ប្រជាជនថៃ​ជាប់​ព្រំដែន​មីយ៉ាន់ម៉ា រៀបរាប់​ពី​ទុក្ខ​លំបាក​គិត​ចាប់​តាំង​ពី​មាន​រដ្ឋប្រហារ​នៅ​ក្នុង​ប្រទេសនេះ

ស្ត្រីជនជាតិថៃម្នាក់ពួននៅរណ្ដៅដី ដើម្បីការពារពីការបាញ់ប្រយុទ្ធគ្នារបស់មីយ៉ាន់ម៉ា ស្ថិតនៅជាប់នឹងព្រំប្រទល់ថៃ-មីយ៉ាន់ម៉ា។ (A24 News)

ប្រជាពលរដ្ឋក្នុងតំបន់ Mae Sariang តាមដងទន្លេ Salween ក្នុងខេត្ត Mae Hong Son ប្រទេសថៃ ដែលមានព្រំប្រទល់ជាប់ប្រទេសមីយ៉ាន់ម៉ា បាននិងកំពុងចែករំលែករឿងរ៉ាវដ៏រន្ធត់របស់ពួកគេដែលកើតឡើង បន្ទាប់ពីមានរដ្ឋប្រហារយោធានៅមីយ៉ាន់ម៉ាគិតចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២១។

Salween គឺជាទន្លេតូចមួយដែលកាត់ផ្ដាច់តំបន់ខាងលើនេះពីមីយ៉ាន់ម៉ាដែលមានការប្រយុទ្ធគ្នា។

ទោះជាយ៉ាងណា សហគមន៍មូលដ្ឋាននៅតាមបណ្ដោយព្រំដែននេះ ត្រូវបានរាយការណ៍ថា នៅតែត្រូវរងផលប៉ះពាល់ដោយការប្រយុទ្ធគ្នា ខណៈដែលការរាយការណ៍ពីបញ្ហាសុខភាពផ្លូវចិត្តរបស់ប្រជាជនក៏បានកើនឡើងគួរឱ្យកត់សម្គាល់ផងដែរ។

អ្នកភូមិទាំងឡាយមានការភ្ញាក់ផ្អើលជាខ្លាំង នៅពេលដែលខ្លួនឃើញទ្រព្យសម្បត្តិនិងផ្ទះសម្បែងរបស់ពួកគេរងការវាប្រហារដោយគ្រាប់កាំភ្លើង ខណៈដែលអ្នកខ្លះទៀតហាក់ទម្លាប់ទៅនឹងការចំណាយពេលពេញមួយថ្ងៃរស់នៅក្រោមដីទៅហើយ រាល់ពេលដែលពួកគេឮសំឡេងនៃការប្រយុទ្ធគ្នា។

ជាមួយគ្នានេះ អ្នកភូមិមួយចំនួនដែលកាន់សាសនាគ្រិស្ត ក៏បានប្រើប្រាស់វិធីសាស្រ្តក្នុងការរក្សាចិត្តឱ្យ​ស្ងប់និង​សន្តិភាពនៅក្នុងព្រះវិហារ ដោយគេចចេញពីការពិតនិងភាពមិនច្បាស់លាស់ដែ​ល​ពួកគេ​រស់នៅ​ផង​ដែរ។

នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន A24 News ម្ចាស់ផ្ទះមួយរូប លោកស្រី Masaw ដែលរស់នៅក្នុងសហគមន៍ Tha Ta Fung ថ្លែងថា៖ «មានពេលមួយនោះ ខ្ញុំបានរត់ទៅលាក់ខ្លួននៅក្នុងព្រៃ ដើម្បីរង់ចាំឱ្យការប្រយុទ្ធគ្នាបញ្ចប់ទៅ។ បន្ទាប់មក ខ្ញុំត្រលប់មកផ្ទះវិញ ដោយឃើញជញ្ជាំងផ្ទះរបស់ខ្ញុំរងការធ្លុះធ្លាយដោយគ្រាប់កាំភ្លើងជាច្រើនកន្លែង។ វាអាចនិយាយបានថា ខ្ញុំមានសំណាងដែរនៅពេលនោះ ព្រោះថាប្រសិន​បើ​គ្រាប់​កាំភ្លើង​បាញ់ត្រូវ​ចំ​ធុង​សាំង​ដែល​ខ្ញុំ​ដាក់​នៅ​ក្បែរ​ទ្វារ នោះ​ផ្ទះរបស់​ខ្ញុំ​នឹង​ត្រូវឆាប​ឆេះ​អស់ជាក់ជាមិនខាន»។

ស្រ្តីម្នាក់រស់នៅក្នុងសហគមន៍ដូចគ្នានេះ ដែលមានបញ្ហាសុខភាពផ្លូវចិត្ត អ្នកស្រី Masaba បានលើកឡើងថា៖ «ចាប់តាំងពីមានការរំខានដែលបានកើតមានឡើងនៅតាមព្រំដែនថៃ-មីយ៉ាន់ម៉ាមក ខ្ញុំមានអារម្មណ៍ថា ខ្លួនដូចជាកំពុងរស់នៅក្នុងស្ថានភាពមិនច្បាស់លាស់មួយ។ ខ្ញុំត្រូវតែមានការប្រុងប្រយ័ត្នជាប់ជានិច្ច ដោយត្រូវបើកភ្នែកចាំតាមដានស្ថានការណ៍២៤ម៉ោងក្នុងមួយថ្ងៃ»។

អ្នកស្រីបន្ថែមថា៖ «ខ្ញុំត្រូវមានការប្រយ័ត្នប្រយែងរាល់ពេលដែលដើរនៅក្នុងភូមិ ឬសូម្បីតែនៅពេលដែលកំពុងដេកនៅក្នុងផ្ទះរបស់ខ្ញុំក៏ដោយ។ នៅពេលមួយដែលខ្ញុំបាន​ឮ​សំឡេង​គ្រាប់​បែក រូបខ្ញុំ រួមនឹងសមាជិក​គ្រួសារ​ទាំង​អស់​របស់​ខ្ញុំនៅពេលនោះ ​ត្រូវ​ប្រញាប់ចូលទៅកាន់ទីតាំង​ក្រោម​ដីដើម្បីសុវត្ថិភាព»។

ជាមួយគ្នានេះ ស្ត្រីចំណាស់មួយរូប លោកស្រី Siri Samajitarporn ដែលជាទីប្រឹក្សារបស់ព្រះវិហារសាសនាគ្រិស្តក្នុងសហគមន៍ Tha Ta Fung  ដែលប្រើប្រាស់ជំនឿដើម្បីរំងាប់ចិត្ត និងរក្សាសតិស្មារតីរបស់ខ្លួន បានលើកឡើងថា៖​ «ដោយសារតែ​យើង​ដឹង​ថា ​ព្រះ​នឹង​ជួយ​យើង​យ៉ាងពិត​ប្រាកដ។ យើងជឿលើព្រះគម្ពីរ ដែលក្នុងនោះមាន​ផ្នែក​មួយ​​បាន​ចែងថា ប្រសិន​បើ​យើង​រង​ទុក្ខ នោះ​ព្រះ​នឹងជួយដល់យើង។ ដូច្នេះហើយ យើងកសាងទំនុកចិត្តនៅក្នុងចិត្តរបស់យើង។ រាល់ពេល​ដែលយើង​មាន​អារម្មណ៍ថា​ភ័យ​ខ្លាច យើង​ធ្វើការអធិដ្ឋាន ហើយ​អាន​គម្ពីរ​ ដើម្បី​ធ្វើ​ឱ្យ​ចិត្ត​យើង​ស្ងប់»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ