ពលរដ្ឋ​មួយ​ចំនួន​យល់​ឃើញ​ថា ការ​ចាក់​វ៉ាក់សាំង​ដូស​ជំរុញ​នៅ​តែ​សំខាន់​ ទោះ​អ្នក​ធ្លាប់​ឆ្លង​កូវីដ​រួច​ហើយ​ក្តី

នាព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១ ពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសជំរុញ (ដូសទី៣) ដល់មន្រ្តីសុខាភិបាល មន្រ្តីរាជការ និងអាជ្ញាធរជួរមុខ ក្នុងខេត្តព្រះវិហារ នៅសាលាខេត្តព្រះវិហារ។ (ហ្វេសប៊ុក៖ រដ្ឋបាលខេត្តព្រះវិហារ)

ប្រជាពលរដ្ឋ​មួយ​ចំនួន​យល់​ឃើញ​ថា ការ​ចាក់​វ៉ាក់សាំង​ដូស​ជំរុញ (ដូសទី៤) នៅ​តែ​សំខាន់​ ទោះ​បី​អ្នក​នោះធ្លាប់​ឆ្លង​ជំងឺ​កូវីដ​រួច​ហើយ​ក្តី។

ពលរដ្ឋមួយរូបរស់នៅរាជធានីភ្នំពេញ លោក ធឿន សំណាង ជាអ្នកធ្លាប់ឆ្លងជំងឺកូវីដ-១៩ និងទើបព្យាបាលជាសះស្បើយកាលពីពេលថ្មីៗនេះ បានថ្លែងថា លោកធ្លាប់បានចាក់វ៉ាក់សាំងចំនួន៣ដូស រួចមកហើយ មុនពេលលោកឆ្លងជំងឺមួយនេះ។

លោកសង្កេតឃើញថា ទោះបីជាប្រពលរដ្ឋដែលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ហើយក្តី តែលទ្ធភាពនៃការឆ្លងវីរុសនេះនៅតែមានដដែល ប្រសិនបើមិនបានការពារឱ្យបានត្រឹមត្រូវនោះទេ។

លោក សំណាង បាននិយាយថា៖ «ខ្ញុំនៅតែចង់ចាក់ដូសទី៤ទៀត ព្រោះនេះជាសម័យផ្ទុកដោយមេរោគកូវីដបំប្លែងថ្មីច្រើនជាបន្តបន្ទាប់ ចឹងដើម្បីរក្សាសុវត្ថិភាពសុខភាពរបស់ខ្លួនឯងផ្ទាល់ផង គ្រួសារ និងមនុស្សជុំវិញខ្លួនផង»

ពលរដ្ឋរូបនេះបានលើកឡើងថា លោកបានចំណាយពេលព្យាបាលជំងឺកូវីដ-១៩ នៅផ្ទះត្រឹមតែមួយសប្តាហ៍ប៉ុណ្ណោះ។ លោកគិតថា ការណ៍ដែលលោកព្យាបាលជាសះស្បើយលឿនបែបនេះ ក៏ដោយសារលោកមានជំនួយពីវ៉ាក់សាំងដែលលោកបានចាក់កន្លងមក។

រីឯយុវជនម្នាក់ទៀត ដែលមានទីលំនៅស្ថិតក្នុងស្រុកស្រែអំបិល ខេត្តកោះកុង បានថ្លែងដោយសុំមិនបញ្ចេញឈ្មោះថា លោកធ្លាប់បានឆ្លងជំងឺកូវីដ-១៩ បើទោះបីជាលោកបានចាក់វ៉ាក់សាំងចំនួនពីរដងរួចមកហើយក្តី។ បើតាមយុវជនរូបនេះ មកទល់ពេលនេះលោកបានចាក់វ៉ាក់សាំងដូសជំរុញរួចមកហើយៗ នឹងទទួលវ៉ាក់សាំងដូសទី៤ ក្នុងពេលឆាប់ៗនេះផងដែរ។

យុវជនរូបនេះបាននិយាយថា៖ «ខ្ញុំនៅតែចង់ចាក់វ៉ាក់សាំងដូសជំរុញ ទោះបីចាក់ហើយនៅតែឆ្លងក៏ដោយ តែខ្ញុំជឿថា វានឹងជួយបង្កើតអង់ទីគ័របន្ថែមក្នុងខ្លួនខ្ញុំ»

លោកបន្ថែមថា៖ «កាលដែលខ្ញុំកើតកូវីដ-១៩ហ្នឹង គឺស្ថិតក្នុងកម្រិតស្រាលទេ ប៉ុន្តែពេលនោះនៅតាមខេត្តមិនអនុញ្ញាតឱ្យមានការព្យាបាលខ្លួនឯងនៅតាមផ្ទះឡើយ ដូចនេះខ្ញុំត្រូវតែទៅមណ្ឌលសុខភាពព្យាបាលតាមទីតាំងដែលបានកំណត់»

ផ្ទុយពីយុវជនខាងលើ ពលរដ្ឋមួយរូបនៅភ្នំពេញ លោក តាំង សុងហេង ដែលធ្លាប់វិជ្ជមានកូវីដ-១៩ចំនួនពីរលើករួចមកហើយនោះ លោកហាក់បីដូចជាអស់ជំនឿលើវ៉ាក់សាំងការពារជំងឺកូវីដ-១៩ទៅហើយ ព្រោះលោកបានចាក់វ៉ាក់សាំងរួចហើយ ប៉ុន្តែនៅតែឆ្លងម្ដងហើយម្ដងទៀត។

លោក សុង ហេង មានប្រសាសន៍ថា៖ «ខ្ញុំចាក់វ៉ាកសាំងបាន២ដូស កើតកូវីដម្តង ចាក់លើកទី៣ កើតកូវីដម្តងទៀត មើលទៅឥឡូវមិនបាច់ទៅចាក់ដូសទី៤ទេដឹង បើចាក់ហើយនៅតែកើតដដែលៗ»

ទន្ទឹមនឹងនេះលោក សុង ហេង បានឱ្យដឹងថា ថ្មីៗនេះ លោកឧស្សាហ៍ជាប់ពាក់ព័ន្ធនឹងអ្នកវិជ្ជមានកូវីដ-១៩ដោយផ្ទាល់ ប៉ុន្តែនៅពេលដែលលោកធ្វើតេស្តរហ័ស (Rapid test) លើកណាក៏មិនដែរវិជ្ជមានទៀតឡើយ ជាហេតុធ្វើឲ្យលោកមានការងឿងឆ្ងល់ផងដែរ។

រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល លោកស្រី ឱ វណ្ណឌីន  បាន​ចេញ​មក​បញ្ជាក់​ជា​ថ្មី កាល​ពី​ថ្ងៃទី១០ ខែមីនា​ថា ចំពោះអ្នកដែលកំពុងឆ្លងវីរុសកូវីដ-១៩ មិនចាំបាច់ទៅចាក់វ៉ាក់សាំងភ្លាមៗទេ ប៉ុន្តែត្រូវចាក់ដូសជំរុញបន្ថែមទៀត បន្ទាប់ពីជាសះស្បើយបានយ៉ាងហោចណាស់ចំនួន ៤ខែឡើងទៅ។

លោកស្រី ឱ វណ្ណឌីន មានប្រសាសន៍ថា៖ «ឥឡូវបច្ចុប្បន្ននេះយើងសង្កេតឃើញថា បងប្អូនយើងមួយចំនួនដែលគាត់កំពុងតែឆ្លងឬក៏បានឆ្លងនូវវីរុសអូមីក្រុងនេះហើយ វាជាការពិតដែលពួកគាត់មិនមានភាពចាំបាច់អីនៅក្នុងការចាក់នៅដូសជំរុញទេ»

លោកស្រីវេជ្ជបណ្ឌិតបន្តថា៖ «ប៉ុន្តែនៅពេលដែលបងប្អូនជា [ជំងឺកូវីដ-១៩] បានបួនខែឡើងលើ គឺជាពេលវេលាមួយដែលបងប្អូនចាំបាច់ត្រូវមកទទួលយកនូវវ៉ាក់សាំងកូវីដ-១៩នេះ»

ផ្ទុយទៅវិញ ប្រធានសមាគមគ្រូពេទ្យគុណធម៌កម្ពុជា លោកវេជ្ជបណ្ឌិត អ៊ូច វុទ្ធី លើកឡើងថាចំពោះអ្នកដែលធ្លាប់វិជ្ជមានវីរុសកូវីដ-១៩  គួរណាត្រូវបានពិនិត្យអង់ទីគ័រជាមុនសិនមុននឹងទទួលនូវដូសជំរុញ។

លោកវេជ្ជបណ្ឌិត អ៊ូច វុទ្ធី បានមានប្រសាសន៏ថា៖ «ប្រសិនបើគាត់ជាពីជំងឺកូវីដ-១៩ ហើយទៅចាក់វ៉ាក់សាំងដូសជំរុញដោយមិនពិនិត្យអង់ទីគ័រទេ គាត់ក៏មិនមានហានិភ័យអីទេ តែវ៉ាក់សាំងនោះដូចជាទឹកអ៊ីចឹង ព្រោះអ្នកឈឺ [ជំងឺកូវីដ-១៩] ហើយជាវិញ គឺភាគច្រើនមានអង់ទីគ័រធម្មជាតិ»

លោកវេជ្ជបណ្ឌិតបានកត់សម្គាល់ថា កន្លងមក លោកសង្កេតឃើញថា គ្រូពេទ្យចាក់វ៉ាក់សាំងនៅកន្លែងមួយចំនួនមិនមានការពិនិត្យ ឬសួរនាំអ្នកមកចាក់វ៉ាក់សាំងឲ្យបានត្រឹមត្រូវនោះទេ ពោលគឺចូលចាក់ៗតែម្ដង ដោយមិនមានការសួរនាំព័ត៌មានផ្ទាល់ខ្លួន ឬប្រវត្តិស្ថានភាពសុខភាពអ្វីទេ។

គួរបញ្ជាក់ផងដែរថា ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ បានក្លាយជាកាតព្វកិច្ចសម្រាប់ប្រជាពលរដ្ឋខ្មែរ ជាពិសេស គឺមន្ត្រីរាជការ និងបុគ្គលមួយចំនួនដែលមានការប្រឈមនឹងហានិភ័យខ្ពស់ ហើយគិតមកទល់ពេលនេះលទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន​នាក់​ មាន ៩២,២៧% ឯណោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ