ឧក្រិដ្ឋកម្ម​ស្ថិត​នៅ​ក្នុង​ការ​បិទ​បាំង​៖ ​អ្នក​សារព័ត៌មាន​រង​សម្ពាធ​ក្នុង​ការ​រាយការណ៍​បទល្មើស​ធ្ងន់ធ្ងរ​ក្នុង​ខេត្ត​ព្រះសីហនុ

អគារ ផ្ទះល្វែង និងហាងនានានៅក្នុងខេត្តព្រះសីហនុ។ (វណ្ណ វិចារ/ ២៧ មិថុនា ២០១៩)

ព័ត៌មានកើតឡើងក្នុងខេត្តព្រះសីហនុដែលរួមមានករណីឃាតកម្ម ចាប់ពង្រត់ ការប្រទះឃើញសាកសពនៅតាមឆ្នេរសមុទ្រជាដើមនោះ បាន​បង្ហាញជារូបភាពនៃឧក្រិដ្ឋកម្មដ៏សាហាវ​ និងធ្ងន់ធ្ងរនៅក្នុងខេត្តជាប់មាត់សមុទ្រមួយនេះ។

ទោះជាយ៉ាងណា អាជ្ញាធរហាក់កំពុងបិទបាំងកាន់តែខ្លាំងឡើងនូវព័ត៌មានអំពីការបំពេញការងាររបស់សមត្ថកិច្ច និងថែមទាំងបានដាក់សម្ពាធលើអ្នកសារព័ត៌មានជុំវិញការរាយការណ៍ករណីធ្ងន់ធ្ងរទាំងឡាយផងដែរ។ នេះបើតាមការលើកឡើងដោយអ្នកយកព័ត៌មានឧក្រិដ្ឋកម្មនានា។

របាយការណ៍នៃឧក្រិដ្ឋកម្មក្នុងតំបន់ដែលកើតចេញពីខេត្តមួយនេះក្នុងរយៈពេល ២ឆ្នាំចុងក្រោយ រួមមានយ៉ាងតិចណាស់ ៦ករណីនៃសាកសព ដែលត្រូវបានគេប្រទះឃើញទាំងនៅទីតាំងសាធារណៈ ឬ តាមបណ្ដោយឆ្នេរ ខណៈករណីមនុស្សឃាត ការវាយដំ ឬការប្រើប្រើប្រាស់អាវុធមានចំនួន ១៩ ករណី ការជំរិតទារប្រាក់ និងឃុំខ្លួនចំនួន ១១ករណី រួមនឹងឧក្រិដ្ឋកម្មធ្ងន់ធ្ងរមួយចំនួនទៀត។

សារព័ត៌មានវីអូឌីបានពិនិត្យករណីចំនួន ១៤ក្នុងឆ្នាំ២០២០ និង ២៦ករណីក្នុងឆ្នាំ ២០២១ ដោយក្នុងនោះ ជាងពាក់កណ្តាលនៃករណីទាំងអស់នេះកើតឡើងក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខណៈផ្សេងទៀតកើតឡើងនៅតាមបណ្តោយឆ្នេរអូរត្រេះ ឆ្នេរអូរឈើទាល ​បុរី គុជអាស៊ី ក្នុងសង្កាត់លេខ៣ តំបន់ «ខ្សាច់មាស» និង ​តំបន់​ឆៃណាថោន ដែលជនរងគ្រោះភាគច្រើន គឺជាជនជាតិចិន។

ក្រៅពីជនជាតិចិន ក្នុងនោះក៏មានករណីជនរងគ្រោះជាជនជាតិ​ថៃ ​៣៦​នាក់​ ដែល​ត្រូវ​បាន​ជួយ​សង្គ្រោះ​ពី​កាស៊ីណូ Golden World 3 ​ក្នុងសង្កាត់លេខ៣ កាលពីខែ​កញ្ញាឆ្នាំមុន ការ​ជួយ​សង្គ្រោះ​ជន​រង​គ្រោះចំនួន ៣នាក់ ​ដែលមិនស្គាល់អត្តសញ្ញាណកាលពីខែវិច្ឆិកា ​និង​ស្ត្រី​ម្នាក់​ត្រូវ​បាន​ប្រទះ​ឃើញ​ស្លាប់​ជាមួយ​ឆ្កែរបស់ខ្លួន​ក្នុងខែតុលា។ ​ដំបូងឡើយ ស្ត្រី​រូប​នេះ​ក៏ត្រូវ​បាន​គេ​សន្និដ្ឋាន​​ថា​ជា​ជនជាតិ​ចិនផងដែរ មុន​នឹង​ត្រូវ​បានកំណត់​អត្តសញ្ញាណ​ថា​ជា​ជនជាតិ​វៀតណាមវិញ។

ឧក្រិដ្ឋកម្មដែលរាយការណ៍ដោយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ភាគច្រើនកើតចេញតែពីការឆ្លើយតបរបស់សមត្ថកិច្ចដែលទទួលភារកិច្ចលើផ្នែកឧក្រិដ្ឋកម្មប៉ុណ្ណោះ ខណៈដែលអ្នកយកព័ត៌មានកម្ពុជាក្នុងខេត្តព្រះសីហនុបានលើកឡើងថា ព័ត៌មានទាំងនោះពុំត្រូវបានរាយការណ៍ឱ្យបានគ្រប់ជ្រុងជ្រោយនោះទេ ដោយសារតែអ្នកសារព័ត៌មានក្នុងស្រុកជារឿយៗ តែងតែត្រូវបានរារាំងដោយអាជ្ញាធរពីការទទួលបានព័ត៌មានឧក្រិដ្ឋកម្មដែលពួកគេបានដឹងឮ។

ទាក់ទិននឹងករណីនេះ អ្នកកាសែតចិនមួយរូបបានប្រាប់វីអូឌីឱ្យដឹងថា រូបលោកដឹងអំពីករណីឧក្រិដ្ឋកម្មច្រើនជាងអ្វីដែលខ្លួនអាចរាយការណ៍បាន ខណៈដែលខ្លួនក៏ជួបឧបសគ្គផ្សេងទៀតក្នុងការប្រមូលព័ត៌មាន ដោយពេលខ្លះរងនូវការគំរាមកំហែងផងដែរ។

ការរាយការណ៍ពីឧក្រិដ្ឋកម្មទាក់ទងនឹងជនជាតិចិន

លោក Huang Yan ជាអ្នកសារព័ត៌មានប្រចាំគេហទំព័រព័ត៌មានជាភាសាចិនមួយរូប បានលើកឡើងថារូបលោកជារឿយៗតែងតែរាយការណ៍ពីការចាប់ជំរិត ការស្លាប់ និងឧក្រិដ្ឋកម្មផ្សេងៗដែលជាប់ពាក់ព័ន្ធនឹងជនជាតិចិនក្នុងខេត្តព្រះសីហនុ។

លោកបានប្រាប់វីអូឌីកាលពីចុងខែមករាថា លោកបានឮ​ពីអំពើឧក្រិដ្ឋកម្មចំនួន ៧ផ្សេងគ្នានៅក្នុងខេត្តព្រះសីហនុមួយសប្តាហ៍មុនពិធីបុណ្យចូល​ឆ្នាំចិនឈានចូលមកដល់ ដែលរួមមានការប្រទះឃើញសាកសពជាប់ខ្នោះចំនួន ២ករណី មនុស្ស ២នាក់ធ្លាក់ពីលើអគារ  និង​ស្ត្រី​ ២​នាក់ទៀត​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ស្លាប់​ក្នុង​រថយន្ត​ពីរ​ផ្សេង​គ្នាដោយ​មិនដឹងពីមូលហេតុច្បាស់លាស់។

លោក Huang Yan បន្តថា ខ្លួនបានឮពីបុរសម្នាក់នៅក្នុងប្រទេសចិន ដែលបានទទួលទូរសព្ទពីសមត្ថកិច្ចក្នុងតំបន់ថាឪពុករបស់គាត់បានស្លាប់នៅក្នុងប្រទេសកម្ពុជា ប៉ុន្តែនៅពេលដែលបុរសរូបនោះសួរ រកព័ត៌មានបន្ថែមទៀត រូបលោកបែជាមិនមានព័ត៌មានលម្អិតគ្រប់គ្រាន់អំពីជនរងគ្រោះដើម្បីផ្ដល់ជូនត្រឡប់ទៅវិញនោះទេ។

លោកថា«​រហូតមកដល់ឥឡូវ​នេះ ​ខ្ញុំ​មិន​ដឹង​ថា​ករណី​មួយ​ណា​ជាប់​ពាក់ព័ន្ធ​នឹង​ឪពុករបស់​គាត់នោះ​ទេ»។

លោកបន្ថែម​ថា រូបលោក​បាន​ឮ​អំពី​ឧក្រិដ្ឋកម្មនៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម និង​ពី​ប្រភព​នានា​ក្នុង​ទីក្រុងច្រើនជាងអ្វី​ដែលគាត់​អាច​រាយការណ៍​បាន ​ខណៈដែល​ព័ត៌មានមួយចំនួនហាក់​ពិបាក​ក្នុង​ការ​ទទួលបាន​ព័ត៌មាន​លម្អិត។

លោក Huang Yan ក៏បានលើកឡើងពីករណីមួយក្នុងខែមករា ដែលនៅពេលនោះបុរសម្នាក់បានធ្លាក់ពីលើអគាររបស់ក្រុមហ៊ុនអនឡាញមួយ ប៉ុន្តែថៅកែអាចរៀបចំបិទបាំងព័ត៌មាននេះរួចទៅហើយ មុនពេលដែលអ្នកយកព័ត៌មាន ឬសមត្ថកិច្ចក្រុងព្រះសីហនុអាចរាយការណ៍ករណីនេះបាន។

លោកបន្តថា៖ «ខ្ញុំមិនអាចរាយការណ៍រឿងនេះបានទេ ពីព្រោះខ្ញុំមិនអាចបញ្ជាក់ពីអ្វីដែលបានកើតឡើងក្នុងករណីនេះ ហើយប្រសិនបើខ្ញុំមិនអាចបញ្ជាក់បានទេ ខ្ញុំមិនអាចរាយការណ៍ថាវាជាការពិតបាននោះទេ»។

តាមរយៈការបំពេញកិច្ចការងារជាអ្នករាយកាណ៍ព័ត៌មានពីប្រទេសកម្ពុជាសម្រាប់ពលរដ្ឋ និងមិត្តអ្នកអានជនជាតិចិនអស់រយៈពេល ៣ឆ្នាំ លោក Huang Yan បានឱ្យដឹងថា បទល្មើសស្រដៀងគ្នាជាច្រើនបានកើតឡើងក្នុងឆ្នាំ២០១៩ ដោយសារតែល្បែងស៊ីសងតាមអ៊ីនធឺណិតបានរីកសាយភាយក្នុងខេត្តព្រះសីហនុ មុនពេលដែលសកម្មភាពនេះត្រូវបានហាមឃាត់កាលពីខែមករា ឆ្នាំ២០២០ ហើយបន្ទាប់មកក៏មានការផ្ទុះឡើងនៃករណីឆ្លងរីករាលដាលនៃវីរុសកូវីដ-១៩។

លោកបន្ថែមថា ការវាយដំ និងការចោទប្រកាន់ពីបទមនុស្សឃាតបានកើតឡើងក្នុងចំនួនច្រើន ដែលក្រៅពីនេះ លោកក៏បានកត់សម្គាល់ឃើញមាននូវឧក្រិដ្ឋកម្មជាច្រើនផ្សេងទៀតដែលរួមមានការបាញ់កាំភ្លើងជាការគំរាមកំហែងដោយអនាធិបតេយ្យកើតឡើងផងដែរ។

លោកថា៖ «កាលពីពេលកន្លងទៅ ពួកគេបើកទូលាយខ្លាំងណាស់ ពីព្រោះល្បែងអនឡាញនៅពេលនោះគឺជាសកម្មភាពស្របច្បាប់មួយក្នុងប្រទេសកម្ពុថជា ដោយវាគឺជាឧស្សាហកម្មដ៏ពេញនិយមមួយសម្រាប់ខេត្តព្រះសីហនុមុនឆ្នាំ ២០១៩។ មុន​ពេល​ដែល​ល្បែង​អនឡាញត្រូវបានបិទ វា​ហាក់​បីដូច​ជា​សកម្មភាពមួយនេះនឹងបន្តមាននៅក្នុង​ប្រទេស​កម្ពុជា​ជា​រៀង​រហូតអញ្ចឹង ដោយ​ពួក​គេ​មាន​អគារជាច្រើន​នៅ​កណ្តាល​ក្រុង»។

ទោះជាយ៉ាងណា លោក Huang Yan បានសង្កេតឃើញថាបន្ទាប់ពីមានការហាមឃាត់ ប្រតិបត្តិការល្បែងស៊ីសង និងការបោកប្រាស់តាមអ៊ីនធឺណិតនៅតែបន្តកើតមានឡើងក្រោមរូបភាពលាក់បាំង។

ប៉ុន្តែដោយសារតែមានការរឹតបន្តឹងការធ្វើដំណើរដែលបង្កឡើងដោយករណីវីរុសកូវីដ-១៩ វាបានធ្វើឱ្យមានជាការលំបាកក្នុងការជ្រើសរើស និងនាំយកជនជាតិចិនចូលមកកាន់សកម្មភាពមួយនេះ ដែលនាំឱ្យមានការកើនឡើងនៃករណីចាប់ពង្រត់ជំនួសមកវិញ ហើយបុគ្គលដែលត្រូវបានចាប់ជំរិតត្រូវបានគេរាយការណ៍ថា បានរងនូវការទាមទារទឹកប្រាក់ក្នុងទំហំជាង ១ម៉ឺនដុល្លារ ឬច្រើនជាងនេះជាថ្នូរនឹងការដោះលែង។

អ្នក​កាសែត​ដដែល​បន្ថែមថា ​រូបលោកម្តងម្កាលក៏រងនូវការ​គំរាម​ជុំវិញ​របាយការណ៍​របស់​ខ្លួនផងដែរ។ មានពេលមួយ​កាល​ពី​ឆ្នាំ​មុន លោក​បាន​រាយការណ៍​អំពី​បទ​ល្មើស​នៅ​ក្រុមហ៊ុន​​ល្បែង​អនឡាញ​មួយ​ដែល​មាន​មូលដ្ឋាន​នៅ​រាជធានី​ភ្នំពេញ។ ដំបូងឡើយ ក្រុមហ៊ុន​បាន​ទាក់ទង​មកកាន់រូបលោក​ដើម្បីលុប​អត្ថបទ​នោះចោល ដោយលោកបានបដិសេធ។

ទោះជាយ៉ាងណា លោក​នៅតែត្រូវ​លុប​អត្ថបទ​នេះ​ចេញ ​បន្ទាប់​ពី​ប៉ូលិស​កម្ពុជា​បាន​គំរាមលោកតាម​ទូរសព្ទ​ក្នុងរយៈពេលមួយ​សប្តាហ៍​បន្ទាប់ផងដែរ។

ដោយកម្រនឹងលុបអត្ថបទរបស់ខ្លួនចោល លោកថា៖ «[ពួកគេថ្លែងថា] យើងមានបញ្ជាឱ្យធ្វើការចាប់ខ្លួន ប៉ុន្តែប្រសិនបើអ្នកសុខចិត្តលុបអត្ថបទនោះចោល នោះនឹងគ្មានអ្វីកើតឡើងនោះទេ។ ប៉ុន្តែប្រសិនបើមិនលុបចោល ខ្ញុំនឹងធ្វើការចាប់ខ្លួន»។

ការគំរាមកំហែងលើអ្នកសារព័ត៌មានជនជាតិខ្មែរ

ស្របពេលដែលប្រព័ន្ធផ្សព្វផ្សាយជាភាសាចិន ទទួលបានរបាយការណ៍នៃឧក្រិដ្ឋកម្មទាក់ទងនឹងជនជាតិចិនក្នុងចំនួនច្រើន សារព័ត៌មានជាភាសាខ្មែរដែលមានមូលដ្ឋានក្នុងខេត្តព្រះសីហនុ ហាក់មិនអាចរាយការណ៍អំពីឧក្រិដ្ឋកម្មទាំងនោះ​ដែលកើតឡើងក្នុងខេត្តមួយនេះឱ្យបានទូលំទូលាយនោះទេ។

ទាក់ទិននឹងករណីនេះ អ្នកសារព័ត៌មានកម្ពុជាពីររូបបម្រើការក្នុងក្រុងព្រះសីហនុ ដែលប្រើឈ្មោះថ្មីមួយដោយសារតែខ្លាចការគំរាមកំហែង និងការបំភិតបំភ័យពីអាជ្ញាធរបានលើកឡើងថា ពួកគេបានដឹងពីការកើនឡើងនៃឧក្រិដ្ឋកម្មជាច្រើន ប៉ុន្តែពួកគេមិនហ៊ានរាយការណ៍ពីករណីទាំងនេះនោះទេ។

អ្នក​កាសែត​ក្នុង​ខេត្ត​ព្រះសីហនុ លោក ហុង រស្មី បាន​ថ្លែង​ថា ក្នុងខេត្តនេះមានប្រព័ន្ធ​ផ្សព្វផ្សាយ​ជាង ៥០ ស្ថាប័ន។ ប៉ុន្តែ ​​បើទោះបីជា​អ្នក​សារព័ត៌មាន​ជាច្រើន​បាន​ដឹងឮ​ពី​បទ​ឧក្រិដ្ឋក៏ដោយ ​ពួកគេ​មិនអាច​រាយការណ៍​ពី​បទ​ល្មើស​ទាំង​នោះបាន​ទេ ដោយសារតែពួកគេ​ទាំង​នោះ​មិនអាច​ទទួល​បាន​ព័ត៌មាន​ពី​អាជ្ញាធរ ឬ​ក៏រងសម្ពាធក្នុងការ​មិន​ឱ្យ​បង្ហាញ​ពីភាពអវិជ្ជមាន​របស់ក្រុង​ព្រះសីហនុ។

លោកបន្តថា នៅ​ពេល​ដែលខ្លួន​ព្យាយាមទូរសព្ទទាក់ទង​ទៅកាន់​សមត្ថកិច្ច​ដើម្បី​សួរ​ផ្ទៀតផ្ទាត់ពី​បទ​ល្មើសទាំងឡាយ ​អាជ្ញាធរ​តែង​តែឆ្លើយតប​ថា​មិន​ដឹង​អំពី​រឿងអស់ទាំង​នេះ។

លោក ហុង រស្មី បន្ថែមថា៖ «ពួកគេលាក់បាំងស្ទើរតែគ្រប់ឧក្រិដ្ឋកម្មទាំងអស់ ជាពិសេសករណីដែលធ្ងន់ធ្ងរ។ មានពេលខ្លះទៀត អ្នកសារព័ត៌មានដឹងពីករណីកើតឡើង ប៉ុន្តែពួកគេមិនមានប្រភពច្បាស់លាស់ ដូច្នេះហើយពួកគេមិនហ៊ានរាយការណ៍អំពីករណីទាំងនេះនោះទេ។ យោងទៅតាមវិជ្ជាជីវៈ នៅពេលដែលយើងដឹងពីករណីទាំងឡាយ ប៉ុន្តែយើងមិនមានប្រភពច្បាស់លាស់ នោះយើងមិនអាចសរសេរអំពីវាបាននោះទេ បើគ្មានប្រភពពីសមត្ថកិច្ច ឬសាធារណជនទូទៅ»។

អ្នកសារព័ត៌មានមួយរូបទៀត លោក ហេង សម្បត្តិ បានឱ្យដឹងផងដែរថា លោកអាចដឹងអំពីករណីដូចជាការប្រទះឃើញសាកសពជាប់ខ្នោះនៅទីតាំងពីរផ្សេងគ្នាក្នុងខែមករាតាមរយៈអ្នករស់នៅក្បែរនោះតែប៉ុណ្ណោះ ខណៈដែលសមត្ថកិច្ចមិនបាននិយាយអ្វីអំពីករណីនេះនោះទេ។

លោក​បន្តថា មានពេលខ្លះទៀត សមត្ថកិច្ច​ផ្តល់​ព័ត៌មានចំពោះតែ​អ្នក​កាសែតទាំងឡាយណា​ដែល​ពួកគេ​ជ្រើសរើសជាពិសេសប៉ុណ្ណោះ។

ទាំងលោក ហុង រស្មី និងលោក ហេង សម្បត្តិ បានលើកឡើងដូចគ្នាថា ខ្លួនបានកត់សម្គាល់ពីការប្រែប្រួលនៃការទទួលបានព័ត៌មាននេះបន្ទាប់ពីលោក គួច ចំរើន ក្លាយជាអភិបាលខេត្ត ដោយថារដ្ឋាភិបាលហាក់ដូចជាមិនសូវមានឆន្ទៈក្នុងការផ្តល់បទសម្ភាសន៍ និងការពិតដល់អ្នកសារព័ត៌មានឡើយ។

លោក ហុង រស្មី ថា«ការរឹតបន្តឹងនានាត្រូវបានអនុវត្ត [លើអ្នកសារព័ត៌មាន] បន្ទាប់ពីអភិបាលខេត្តថ្មីឡើងកាន់តំណែង ហើយប្រសិនបើនរណាម្នាក់ហ៊ានផ្សព្វផ្សាយពីការរិះគន់ក្នុងន័យស្ថាបនា ឬព័ត៌មានអំពីផលប៉ះពាល់អវិជ្ជមាននោះ អាជ្ញាធរនឹងស៊ើបអង្កេតលើពួកគេ។ ដូច្នេះហើយ យើងត្រូវបានរឹតបន្តឹងយ៉ាងខ្លាំងនៅក្រោមអាណត្តិអភិបាលខេត្តនាពេលបច្ចុប្បន្ន»។

ឆ្លើយ​តប​ទៅនឹង​សំណួរ​អំពី​ការ​រឹត​បន្តឹង​អ្នក​សារព័ត៌មាន​ដែល​ផ្សព្វផ្សាយ​បទ​ល្មើស​នៅ​ខេត្ត​ព្រះសីហនុ ប្រធាន​មន្ទីរ​ព័ត៌មាន​ប្រចាំខេត្តមួយនេះ លោក ឱ សាវឿន ថ្លែង​ដោយសួរត្រឡប់មកវិញថា«តើ​អ្នក​បាន​ព័ត៌មាន​នេះមក​ពី​ណា»?

ប្រធាន​មន្ទីរ​ព័ត៌មានដដែលបន្ថែមថា ​ការ​ទទួល​បាន​ព័ត៌មាន​ក្នុង​ខេត្តគឺមិន​មាន​ភាព​ខុស​គ្នា​​នោះ​ទេ ដោយលោកថា វាអាចជាប់ពាក់ព័ន្ធ​នឹង​សមត្ថភាព​របស់​អ្នក​សារព័ត៌មាន​ក្នុង​ការ​បំពេញ​ការងារ​របស់​ពួក​គេ។

លោកបន្ថែមថា៖ «អាជ្ញាធរនៅតែគាំទ្រ ផ្តល់សិទ្ធិ និងសេរីភាពពេញលេញដល់អ្នកជំនាញក្នុងប្រព័ន្ធផ្សព្វផ្សាយ។ ប៉ុន្តែតាមទស្សនៈរបស់ខ្ញុំ វាអាស្រ័យលើទេពកោសល្យផ្ទាល់ខ្លួនរបស់យើង។ យើងត្រូវតែមានសមត្ថភាពអនុវត្តជំនាញ ហើយមិនមែនគ្រប់ការងារទាំងអស់សុទ្ធតែងាយស្រួលនោះទេ»។

ទាក់ទងនឹងសំណួរ​ថា​តើ​អ្នក​សារព័ត៌មាន​ទទួល​បាន​ព័ត៌មាន​តិច​តួច​ពី​អាជ្ញាធរ​ឬ​យ៉ាងណានោះ លោក ឱ សាវឿន បន្តថាមន្ត្រី​ពេលខ្លះមានការរវល់​ខ្លាំង ខណៈដែល​អ្នក​កាសែតទាំងឡាយ​គួរតែ​យល់​អំពីករណីនេះ។

ទាក់ទិននឹងករណីនេះ លោក ហេង សម្បត្តិ បានបន្ថែម​ថា អ្នកសារព័ត៌មានមួយចំនួននៅខេត្តព្រះសីហនុក៏បានសម្រេចផ្លាស់ប្តូរការងារផងដែរ ដោយសារតែពួកគេពិបាករាយការណ៍ពីការពិតទាំងឡាយ។

ហើយសម្រាប់ករណីដែល​អាជ្ញាធរ​ដាក់សម្ពាធ​លើ​អ្នក​កាសែតវិញ លោកបន្តថា​ លោកនិយាយ​មិន​ចេញនោះទេ។

លោក​​ថា៖ «អ្វី​ដែល​ពិបាកខ្លាំងនោះ​គឺថា​អភិបាល​ខេត្ត​មិន​ផ្តល់​សិទ្ធិ និង​សេរីភាព​ដល់​អ្នក​សារព័ត៌មាននោះទេ»។

លោក​បាន​បន្ថែម​ថា​ពួកគេ​ហាក់មាន​អារម្មណ៍​ងាយស្រួល​ជាង ​ក្នុង​ការ​រាយការណ៍​អំពី​ឧក្រិដ្ឋកម្ម​ក្នុង​ខេត្ត​ព្រះសីហនុ​ ក្រោម​ការ​ដឹកនាំ​របស់​អតីត​អភិបាលខេត្តព្រះសីហនុ លោក យន់ មីន។

«ខ្ញុំមិនដឹងអំពីករណីនេះនោះទេ»

ទាក់ទងនឹងសំណួរអំពី​បទ​ល្មើស​ដែលត្រូវ​បាន​រាយការណ៍ មន្ត្រី​ប៉ូលិស និង​មេ​ភូមិទាំងឡាយហាក់​មិន​ហ៊ាន​និយាយ​អំពីករណីទាំងនេះនោះឡើយ។

ជាក់ស្ដែង នាយនគរបាលប៉ុស្តិ៍សង្កាត់លេខ៤ លោក សំ ប្រាក់ នៅ​ពេល​សួរ​អំពី​ការ​ប្រទះ​ឃើញ​សាកសព​ក្នុង​ខែ​កញ្ញា លោកបាន​ថ្លែងយ៉ាងខ្លីថា«ខ្ញុំ​មិន​ដឹង​អំពី​ករណីនេះនោះ​ទេ»។

ចំពោះករណីប្រទះឃើញសាកសពជាប់ខ្នោះដែលត្រូវបានរកឃើញកាលពីថ្មីៗនេះវិញ នាយនគរបាលប៉ុស្តិ៍ដដែលបានលើកឡើងថា ប៉ូលិសបាន​ស៊ើបអង្កេត និងរកឃើញមនុស្សពាក់ព័ន្ធ ប៉ុន្តែបដិសេធមិនផ្តល់ព័ត៌មានលម្អិតនោះទេ។

ចំណែកឯមេ​ភូមិ​លេខ៣ ក្នុងសង្កាត់ដដែលនេះ លោក សោម ស្រេង ក៏បាននិយាយយ៉ាង​សាមញ្ញ​ថារូបលោក​មិន​បាន​ដឹង​ពី​បទ​ល្មើសនោះឡើយ ខណៈដែលមេ​ភូមិ​លេខ៦ លោក ជា រីង ដំបូងឡើយបាន​បដិសេធ​ថា ​មិន​មាន​បទ​ល្មើស​នៅ​ក្នុង​តំបន់​របស់​លោកទេ។

លោក ជា រីង បន្ថែមថានៅក្នុងភូមិរបស់លោកគឺមិនមានការបាញ់បោះនោះទេ ដោយលោកថាមានតែករណីមនុស្សមួយចំនួនបានព្យាយាមចាកចេញពីតំបន់នេះ ដោយសារតែការឆ្លងរីករាលដាលនៃវីរុសកូវីដ-១៩ ប៉ុណ្ណោះ។

លោកបន្តថា៖​ «ក្នុងឆ្នាំ២០២០ នៅពេលដែលពួកគេមិនត្រូវបានអនុញ្ញាតឱ្យចេញទៅខាងក្រៅដោយសារតែការបិទខ្ទប់ ពួកគេបានព្យាយាមរត់គេចខ្លួនចេញ។ វា​មិន​មែន​ជា​ឧក្រិដ្ឋកម្ម​ធ្ងន់ធ្ងរនោះ​ទេ ហើយ​វា​កើត​ឡើង​ក្នុងចំណោម​ប្រជាជន​ចិនតែប៉ុណ្ណោះ»។

ទាក់ទងនឹងការប្រទះ​ឃើញ​សាកសពជាប់​ខ្នោះ​ លោក ជា រីង បាន​ទទួល​ស្គាល់​ថា ​មាន​អ្នក​ឃ្វាលគោមួយរូបក៏បាន​ធុំក្លិន​សាកសពនេះដែរ ​ដោយសារតែសាកសពនេះមិនត្រូវបាន​កប់ឱ្យបានត្រឹមត្រូវ ​និងត្រូវបានគេរកឃើញប្រមាណ​ ៥០០ម៉ែត្រពីតំបន់ឆៃណាថោន។ ទោះជាយ៉ាងណា ទីតាំងដែលជនរងគ្រោះរូបនេះត្រូវបានសម្លាប់គឺមិនត្រូវបានដឹងច្បាស់នោះទេ។

លោក​បន្ត​ថា​«​មាន​ករណី​តែ​មួយ​ប៉ុណ្ណោះ​»។ ហើយ​នៅ​ពេលដែលព្យាយាម​សួរ​អំពី​របាយការណ៍ ៣ ​ផ្សេង​ទៀត ​មេ​ភូមិ​រូបនេះដំបូងឡើយ​បាន​និយាយ​ថាខ្លួន​​មិន​ដឹងនោះ​ទេ។ ប៉ុន្តែ​ក្រោយ​មក​លោក​បាន​ទទួល​ស្គាល់​ដោយថ្លែងថា៖ «មាន​សាកសពពី ២ ទៅ ៣​ ​ត្រូវ​បាន​រក​ឃើញ​នៅ​ទីនេះ»។

លោកបន្ថែមថា៖ «ពួក​គេ​គឺជា​ជន​បរទេស ដូច្នេះ​យើង​ពិបាក​តាម​ដានករណីនេះណាស់»។

ទោះជាយ៉ាងណា អធិការ​នគរបាល​ក្រុងព្រះសីហនុ​ លោក តី វិសាល ថ្លែងថា លោក​មិន​បាន​ដឹង​អំពីករណីនៅក្នុងតំបន់ឆៃណាថោននោះទេ។ ​

ងាកទៅកាន់តំបន់​ខាង​ក្រៅ​ក្រុងព្រះសីហនុវិញ នាយប៉ុស្តិ៍​នគរបាលរដ្ឋបាលឃុំអូរឧកញ៉ាហេង ស្រុក​ព្រៃនប់ លោក ជូ ម៉ារឿន បានឱ្យដឹងថា មានករណីសាកសពមួយ​ត្រូវ​បាន​រក​ឃើញ​នៅ​ទី​នោះកាលពីខែមករាកន្លងទៅ។

លោកថា៖ «ប្រជាពលរដ្ឋមានការ​តក់ស្លុត​យ៉ាង​ខ្លាំង​នៅ​ពេលដែលពួកគេប្រទះ​ឃើញសាក​សព។ យើងក៏ភ្ញាក់ផ្អើលដែរ ខណៈដែលយើងមិនដែលឃើញករណីបែបនេះពីមុននោះទេ»។

លោកបន្តថា សាកសពហាក់មើលទៅដូចជាក្មេងស្រីជនជាតិចិនមិនទាន់គ្រប់អាយុមួយរូប ហើយមានស្នាមជាំលើខ្លួន។

អំពើឆបោក និងឧក្រិដ្ឋកម្ម

ឧក្រិដ្ឋកម្មពាក់ព័ន្ធនឹងឧស្សាហកម្មឆបោកតាមប្រព័ន្ធអនឡាញក្នុងខេត្តព្រះសីហនុ បានចាប់ផ្តើមទាញចំណាប់អារម្មណ៍ពីអន្តរជាតិ ជាពិសេសសម្រាប់តំបន់ចិនដីគោក បន្ទាប់ពីមានរបាយការណ៍កាលពីខែមុន អំពីករណីបូមឈាមលក់រហូតធ្វើឱ្យជនរងគ្រោះខ្សោះឈាមពីក្នុងខ្លួន។

ទោះជាយ៉ាងណា ករណីរបស់បុរសខាងលើនេះត្រូវបានច្រានចោលដោយសមត្ថកិច្ចកម្ពុជា ខណៈដែលជនរងគ្រោះដែលត្រូវបានចោទប្រកាន់ និងស្គាល់ថាជាប្រធានក្រុមស្ម័គ្រចិត្តកម្ពុជា-ចិនមួយរូបត្រូវបានឃាត់ខ្លួនដើម្បីសាកសួរ។

លោក Chen Baorong ត្រូវបានបញ្ជូនទៅកាន់ខេត្តព្រះសីហនុ រួមជាមួយនឹងមនុស្សពីរនាក់ផ្សេងទៀត ដើម្បីធ្វើការសាកសួរ ដោយអ្នកនាំពាក្យខេត្តបានឱ្យដឹងកាលពីពេលកន្លទៅ​ថា ពួកគេកំពុងរៀបចំសំណុំរឿងដើម្បីធ្វើការចោទប្រកាន់ពីបទឧក្រិដ្ឋ​លើប្រធានក្រុមស្ម័គ្រចិត្តរូបនេះ។

យោងតាមប្រព័ន្ធផ្សព្វផ្សាយថៃកាលពីពេលថ្មីៗនេះ ក៏បានរាយការណ៍ករណីចោទប្រកាន់មួយទៀតដែលទាក់ទងនឹងសកម្មភាពនៃការបូមឈាមលក់លើជនជាតិថៃមួយរូបដែលត្រូវបានសង្គ្រោះពីការធ្វើជាទាសករក្នុងប្រទេសកម្ពុជា ដោយស្រ្តីរូបនេះក៏បានប្រឈមនឹងហានិភ័យនៃយកសរីរាង្គផ្សេងទៀតផងដែរ។ ប៉ុន្តែករណីនេះក៏ត្រូវបានអាជ្ញាធរកម្ពុជាបដិសេធ និងថាជារឿងប្រតិដ្ឋប៉ុណ្ណោះ។

លោក Huang Yan បានបន្តឱ្យដឹងទៀតថា អ្នកតាមដានព័ត៌មានជាជនជាតិចិន ជាពិសេសប្រជាជននៅចិនដីគោក កំពុងតែតាមដានយ៉ាងដិតដល់នូវរបាយការណ៍ឧក្រិដ្ឋកម្មដែលទាក់ទងនឹងជនជាតិចិន ពីព្រោះពួកគេតក់ស្លុត និងភ័យខ្លាចក្នុងការស្តាប់ព័ត៌មានលម្អិតនៃឧក្រិដ្ឋកម្មដែលកំពុងកើតឡើងនៅកម្ពុជា។

ក្នុងរយៈពេលប្រមាណ​មួយឆ្នាំកន្លងទៅ លោកក៏បានរាយការណ៍ពីឃាតកម្មលើអតីតនាយកប្រតិបត្តិក្រុមហ៊ុន Tencent លោក Xiao Bo ក្នុងទីក្រុងភ្នំពេញ ជាមួយនឹងវីដេអូដែលឃើញមានបុរសពីរនាក់ទាញលោក Xiao Bo និងមិត្តស្រីរបស់គាត់ចេញពីជណ្តើរយន្ត ដោយយកដៃរុំក និងមានអាវុធជាប់នៅនឹងចង្កេះរបស់ពួកគេ។

លោក​បន្ថែម​ថា ស្ថាប័នព័ត៌មានភាសា​ចិន​ធំៗ​មួយ​ចំនួន ​ក៏បាន​រាយការណ៍ពី​ករណី​នេះ​ផង​ដែរ ដោយសារតែករណីនេះកើតឡើង​លើ​សហគ្រិនលេចធ្លោមួយរូប។

នៅ​ពេល​នោះ លោក Huang Yan បានឱ្យដឹងថា រូបលោក​បាន​ព្យាយាម​តាម​ដាន​ជាមួយ​សមត្ថកិច្ច​កម្ពុជា ប៉ុន្តែ​ខ្លួនអាចទទួល​បាន​ព័ត៌មាន​តិចតួចតែប៉ុណ្ណោះ។ ក្នុងចំណុចមួយ អាជ្ញាធរមូលដ្ឋានបានលើកឡើងថា អ្នកចាប់ជំរិតដែលត្រូវបានជាប់ចោទទាំងពីរនាក់នោះនៅជិតព្រំដែនថៃ ហើយបន្ទាប់មក លោកក៏បានទូរសព្ទទាក់ទងទៅកាន់ប៉ូលីសថៃ ប៉ុន្តែលោកទទួលបានការឆ្លើយតបថា ជនសង្ស័យទាំងនេះមិនបានឆ្លងកាត់ចូលដែនសមត្ថកិច្ចរបស់ពួកគេនោះទេ។

លោកបន្តថា៖ «កាមេរ៉ាសុវត្ថិភាពបង្ហាញយ៉ាងច្បាស់នូវអ្វីដែលបានកើតឡើង ដូច្នេះហើយយើងឆ្ងល់ថា ហេតុអ្វីបានករណីនេះនៅតែមិនអាចស្វែងរកការពិតបាន?។ ចំពោះប្រជាជនចិន ពួកគេក៏ឆ្ងល់ដែរថា ហេតុអ្វីបានជារឿងនេះកើតឡើង ដូច្នេះវាគឺជាព្រឹត្តិការណ៍សំខាន់មួយដែលយើងរាយការណ៍ ។ ប៉ូលិស​ក៏​បាន​លើកឡើងដែរថា ពួកគេ​នឹង​ព្យាយាម​ស្វែងរក​ចម្លើយ ប៉ុន្តែគិតរហូតមកដល់ពេល​នេះ ​គឺ​មានរយៈពេលមួយ​ឆ្នាំ​ហើយ យើងនៅតែ​មិន​ដឹងច្បាស់​ថា​មាន​អ្វី​កើត​ឡើងនោះ​ទេ»៕

បកប្រែនិងសម្រួលដោយលោក ភុន ច័ន្ទឧសភា ចេញពីអត្ថបទដើមភាសាអង់គ្លេស៖ Crimes in Shadows: Sihanoukville’s Grisly Reports, Pressure on Journalists

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ