អត្ថបទ​ទស្សនៈ​៖ ទន្លេមេគង្គ​ប្រឈម​នឹង​បញ្ហា​សន្តិសុខ​ទឹក

ទូក​នេសាទ​បើក​កាត់​ផ្នែក​មួយ​នៃ​ទន្លេ​មេគង្គ​​ នៅ​ភូមិ​កំពង់ក្បឿង ក្នុង​ខេត្ត​ក្រចេះ។ (Andy Ball)

នគរូបនីយកម្ម និង​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​រងនូវការខូចខាត​ កំពុងតែ​គំរាមកំហែង​ដល់ប្រព័ន្ធអេកូឡូស៊ី និង​ហិរញ្ញវត្ថុ​នៃ​ទន្លេមេគង្គ រួមទាំង​ការផ្គត់ផ្គង់​ទឹកស្អាត​ផងដែរ។

ក្នុងខែកុម្ភៈ ឆ្នាំ២០២១ ប្រជាជននៅទូទាំងទីក្រុងបាងកក បានជួបប្រទះបញ្ហាទឹកប្រើប្រាស់ដែលមានកម្រិតជាតិប្រៃខ្លាំង ដោយវាមិនមានសុវត្ថិភាពក្នុងការទទួលទាននោះទេ។ រដ្ឋាភិបាលថៃនៅពេលនោះហាក់អសមត្ថភាពក្នុងការដោះស្រាយបញ្ហានេះ ខណៈដែលករណីនេះកើតឡើងភ្លាមៗបន្ទាប់ពីថៃជួបបញ្ហាគ្រោះរាំងស្ងួតដ៏ធ្ងន់ធ្ងរបំផុតរបស់ខ្លួនដែលមិនធ្លាប់ជួបក្នុងរយៈពេល៤០ឆ្នាំចុងក្រោយ។

នេះ​គឺជា​ឧទាហរណ៍​មួយ​ក្នុង​ចំណោម​ឧទាហរណ៍​ជាច្រើន​នៃ​ការ​រីកសាយភាយនៃកម្រិតជាតិប្រៃ ​ដែល​ប៉ះពាល់​ដល់​ប្រទេស​ទាំងឡាយនៅ​តាម​ដង​ទន្លេ​មេគង្គ។ ការបញ្ចេញទឹកតិច និងភ្លៀងធ្លាក់តិចនៅរដូវប្រាំង បានបង្កឱ្យមានជាករណីហូរទឹកប្រៃពីសមុទ្រចូលទន្លេក្នុងចំនួនច្រើន ដែលប៉ះពាល់ដល់វិស័យកសិកម្ម វារីវប្បកម្ម និងជីវភាពរស់នៅប្រចាំថ្ងៃ។

គួរបញ្ជាក់ថា ប្រជាជនជាង៧០លាននាក់ពឹងផ្អែកលើទន្លេមេគង្គជាប្រភពចំណូល និងការចិញ្ចឹមជីវិតប្រចាំថ្ងៃ។ ទន្ទឹមនឹងការជួបប្រទះនូវបញ្ហាហូរចូលនៃទឹកប្រៃនេះ ទន្លេមេគង្គក៏ប្រឈមនឹងការថយចុះនៃកម្រិតទឹក និងការកើនឡើងនូវអសន្តិសុខទឹក ដោយសារឥទ្ធិពលពីបម្រែបម្រួលអាកាសធាតុ ការអភិវឌ្ឍទំនប់វារីអគ្គិសនី និងការសឹករេចរឹលបរិស្ថានផងដែរ។

គំនិតផ្ដួចផ្ដើមក្នុងតំបន់នាពេលថ្មីៗនេះ បង្ហាញពីការជំរុញឱ្យមានការចូលរួមកាន់តែស៊ីជម្រៅលើបញ្ហានេះ បញ្ហាប្រឈមស្ដីពីសុវត្ថិភាពទឹកដែលមានស្រាប់នៅក្នុងតំបន់មេគង្គ-ឡានឆាង គឺមិនត្រូវបានដោះស្រាយឱ្យបានលឿន ដើម្បីទប់ទល់នឹងផលប៉ះពាល់ដែលកំពុងកើតមាននៅក្នុងតំបន់នោះទេ។

ការកើនឡើងនៃសីតុណ្ហភាព និងលក្ខខណ្ឌអាកាសធាតុប្រែប្រួល កំពុងតែដាក់សម្ពាធកាន់តែខ្លាំងឡើងលើការថយចុះនៃការផ្គត់ផ្គង់ទឹកនៅក្នុងបណ្ដាប្រទេសអាស៊ីអាគ្នេយ៍ស្ទើរតែទាំងអស់ រួមនឹងការព្យាករពីគ្រោះរាំងស្ងួតធ្ងន់ធ្ងរបន្ថែមទៀតនាពេលអនាគតផងដែរ។

នៅប្រទេសវៀតណាម ទន្លេមេគង្គ ជាធម្មតា ធ្លាប់តែប្រែជាប្រៃត្រឹមរយៈពេលប្រមាណជាមួយខែប៉ុណ្ណោះក្នុងមួយឆ្នាំ។ ប៉ុន្តែក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កសិករបានប្រឈមនឹងកម្រិតជាតិប្រៃខ្ពស់នៅក្នុងទឹកទន្លេយ៉ាងតិចណាស់៤ខែក្នុងមួយលើក ដែលនេះគឺជាផលវិបាកមួយដែលបង្កដោយទំនប់ទឹក ការជីកយករ៉ែខ្សាច់ និងការប្រែប្រួលអាកាសធាតុ ដែលបញ្ចេញបរិមាណទឹកសាបទាបទៅក្នុងដីសណ្ដ។

ជាមួយគ្នានេះ កម្រិតជាតិប្រៃខ្ពស់នៅក្នុងដីក៏ធ្វើឱ្យដំណាំ និងផលិតភាពនានាមិនអាចរីកលូតលាស់បាន ដែលវាបង្កើតឱ្យមានជាការខាតបង់យ៉ាងច្រើនសន្ធឹកសន្ធាប់ដល់កសិករក្នុងតំបន់។

ស្របពេលដែលភាគច្រើននៃតំបន់អាស៊ីអាគ្នេយ៍ពឹងផ្អែកយ៉ាងខ្លាំងលើផលិតកម្មកសិកម្មសម្រាប់ជីវភាពរស់នៅរបស់ពួកគេ គ្រោះរាំងស្ងួតនិងអសន្តិសុខទឹកគឺពិតជាជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់ជីវិតរបស់ពួកគេ។

នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ រដ្ឋជាសមាជិកអាស៊ានបានអនុម័តសេចក្ដីប្រកាសទីមួយ ស្ដីពីការពង្រឹងការសម្របខ្លួនទៅនឹងគ្រោះរាំងស្ងួត (Strengthening of Adaptation to Drought)។ សេចក្ដីប្រកាសនេះបានអំពាវនាវឱ្យមានសកម្មភាពដ៏ច្រើន ក្នុងគោលបំណងពង្រឹងសមត្ថភាពការសម្របខ្លួន និងកាត់បន្ថយគ្រោះរាំងស្ងួតនៅក្នុងតំបន់ ក៏ដូចជាការលើកកម្ពស់វិធីសាស្រ្ត យុទ្ធសាស្ត្រយូរអង្វែងបន្ថែមទៀតឆ្ពោះទៅរកការគ្រប់គ្រងគ្រោះរាំងស្ងួត។

ជាមួយគ្នានេះ អាស៊ានក៏បានដាក់ចេញនូវផែនការសកម្មភាពតំបន់ទូលំទូលាយមួយលើការសម្របខ្លួនទៅនឹងគ្រោះរាំងស្ងួត នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ ២០២១។ ផែនការនេះ ដោយរិះរកមធ្យោបាយប្រកបដោយនិរន្តរភាពមួយក្នុងការគ្រប់គ្រងគ្រោះរាំងស្ងួត ការការពារ និងកាត់បន្ថយផលប៉ះពាល់របស់វាទៅលើជីវភាពរស់នៅ ធនធានធម្មជាតិ ប្រព័ន្ធអេកូឡូស៊ី កសិកម្ម ការអភិវឌ្ឍថាមពល និងសេដ្ឋកិច្ចសង្គម។

អាស៊ានសង្ឃឹមថា ឯកសារទាំងពីរនេះនឹងបង្កើតការសម្របសម្រួល និងដោះស្រាយផលប៉ះពាល់នៃគ្រោះរាំងស្ងួតប្រកបដោយប្រសិទ្ធភាព ហើយដើម្បីដោះស្រាយបញ្ហាប្រឈមសុវត្ថិភាពទឹកក្នុងទន្លេមេគង្គ។ អាស៊ានក៏បានចូលរួមជាផ្លូវការជាមួយគណៈកម្មការទន្លេមេគង្គ ហៅកាត់ថា MRC ផងដែរ។

ប្រជាជនដែលទទួលបានផលប្រយោជន៍ពីទន្លេមេគង្គ បាននិងកំពុងសហការគ្នាដើម្បីដោះស្រាយបញ្ហាកង្វះខាតទឹក ការបំពុលទឹក និងហានិភ័យគ្រោះមហន្តរាយដែលទាក់ទងនឹងទឹកផ្សេងទៀត ខណៈដែលពួកគេអាចរៀនសូត្រពីប្រទេសសិង្ហបុរីបាន។

យុទ្ធសាស្រ្តជាតិ ៤ ចំណុច (Four National Taps) របស់រដ្ឋាភិបាលសិង្ហបុរី បានជួយឱ្យប្រទេសនេះកសាងការផ្គត់ផ្គង់ទឹកដ៏រឹងមាំ ចម្រុះ និងនិរន្តរភាព បើទោះបីជាដង់ស៊ីតេប្រជាជនរបស់ប្រទេសនេះខ្ពស់ និងមានកង្វះធនធានទឹកធម្មជាតិក៏ដោយ។

ការធ្វើការជាមួយដៃគូនៅខាងក្រៅតំបន់ ក៏ជាមធ្យោបាយដ៏មានសក្ដានុពលមួយផ្សេងទៀត ដើម្បីដោះស្រាយបញ្ហាអសន្តិសុខទឹកផងដែរ។ អាស៊ាន ​អាច​ឈាន​ឆ្ពោះ​ទៅ​រក​ការ​ពង្រឹង​ទំនាក់​ទំនង​កាន់​តែ​ប្រសើរជាមួយ​ប្លុក​ក្នុង​តំបន់​ផ្សេង​ទៀត ​ដូច​ជា ​វេទិកា​ប្រជុំ​កោះ​ប៉ាស៊ីហ្វិក (Pacific Islands Forum) ជាដើម។

ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍មានភាពស្រដៀងគ្នាច្រើនជាមួយបណ្ដាប្រទេសក្នុងតំបន់កោះប៉ាស៊ីហ្វិក ទាក់ទងនឹងភាពងាយរងគ្រោះនៃភូមិសាស្ត្រ និងសេដ្ឋកិច្ច ហើយពួកគេទាំងអស់មានចំណាប់អារម្មណ៍ក្នុងការដោះស្រាយបញ្ហាសន្តិសុខទឹកដូចគ្នា៕

Christopher Chen គឺជាអ្នកស្រាវជ្រាវមួយរូបជាមួយកម្មវិធីជំនួយមនុស្សធម៌និងជំនួយគ្រោះមហន្តរាយ (HADR) របស់មជ្ឈមណ្ឌលសម្រាប់ការសិក្សាផ្នែកសន្តិសុខ Centre for Non-Traditional Security (NTS) នៃ S. Rajaratnam School of International Studies (RSIS) ប្រចាំសាកលវិទ្យាល័យ Nanyang Technological (NTU) ប្រទេសសិង្ហបុរី។

បកប្រែនិងសម្រួលដោយលោក ភុន ច័ន្ទឧសភា ចេញពីអត្ថបទដើមភាសាអង់គ្លេស៖ Opinion: Mekong Faces Existential Water Security Issues

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ