ជប៉ុន​សម្រេច​បន្ដ​គម្រាង​ផ្គត់ផ្គង់​អគ្គិសនី​មិន​ប៉ះពាល់​បរិស្ថាន​ដល់​តំបន់​ដាច់ស្រយាល​នៅ​កម្ពុជា

នៅល្ងាចថ្ងៃទី២០ ខែមីនាឆ្នាំ២០២២ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក គីស៊ីដា ហ្វូមីអូ ( Kishida Fumio) នាយករដ្ឋមន្ត្រីជប៉ុន បានអញ្ជើញជាអធិបតីភាពក្នុងពិធីចុះហត្ថលេខាលើគម្រោង “ការទទួលបានថាមពលកកើតឡើងវិញប្រកបដោយបរិយាបន្ននៅតំបន់ជនបទ” បានចុះហត្ថលេខាដោយ លោក MIKAMI Masahiro ឯកអគ្គរដ្ឋទូតជប៉ុន ប្រចាំកម្ពុជា និងលោកស្រី Alissar Chaker តំណាងអង្គការ UNDP ប្រចាំកម្ពុជា។ (ហ្វេសប៊ុកលោក ហ៊ុន សែន)

ជប៉ុនបន្តគាំទ្រការផ្គត់ផ្គង់អគ្គិសនីប្រកបដោយនិរន្តរភាពនៅតាមតំបន់ជនបទដាច់ស្រយាលក្នុងប្រទេសកម្ពុជា ដើម្បីផ្ដល់អគ្គិសនីដល់ប្រជាជនចំនួន១ ៣០០គ្រួសារ ដែលវាជាគម្រោងរវាង UNDP និងក្រសួងរ៉ែ និងថាមពល។

សេចក្ដីប្រកាសព័ត៌មានរួមមួយកាលពីម្សិលមិញ បានឱ្យដឹងថា ស្ថានទូតជប៉ុន និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីមួយ ក្រោមវត្តមានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក គីស៊ីដា ហ្វូមិអុ (Kishida Fumio) នាយករដ្ឋមន្ត្រីនៃប្រទេសជប៉ុន នៅឯវិមានសន្តិភាព លើគម្រោង “ការទទួលបានថាមពលកកើតឡើងវិញប្រកបដោយបរិយាបន្ននៅតំបន់ជនបទ” កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២។

គម្រោងនេះនឹងផ្ដល់អត្ថប្រយោជន៍ដល់ប្រជាជនចំនួន១ ៣០០គ្រួសារឱ្យទទួលបានដោយផ្ទាល់នូវការប្រើប្រាស់ថាមពលស្អាតដែលមានតម្លៃសមរម្យ និងអាចទុកចិត្តបាន ហើយ​គម្រោងនេះដែលមានគំនិតផ្ដួចផ្ដើមនិងត្រូវបានអនុវត្តដោយ UNDP និងក្រសួងរ៉ែ និងថាមពល។

ប្រភពដដែលបន្តថា សហគមន៍ដែលទទួលបានផលប្រយោជន៍ពីគម្រោងនេះ​ ស្ថិតនៅលើដីកោះដាច់ស្រយាលនៃផ្ទៃបឹងទន្លេសាប ខេត្តកំពង់ឆ្នាំង និងនៅលើទន្លេមេគង្គ នៃខេត្តក្រចេះ និងខេត្តស្ទឹងត្រែង ព្រមទាំងនៅទីជនបទដែលទើបតែសម្អាតមីនរួចនាពេលថ្មីៗនេះ ក្នុងខេត្តបាត់ដំបង បន្ទាយមានជ័យ ឧត្ដរមានជ័យ និងតំបន់ដាច់ស្រយាលរបស់ខេត្តរតនគិរី។

គួរកត់សម្គាល់ដែរថា ការប្រើប្រាស់ថាមពលនៅប្រទេសកម្ពុជាក្នុងរយៈពេលពីរទសវត្សរ៍កន្លងទៅនេះ គឺមានកំណើនការផ្គត់ផ្គង់អគ្គិសនីយ៉ាងខ្លាំងក្លា ដែលមានការកើនឡើងពី​ ៦,៦% នៅឆ្នាំ២០០០ ទៅ ៩៧,៥៣% នៅឆ្នាំ២០២១៕  

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ