ជប៉ុន​នឹង​សហការ​ជា​មួយ​កម្ពុជា​រក​ដំណោះ​ស្រាយ​វិបត្តិ​នៅ​អ៊ុយក្រែននិង​មីយ៉ាន់ម៉ា

នាយករដ្ឋមន្ត្រីជប៉ុន លោក គីស៊ីដា ហ្វូមីអុ ដែលមកបំពេញទស្សនកិច្ចនៅកម្ពុជានៅថ្ងៃទី២០ និង២១ ខែមីនា ឆ្នាំ២០២២។ (ហ្វេសប៊ុកស្ថានទូតជប៉ុនប្រចាំកម្ពុជា)

លោកនាយ​ករដ្ឋមន្ត្រីជប៉ុនដែលកំពុងមានវត្តមាននៅកម្ពុជាបានឡើងថា ក្នុងដំណើរទស្សនកិច្ចរបស់លោកនៅកម្ពុជា ដោយមានគោលបំណងសំខាន់មួយចំនួន ក្នុងនោះការ​ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងកិច្ចការអន្តរជាតិ និងតំបន់ ពិសេសការរកដំណោះស្រាយបញ្ហាអ៊ុយក្រែន និងមីយ៉ាន់ម៉ា​។

នាយករដ្ឋមន្ត្រីជប៉ុន លោក  គីស៊ីដា ហ្វូមិអុ (Kishida Fumio) បានផ្ញើសារនៅលើហ្វេសប៊ុករបស់សា្ថនទូតជប៉ុន ជូនចំពោះប្រជាជនកម្ពុជានៅថ្ងៃអាទិត្យនេះថា ក្នុងអំឡុងពេលកន្លងមកនេះ ទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែស៊ីជម្រៅលើគ្រប់វិស័យ ខណៈស្ថានភាពក្នុងពិភពលោកជុំវិញប្រទេសទាំងពីរកាន់តែមានភាពស្មុគស្មាញ។

ករណីនេះ ដើម្បីឱ្យប្រទេសជប៉ុន និងកម្ពុជា បន្តអភិវឌ្ឍជាមួយគ្នាក្នុងពិភពលោកប្រកបដោយស្ថិរភាព ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងកិច្ចការអន្តរជាតិ និងតំបន់ រួមមានបញ្ហាអ៊ុយក្រែន និងមីយ៉ាន់ម៉ា ជាដើម។

ខ្លឹមសារក្នុហ្វេសប៊ុកបានឱ្យដឹងថា៖ «នាពេលបច្ចុប្បន្ន សហគមន៍អន្តរជាតិកំពុងប្រឈមមុខនឹងស្ថានភាពដែលអង្រួនមូលដ្ឋានគ្រឹះនៃសណ្តាប់ធ្នាប់អន្តរជាតិ។ ការឈ្លានពានរបស់រុស្សីមកលើអ៊ុយក្រែន គឺជាការបំពានយ៉ាងច្បាស់លើច្បាប់អន្តរជាតិ ហើយប្រាកដជាមិនអាចទទួលស្គាល់បានឡើយ»។

ខ្លឹមសារដដែលបន្តថា៖ «ប្រទេសជប៉ុន និងកម្ពុជា បានចូលរួមជាមួយគ្នាជាប្រទេសសហស្ថាបនិកនៃសេចក្តីសម្រេចចិត្តនៃកិច្ចប្រជុំពិសេសបន្ទាន់របស់មហាសន្និបាតអង្គការសហប្រជាជាតិស្តីពីការឈ្លានពានលើប្រទេស​អ៊ុយក្រែន ហើយក៏បានសម្តែងការប្រឆាំងយ៉ាងច្បាស់ចំពោះការផ្លាស់ប្តូរស្ថានភាពបច្ចុប្បន្នដោយកម្លាំងជាឯកតោភាគីរបស់រុស្ស៊ី និងអំពើហិង្សាប្រឆាំងនឹងច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ»។

អ្វីដែលគួរឱ្យកត់សំគាល់ នាយករដ្ឋមន្ត្រីជប៉ុន លោក  គីស៊ីដា ហ្វូមិអុ បានបញ្ជាក់ថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៍ជាមួយលោកថា ក្នុងនាមជាប្រធានអាស៊ានប្តេជ្ញាចិត្ត ដើម្បីឆ្ពោះទៅរកដំណោះស្រាយនៃបញ្ហានានាដូចជា ស្ថានភាព​នៅមីយ៉ាន់ម៉ាជាដើម។

នាយករដ្ឋមន្ត្រីជប៉ុន បានយល់ឃើញថា តាមបទពិសោធន៍នៃសង្គ្រាមស៊ីវិល ប្រជាជនកម្ពុជាមានចិត្តគំនិតដ៏ពិសេសចំពោះសន្តិភាព។ ហេតុដូច្នេះហើយ លោកមានបំណងសហការជាមួយរដ្ឋាភិបាលកម្ពុជាដើម្បីសន្តិភាព និងស្ថិរភាពក្នុងតំបន់ និងពិភពលោក។

តាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា នៅថ្ងៃព្រហស្បតិ៍ ក្នុងសប្តាហ៍នេះ ឱ្យដឹងថា នាយករដ្ឋមន្ត្រីជប៉ុន លោក គីស៊ីដា ហ្វូមីអុ (Kishida Fumio) នឹងមកបំពេញទស្សនកិច្ច​នៅកម្ពុជា នាថ្ងៃទី២០និង២១ ខែមីនា ឆ្នាំ២០២២។ ​

ក្រសួងបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងនាយករដ្ឋមន្រ្តីជប៉ុន លោក គីស៊ីដា ហ្វូមីអូ នឹងមានជំនួបទ្វេភាគី ដើម្បីពិភាក្សាអំពីការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ រួមមាន ក្នុងវិស័យពាណិជ្ជកម្ម និងការវិនិយោគ អប់រំ ហេដ្ឋារចនាសម្ព័ន្ធ ការពារជាតិនិងសន្តិសុខ ព្រមទាំងស្ដារសង្គម-សេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិ​ជំងឺកូវីដ-១៩ រួមនឹងវិស័យផ្សេងទៀត។

លោក គីស៊ីដា ហ្វូមីអុ ធ្លាប់បានមកបំពេញទស្សនកិច្ចនៅកម្ពុជាក្នុងឋានៈជារដ្ឋមន្ត្រីក្រសួងការបរទេស ក្នុងឆ្នាំ២០១៤៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ