះ  ដើម្បីកុំឱ្យប៉ះពាល់ដល់មុខមាត់រដ្ឋាភិបាល។

អ្នកស្រីមានប្រសាសន៍ថា«ការលើកឡើងក្នុងសំណុំរឿងរបស់អាជ្ញាធរថៃចោទមកកម្ពុជាថា ជនជាតិថៃត្រូវគេជួញដូរបូមឈាមលក់ ហើយអាជ្ញាធរកម្ពុជាបដិសេធ។ អញ្ចឹងសំណុំរឿងនេះផ្ទុយគ្នា ធ្វើឱ្យពលរដ្ឋនិងមហាជនមានការងឿងឆ្ងល់ដែរ តើចំណុចពិតប្រាកដនៃសំណុំរឿងនេះនៅកន្លែងណា? អញ្ចឹងគួរតែមានការជជែកគ្នារវាងភាគីកម្ពុជានិងថៃ»។

លោកស្រីបន្តថា«បើអត់ស្រាវជ្រាវឱ្យបានច្បាស់លាស់ទេ នឹងធ្វើឱ្យប៉ះពាល់ដល់មុខមាត់រដ្ឋាភិបាល ប៉ះពាល់សេដ្ឋកិច្ចនៅកម្ពុជា ធ្វើឱ្យអ្នកដែលចង់មកវិនិយោគនៅកម្ពុជា មិនទុកចិត្តប្រព័ន្ធច្បាប់នៅកម្ពុជា ដោយសារជនល្មើសមិនត្រូវបានចាប់យកទៅអនុវត្តតាមច្បាប់»។

កាលពីថ្ងៃទី១០ ខែមីនា អង្គការ សង្គមស៊ីវិលចំនួន៣៦ បានចេញសេចក្ដីថ្លែងការណ៍រួមមួយ ដោយបង្ហាញក្តីបារម្ភជាខ្លាំង ចំពោះរបាយការណ៍​បង្ហាញពីការកើតឡើងយ៉ាងច្រើននៃការជួញដូរមនុស្ស​ ​ការប្រើកម្លាំងពលកម្មដោយបង្ខំ អំពើទាសភាព និងទារុណកម្មនៅ​កម្ពុជា។

ពួកគេ ក៏បានអំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជាលុបបំបាត់អំពើទាសភាពទាំងនោះពីក្នុងប្រទេសផងដែរ។ ​

សេចក្ដីថ្លែងការណ៍បានសរសេរថា«យើងខ្ញុំស្នើសុំឱ្យអាជ្ញាធរកម្ពុជាបំពេញការទទួលខុសត្រូវរបស់ខ្លួន ដើម្បីស៊ើបអង្កេតឱ្យបានពេញលេញនូវការរំលោភបំពាននៅក្នុងប្រទេសរបស់ខ្លួន ព្រមទាំងលុបបំបាត់រាល់ទីតាំងទាំងអស់ដែលជាប់ទាក់ទងនឹងល្បែងស៊ីសងខុសច្បាប់ និងប្រតិបត្តិការបោកបញ្ឆោត ក៏ដូចជា ការបង្ខំឱ្យធ្វើពលកម្ម ទាសភាព ឬការធ្វើទារុណកម្ម។ សូមធានាផងដែរថា អ្នកដែលជាប់បង្ខាំងខ្លួនត្រូវបានដោះលែង និងផ្ដល់សុវត្ថិភាពជូនពួកគាត់ ហើយកាត់ទោសអ្នកទទួលខុសត្រូវទាំងអស់តាមច្បាប់កម្ពុជា»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ