លោក ហ៊ុន សែន ចង់​ឱ្យ​គ្រូពេទ្យ​ចេះ​ផលិត​ឱសថ​បុរាណ​ប្រឆាំង​កូវីដ-១៩​ដូច​ប្រទេស​ចិន

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈ(ពេទ្យលោកសង្ឃ) ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២។ (ហ្វេសប៊ុកលោក ហ៊ុន សែន)

​​​​​នាយ​​ករ​​ដ្ឋម​​ន្ត្រីជំរុញឱ្យគ្រូពេទ្យកម្ពុជាបង្កើន​កិច្ច​សហការជាមួយអ្នកជំនាញវេជ្ជសាស្ត្របុរាណចិន ដើម្បីចា​​ប់​យកជំនាញផលិតឱសថបុរាណប្រឆាំងកូវីដ-១៩ ខណៈអ្នកជំនាញវេជ្ជសាស្ត្រ​​​ចិនចំនួន១២​នាក់ត្រូវ​បាន​​បញ្ជូ​ន​ម​​ក​​ជួយ​វិ​ស័យសុ​ខាភិបាលនៅ​​​កម្ពុជា ក្រោម​ជំ​​នួយ​ឥតសំ​ណង។

ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់មន្ទីរពេទ្យ​កម្ពុជា-ចិន ព្រះកុសុមៈ ហៅពេទ្យលោក​សង្ឃ នា​ថ្ងៃចន្ទនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ថា ចិន​ក្រៅ​ពីផ្ដល់ជំនួយឥតសំណងជួយកសាងមន្ទីរពេទ្យនេះ ក៏បាន​បញ្ជូន​អ្នកជំ​នាញ​ផ្នែកឱសថបុរាណព្យាបាល​ជំងឺកូវីដ-១៩ ចំនួន១២នាក់ ដើម្បីមកជួយពង្រឹងសមត្ថភាព​វិស័យសុខាភិបាលកម្ពុជាផងដែរ។

លោកថា៖ «ឥលូវក្រុមគ្រូពេទ្យបានម​ក​ដល់កម្ពុជា ត្រូវសហការជាមួយគាត់ ហើយគាត់អាចផ្ទេរបច្ចេកវិទ្យាសម្រាប់យើងទៅថ្ងៃក្រោយនៃការផលិត»។

លោកបញ្ជាក់ថា ឱសថ​បុរាណចិន​​ប្រឆាំង​ជំងឺ​កូវីដ-១៩ ត្រូវ​បាន​គេ​ប្រើប្រាស់​យ៉ាង​ទូលំ​ទូលាយ​នៅក្នុងប្រទេ​​​សចិ​ន រួមទាំងប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿន។ 

ក្រៅពី​នេះ លោក ហ៊ុន សែន ក៏បានជំរុញឱ្យពន្លឿន​ការ​កសាង​រោង​ចក្រ​ផលិត​វ៉ាក់​សាំង តប​តាម​ការ​សន្យារបស់​ចិន​កន្លង​ទៅ​ផង​ដែរ។

បើតាមលោកនាយករដ្ឋមន្ត្រី ហ៊ុន​ សែន មន្ទីរពេទ្យ​​កម្ពុជា-ចិន ព្រះកុសុមៈ ជាជំនួយ​ឥត​សំណង​របស់​ចិនដែល​មាន​ទំហំ​ទឹក​ប្រាក់​៨៥​លាន​ដុល្លារ។ 

ក្រៅ​ពីនេះ លោកថា ចិនក៏បានជួយកសាងមន្ទីរពេទ្យ កម្ពុជា-ចិន មួយទៀត នៅខេត្តត្បូងឃ្មុំ ជាប់ព្រំដែនវៀ​ត​ណាម ដែល​ជាជំនួយឥតសំណង​ដូច​គ្នា ក្នុងទំហំទឹកប្រាក់ប្រមាណជា៥០លាន​ដុល្លារ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ