នាវា​កងស្វ័យការពារ​ជើងទឹក​ជប៉ុន​មក​ទស្សនកិច្ច​នៅ​កម្ពុជា ដើម្បី​លើក​កម្ពស់​សមត្ថភាព​កងទ័ព​ប្រទេស​ទាំងពីរ

នាវាកងកម្លាំងស្វ័យការពារជើងទឹកជប៉ុន ចូលចតនិងធ្វើទស្សនកិច្ចនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២។ (ហ្វេសប៊ុក៖ នាយកដ្ឋានព័ត៌មាន ក្រសួងការពារជាតិ)

នាវាកងកម្លាំងស្វ័យការពារជើងទឹកជប៉ុនចំនួន២គ្រឿង បានចូលចតនិងធ្វើទស្សនកិច្ចនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅថ្ងៃអង្គារនេះ ដើម្បី​ហឹ្វកហ្វឺនពង្រឹងកិច្ចសហប្រតិបត្តិការ និងលើកកម្ពស់សមត្ថភាពកងទ័ពជើងទឹកទាំងពីរ​។

រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ បាញ់ បានថ្លែងក្នុងពិធីសំណេះសំណាលជាមួយនាយ នាយរង និងពលនាវិកកងស្វ័យការពារជើងទឹកជប៉ុន ​នាព្រឹកថ្ងៃអង្គារនេះថា កងស្វ័យការពារជើងទឹកជប៉ុនបានចូលចតកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីធ្វើទស្សនកិច្ចនៅប្រទេសកម្ពុជាជាលើកដំបូង ក្នុងរយៈពេលបីឆ្នាំកន្លងមកនេះ ដោយចាប់ផ្ដើមពីថ្ងៃទី១៥ ដល់១៧ ខែមីនា ឆ្នាំ២០២២។

លោក ទៀ បាញ់ បន្តថា កម្ពុជា-ជប៉ុន នៅឆ្នាំនេះ គឺជាឆ្នាំគម្រប់ខួបលើកទី៣០ នៃការបញ្ជូនកងរក្សាសន្ដិភាពរបស់​ជប៉ុនមកបំពេញបេសកកម្មនៅកម្ពុជា រួមទាំងបញ្ជូន​កងរក្សាសន្ដិភាពរបស់ជប៉ុនចេញក្រៅប្រទេសជាលើកដំបូងបំផុតរបស់ខ្លួន។

បន្ថែមពីនេះ លោកថា ជប៉ុននឹងបង្កើនចំនួននាវាកងទ័ពស្វ័យការពារជើងទឹក សូមចូលចតកំពង់ផែស្វយ័តក្រុងព្រះសីហនុកាន់តែច្រើន ដើម្បីហ្វឹកហាត់រួមគ្នា​លើកកម្ពស់សមត្ថភាព លើជំនាញជួយសង្គ្រោះគ្រោះមហន្ដរាយ ប្រយុទ្ធប្រឆាំងភេរវកម្ម និងវិស័យមនុស្សធម៌ រវាងប្រទេសទាំងពីរផងដែរ។

នាវាកងស្វ័យការពារជើងទឹកជប៉ុនមានចំនួន២គ្រឿង ដែលនាវាទីមួយមានឈ្មោះ URAGA មាននាវិកចំនួន១២៦នាក់ និងនាវា HIRADO មាននាវិកចំនួន៤៥នាក់។

ចាប់ពីឆ្នាំ២០០៨-២០២២ កងស្វ័យការពារជើងទឹកជប៉ុនចូលទស្សនកិច្ចនៅកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ ចំនួន៩លើក ដោយមាននាវាសរុបចំនួន២៤គ្រឿង រួមទាំងលើកនេះ ដើម្បីពង្រឹងកិច្ចសហប្រតិបតិ្តការលើគ្រប់វិស័យរវាងកងទ័ពជើងទឹកប្រទេសទាំងពីរ​ឱ្យកាន់តែប្រសើរឡើង និងរីកចម្រើនថែមទៀត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ