អ្នកកាសែត​ម្នាក់​សុំ​ពន្យារ​ចូល​បំភ្លឺ​នៅ​តុលាការ ពាក់ព័ន្ធ​ការ​ផ្សាយ​រឿង​ដឹកឈើ​នៅ​ខេត្តបាត់ដំបង

ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ គណៈកម្មការដឹកនាំយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី ខេត្ត បើកយុទ្ធនាការដោះស្រាយការកកស្ទះសុំណុំរឿងនៅសាលាដំបូងខេត្តបាត់ដំបង។ (ក្រសួងយុត្តិធម៌)

អ្នកកាសែតម្នាក់បានស្នើ​ពន្យារពេល​ចូល​បំភ្លឺ​​ចំពោះ​មុ​​ខ​តុលាការ ក្រោយរងបណ្ដឹងពាក់ព័ន្ធ​នឹង​ការ​ផ្សាយរឿង​ដឹកឈើ​នៅ​ឃុំស្វាយប៉ោ​ ស្រុកសង្កែ ខេត្តបាត់ដំបង កាលពី២ខែមុន។

ព្រះរាជ​អាជ្ញារង​នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង លោក សេង ផានិត បាន​ចេញដីកា​កោះ​ហៅលោក លឹម ផល្លី អ្នក​រាយការណ៍ព័ត៌មានឱ្យទូរទស្សន៍​អនឡាញ អ៊ិលអេស​អ៊ិន (LSN) ឱ្យចូលខ្លួនបំភ្លឺនៅថ្ងៃទី២២​ ខែមីនានេះ ទៅតាមបណ្ដឹងរបស់ឈ្មោះ ហេង វណ្ណដា ក្រោម​បទ​ចោទ​ «បរិហារកេរ្តិ៍ជាសាធារណៈ និង​ផ្សាយព័ត៌មានមិនពិត»

អ្នករាយការណ៍ព័ត៌មានឱ្យទូរទស្សន៍អនឡាញ អ៊ិលអេសអ៊ិន (LSN) លោក​ លឹម ផល្លី ប្រាប់​ វីអូឌី​ នៅ​ថ្ងៃអង្គារ​នេះ​ថា លោក​បាន​ដាក់​ពាក្យ​ស្នើ​សុំពន្យារ​ពេល​ចូលបំ​ភ្លឺ​ហើយ​ នៅថ្ងៃនេះ ដោយ​សារ​ពេល​វេលា​កោះហៅ​ឱ្យ​ចូល​បំភ្លឺនោះលឿនពេក ដែលធ្វើ​ឱ្យ​លោក​​មិនទាន់បានត្រៀមខ្លួននៅឡើយ។

អ្នក​រាយការណ៍ព័ត៌មានរូបនេះ អះអាង​ថា រូបលោក​រង​បណ្ដឹងនេះ​កើតឡើងក្រោយពីលោកបាន​ផ្សាយផ្ទាល់​អំពី​ការដឹកជញ្ជូនឈើ​នៅខេត្តបាត់ដំបង កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២ ដែលលោកអះអាងថា លោក ហេង វណ្ណដា ជាម្ចាស់អាជីវកម្ម និងជា​ឈ្មួញឈើ។

លោកបន្ថែមថា៖ «យើងឃើញគាត់ [លោក ហេង វណ្ណដា] អារឈើដឹកឈើចេញចូលយ៉ាងសកម្មរាល់ថ្ងៃ នៅក្នុងខេត្តបាត់ដំបង ដល់​ពេល​អ្នក​សារព័ត៌មាន​យើង​ទៅ​ផ្សាយ បែរ​ជា​គាត់​ប្ដឹង​យើង ​ដោយចោទយើងថា យើង​បរិហារកេរ្តិ៍ និង​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​ទៅវិញ ទាំងដែលខ្ញុំមានឯកសារវីដេអូ និងរូបថតដែល​គាត់ដឹក​ឈើច្បាស់​លាស់​ថែម​ទៀត»

​​ប្រធាន​លេខាធិការដ្ឋាន​រដ្ឋបាលនៃសាលាដំបូងខេត្តបាត់ដំបង លោកស្រី ជា ច័ន្ទរស្មី មានប្រសាសន៍ថា ខាង​រដ្ឋបាលមិនទាន់បាន​ទទួល​លិខិត​ស្នើពន្យារពេលចូលបំភ្លឺរបស់អ្នកសារព័ត៌មាន​រូបនោះនៅឡើយ គិត​ត្រឹម​រសៀល​ថ្ងៃអង្គារ​នេះ។

ក្នុង​ឃ្លីបវីដេអូ​ដែល​ឡាយ (Live) លើបណ្ដាញសង្គម​ហ្វេស​ប៊ុក កាល​ពីថ្ងៃទី១៦ ខែមករា លោក លឹម ផល្លី បាន​ទៅថតសកម្ម​ភាពនៅ​កន្លែង​រោងម៉ាស៊ីន​សិប្បកម្មកែច្នៃ​​ឈើរបស់លោក ហេង វណ្ណដា និងបានធ្វើអត្ថាធិប្បាយ​ថា ក្នុងរោងម៉ាស៊ីនកែច្នៃឈើនោះមានឈើប្រណិតជាច្រើនត្រូវបាន​ដឹក​ចូល ដូចជា ប្រភេទ​ឈើធ្នង់ បេង សុក្រំ នាងនួន និងឈើប្រណិតផ្សេងៗទៀត ដែលលោកថា ឈើទាំងនេះជាឈើខុសច្បាប់។

ក្នុងការ​ឡាយ​នោះដែរ អ្នកសារព័ត៌មានរូបនេះបានអំពាវនាវដល់អាជ្ញាធរពាក់ព័ន្ធក្នុងខេត្តបាត់ដំបង ចុះស៊ើបអង្កេត និងទប់ស្កាត់បទល្មើស​ខុសច្បាប់ក្នុងរោងម៉ាស៊ីន​កែច្នៃឈើមួយ​នេះ​ផង​ដែរ។

លោក លឹម ផល្លី បន្ថែម​ថា៖ «ម៉ាស៊ីននេះមានច្បាប់តែអារឈើស្រុកទេ ចំណែកឈើព្រៃ ដូចជា ផ្ចិក ធ្នង់ បេង នាងនួន គឺអត់​មាន​ច្បាប់​ទេ! គឺបានដឹ​ក​ចូល​ទាំង​រ៉ឺម៉កៗ ជា​ឈើមាន​ប្រភពមិនច្បាស់លាស់»

ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់​ និង​នេសាទ ​ខេត្តបាត់ដំបង លោក ឈឹម វជិរា មាន​ប្រសាសន៍​ថា រោងម៉ាស៊ីន​កែច្នៃ​ឈើរ​បស់​លោក ហេង វណ្ណដា គឺ​មានច្បាប់អនុញ្ញាត ប៉ុន្តែសម្រាប់ប្រភេទឈើដែលនាំចូលវិញ លោក​មិនទាន់ដឹងច្បាស់នៅ​ឡើយ​​។

យ៉ាងណា លោកថា តាម​​ការ​​ចុះ​ពិនិត្យ​​របស់​មន្ត្រីជំនាញ​​កន្លង​​​មក រាល់​ឈើដែល​​ដឹក​ចូល​​ដេប៉ូ និង​សិប្បកម្មកែច្នៃ​ឈើក្នុងខេត្តបាត់ដំបង គឺមានលិខិតអនុញ្ញាតត្រឹមត្រូវ។

លោកបន្ថែមថា៖ «ខ្ញុំបានឱ្យជំនាញចុះពិនិត្យរួចហើយ​ ភាគច្រើន​បើសិនជាអត់​មាន​ច្បាប់ គឺ​មិន​អាច​បើកដំណើរ​ការ​បាន​ទេ។ អ៊ីចឹង​ជាយោបល់​ខ្ញុំ បើសិនជាអត់​ច្បាប់ ​មិន​អាច​បើក​កណ្ដាលក្រុងអ៊ីចឹង​បាន​ទេ»

នាយក​ប្រតិបត្តិសម្ព័ន្ធអ្នក​សារព័ត៌មាន​កម្ពុជា លោក​ ណុប វី មាន​ប្រសាសន៍​​ថា មួយ​រយៈ​ចុង​ក្រោយ​នេះ​ អ្នក​សារព័ត៌មាន​បាន​ជួប​បញ្ហា​ប្រឈម​ច្រើន ​ទាំងអ្នករាយការណ៍រឿងទំនាស់ដីធ្លី រឿង​ព្រៃឈើ និងការគំរាមកំហែង​លើអ្នកសារព័ត៌មានដែលរាយការណ៍អំពីការតវ៉ារបស់បុគ្គល​ក្រុម​ហ៊ុន​ណាហ្គាវើលដ៍ ​ជាដើម ខណៈកម្ពុជាកំពុងខ្វះខាតនូវយន្តការការពារដល់កិច្ចការរបស់អ្នកសារព័ត៌មាន។

ទោះយ៉ាងណា លោកថា ក្នុងក​រណីមា​ន​ការប្ដឹងឬចោទប្រកាន់លើអ្នកសារព័ត៌មាន ​តុលាការ​គួរ​​យក​ច្បាប់ស្ដីពី​របប​សារ​ព័ត៌មាន​មក​ជំនុំជម្រះ ឬកាត់ក្ដីលើសំណុំរឿងរបស់ពួកគេ។

លោកបន្ថែមថា៖ «បើករណីប្ដឹងផ្ដល់នេះ ដោយសារតែអ្នកសារព័ត៌មានបានផ្សព្វផ្សាយមានភាពខ្វះខាត យើង​គួរតែស្នើឱ្យមានការកែតម្រូវជាជាងការដាក់ពាក្យបណ្ដឹងនេះ។ ដូចខ្ញុំបានលើកឡើងអ៊ីចឹង​ ការ​ប្រើប្រាស់​ច្បាប់​ស្ដីពីរបបសារព័ត៌មាននេះ គឺរឿងសំខាន់ណាស់ ដើម្បីធានាអំពីសិទ្ធិ និង​សេរីភាពរបស់អ្នកសារព័ត៌មាន ដែលពួកគាត់ធ្វើដោយពុំមានការបំភិតបំភ័យ ការប្ដឹងផ្ដល់ ឬការប្ដឹងពួកគាត់»

កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២ សមាគម​សម្ព័ន្ធអ្នក​​សារព័ត៌មាន​កម្ពុជា (ខេមបូចា) បានចេញ​របាយការណ៍​មួយដោយរកឃើញថា រយៈ​ពេល៣ខែចុង​ឆ្នាំ២០២១​ អ្នកសារព័ត៌មានចំនួន១២នាក់ នៅតាម​បណ្ដា​​រាជ​ធានី-ខេត្តមួយចំនួន ដូចជា នៅរាជធានីភ្នំពេញ ខេត្តព្រះវិហារ កោះកុង និង​កំពត ត្រូវ​បានតុលាការ​ចោទប្រកាន់​ពី «​បទ​ញុះ​ញង់ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជា​អាទិ៍ និង​បរិហារបង្កាច់​កេរ្តិ៍»

របាយ​ការណ៍​ដដែល​នេះចាត់ទុកករណីនេះថា សិទ្ធិ​​​សេរី​​ភាព និង​ការ​បញ្ចេញ​មតិរបស់អ្នកសារព័ត៌មាននៅតែបន្តរំលោភបំពានពីសំណាក់អ្នកមានលុយនិងមានអំណាច ស្របពេលវប្បធម៌និទណ្ឌភាពនៅតែបន្តកើតមាន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ